អានតួអត្ថបទ
ចិន-រុស្សី-កូរ៉េខាងជើង

កូរ៉េខាងជើងប្រារព្ធខួប៧៥ឆ្នាំយ៉ាងឱឡារិក ជាមួយវត្តមានរបស់​​ថ្នាក់ដឹកនាំចិន និងរុស្ស៊ី

ថ្ងៃទី​៨កញ្ញា របបផ្តាច់ការកុម្មុយនីស្តកូរ៉េខាងជើង បាន​ប្រារព្ធបុណ្យ​ខួប៧៥ឆ្នាំ នៃការ​បង្កើតសាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ។ ក្នុងទឹកមុខញញឹមស្រស់ស្រាយ មេដឹកនាំកូរ៉េខាងជើង គីម ជុង​អ៊ុន ជាមួយនឹងកូនស្រី​សំណព្វ អង្គុយ​មើល​ការដើរព្យុហយាត្រា ដ៏ដំមហិមា នៅទីលាន​គីមអ៊ីលស៊ុង កណ្តាល​ក្រុង​ព្យុងយ៉ាង ក្រោម​សំឡេងស្រែកហ៊ោរទ្រហឹង នៃប្រជាជនកូរ៉េខាងជើង ដែលគេកេណ្ឌឲ្យ​មកចូលរួម​។

គីម ជុងអ៊ុន និងកូនស្រី អង្គុយ​មើល​ក្បួនព្យុហយាត្រាកងទ័ព បុណ្យខួប​ ៧៥ឆ្នាំ នៃការកកើត សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ថ្ងៃទី​ ៨ កញ្ញា ២០២៣
គីម ជុងអ៊ុន និងកូនស្រី អង្គុយ​មើល​ក្បួនព្យុហយាត្រាកងទ័ព បុណ្យខួប​ ៧៥ឆ្នាំ នៃការកកើត សាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ថ្ងៃទី​ ៨ កញ្ញា ២០២៣ via REUTERS - KCNA
ផ្សាយពាណិជ្ជកម្ម

កម្មវិធីនេះ គឺជាវេទិកា​​អួតបង្ហាញ​នូវភាពរុងរឿងអស្ចារ្យ ព្រមទាំងកម្លាំងសព្វាវុធ ដ៏ខ្លាំងក្លា របស់របបកុម្មុយនីស្តកូរ៉េខាងជើង។ អ្វីដែលគួរឲ្យ​កត់សំគាល់នោះ គឺកម្មវិធីដ៏ឱឡារិកនេះ មានការចូលរួមផងដោយ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន ព្រមទាំងគណប្រតិភូមន្ត្រីការទូតជាន់ខ្ពស់ របស់រុស្ស៊ី។

ផ្អែកតាមរូបភាពផ្សាយដោយ​បណ្តាញព័ត៌មាន​ផ្លូវការកូរ៉េខាងជើង គឺលោកឧបនាយករដ្ឋមន្ត្រីចិន លីវ ហ្គួជុង បានទៅចូលរួម​ដោយ​ផ្ទាល់ក្នុងកម្មវិធីបុណ្យនៅព្យុងយ៉ាង​ និងបានជួបប្រជុំសំណេះសំណាលយ៉ាងរាក់ទាក់ ជាមួ​យ​លោកគីម ជុងអ៊ុន។ ប្រភពដដែលបញ្ជាក់​ថា លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បានទាំង​ទូរស័ព្ទទៅ​លោកគីម ជុងអ៊ុង ដើម្បីអបអរសរសើរ និងជូនពរផងដែរ កាលពីថ្ងៃសុក្រទី​៨កញ្ញា​។​

មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ជួបសំណេះសំណាល ជាមួយលោក​ឧបនាយករដ្ឋមន្ត្រីចិន លីវ ហ្កួជុង ក្នុងឱកាសបុណ្យខួប​៧៥ឆ្នាំ នៃការកកើតសាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ព្យុងយ៉ា​ង ថ្ងៃទី​៨ កញ្ញា ២០២៣
មេដឹកនាំផ្តាច់ការកូរ៉េខាងជើង ជួបសំណេះសំណាល ជាមួយលោក​ឧបនាយករដ្ឋមន្ត្រីចិន លីវ ហ្កួជុង ក្នុងឱកាសបុណ្យខួប​៧៥ឆ្នាំ នៃការកកើតសាធារណរដ្ឋ​ប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។ ព្យុងយ៉ា​ង ថ្ងៃទី​៨ កញ្ញា ២០២៣ via REUTERS - KCNA

ពីខាងរុស្ស៊ីវិញ វិមានក្រឹមឡាំង បានបញ្ជាក់ថា គណប្រតិភូការទូតជាន់ខ្ពស់ មានវត្តមាននៅព្យុងយ៉ាង ដើម្បីពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ​ឲ្យ​កាន់តែរឹងមាំ រវាង​មហាមិត្ត​ទាំង២។ ក្នុងឱកាស​ខួប​៧៥ឆ្នាំនៃការកកើតរបបផ្តាច់​ការកូរ៉េខាងជើងនេះដែរ លោក​ពូទីន បាន​ផ្ញើសារទៅកាន់​ លោកគីម ជុងអ៊ុន ដោយ​បាន​លើកឡើងថា រុស្ស៊ីនិងកូរ៉េខាងជើង នឹងបន្តចាប់ដៃគ្នា យ៉ាងណែន​ក្នុងគ្រប់វិស័យ ដើម្បីការពារផល​ប្រយោជន៍ប្រជាជាតិទាំង២​ និងរក្សា​ស្ថិរភាព​សន្តិសុខតំបន់។

គួរបញ្ជាក់ថា ផ្អែកតាមប្រភពពីសេតវិមានអាមេរិក គឺរុស្ស៊ីទំនងជា​កំពុងតែចរចាទិញអាវុធ ពីកូរ៉េខាងជើង។ ប្រភពដដែល​អះអាងថា ក្នុងពេលឆាប់ៗនេះ មេដឹកនាំផ្តាច់ការកូរ៉េខាងជើង នឹងធ្វើដំណើរទៅជួប​លោកពូទីន ដើម្បីនិយាយពីរឿងនេះ​។

គួរកត់សំគាល់ថា វត្តមាន​ចូលរួម ព្រមទាំងការផ្ញើសារ​ជូនពរ សរសើរយ៉ាងល្អូកល្អឺន របស់ថ្នាក់ដឹកនាំចិន និងរុស្ស៊ី នៅក្នុងឱកាសខួប​៧៥ឆ្នាំរបស់​កូរ៉េខាងជើងនេះ គឺវាសបង្ហាញ​ឲ្យ​ឃើញអំពី​ សម្ព័ន្ធភាព​រវាង​​ចិន រុស្ស៊ី និងកូរ៉េខាងជើង ដែល​កាន់តែមានរូបរាង្គល្អផូរផង់ ក្នុង​បរិបទដែលពិភពលោក​យើង កាន់តែប្រឈមមុខដាក់​គ្នា​ រវាងក្រុមប្រទេសលោកខាងលិច និង​ក្រុមប្រទេស​ផ្តាច់ការ​​កុម្មុយនីស្ត​។​ ការប្រឈមមុខ បែកបាក់គ្នា ដែលស្តែងឡើងផងដែរ តាមរយៈអវត្តមានរបស់ លោកស៊ី ជីនពីង និងលោកពូទីន នៅក្នុង​ជំនួបកំពូលG20 ​ដែលកំពុងដំណើរការទៅ​​នៅប្រទេសឥណ្ឌា។​

យោងតាម​ការវិភាគ របស់​លោក Andrei Lankov តាមរយៈវត្តមានទៅព្យុងយ៉ាង​ របស់ថ្នាក់ដឹកនាំបក្សកុម្មុយនីស្តចិនជាច្រើននាក់ នាពេល​កំឡុងពេលនេះ គឺវាជាការបញ្ជាក់ថា កូរ៉េខាងជើងអាចពឹងផ្អែកលើចិនបានជានិច្ច​។​ បន្ថែមពីនេះ មិត្តភាពស្អិតរមួតជាមួយ​រុស្ស៊ី និងអនុញ្ញាតឲ្យ​កូរ៉េខាងជើង មានលេសសំឡុតអាមេរិក ឲ្យ​ប្រុងប្រយ័ត្ន ត្រូវឈប់​មើលស្រាលកម្លាំងខ្លួន​តទៅទៀត។ បើតាមប៉ាន់ស្មាន កូរ៉េខាងជើង អាចនឹងរៀបចំការធ្វើសមយុទ្ធយោធា​ ក្នុងសមុទ្រជាមួយរុស្ស៊ី​​ ដើម្បីគំរាមអាមេរិក និងកូរ៉េខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ