អានតួអត្ថបទ

ក្រោយហេតុការណ៍បាញ់រះ នាយករដ្ឋមន្ត្រីថៃសន្យាចាត់វិធានការការពារ

ចំណោទ​ជុំ​វិញ​ភាព​ទន់​ខ្សោយ​នៃការ​​គ្រប់​គ្រង​អាវុធ នៅប្រទេស​ថៃ​​កំពុង​ផុសផុល​ឡើង​វិញ ក្រោយ​ពី​មាន​ហេតុការណ៍​បាញ់​ស្លាប់​មនុស្ស​ពីរ​នាក់​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ Siam Paragon​ នៅទីក្រុង​បាងកក។ នៅ​ថ្ងៃពុធ​ទី៤តុលា​២០២៣​នេះ លោកនាយករដ្ឋមន្ត្រី​ថៃ សេដ្ឋា ថៈវីស៊ីន បាន​ប្រកាស​សន្យា​ចាត់​វិធានការ​ការពារ​។

បុគ្គលិកផ្សារទំនើប Siam Paragon ត្រួតពិនិត្យខ្សែកាបចាប់ធាតុលោហៈ មុននឹងចាប់បើកទ្វាផ្សារទំនើប មួយថ្ងៃក្រោយមានហេតុការណ៍បាញ់សម្លាប់មនុស្ស។
បុគ្គលិកផ្សារទំនើប Siam Paragon ត្រួតពិនិត្យខ្សែកាបចាប់ធាតុលោហៈ មុននឹងចាប់បើកទ្វាផ្សារទំនើប មួយថ្ងៃក្រោយមានហេតុការណ៍បាញ់សម្លាប់មនុស្ស។ AP - Wason Wanichakorn
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​សេដ្ឋា ថៈវីស៊ីន បាន​អញ្ជើញ​ទៅ​​ដល់​កន្លែង​កើត​ហេតុ និង​បាន​ស្មឹងស្មាត​មួយ​នាទី​ផង។ ពី​មជ្ឈមណ្ឌល​Siam Paragon ដែល​មាន​ការ​បាញ់​រះ​សម្លាប់​មនុស្ស​ ពីរ​នាក់​ ម្នាក់​ជាស្ត្រី​ជន​ជាតិ​ចិន និង​ម្នាក់​ទៀត​ជា​ស្រ្តី​ជាតិ​ភូមា លោក ថៈវីស៊ីន បាន​សន្យា​ថា​រដ្ឋាភិបាល​ថៃ​នឹងចាត់​វិធានការការពារ ជា​​អាទិភាព​ ប៉ុន្តែ​លោក​មិន​បាន​លម្អិត​ថា​តើ​ជា​វិធានការ​យ៉ាង​ណា​ខ្លះ​នោះ​ទេ។

នៅ​ព្រឹក​ ​ថ្ងៃអង្គារ​ទី៣​តុលា២០២៣ម្សិលមិញ ក្មេង​ជំទង់​អាយុ​១៤​ឆ្នាំខូច​សតិ រៀននៅ​សាលា​ឯកជនដ៏​ល្អ​​ក្បែរ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ បាន​បាញ់​ទៅ​លើ​មនុស្ស​ដោយទំនង​ជា​បាន​ឮ​សំឡេង​មនុស្ស​បញ្ជា​ឱ្យ​បាញ់។ ជនសង្ស័យទី១នេះ​ បាន​ប្រើ​កាំភ្លើង​ខ្លី​​ពាក់​កណ្តាល​ស្វ័យប្រវត្តិ​ ដែល​បាន​កែ​ច្នៃ​ដោយ​ខ្លួន​ឯង​។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់មេប៉ូលិស​រង​ថៃ​លោក សំរ៉ាន នួនម៉ា ដោយ​​សន្យា​ពង្រឹង​ច្បាប់​និង​ការ​គ្រប់គ្រង​ការ​ប្រើប្រាស់​កាំភ្លើង។

ថ្វីបើ​មាន​ការអំពាវនាវ​ ដដែលៗយូរ​មក​ហើយ​​ឱ្យ​ថៃ​ពង្រឹង​ច្បាប់​គ្រប់​គ្រង​ចរាចរណ៍អាវុធ​យ៉ាងណា​ក៏​ដោយ ក៏​ហេតុការណ៍​បាញ់​រះ​បាន​កើត​ឡើង​ជា​ញឹកញយ​ក្នុងប្រទេសថៃ។ ក្នុង​រយៈ​ពេល​តែ​បួន​ឆ្នាំ​ចុងក្រោយ​នេះ​ ថែ​បាន​រង​គ្រោះអំពើ​​បាញ់​រះមរណៈ ​​ដល់​ទៅបីដងធំៗ។ ជិត​មួយ​ឆ្នាំ​​មុន អតីត​ប៉ូលិស​ថៃ​ម្នាក់​បាន​ប្រើ​កាំភ្លើង​វែ​ង​និង​កាបិត​ទៅ​បាញ់​និង​ចាក់​សម្លាប់​មនុស្ស​អស់​៣៦​នាក់ ដែលភាគ​ច្រើន​ជា​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ នៅ​ក្នុង​សាលាមតេយ្យ​មួយ​នៅ​ភាគ​ឦសាន​ប្រទេស។ នៅ​ឆ្នាំ​២០២០ អតីត​យោធា​ម្នាក់​បាន​បាញ់​រះ​លើ​មនុស្ស​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​Nakhon Ratchasima ស្លាប់​មនុស្ស​២៩នាក់។

មាន​ប្រជាពលរដ្ឋ​សរុប​៧០លាន​នាក់ ប្រទេសថៃ​រាប់​ឃើញ​មាន​អាវុធ​កំពុង​ធ្វើ​ចរាចរណ៍​ចំនួន​ប្រមាណ​១០​លាន​ដើម​ នៅ​ឆ្នាំ​២០១៧ ក្នុង​នោះ​ជិត៤លាន​ដើម គ្មាន​កត់​ត្រា​ក្នុង​បញ្ជី​រដ្ឋបាល​របស់​អាជ្ញាធរ​ទេ។ នេះ​បើតាម​កម្មវិធី​ស្រាវជ្រាវ​ស្វីស Small Arms Survey។

ហេតុការណ៍​បាញ់​រះ​កណ្តាល​រាជធានី​ ប្រជុំទៅ​​ដោយ​ទេសចរនេះ ក៏​បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​រដ្ឋាភិបាល​ថៃ​កំពុង​ខិត​ខំ​ស្តារ​រូបភាពជា​​ប្រទេស​មាន​សុវត្ថិភាព​និង​សន្តិសុខ​ខ្ពស់ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ ​ជាពិសេស​ទេសចរចិន។ ក្រោយ​ហេតុការណ៍​កើត​ឡើង​ភ្លាម នាយករដ្ឋមន្ត្រី​ថៃ ​បាន​ទូរស័ព្ទ​ទៅ​ធានា​ឯកអគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ក្រុង​បាងកក​ថា ​ថៃ​នឹង​មាន​វិធានការ​សន្តិសុខ​ខ្ពស់​បំផុត​សម្រាប់​ការពារ​ទេសចរ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ