ក្រោយហេតុការណ៍បាញ់រះ នាយករដ្ឋមន្ត្រីថៃសន្យាចាត់វិធានការការពារ
ចំណោទជុំវិញភាពទន់ខ្សោយនៃការគ្រប់គ្រងអាវុធ នៅប្រទេសថៃកំពុងផុសផុលឡើងវិញ ក្រោយពីមានហេតុការណ៍បាញ់ស្លាប់មនុស្សពីរនាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Siam Paragon នៅទីក្រុងបាងកក។ នៅថ្ងៃពុធទី៤តុលា២០២៣នេះ លោកនាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថៈវីស៊ីន បានប្រកាសសន្យាចាត់វិធានការការពារ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:១២
លោកនាយករដ្ឋមន្ត្រីសេដ្ឋា ថៈវីស៊ីន បានអញ្ជើញទៅដល់កន្លែងកើតហេតុ និងបានស្មឹងស្មាតមួយនាទីផង។ ពីមជ្ឈមណ្ឌលSiam Paragon ដែលមានការបាញ់រះសម្លាប់មនុស្ស ពីរនាក់ ម្នាក់ជាស្ត្រីជនជាតិចិន និងម្នាក់ទៀតជាស្រ្តីជាតិភូមា លោក ថៈវីស៊ីន បានសន្យាថារដ្ឋាភិបាលថៃនឹងចាត់វិធានការការពារ ជាអាទិភាព ប៉ុន្តែលោកមិនបានលម្អិតថាតើជាវិធានការយ៉ាងណាខ្លះនោះទេ។
នៅព្រឹក ថ្ងៃអង្គារទី៣តុលា២០២៣ម្សិលមិញ ក្មេងជំទង់អាយុ១៤ឆ្នាំខូចសតិ រៀននៅសាលាឯកជនដ៏ល្អក្បែរមជ្ឈមណ្ឌលពាណិជ្ជកម្ម បានបាញ់ទៅលើមនុស្សដោយទំនងជាបានឮសំឡេងមនុស្សបញ្ជាឱ្យបាញ់។ ជនសង្ស័យទី១នេះ បានប្រើកាំភ្លើងខ្លីពាក់កណ្តាលស្វ័យប្រវត្តិ ដែលបានកែច្នៃដោយខ្លួនឯង។ នេះបើតាមការរៀបរាប់របស់មេប៉ូលិសរងថៃលោក សំរ៉ាន នួនម៉ា ដោយសន្យាពង្រឹងច្បាប់និងការគ្រប់គ្រងការប្រើប្រាស់កាំភ្លើង។
ថ្វីបើមានការអំពាវនាវ ដដែលៗយូរមកហើយឱ្យថៃពង្រឹងច្បាប់គ្រប់គ្រងចរាចរណ៍អាវុធយ៉ាងណាក៏ដោយ ក៏ហេតុការណ៍បាញ់រះបានកើតឡើងជាញឹកញយក្នុងប្រទេសថៃ។ ក្នុងរយៈពេលតែបួនឆ្នាំចុងក្រោយនេះ ថែបានរងគ្រោះអំពើបាញ់រះមរណៈ ដល់ទៅបីដងធំៗ។ ជិតមួយឆ្នាំមុន អតីតប៉ូលិសថៃម្នាក់បានប្រើកាំភ្លើងវែងនិងកាបិតទៅបាញ់និងចាក់សម្លាប់មនុស្សអស់៣៦នាក់ ដែលភាគច្រើនជាកុមារអាយុក្រោម៥ឆ្នាំ នៅក្នុងសាលាមតេយ្យមួយនៅភាគឦសានប្រទេស។ នៅឆ្នាំ២០២០ អតីតយោធាម្នាក់បានបាញ់រះលើមនុស្សក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មNakhon Ratchasima ស្លាប់មនុស្ស២៩នាក់។
មានប្រជាពលរដ្ឋសរុប៧០លាននាក់ ប្រទេសថៃរាប់ឃើញមានអាវុធកំពុងធ្វើចរាចរណ៍ចំនួនប្រមាណ១០លានដើម នៅឆ្នាំ២០១៧ ក្នុងនោះជិត៤លានដើម គ្មានកត់ត្រាក្នុងបញ្ជីរដ្ឋបាលរបស់អាជ្ញាធរទេ។ នេះបើតាមកម្មវិធីស្រាវជ្រាវស្វីស Small Arms Survey។
ហេតុការណ៍បាញ់រះកណ្តាលរាជធានី ប្រជុំទៅដោយទេសចរនេះ ក៏បានកើតឡើងក្នុងខណៈដែលរដ្ឋាភិបាលថៃកំពុងខិតខំស្តាររូបភាពជាប្រទេសមានសុវត្ថិភាពនិងសន្តិសុខខ្ពស់ សម្រាប់ទាក់ទាញភ្ញៀវ ជាពិសេសទេសចរចិន។ ក្រោយហេតុការណ៍កើតឡើងភ្លាម នាយករដ្ឋមន្ត្រីថៃ បានទូរស័ព្ទទៅធានាឯកអគ្គរដ្ឋទូតចិនប្រចាំក្រុងបាងកកថា ថៃនឹងមានវិធានការសន្តិសុខខ្ពស់បំផុតសម្រាប់ការពារទេសចរចិន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ