អានតួអត្ថបទ

រុស្ស៊ី៖ មនុស្សច្រើនរយនាក់ សម្រុកចូលអាកាសយានដ្ឋានក្នុងទីក្រុងមួយ ចាំស្ទាក់អ្នកដំណើរអ៊ីស្រាអែល

ប៉ូលីសរុស្ស៊ី បានឲ្យដឹងថា នៅថ្ងៃចន្ទទី ៣០ តុលាថា មានមនុស្ស ៦០ នាក់ត្រូវបានចាប់ខ្លួន ក្រោយសង្ស័យថា បានវាយសម្រុកទៅលើអាកាសយានដ្ឋាននៅក្រុង Makhatchkala កាលពីយប់ថ្ងៃទី ២៩ តុលា ក្នុងសាធារណរដ្ឋ Daguestan ដែលជាតំបន់ស្ថិតក្នុងចំណុះសហព័ន្ធរុស្ស៊ី និង មានប្រជាជនភាគច្រើនកាន់សាសនាអ៊ីស្លាម ។ តាមការឲ្យដឹងពីសំណាក់អាជ្ញាធរ Daguestan ក្រុមបាតុករទាំងនេះ ទំនងមានចេតនាស្វែងរកមុខអ្នកដំណើរណា ដែលមានសញ្ជាតិអ៊ីស្រាអែល។

រុស្ស៊ី៖ មនុស្សមួយហ្វូងធំ សម្រុកចូលអាកាសយានដ្ឋានក្នុងទីក្រុងមួយ ដើម្បីស្ទាក់ចាប់អ្នកដំណើរអ៊ីស្រាអែល
រុស្ស៊ី៖ មនុស្សមួយហ្វូងធំ សម្រុកចូលអាកាសយានដ្ឋានក្នុងទីក្រុងមួយ ដើម្បីស្ទាក់ចាប់អ្នកដំណើរអ៊ីស្រាអែល AFP - -
ផ្សាយពាណិជ្ជកម្ម

នៅល្ងាចថ្ងៃអាទិត្យទី ២៩ តុលា ស្រាប់តែមានមនុស្សប្រុសមួយហ្វូងធំ បានលុកចូលក្នុងបរិវេណអាកាសយានដ្ឋាន នៅក្រុង Makhatchkala នៃសាធារណរដ្ឋ Daguestan។ ទង្វើហិង្សានេះ គឺបានកើតឡើង ចំពេលដែលស្ថានការណ៍កាន់តែមានសភាពតានតឹងខ្លាំង ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមធ្វើប្រតិបត្តិការវាយបង្ក្រាបឥតសំចៃលើក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សា។

ហេតុការណ៍នេះ បានបណ្តាលឲ្យប៉ូលីស ៩ នាក់រងរបួស ដែលក្នុងនោះ ២ នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ នេះបើតាមការឲ្យដឹងពីសំណាក់ ក្រសួងមហាផ្ទៃរុស្ស៊ី ដែលបន្តទៀតថា ៖ ជនបង្កចលាចលជាង ១៥០ នាក់ ត្រូវបានអាជ្ញាធរកំណត់អត្តសញ្ញាណបាន ហើ់យក្នុងនោះ ៦០ នាក់ ត្រូវបានចាប់ខ្លួន។ បច្ចុប្បន្ន ​ប៉ូលីសកំពុងបន្តស្វែងរកមុខក្រុមបាតុករទាំងអស់ ដែលមានវត្តមាននៅទីនោះ។  

វីដេអូទាំងឡាយ ដែលបានបង្ហោះនៅតាមបណ្តាញសង្គម និងក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បង្ហាញឲ្យឃើញ ក្រុមមនុស្សមួយហ្វូងធំ ដើរឆែកឆេររថយន្ដ ពិនិត្យមើលអត្តសញ្ញាណអ្នកជិះ ហើយសម្រុកចូលក្នុងអគារ Terminal  និង ប្រមូលផ្តុំគ្នា នៅជើងយន្ដហោះដែលទើបចុះចតនៅលើព្រលាន។  

យោងតាមគេហទំព័រ Flightradar ជើងយន្ដហោះមកពីក្រុង Tel-Aviv ប្រទេសអ៊ីស្រាអែល បានចុះចតនៅម៉ោង ៧ ល្ងាច ម៉ោងនៅក្រុង Makhatchkala ។ ប្រព័ន្ធផ្សព្វផ្សាយឯករាជរុស្ស៊ី Sota ប្រាប់ថា យន្ដហោះដដែលនេះ ត្រូវចុះនៅព្រលានយន្តហោះ Makhatchkala មុនហោះបន្តទៅកាន់ទីក្រុងម៉ូស្គូ។

ភ្លាមៗក្រោយហេតុការណ៍ ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី បានប្រកាសថា អាកាសយានដ្ឋានក្រុង Makhatchkala នឹងអាចបិទរហូតដល់ថ្ងៃទី ៦ វិច្ឆិកា។ តែនៅព្រឹកថ្ងៃចន្ទទី ៣០ តុលា ទីភ្នាក់ងារដដែល បានប្រកាសឡើងវិញថា ព្រលានយន្តហោះនេះ នឹងត្រូវបិទត្រឹមថ្ងៃអង្គារទី ៣១​ តុលា។

​​​​វីដេអូនៅលើ Telegram បង្ហាញមនុស្សប្រុសមួយហ្វូង នាំគ្នាច្រានរបាំងសុវត្ថិភាព ហើយដើរឆែកឆេរ អ្នកជិះក្នុងឡាន សម្រុកកំទេចទ្វារនៅក្នុងអគារ Terminal។ លើសពីនេះទៀត ក្នុងវិដេអូមួយ គេឃើញមានបុរសម្នាក់ឡើង តោងទៅលើស្លាបយន្ដហោះ ដែលហោះពីទីក្រុង Tel-Aviv។

ក្នុងចំណោមហ្វូងបាតុករទាំងនោះ គេឃើញមានផ្ទាំងបដា ដែលសរសេរថា “Daguestan មិនទទួលជាដាច់ខាត ពួកឃាតករសម្លាប់កុមារប៉ាឡេស្ទីន ”។ រីឯបុគ្គលខ្លះទៀត នាំគ្នាសម្រែកថា Allah Akbar ! (ព្រះអាឡាធំជាងគេ !) ក្នុងពេលដែលអ្នកខ្លះទៀតនាំគ្នាលើកគ្រវី ទង់ជាតិប៉ាឡេស្ទីន។

ប្រមុខសាធារណរដ្ឋ Daguestan លោក Serguei Melikov បានថ្លែងនៅថ្ងៃចន្ទនេះថា អំពើហិង្សានេះ ត្រូវបានរៀបចំឡើង ចេញណពីទឹកដីអ៊ុយក្រែន ពោលគឺជាទង្វើរបស់ពួកជនក្បត់ ដែលមានចេតនាបង្កឲ្យមានចលាចល។ លោកបានចោទ ទៅលើអាខោន Telegram មួយ ដែលមនុស្សហ្វូឡូប្រមាណ ៦ ម៉ឺននាក់ និង ដែលគេស្គាល់ថា តែងប្រឆាំងនឹងថ្នាក់ដឹកនាំ Daguestan។ លោកថា គឺអាខោន Telegram នេះឯង ដែលជាមេបង្កភ្លើង ដោយបានអំពាវនាវ ឲ្យមនុស្សទៅប្រមូលផ្តុំគ្នា នៅអាកាសយានដ្ឋាន Makhatchkala ដើម្បីរារាំងអ្នកដំណើរ ដែលមកពីអ៊ីស្រាអែល តាមរយៈជើងយន្ដហោះក្រុមហ៊ុនអាកាសចរណ៍ Red Wing។

បន្ទាប់ពីមានឧប្បត្តិហេតុនេះភ្លាម អ៊ីស្រាអែលបានអំពាវនាវឲ្យរុស្ស៊ី “ការពារសុវត្ថិភាពគ្រប់ពលរដ្ឋអ៊ីស្រាអែល និង គ្រប់ជនជាតិជ្វីហ្វ ដែលមានវត្តមាននៅលើទឹកដីរុស្សី”។

ចំណែកលោកស្រី Adrienne Watson អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ របស់សេតវិមានវិញ បានថ្លែងថា​ អាមេរិក ថ្កោលទោសយ៉ាងដាច់អហង្ការ រាល់ទង្វើទាំងឡាយណា ដែលបង្ហាញពីការរើសអើង និង ប្រឆាំងជនជាតិជ្វីហ្វ។

លោក Akhmed Doudayev រដ្ឋមន្ត្រីក្រសួងព័ត៏មាននៃរដ្ឋ ឆេឆេនី ដែលមានព្រំប្រទល់ជាប់និង Daguestan បានអំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ នៅចំពោះមុខការកើនឡើងនៃភាពតានតឹង នៅក្នុងតំបន់កូកាស ដែលជាតំបន់ស្ថិតក្រោមការគ្រប់គ្រង់របស់រុស្ស៊ី។

យោងតាមទីភ្នាក់ងារព័ត៏មានរុស្ស៊ី RIA Novosti ថ្ងៃអាទិត្យទី ២៩ តុលា មជ្ឈមណ្ឌលជ្វីហ្វមួយកន្លែង នៅក្រុង Nalchik នៃសាធារណរដ្ឋ Kabardino-Balkarie នាប៉ែកខាងត្បូងនៃសហព័ន្ធរុស្ស៊ី បានរងអគ្គិភ័យ ដោយសារការលួចដុតបំផ្លាញដោយចេតនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ