អានតួអត្ថបទ

តុលាការកូរ៉េខាងត្បូង​កាត់ទោស​ជប៉ុន​ឲ្យសងជំងឺចិត្ត​ដល់​ទាសករផ្លូវភេទ​ក្នុងសម័យសង្រ្គាមលោកលើកទី២

នៅកូរ៉េខាងត្បូង តុលាការជាន់ខ្ពស់ក្រុងសេអ៊ូល​បាន​សម្រេច​ បញ្ជា​ឲ្យ​ជប៉ុន​បង់សងជំងឺចិត្ត​ដល់​ស្រ្តីកូរ៉េខាងត្បូង​១៦នាក់ ដែល​ត្រូវ​បាន​ចាប់បង្ខំ​ឲ្យបម្រើផ្លូវភេទ​ក្នុងសម័យសង្រ្គាមលោកលើកទី​២។ ការសម្រេច​របស់​តុលាការ​ជាន់ខ្ពស់ក្រុង​សេអ៊ូល កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៣​វិច្ឆិកា​នឹង​ទៅរំលាយ ចាត់ទុកជា​មោឃៈ ការសម្រេច​កន្លងមក​របស់​តុលាការ​ជាន់ទាប​ក្រុង​សេអ៊ូល។ កាលពីខែ​មេសា ឆ្នាំ ២០២១ តុលាការជាន់ទាបកូរ៉េខាងត្បូង​បានលើកហេតុផល អភ័យឯកសិទ្ធិរដ្ឋ ដើម្បី​បដិសេធ​មិនទទួលយកពាក្យបណ្តឹង​របស់ស្រ្តីរងគ្រោះ។ ជប៉ុន​តាមរយៈ រដ្ឋមន្រ្តី​ការបរទេស​បាន​ប្រតិកម្ម​ចាត់ទុកការសម្រេចចិត្ត​របស់​តុលាការកូរ៉េខាងត្បូង​ថា ផ្ទុយនឹង​ច្បាប់អន្តរជាតិ និង​មិនអាច​ទទួលយកបាន។

លោកស្រី លី យុងសូ​ បច្ចុប្បន្ន អាយុ ៩៥ឆ្នាំ ធ្លាប់ត្រូវទាហាន​ជប៉ុន​​ចាប់បង្ខំ​ឲ្យធ្វើជា​ស្រ្តីបម្រើផ្លូវភេទនៅផ្ទះបន​ ក្នុងសម័យគ្រប់គ្រង​របស់​អាណានិគមជប៉ុន​នៅ​ឧបទ្វីបកូរ៉េ ពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥
លោកស្រី លី យុងសូ​ បច្ចុប្បន្ន អាយុ ៩៥ឆ្នាំ ធ្លាប់ត្រូវទាហាន​ជប៉ុន​​ចាប់បង្ខំ​ឲ្យធ្វើជា​ស្រ្តីបម្រើផ្លូវភេទនៅផ្ទះបន​ ក្នុងសម័យគ្រប់គ្រង​របស់​អាណានិគមជប៉ុន​នៅ​ឧបទ្វីបកូរ៉េ ពីឆ្នាំ ១៩១០ ដល់ឆ្នាំ ១៩៤៥ AP - Ahn Young-joon
ផ្សាយពាណិជ្ជកម្ម

៨០ឆ្នាំ​ក្រោយ​ចប់​សង្រ្គាមលោក​លើកទី២ ទើប​ស្រ្តីរងគ្រោះកូរ៉េខាងត្បូង​ទទួល​បាន​យុត្តិធម៌​ពី​តុលាការ នៅក្នុងសំណុំរឿង​ទាសករផ្លូវភេទ។ នៅថ្ងៃ​ព្រហស្បតិ៍ ទី ២៣ វិច្ឆិកា តុលាការ​ជាន់ខ្ពស់​ក្រុង​សេអ៊ូល​បាន​សម្រេចកាត់ក្តី បញ្ជា​ឲ្យ​ជប៉ុន​ត្រូវ​បង់សង​ជំងឺចិត្ត ទៅ​ឲ្យ​ស្រ្តី​រងគ្រោះ​ជាតិកូរ៉េខាងត្បូង ១៦នាក់ ដែលជា​ម្ចាស់ដើមបណ្តឹង ក្នុងម្នាក់ៗ ២០០​លាន​វ៉ុន ដែលស្មើ​នឹង​១៥៤ ០០០ដុល្លារ។

ការសម្រេច​កាលពីថ្ងៃ​ព្រហស្បតិ៍ របស់​តុលាការ​ជាន់ខ្ពស់ក្រុង​សេអ៊ូល​នឹង​ទៅ​រំលាយជា​មោឃៈ ការសម្រេច​របស់​តុលាការជាន់ទាប​របស់​កូរ៉េខាងត្បូងមួយទៀត ដែល​បាន​សម្រេច​កាលពី​២ឆ្នាំមុន មិនទទួលពាក្យបណ្តឹង​ទាមទារសំណង​ពី​ស្រ្តីរងគ្រោះ ក្នុង​ហេតុផល​អភ័យឯកសិទ្ធិរដ្ឋ។ បើតាម​តុលាការជាន់ទាបក្រុងសេអ៊ូល កាលណោះ ពាក្យបណ្តឹងទាមទារសំណង​របស់​ស្រ្តីរងគ្រោះ​អាច​អុជអាល​បង្ក​ឲ្យមានបញ្ហាការទូត​ជាមួយ​ប្រទេសជប៉ុន។

ប៉ុន្តែ នៅក្នុង​សេចក្តីសម្រេច នៅថ្ងៃ​ព្រហស្បតិ៍ តុលាការជាន់ខ្ពស់ក្រុង​សេអ៊ូលយល់ថា គេ​អាច​មិន​គោរព​អភ័យឯកសិទ្ធិរដ្ឋ ក្នុងករណី​ដែល​មាន​ការរំលោភច្បាប់។ យោងតាមសេចក្តីសម្រេច​របស់​តុលាការជាន់ខ្ពស់​ក្រុង​សេអ៊ូល ជនរងគ្រោះ​ត្រូវបាន​គេចាប់ជំរិត ឬ​ចាប់បង្ខំ​ឲ្យ​ធ្វើជា​ទាសករ​ផ្លូវភេទ​ក្នុងសម័យសង្រ្គាមលោកលើកទី២។ ជាលទ្ធផល ស្រ្តីរងគ្រោះ​នៅតែឈឺចាប់ មិនអាច​រស់នៅ​ធម្មតាឡើង នៅក្រោយ​ចប់សង្រ្គាម។

បើ​តាម​ក្រុមអ្នក​ប្រវត្តិសាស្រ្ត មាន​ស្រ្តី​ដល់​ទៅ ២០០ ០០០នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​កូរ៉េ និង​ជនជាតិ​អាស៊ី​ផ្សេង​ទៀត ដូចជា​ចិន​ តៃវ៉ាន់ ហ្វីលីពីន ត្រូវ​បាន​ទាហាន​ជប៉ុន​ចាប់​បង្ខំ​ឲ្យ​ធ្វើជា​ស្រ្តី​បម្រើ​ផ្លូវភេទ ក្នុង​សម័យ​ដែល​ឧបទ្វីបកូរ៉េ ​ស្ថិត​ក្រោម​អាណានិគមនិយម​ជប៉ុន​ពី​ឆ្នាំ ១៩១០ ដល់​ឆ្នាំ ១៩៤៥។

នៅកូរ៉េខាងត្បូង មានស្រ្តីរងគ្រោះ​មិនច្រើនទេ ដែលបាន​ស្តាប់លឺ​ការសម្រេច​របស់​តុលាការ​ដែល​ផ្តល់​យុត្តិធម៌​ដល់​ពួកគេ ព្រោះថា ស្រ្តីរងគ្រោះ​ជាច្រើន​នាក់​បាន​ស្លាប់​មុនការសម្រេច​របស់​តុលាការ។ នៅថ្ងៃ​ព្រហស្បតិ៍ មាន​តែលោកស្រី លី យុងសូ​តែម្នាក់គត់ អាយុ ៩៥ឆ្នាំ ដែលត្រេកអរ ពេញចិត្ត​ការសម្រេច​របស់​តុលាការ។

ភាគី​ជប៉ុនវិញ ដូចជា​លើកមុនៗ បាន​ប្រកាស​ទាត់ចោល​ការសម្រេច​របស់​តុលាការកូរ៉េខាងត្បូង។ នៅថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីការបរទេស​ជប៉ុន លោកស្រី Yoko Kamikawa ​ថ្កោលទោស​ការ​សម្រេច​របស់​តុលាការ​កូរ៉េខាងត្បូង ដែលលោកស្រី​ចាត់ទុក​ធ្វើឡើង​ដោយផ្ទុយនឹង​ច្បាប់អន្តរជាតិ និងរំលោភកិច្ចព្រមព្រៀង​រវាងប្រទេស​ទាំងពីរ។

តាម​រដ្ឋាភិបាល​ក្រុង​តូក្យូ ជម្លោះ​សល់​ពី​សម័យសង្រ្គាមលោកលើកទី២ មួយ​នេះ​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​តាម​រយៈ​សន្ធិសញ្ញា​ឆ្នាំ ១៩៦៥ ដែលនៅក្នុងនោះ ជប៉ុន​បាន​ចំណាយ​ប្រាក់ ៨០០លាន​ដុល្លារ ក្នុងរូបភាពជាសំណង និង​ប្រាក់កម្ចីជាមួយការប្រាក់ទាប សម្រាប់​ទូទាត់សង​ការខូចខាត ដោយសារ​អាណានិគមជប៉ុន។ ប៉ុន្តែ មេធាវី​ម្នាក់​របស់​ក្រុម​ស្រី្តរងគ្រោះ​បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ ១៩៦៥ មិនបាន​និយាយ​ពី​សំណុំរឿង​ទាសករ​ផ្លូវភេទ​ទេ។

នៅកូរ៉េខាងត្បូង សំណុំរឿងទាសករផ្លូវភេទ​ក្នុង​សម័យ​សង្រ្គាមលោកលើកទី២ មានការប្រែប្រួល អាស្រ័យទៅតាមក្បាលម៉ាស៊ីនដឹកនាំ​រដ្ឋាភិបាល។ ជាក់ស្តែង រដ្ឋាភិបាល​របស់​លោកស្រី ផាក គុនហេ នៅឆ្នាំ ២០១៥​ធ្លាប់​បាន​ចុះ​កិច្ចព្រមព្រៀង ជាមួយជប៉ុនដើម្បី​បិទបញ្ចប់​រឿងក្តី បន្ទាប់ពី​ជប៉ុន​យល់ព្រម​សុំទោស​ដោយ​ស្មោះស្ម័គ្រ និង​សុខចិត្ត​ផ្តល់លុយសងជំងឺចិត្តជាង ៧លានដុល្លារ សម្រាប់​មូលនិធិ​ជួយ​ស្រ្តីរងគ្រោះផ្លូវភេទ​ដែលកំពុងមានជីវិត។ ប៉ុន្តែ រដ្ឋាភិបាល​ក្រោយមកទៀត ដែល​ដឹកនាំ​ដោយ​លោក​មូន ចៃអ៊ីន បាន​រំលាយចោលកិច្ចព្រមព្រៀង ក្នុង​ហេតុផលថា ស្រ្តីរងគ្រោះ​មិនត្រូវ​បាន​គេហៅ​ឲ្យចូលរួម​ក្នុងការចរចា។

ពេល​នេះ គេ​កំពុង​រង់ចាំមើលជំហរ​របស់​រដ្ឋាភិបាល​របស់​លោកយូន ស៊ុកយោល​វិញម្តងដែល​បាន​ព្យាយាម​កប់​អនុស្សាវរីយ៍​អាក្រក់ៗ ក្នុងអតីតកាល និង​ងាកទៅ​រឹតចំណង​សម្ព័ន្ធភាព ជាមួយជប៉ុន ក្នុងកាលៈទេសៈ​ដែលប្រទេស​ទាំងពីរ ត្រូវ​តទល់នឹង​ការគំរាមកំហែងរបស់សត្រូវរួម គឺ អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។

តើការសម្រេចរបស់តុលាការកូរ៉េខាងត្បូង​នឹង​ទៅធ្វើ​ឲ្យទំនាក់ទំនងកូរ៉េខាងត្បូង និងជប៉ុន​ល្អក់កករដែរឬទេ? រឿងនេះអាស្រ័យទៅលើ​ការសម្រេចចិត្ត​តែមួយគត់​របស់​លោកប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុកយោល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ