អានតួអត្ថបទ

ចិននិងរុស្ស៊ីសាទរទំនាក់ទំនង​ដែល​កាន់តែល្អឡើង​ជាងពេលណាៗទាំងអស់

នៅប្រទេស​ចិន ​​ថ្ងៃពុធ ទី​២០ ខែ​ធ្នូ​ នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក មីកាអ៊ីល មីឈូស្ទីន បាន​សាទរ​ទំនាក់ទំនង​ការ​ទូត​ដ៏ល្អ​​​របស់​ប្រទេសទាំងពីរ និងបាន​គូស​រំលេចឲ្យឃើញ​ថា ​ទំនាក់ទំនងរវាង​រដ្ឋបាល​ក្រុង​ម៉ូស្គូ និង ប៉េកាំង ​​កាន់តែល្អឡើង​ជាងពេលណាៗទាំងអស់​។ ថ្នាក់ដឹកនាំរុស្ស៊ី​ថ្លែង​ប្រសាសន៍បែប​​នេះ គឺធ្វើ​ឡើង​​​​នៅក្នុងឱកាស​​ដំណើរ​​ទស្សន​កិច្ចផ្លូវ​រដ្ឋ រយៈពេល​​ ២ ថ្ងៃ​ នៅ​រដ្ឋធានីប៉េកាំង​ ហើយនិងត្រូវ​​ប្រព័ន្ធឃោសនា​រដ្ឋ​រស្ស៊ី​និង​ចិន ​យកខ្លឹមសារ​​​ទៅ​ផ្សាយ​យ៉ាង​ព្រោង​ព្រាត​។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីកាអ៊ីល មីឈូស្ទីន និង ប្រធានាធិបតីចិន ស៊ី ជីនពីង  នៅក្រុងប៉េកាំង នាថ្ងៃពុធ ទី២០ ខែធ្នូ ។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីកាអ៊ីល មីឈូស្ទីន និង ប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្រុងប៉េកាំង នាថ្ងៃពុធ ទី២០ ខែធ្នូ ។ AP - Dmitry Astakhov
ផ្សាយពាណិជ្ជកម្ម

បើតាម​ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​ចិន CCTV ដែលស្រង់ប្រសាសន៍​ថ្នាក់ដឹកនាំចិន គឺ ថ្នាក់ដឹកនាំជាតិ​ទាំង​ពីរ បាន​ប្រឹងប្រែង​ដើរ​នយោបាយ​កម្រិត​ខ្ពស់ ដែល​ជះឥទ្ធិពល​យ៉ាង​វិជ្ជមាន​ ហើយ​ប្រទេស​រុស្ស៊ី​និង​ចិននឹងបន្ត​សហការគ្នាឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត នៅលើវិស័យ​ជាច្រើន រាប់​ចាប់តាំងពី​នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពល ការតភ្ជាប់​គមនាគមន៍ ហើយនិង​វិស័យ​សំខាន់ៗជាច្រើន​ផ្សេងទៀត។​

​នៅ​ចំពោះ​សមភាគីរុស្ស៊ី នាយករដ្ឋមន្ត្រីចិន លី ឈាំង បាន​ថ្លែងថា នៅក្រោម​ការដឹកនាំរដ្ឋ​​របស់​ប្រធានាធិបតីចិន ស៊ី ជីនពីង និង​ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន គឺទំនាក់ទំនង​ទ្វេភាគី​នឹង​បន្ត​រក្សា​កម្រិត​ខ្ពស់គ្រប់ជ្រុងជ្រោយ​ ហើយ​ប្រទេស​ជាតិ​ទាំងពីរ នឹងនៅតែរឹត​ចំណង​ទាក់ទង​ជាមិត្តភាព​នេះ​ឲ្យ​កាន់​តែយូរអង្វែង​រៀងរហូត​ទៅ​ ដើម្បីរក្សាឲ្យ​​បាន​ស្ថិរភាព​នៅក្នុង​ពិភពលោក​។​

រឹងរឹតតែ​ច្បាស់ !  តាមរយៈ​​កញ្ចក់​ទូរទស្សន៍​​ប្រព័ន្ធឃោសនាចិន CCTV ​​ លោក​ប្រធានាធិបតី ស៊ី ជីនពីង បានគូស​បញ្ជាក់បន្ថែមថា ការ​រក្សា​ទំនាក់ទំនង​ល្អ ​និង ការ​​រឹតបន្តឹង​ចំណង​ទូតឲ្យ​ប្រសើរ​ រវាង​ប៉េកាំង​និងម៉ូស្គូ គឺជា «​ជម្រើស​យុទ្ធសាស្ត្រ» របស់​រដ្ឋទាំងទ្វេ​ ដោយ​ផ្អែក​លើ​ផលប្រយោជន៍​រួម​នៃ ប្រជាជាតិ​ទាំងពីរ​។​

អ្នក​វិភាគ​ស្ថានការណ៍​ជាទូទៅ កត់សម្គាល់​ឃើញថា ទំនាក់ទំនង​រុស្ស៊ី-​ចិន កាន់តែ​ស្អិត​ល្មួត​ឡើង​ និង​រឹងមាំ​ខ្លាំង​ជាង​ពេល​ណាៗ គឺ​បន្ទាប់ពី ​រុស្ស៊ី​ បញ្ឆេះ​ភ្លើង​សង្គ្រាម​ឈ្លាន​ពាន​អ៊ុយក្រែន នៅ​ដើម​ខែ​កុម្ភៈ​ឆ្នាំ​២០២២។ ចន្លោះពេលនេះ បើ​ទោះបី​ជា​ បណ្តា​ប្រទេស​បច្ចិមលោក បាន​ថ្កោលទោស និង​ដាក់​ទណ្ឌកម្ម​សព្វបែបយ៉ាង​ទៅ​លើ រុស្ស៊ី​ យ៉ាងណាក្តី ក៏​មហាយក្សចិន នៅតែ​ប្រកាន់​ជំហរ​អព្យាក្រឹត និងមិន​ដែល​ពោល​រិះគន់ថ្កោលទោសចំពោះ​ ​រុស្ស៊ី​ ម្តង​ណា​ឡើង​ ជុំវិញបញ្ហា​​សង្គ្រាម​នៅ​អ៊ុយក្រែន។​

គួរ​រំឭកដែរ ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រីរុស្ស៊ី​​ទៅ​ស្រុក​ចិន​នាពេលនេះ គឺបន្ទាប់ពី លោកប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​អញ្ជើញ​ទៅក្រុង​​ប៉េកាំង​ កាលពី ២ ​ខែមុន​ ហើយនិង​ក្រោយ​ពី​ ឧត្តមសេនីយ៍កំពូល​ផុត​លេខ​របស់​​ចិន បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ូស្គូ នៅខែវិច្ឆិកា ថ្មីៗនេះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ