អានតួអត្ថបទ
រុស្ស៊ី-ហ្វាំងឡង់

លោកពូទីន​ប្រកាស​ពង្រឹង​កម្លាំងទ័ពនៅព្រំដែនជាប់ហ្វាំងឡាំង

វិបត្តិភូមិសាស្រ្តនយោបាយ​បានចាប់ឡើងកំដៅ នៅ​ព្រំដែនរុស្ស៊ី និងហ្វាំងឡង់ បន្ទាប់​ពី​ប្រធានាធិបតី​រុស្ស៊ី លោក​ពូទីន​ប្រកាស​ពង្រឹង​កម្លាំងទ័ពរុស្ស៊ី ​នៅ​តំបន់​ជាប់ព្រំដែន​ជាមួយប្រទេស​ហ្វាំងឡង់។ នៅក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍ជាតិរុស្ស៊ី នៅ​ថ្ងៃ​អាទិត្យនេះ ប្រមុខដឹកនាំ​រុស្ស៊ីចោទ​ប្រកាន់​បស្ចិមលោក​ថា បានអូសទាញ​ហ្វាំងឡង់​ឲ្យ​ចូល​ក្នុង​សម្ព័ន្ធយោធា អូតង់។ សង្រ្គាមរុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​បានដាស់​សតិ​ហ្វាំងឡាំង ប្រទេស​ជិតខាងរបស់​រុស្ស៊ី ឲ្យ​ភ័យខ្លាច និងសុំចុះចូលជា​សមាជិក​របស់​អូតង់ កាលពី​ខែ មេសា ឆ្នាំ ២០២៣។

លោកពូទីន​នៅ​ឈូងសមុទ្រ​ហ្វាំងឡង់ នៅខែមិថុនា ២០២៣
លោកពូទីន​នៅ​ឈូងសមុទ្រ​ហ្វាំងឡង់ នៅខែមិថុនា ២០២៣ AP - Pavel Lisitsyn
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​រុស្ស៊ី លោក​វ្លាឌីមៀរ ពូទីន​បាន​ព្រមាន​ពី​ការកើតមាន​បញ្ហា​ជាមួយ​ប្រទេសហ្វាំងឡង់ បន្ទាប់ពី​ប្រទេស​ជិតខាង​របស់​រុស្ស៊ីមួយនេះ បាន​ចូលជា​សមាជិក​ពេញសិទ្ធិ​របស់​សម្ព័ន្ធ​អាត្លង់ទិក​អូតង់​កាលពី​ថ្ងៃ​មេសា កន្លងទៅ។ នៅក្នុង​បទសម្ភាសន៍ជាមួយ​ទូរទស្សន៍ជាតិ រុស្ស៊ី ដែល​ចេញ​ផ្សាយ​ នៅថ្ងៃ​អាទិត្យ លោក​ពូទីនចោទប្រកាន់​ក្រុមប្រទេស​លោកខាងលិចថា ជាអ្នក​អូសទាញ​ហ្វាំងឡង់​ឲ្យ​ចូល​ជា​សមាជិក​របស់ខ្លួន។

សម្រាប់​មេដឹកនាំ​រុស្ស៊ី គេ​បាន​បង្កើតបញ្ហា​នៅ​កន្លែង​ដែលមិនធ្លាប់មាន​បញ្ហា កាលពីមុន ព្រោះថា រុស្ស៊ី​នឹង​បង្កើត​យោធា​ថ្នាក់តំបន់ នៅ​ឡេនីនក្រាត ដែល​នឹង​ប្រមូលផ្តុំ ទៅដោយ​អង្គភាពយោធា​ជាច្រើន។ ឡេនីនក្រាត ឬសាំងពីទែរស្បួរ ជាទីក្រុង​ធំទី​២​របស់​រុស្ស៊ី ដែលស្ថិត​នៅ​ភាគពាយ័ព្យ មិនឆ្ងាយ​ប៉ុន្មានពី​ព្រំដែន​ជាមួយ​ហ្វាំងឡង់។

មានព្រំដែនរួមគ្នា​ប្រមាណ ១៣៤០​គីឡូម៉ែត្រ រុស្ស៊ី និង​ហ្វាំងឡង់​មានទំនាក់ទំនង​ល្អក់កករ ចាប់តាំង​ពី​រុស្ស៊ី​ធ្វើ​សង្រ្គាមឈ្លានពាន អ៊ុយក្រែន ប្រទេស​ជិតខាងរបស់​រុស្ស៊ី កាលពី ខែ កុម្ភៈ ឆ្នាំមុន។ សង្រ្គាមឈ្លានពានរបស់​រុស្ស៊ី​បានដាស់សតិ​ហ្វាំងឡង់​ឲ្យ​ភ្លឺភ្នែក និង​ប្រញាប់រួសរាន់សុំចូលជា​សមាជិក​របស់​បក្ស​សម្ព័ន្ធ​អូតង់។ ក្លាយជា​សមាជិក​របស់​អូតង់ ហ្វាំងឡង់​នឹង​ទទួលបាន​ការការពារ ដោយមាត្រា៥នៃសន្ធិសញ្ញា ពោលគឺ​ក្នុងករណី​មានការ​វាយប្រហារមកលើ​ហ្វាំងឡង់ គឺ​សមាជិកអូតង់​នឹងរួមកម្លាំងគ្នា​ជួយ​ប្រយុទ្ធ​ ការពារហ្វាំងឡង់។

ម្យ៉ាង សំដីគំរាម​របស់​ប្រធានាធិបតី​រុស្ស៊ី នៅថ្ងៃ​អាទិត្យ កើតឡើង នៅ​២ថ្ងៃ​ក្រោយពី ហ្វាំងឡង់​សម្រេច​បិទព្រំដែន​ទាំងស្រុង​ជាមួយ​រុស្ស៊ី រហូត​ដល់​ថ្ងៃ​ទី​១៤​មករាឆ្នាំ២០២៤។ នៅថ្ងៃ​សុក្រ ហ្វាំងឡង់​សម្រេចបិទច្រក​ព្រំដែន​ទាំងស្រុង​ជាមួយ រុស្ស៊ី នៅក្នុង​បទចោទប្រកាន់ រុស្ស៊ី​ថា មាន​ចេតនា​បញ្ជូន រុញច្រាន​ជនអន្តោប្រវេសន៍ ទៅ​ក្នុង​ទឹកដី​ហ្វាំងឡង់។

សម្រាប់​ហ៊ែលសាំងគី  ម៉ូស្គូ​កំពុងវាយប្រហារ​ហ្វាំងឡង់ តាមរយៈ​ការយក​ជនអន្តោប្រវេសន៍ ធ្វើជាឈ្នាន់ នៅ​ក្នុង​គោលដៅ​ធ្វើ​ឲ្យ​ហ្វាំងឡង់​ជួប​អស្ថិរភាព។ ក្រេមឡាំង​បាន​បដិសេធ​ការចោទប្រកាន់​របស់​ហ្វាំងឡង់។

គួរបញ្ជាក់ថា នៅ​ក្រោយ​ហ្វាំងឡង់​ចូល​ជា​សមាជិក​របស់​អូតង់ ម៉ូស្គូ​ធ្លាប់​បាន​សន្យា​ចាត់វិធានការ​តបវិញ។ នៅដើម​ខែធ្នូ​នេះ ប្រធានាធិបតី​អាមេរិក លោក​ចូ បៃដិន​ធ្លាប់​លើកឡើងថា រុស្ស៊ី​អាច​វាយប្រហារ​ប្រទេស​មួយ​ដែលជា​សមាជិក​របស់​អូតង់។ មួយទៀត បើតាម​មេដឹកនាំ​អាមេរិក ការឈប់ផ្គត់ផ្គង់អាវុធ​ទៅ​ឲ្យ​អ៊ុយក្រែន មានន័យ​ស្មើ​ការផ្តល់អំណោយ​ដល់​ប្រធានាធិបតីរុស្ស៊ី ព្រោះថា លោក​ពូទីន​នឹង​មិន​បញ្ឈប់​សង្រ្គាម​ឈ្លានពាននៅត្រឹមអ៊ុយក្រែននោះទេ។ ប៉ុន្តែ សម្រាប់លោកពូទីន ការលើកឡើង​របស់អាមេរិក​ជា​ការចោទប្រកាន់​ដែល​គេធ្វើឡើងដើម្បី​ការពារនយោបាយ​ប្រឆាំង​រុស្ស៊ី​តែប៉ុណ្ណោះ ព្រោះ​លោកផ្ទាល់​មើល​មិនឃើញ​ថា នឹង​ទទួល​បាន​ផលប្រយោជន៍​សេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និង​យោធា ពីការធ្វើសង្រ្គាមជាមួយ​ក្រុម​ប្រទេស​អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ