អានតួអត្ថបទ
វៀតណាម-សុខាភិបាល

តុលាការ​វៀតណាម កាត់ទោស​អតីត​រដ្ឋមន្ត្រីសុខាភិបាល ឲ្យ​ជាប់​ពន្ធនាគារ ១៨ឆ្នាំ

១៨ ឆ្នាំក្រោយ​ចម្រឹងដែក ជា​ស្ថានទម្ងន់​ទោសជាប់​​ពន្ធនាគារ​ចំពោះអតីត​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង។ លោកធ្លាប់​ធ្វើជា​រដ្ឋមន្ត្រី​ ចំនួន ២ ឆ្នាំ ចន្លោះ​ឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ហើយ​ត្រូវ​​ផ្តន្ទាទោស​ពាក់​ព័ន្ធ​នឹងបទល្មើស​​​ពុករលួយស៊ី​សំណូកសូក​ប៉ាន់។​ អតីតមន្ត្រី​សំខាន់​ៗ​ទទួល​បន្ទុក​សុខាភិបាល និង​អ្នក​ជំនួញ​ សរុប ​៣៨ នាក់​ ក៏​ត្រូវ​ជាប់ពន្ធនាគារ​​​ តិច​ឬច្រើនឆ្នាំ​តាមកម្រិតទោស​​ល្មើស​របស់​ពួកគេនីមួយៗ។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​តុលាការ​ក្រុង​ហាណូយ នៅ​ថ្ងៃសុក្រ ទី​១២ មករា។

អតីត​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង ត្រូវ​តុលាការដាក់ទោសជាប់​​ពន្ធនាគារ​ ១៨ ឆ្នាំ​។
អតីត​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង ត្រូវ​តុលាការដាក់ទោសជាប់​​ពន្ធនាគារ​ ១៨ ឆ្នាំ​។ AFP - NHU Y
ផ្សាយពាណិជ្ជកម្ម

សាលក្រម​ជម្រះក្តីឧក្រិដ្ឋនេះ គឺឋិតក្នុង​​សំណុំ​រឿងអាស្រូវពុករលួយ​របស់​​ក្រុមហ៊ុន​ Viet A។ ​​ក្នុង​រដូវ​កាល​ផ្ទុះ​ជំងឺរាតត្បាតសកល​កូវីដ១៩ ក្រុមហ៊ុន​ Viet A ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​មន្ត្រីសុខាភិបាលវៀតណាម​ ក្នុង​ទំហំទឹកប្រាក់​រាប់រយលាន​ដុល្លារ​ ដើម្បី​ធានា​ផលិត​ ផ្គត់ផ្គង់ និង លក់ ​ប្រដាប់​ធ្វើ​តេស្ត​មើល​កូវីដ​១៩​។ កិច្ចសន្យា​នេះ បាន​ផ្តល់​ផល​ចំណេញ​ ១៧២ លាន​ដុល្លារ ដល់ក្រុមហ៊ុន​ ​ហើយក្នុង​នោះ​ លុយ​​ ៣៤ លានដុល្លារ សម្រាប់​សូក​ពួក​មន្ត្រីពុករលួយ។

ក្នុងសំណុំរឿងអាស្រូវនេះ អតីត​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ឡុង គឺត្រូវ​ចោទប្រកាន់​ថា​បាន​ទទួល​សំណូក​ ទឹកប្រាក់​ ២ ២៥០ ០០០ ​​ដុល្លារ។ ពេល​អង្គ​សវនា​ការ ​ចៅក្រម​សម្រេចលោក​ឲ្យ​ថ្លែងសារ​ជាចុងក្រោយ គឺ អតីត​រដ្ឋមន្ត្រី បាន​ថ្លែងក្តី​​សោកស្តាយ និង​ឈឺចាប់ចំពោះអ្វី​ដែលខ្លួន​បាន​ប្រព្រឹត្ត។​ ក៏ប៉ុន្តែ​ មេធាវី​របស់​រូប​លោក បាន​បន្តការពារ​ថា លោក ថាញ់ឡុង ពុំ​បាន​ទទួល​សំណូក​ឡើយ​ ហើយ​គាត់​ក៏ពុំ​បាន​បង្គាប់​​គេ​ឲ្យ«​ថ្លៃ​ទឹក​តែ»មករូបលោក​ដែរ។ ប្រាក់​ដែល​លោកធ្លាប់​បាន​ទទួល​នោះ គឺគ្រាន់តែ​ជា«​អំណោយទឹកចិត្ត​ដើម្បីជាការដឹងគុណ»តែប៉ុណ្ណោះ។​

តុលាការក្រុង​ហាណូយ ត្រូវ​ប្រើពេល​បើកសវនាការ​ ចំនួន ១៨ ថ្ងៃ​ ដើម្បី​ជម្រះ​សំណុំរឿងនេះ។ ​រឿងនេះ ក៏ពាក់ព័ន្ធ​នឹង​អភិបាល​រដ្ឋធានី​ហាណូយ លោក ជូ ង៉ុកអាញ់។ លោក ង៉ុកអាញ់ ក៏ត្រូវ​កាត់ទោស​ឲ្យ​ជាប់​ ៣ ឆ្នាំ ក្រោយចម្រឹង​ដែក ហើយ​មន្ត្រី​ផ្សេងទៀត ជាប់ទោស​ពន្ធនាគារ ចន្លោះពី ២ ទៅ​ ៥ឆ្នាំ។

ចំណែក អគ្គនាយកក្រុមហ៊ុន ផាន់ ង៉ុក វៀត ត្រូវ​កាត់ទោស​ឲ្យ​ជាប់ទោស ២៩ ឆ្នាំ ពីបទពុករលួយ និង​បំពាន​ច្បាប់​ដេញថ្លៃ​លទ្ធកម្ម​។ នេះគឺទម្ងន់​ទោសបន្ថែម បន្ទាប់ពី តុលាការយោធា បាន​កាត់ទោសដាក់​គុក ២៥ឆ្នាំ កាលពី​ខែធ្នូ កន្លងទៅ។​

នៅវៀតណាម យុទ្ធនាការ​ប្រឆាំង​បំបាត់​អំពើពុករលួយ​ គឺក្រោម​ការ​ដឹកនាំផ្ទាល់​របស់ប្រធានាធិបតី​ ​ង្វៀន ភូចុង។ ពីពេល​ថ្មីៗនេះ ​លោក​បាន​សន្យា​បន្ត​កម្ទេច​អំពើពុករលួយ​ឲ្យ​បាន​ឆាប់ និង​ឲ្យ​មាន​ប្រសិទ្ធភាព។ ចាប់ពីឆ្នាំ២០២១មក មនុស្ស​ ៣ ៥០០នាក់​ ត្រូវ​ជាប់បទ​ចោទប្រកាន់។ ក្នុងនោះ ១ ៣០០ ពាក់ព័ន្ធ​នឹងអំពើ​ពុករលួយ៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ