អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរវៀតណាមពិន័យស្ត្រីវៀតណាមដែលបង្ខូចមុខមាត់ប្រាសាទអង្គរដោយឲ្យបង់ប្រាក់ជាង ៣០០ដុល្លារ

អាជ្ញាធរវៀតណាមសម្រេចពិន័យស្ត្រីដែលបង្ខូចមុខមាត់ប្រាសាទអង្គរវត្តចំនួន៣០៦ដុល្លារ និងអាចប្រឈមការពិន័យផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតNikkei Asia នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។ ការដាក់ពិន័យនេះ ធ្វើឡើងក្រោយស្ត្រីជនជាតិវៀតណាមដែលមានឈ្មោះ Hua Quoc Anh បានបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមTikTok ដោយស្លៀកឈុតប្រពៃណីថៃ បង្ហាញរូបស្តេចថៃនៅប្រាសាទអង្គរវត្ត និងអមជាមួយសំនៀងភាសាអង់គ្លេសថា សូមស្វាគមន៍មកកាន់ប្រទេសថៃ។

អាជ្ញាធរវៀតណាមបានជជែកជាមួយអ្នកផលិតមាតិកានៅលើតិកតុកដែលបានបង្ហោះវីដេអូថា ប្រាសាទអង្គរវត្តគឺជារបស់ថៃ
អាជ្ញាធរវៀតណាមបានជជែកជាមួយអ្នកផលិតមាតិកានៅលើតិកតុកដែលបានបង្ហោះវីដេអូថា ប្រាសាទអង្គរវត្តគឺជារបស់ថៃ © VN Express
ផ្សាយពាណិជ្ជកម្ម

ក្រោយស្ងាត់អស់រយៈពេលជាងមួយខែ ស្ត្រីវៀតណាមដែលបំភ្លៃប្រាសាទអង្គរវត្តខ្មែរថាជារបស់ថៃ ត្រូវបាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងទីក្រុងហូជីមិញ និងនាយកដ្ឋានសន្តិសុខតាមអ៊ីនធឺណេតនិងទប់ស្កាត់ឧក្រិដ្ឋកម្មបច្ចេកវិទ្យាហូជីមិញបានដាក់ពិន័យជាង៧.៥លានដុង ឬស្មើប្រមាណ៣០៦ដុល្លារ។

ប្រភពពីកាសែតវៀតណាម VN Expressបានឱ្យដឹងថា ស្ត្រីវៀតណាមរូបនេះក៏នឹងត្រូវបញ្ឈប់រាល់ការបង្ហោះសកម្មភាព វីដេអូឃ្លីបដែលមានលក្ខណៈស្រដៀងគ្នាបន្តទៀត និងត្រូវអនុវត្តតាមបទប្បញ្ញត្តិច្បាប់ដែលមានចែងរាល់ពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

តែយ៉ាងណា អាជ្ញាធរវៀតណាមមិនបានបញ្ជាក់បន្ថែមទេថា តើស្ត្រីវៀតណាមខាងលើនឹងត្រូវប្រឈមនឹងច្បាប់អ្វីផ្សេងទៀត ក្រៅតែពីការបង់ប្រាក់ពិន័យចំនួនជាង៣០០ដុល្លារ និងការគោរពតាមគោលការណ៍ច្បាប់មួយចំនួនមុនប្រើប្រាស់បណ្តាញសង្គម។

គួរបញ្ជាក់ថា មុននឹងរងការផាកពិន័យ ស្ត្រីវៀតណាមរួមនឹងក្រុមការងាររបស់នាងបានចេញមុខសុំទោសប្រជាជនកម្ពុជាដោយសន្យាថា នឹងមិនឱ្យរូបភាពបែបនេះកើតមានជាថ្មីទៀតទេ។ ទន្ទឹមគ្នានេះ ពួកគេសន្យានឹងជួយផ្សព្វផ្សាយអំពីភាពអស្ចារ្យរបស់ប្រាសាទអង្គរទៅកាន់ពិភពលោកថែមទៀត។

សូមរំលឹកបន្តិចថា កាលពីអំឡុងខែតុលាឆ្នាំ២០២៣ ស្ត្រីជនជាតិវៀតណាមដែលមានឈ្មោះ Hua Quoc Anh បានធ្វើដំណើរកម្សាន្តនៅកម្ពុជា និងបានចូលមកទស្សនាប្រាសាទអង្គរវត្ត។ គ្រានោះ ស្ត្រីជនជាតិវៀតណាមខាងលើបានផលិតនិងបង្ហោះវីដេអូនៅក្នុងបណ្តាញសង្គមតិកតុក ដោយស្លៀកពាក់ឈុតប្រពៃណីថៃពណ៍ផ្កាឈូក បង្ហាញរូបភាពស្តេចថៃនៅប្រាសាទអង្គរវត្ត ជាមួយនឹងសំនៀងសូមស្វាគមន៍មកកាន់ប្រទេសថៃ។

ក្រោយករណីនេះកើតឡើង ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរាកម្ពុជាបានចេញមកប្រតិកម្ម និងចាត់ទុកទង្វើរបស់ស្រ្តីវៀតណាមរូបនោះថាបានជះឥទ្ធិពលអវិជ្ជមានដល់មុខមាត់ទេសចរណ៍ រួមនឹងមានចេតនាអុជអាល ចង់បំពុលសង្គមកម្ពុជា។ ក្រោយប្រតិកម្មរួច ភាគីកម្ពុជាពិចារណាដាក់ពិន័យទៅលើស្ត្រីនោះដោយអាចនឹងត្រូវហាមឃាត់មិនឱ្យចូលមកជាន់ទឹកដីកម្ពុជាចន្លោះពី ៥ឆ្នាំទៅ ១០ឆ្នាំ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ