ប្រធានាធិបតីវៀតណាមប្រកាសលាចុះពីតំណែង ទំនងជាប់សង្ស័យពាក់ព័ន្ធនឹងសំណុំរឿងពុករលួយ
ប្រធានាធិបតីវៀតណាម សុំលាចុះពីតំណែង នៅថ្ងៃពុធ ទី២០មីនា។ លោក វ៉ វ៉ាន់ ធឿង បានសារភាពទទួលស្គាល់ពីការរំលោភអំណាច និងភាពអសកម្មនៅក្នុងការដឹកនាំស្រុកទេស។ នេះបើតាមទីភ្នាក់ងារកាសែតរដ្ឋវៀតណាម ដោយបានបញ្ជាក់ទៀតថា លោកប្រធានាធិបតីបានប្រព្រឹត្តខុសច្បាប់ ហើយនិងត្រូវបង្ហាញភាពជាគំរូ។ គណៈមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលយល់ព្រមចំពោះពាក្យស្នើសុំឈប់ពីតំណែងនេះហើយ។ ទន្ទឹមនេះ រដ្ឋសភាជាតិ ក៏បើកកិច្ចប្រជុំវិសាមញ្ញ នៅព្រហស្បតិ៍ ដើម្បីបញ្ជាក់ទទួលស្គាល់ជាផ្លូវការ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៥
ចូលកាន់តំណែងប្រធានាធិបតីវៀតណាម ទើបតែបាន ១ ឆ្នាំ, លោក វ៉ វ៉ាន់ ធឿង (Võ Văn Thưởng) ប្រកាសលាលែងចេញពីតួនាទីដោយគ្មានបញ្ជាក់លម្អិតមូលហេតុសោះ។ ទាំងរូបលោក វ៉ វ៉ាន់ ធឿង ផ្ទាល់ ទាំងរដ្ឋាភិបាល ឬគណៈបក្សកុម្មុយនិស្ត ក៏មិនបានប្រកាសពីមូលហេតុនៃការចាកចេញនេះ ជាសាធារណៈសោះឡើយ។ ក៏ប៉ុន្តែ អ្វីដែលមជ្ឈដ្ឋានទូទៅសង្ស័យខ្លាំងនោះ គឺមូលហេតុ១ក្នុងហេតុផលជាច្រើន អាចមកពីសំណុំរឿងពុករលួយបន្លំគេចពន្ធ។ ដ្បិតថា កាលពីដើមខែមីនា ក្រសួងសន្តិសុខសាធារណៈវៀតណាម បានប្រកាសអំពីការបើកការស៊ើបអង្កេតផ្លូវច្បាប់ពាក់ព័ន្ធអំពើពុករលួយគេចពន្ធរបស់ក្រុមហ៊ុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ១ ឈ្មោះ Phuc Son ដែលធ្វើសកម្មភាពជំនួញ ក្នុងខេត្ត ៣។ ក្នុងនោះ ក៏មានខេត្តចាងណៃ ប៉ែកកណ្តាលវៀតណាម ដែលមានលោក វ៉ វ៉ាន់ ធឿង ជាប្រធានគណបក្សប្រចាំខេត្ត។ ក្រសួងសន្តិសុខសាធារណៈវៀតណាម បញ្ជាក់ថា ក្រុមហ៊ុននោះ ជាប់បទចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារដើម្បីគេចវេសមិនបង់ពន្ធ ហើយនិង ក្រុមអ្នកស៊ើបអង្កេត ក៏បានចាប់ឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់ខេត្តចាងណៃ ដល់ទៅ ៩នាក់ ទៀតផង។
ទីភ្នាក់ងារកាសែតរដ្ឋវៀតណាម VNA បានបង្ហើបថ្ងៃពុធ ថា លោកវ៉ វ៉ាន់ ធឿង បានប្រព្រឹត្តល្មើសច្បាប់ ក៏ប៉ុន្តែ មិនបានបញ្ជាក់ថា ខុសច្បាប់អ្វី ខុសរឿងអ្វីឡើយ។ កាសែតរដ្ឋវៀតណាម គ្រាន់តែឲ្យដឹងថា ប្រធានាធិបតី វ៉ វ៉ាន់ ធឿង លាឈប់ពីតំណែងនៅពេលនេះ ក៏ព្រោះតែ លោកមានស្មារតីទទួលខុសត្រូវចំពោះបក្ស ចំពោះជាតិ និងប្រជាជន ដែលបានផ្តល់សេចក្តីទុកចិត្តប្រគល់តំណែងឲ្យលោកកាន់។ កាសែត VNA បន្តទៀតថា ការរំលោភអំណាចនិងភាពអសកម្មរបស់សមមិត្ត វ៉ វ៉ាន់ ធឿង ជាទង្វើពុំគប្បីចំពោះសាធារណៈមតិ ហើយវាជះឥទ្ធិពលប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គណបក្ស របស់ជាតិ និង របស់ខ្លួនគាត់ផ្ទាល់។
នៅវៀតណាម អំពើពុករលួយជាសំណុំរឿងក្តៅខ្លាំង ព្រោះជាយុទ្ធនាការដឹកនាំដោយអគ្គលេខាធិការបក្សដោយផ្ទាល់។ ក្នុងខែមីនានេះ តុលាការវៀតណាម ទាំងក្រុងហូជីមិញ និងក្រុងហាណូយ បើកសវនការកាត់ទោសសំណុំរឿងពុករលួយធំៗ ចំនួន២ ដែលល្បីកក្រើកពិភពលោក។ នៅវៀតណាម ៣ឆ្នាំចុងក្រោយនេះ មនុស្សជាង ៤ ៤០០ នាក់ត្រូវជាប់បទចោទពាក់ព័ន្ធ នឹងអំពើពុករលួយ។
ការលាចុះពីតំណែងប្រធានាធិបតីពីសំណាក់លោក វ៉ វ៉ាន់ ធឿង ដែលទើបតែអាយុ៥៣ឆ្នាំ គឺគួរភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើល ដ្បិតថា នេះជាគម្រប់លើកទី៣ហើយ ដែលប្រធានាធិបតី៣រូប ជាប់ៗ ប្រកាសចុះពីតំណែង។ ក្នុងដំណាក់កាលរង់ចាំតែងតាំងប្រធានាធិបតីថ្មី លោក វ៉ូ ធី អាញ អនុប្រធានាធិបតីបច្ចុប្បន្ន នឹងកាន់តួនាទីប្រមុខរដ្ឋបណ្តោះអាសន្ន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ