អានតួអត្ថបទ
វៀតណាម-ទឹកសមុទ្រ

វៀតណាមព្រមានពីការខាតបង់ផលកសិកម្ម ជិត​៣ពាន់លានដុល្លារ ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ

វៀតណាមប្រឈមនឹងការខាតបង់​ផលកសិកម្ម​ជិត​៣ពាន់លាន​ដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារ​ការឡើង​កំពស់ទឹកសមុទ្រដែលគំរាមកំហែងជន់លិច​ដីស្រែ ដីដាំដំណាំហូបផ្លែ។ តាម​ការសិក្សា​របស់​ក្រសួងបរិស្ថាន​របស់​ប្រទេស​នេះ ដែលចុះផ្សាយ​ដោយ​កាសែតក្នុងស្រុកវៀតណាម កាលពីថ្ងៃអាទិត្យទី ១៧ មីនា តំបន់ដែលតាទន្លេមេគង្គ ភាគខាងត្បូង​វៀតណាម ដែលគេ​ចាត់ទុកជា​ចានបាយ​របស់​ប្រជាជន​វៀតណាម​ អាច​រងការខូចខាតធ្ងន់ធ្ងរ​ជាងគេ​ដោយសារ​ទឹកសមុទ្រហូរចាក់ចូលស្រែ និងជន់លិចដីចំការ។

កសិករវៀតណាម
កសិករវៀតណាម REUTERS - Nguyen Huy Kham
ផ្សាយពាណិជ្ជកម្ម

វៀតណាម​កំពុងប្រឈមនឹងការខាតបង់​កសិកម្ម ទំហំជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយសារ​តែការប្រែប្រួលអាកាសធាតុ និងការឡើងកំពស់ទឹកសមុទ្រ។ តាម​ការសិក្សា​របស់​ក្រសួងបរិស្ថាន​វៀតណាម វៀតណាម​នឹង​ខាតបង់ផលិតផលកសិកម្ម ព្រោះថា ដីស្រែ ដីកសិកម្ម​កាន់តែច្រើន​នឹង​ត្រូវ​ជន់លិច​ដោយសារ​កម្រិតទឹកប្រៃដែលចេះតែកើនឡើងជាលំដាប់ ដោយសារ​ការឡើងកំពស់ទឹកសមុទ្រ។

តំបន់ដែលរងគ្រោះខូចខាតធ្ងន់ធ្ងរជាងគេ ដោយសារ ការឡើងកំពស់ទឹកសមុទ្រ និង​អាកាសធាតុ​ក្តៅស្ងួតហួតហែងខ្លាំង គឺ​តំបន់​ដែលតា ទន្លេមេគង្គនៅភាគខាងត្បូងវៀតណាម ដែល​គេ​ចាត់ទុកជាចានបាយរបស់វៀតណាម។ ចានបាយ ព្រោះវាជា​តំបន់​ដែល​បញ្ចេញផលិតផលកសិកម្ម​ចិញ្ចឹមមនុស្សច្រើនរាប់លាននាក់។

តាម​ការសិក្សា​របស់​វិទ្យាស្ថានវិទ្យាសាស្រ្ត​ធនធានទឹកវៀតណាម​ ជាទូទៅ កម្រិតទឹកប្រៃតែងឡើងខ្ពសនៅ​រដូវក្តៅ ប៉ុន្តែ នៅប៉ុន្មានឆ្នាំមកនេះ គេ​សង្កេតឃើញវា​ចេះតែ​ឡើង​ខ្ពស់​ជាបន្តបន្ទាប់ មិនព្រមធ្លាក់ថយចុះ ដោយសារ​តែ​ការឡើង​កំពស់ទឹកសមុទ្រ អាកាសធាតុក្តៅខ្លាំង ខ្វះទឹកភ្លៀង​ទឹកសាប។

តាំងពីខែកុម្ភៈ តំបន់ដែលតាទន្លមេគង្គ​ភាគខាងត្បូង​វៀតណាម​រងរលកកំដៅក្តៅយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យបណ្តាញប្រលាយទឹកដ៏ចាំបាច់សម្រាប់ធ្វើស្រែ និងសម្រាប់ជា​ផ្លូវចរាចរណ៍ដឹកជញ្ជូនទំនិញកសិកម្មរីងហួតស្ទើរទាំងស្រុង។ តាមអាជ្ញាធរវៀតណាម ប្រលាយជាង​៨០​នៅក្នុងខេត្តCa Mau បានរីង។ ដំណាំស្រូវ​មួយភាគធំ​នឹងមិនផ្តល់​ផលល្អ ដោយសារ​ខ្វះទឹក។

នៅ​ខែមីនានេះ ​នាយកដ្ឋានធនធានទឹក​វៀតណាម​បានព្រមានថា ការឡើងកំពស់ទឹកសមុទ្រ​នឹងធ្វើ​ឲ្យទឹកប្រៃជន់លិចបំផ្លាញ​ដីស្រែ និងដីចំការផ្លែឈើ ប្រមាណ៨ម៉ឺនហិចតា នៅ​តំបន់​ដែលតាទន្លេមេគង្គ។ ជាក់ស្តែង ខេត្ត Ca Mau​នឹង​អាច​ខាតបង់​ក្នុងទំហំទឹកប្រាក់​ជាង ៦៦៥លានដុល្លារ។ យោងតាម​ការសិក្សា​របស់​វិទ្យាស្ថាន​ធនធានទឹកវៀតណាម បើសិន​សេណារីយ៉ូបែបនេះ​ចេះតែនៅបន្តមាន ពោល​គឺ ដីស្រែត្រូវ​ជន់លិច​ដោយសារ​ទឹកប្រៃ​ នោះ គេ​ប៉ាន់ប្រមាណថា នៅតំបន់​ដែលតា​ទន្លេមេគង្គ ដើមឈើហូបផ្លែ​ប្រមាណ ២៩%នឹងត្រូវ​បំផ្លាញ។ ផលិតផលកសិកម្ម​ផ្សេងទៀត​នឹង​ធ្លាក់ថយចុះ២៧% ​ចំណែកស្រូវ ប្រមាណ ១៤%ត្រូវខូចខាត។ ការកើនឡើងបរិមាណទឹកប្រៃ​នៅក្នុងដែនដីវៀតណាមដោយសារ​ការឡើងកំពស់ទឹកសមុទ្រ​នឹង​ធ្វើឲ្យឧស្សាហកម្មចិញ្ចឹមត្រីវៀតណាម​ខាតបង់​ផងដែរទឹកប្រាក់​៨៤០លានដុល្លារ ក្នុងមួយឆ្នាំៗ។

នៅពេល​ការខាតបង់​ដោយសារ​បរិមាណទឹកប្រៃ​ក្នុងដីកសិកម្ម​នៅវៀតណាម​មាន​ទំហំជិត ៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ទំហំខាតបង់នៅតំបន់​ដែលតាទន្លេមេគង្គតែមួយ​នឹង​កើនឡើង​ជាបន្តបន្ទាប់ នៅថ្ងៃអនាគត ដល់ជាង ៣១០០លានដុល្លារ។ នេះបើតាម​ការវាយតម្លៃ​របស់​អ្នកសិក្សា​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ