អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

SUISSE GARANTIE និងទីផ្សារទំនិញកសិកម្ម​ស៊្វីស

ចុះផ្សាយ​នៅ​ថ្ងៃ៖

គេអាចមើលឃើញ ជាទូទៅ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់ នៅក្នុងទីផ្សារនៃប្រទេសស៊្វីស។ តើរដ្ឋាភិបាល​ស៊្វីសធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កបរិយាកាសឱ្យ​ទំនិញកសិកម្មស៊្វីសជាទូទៅ អាចឈរជើងបាននៅក្នុងទីផ្សាររបស់ខ្លួន?

ទង់ជាតិ​ប្រទេសស្វីស​
ទង់ជាតិ​ប្រទេសស្វីស​ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

គេអាចមើលឃើញ ជាទូទៅ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់ នៅក្នុងទីផ្សារនៃប្រទេសស៊្វីស។ តើរដ្ឋាភិបាល​ស៊្វីសធ្វើយ៉ាងដូចម្ដេច ដើម្បីបង្កបរិយាកាសឱ្យ​ទំនិញកសិកម្មស៊្វីសជាទូទៅ អាចឈរជើងបាននៅក្នុងទីផ្សាររបស់ខ្លួន?

សូមស្តាប់ការពន្យល់​​​​របស់​ ឆន ឌីណា៖

មនុស្សភាគច្រើន លើពិភពលោក បានដឹងជាទូទៅអំពីប្រទេសស៊្វីស ដែល​ជាប្រទេសមួយក្នុងចំណោមប្រទេសដ៏រុងរឿងជាងគេបំផុត នៅលើភពផែនដីនេះ និង​មានទីតាំងស្ថិតនៅកណ្តាលទ្វីបអឺរ៉ុប។ លើសពីនេះ នៅពេលដែលគេនិយាយដល់ពាក្យថា ស៊្វីស គេអាចនឹកដល់របស់យ៉ាងច្រើន តួយ៉ាង ហ្វ្រូម៉ា សូកូឡា ជ្រលងភ្នំខ្ពស់ៗ ធនាគារ នាឡិកា ការជិះស្គី ឬក៏ សញ្ញាកាកបាទក្រហម ជាដើម។ សម្រាប់ប្រជាពលរដ្ឋនៅស្រុកខ្មែរយ៉ាងច្រើន ដែលបាន​បញ្ចូនកូនៗរបស់ខ្លួន​ទៅមន្ទីរពេទ្យគុន្ធបុប្ផា ដោយមិន​គិតកម្រៃ គឺមន្ទីរពេទ្យនេះហើយ ដែលមាន​ជនជាតិស៊្វីស លោកវេជ្ជបណ្ឌិត Beat Richner ជាស្ថាបនិក។

ទោះជាយ៉ាងណា បើ​គេធ្វើដំណើរទៅរស់នៅផ្ទាល់ក្នុងសង្គមស៊្វីសតែម្ដង គេអាច​អង្កេតឃើញ យីហោម៉ាក “SUISSE GARANTIE” ឬមានន័យជាភាសាខ្មែរ “ការធានាគុណភាពស្តង់ដារស៊្វីស” នៅលើទំនិញ និងផលិតផលប្រើប្រាស់ជាទូទៅ រាប់តាំងពីបន្លែ ផ្លែឈើ និងត្រីសាច់ ជាដើម ដែលត្រូវផលិតឡើង ដោយកសិករស៊្វីសផ្ទាល់។

SUISSE GARANTIE និង​នយោបាយកសិកម្មស៊្វីស

ផលិតផលនីមួយៗទទួលបានការធានាពីរដ្ឋាភិបាលស៊្វីស ដោយមាន យីហោម៉ាក​សម្គាល់ ????????SUISSE GARANTIE។ ផ្នែកតាមគេហទំព័រ​ផ្លូវការរបស់ ????????SUISSE GARANTIE, ផលិតផល ដែល​មានយីហោម៉ាកនេះ គឺមានន័យស្មើនឹងគុណភាពល្អបំផុតរបស់ស្វ៊ីស។ វាគឺជាការសន្យារបស់ស្ថាប័នមួយនេះ ហើយក៏ជាការសន្យាដែលបញ្ជាក់អំពីតម្លៃរបស់ស្ថាប័នជាតិទាំងមូល និង​ការគាំទ្រដល់ផលិតផល អាហារ និងវិស័យកសិកម្មស៊្វីស ប្រកបដោយចីរភាពនិងការធានាគុណភាពខ្ពស់ សម្រាប់​អ្នកប្រើប្រាស់ ពីមួយថ្ងៃទៅមួយថ្ងៃ។

បទដ្ឋានស្ដង់ដារគុណភាព ចំនួនប្រាំបីចំណុច ត្រូវអនុវត្តយ៉ាងតឹងរ៉ឹង រួមមាន៖ ស្ដង់ដារសីតុណ្ហភាព (Fraîcheur garantie), ស្ដង់ដារចំណេះធ្វើក្នុងស្រុក (Savoir-faire local garanti), ស្ដង់ដារធម្មជាតិ (Nature garantie), ស្ដង់ដារចញ្ចិមសត្វត្រឹមត្រូវ (Élevage respectueux des animaux garanti), ស្ដង់ដារប្រភពដើមពីប្រទេសស៊្វីស (Origine suisse garantie), ស្ដង់ដារភាពចម្រុះតាមតំបន់ (Diversité régionale garantie), ស្ដង់ដារអភិវឌ្ឍប្រកបដោយចីរភាព (Développement durable garanti) និង ស្ដង់ដារនៃការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងសម្រាប់ការផលិត (Règles de production strictes garanties)។

ងាកទៅមើល ការរៀបចំនយោបាយដីធ្លី និងកសិកម្ម ឯណោះវិញ បើទោះបីជាស៊្វីសជាប្រទេសអ្នកមាន ក៏ប៉ុន្តែ គេនៅតែអាចអង្កេតឃើញ ចំការដំណាំ និងកសិដ្ឋានចញ្ចិមសត្វ ធំល្វឹងល្វើយដាច់កន្ទុយភ្នែក នៅពេលណាដែលគេ​ធ្វើដំណើរតាមផ្លូវឆ្ងាយបន្តិចពីទីក្រុង។ ដោយសារយន្តការអភិបាលកិច្ចល្អ និងយន្តការទីផ្សារដ៏មានប្រសិទ្ធិភាពខ្ពស់ សង្គមស៊្វីសអាចចរាចរទំនិញ ដែលផលិតដោយកសិករស៊្វីសផ្ទាល់ នៅពាសពេញផ្ទៃប្រទេស។

ទំនុកចិត្តរវាងរដ្ឋាភិបាល និង​ប្រជាជនស៊្វីស

ទោះជាយ៉ាងណា រឿងនេះអាចកើតឡើងទៅបាន អាស្រ័យយ៉ាងជិតស្និតជាមួយនឹង ទំនុកចិត្តរវាងរដ្ឋ និងប្រជាជន។ គេអាចអង្កេតពីប្រសិទ្ធិភាពរបស់រដ្ឋាភិបាលនៃប្រទេសនីមួយៗ លើពិភពលោក ដោយប្រើប្រាស់ “សន្ទស្សន៍អភិបាលកិច្ចពិភពលោក ឬ Worldwide Governance Indicators”។

សន្ទស្សន៍នេះ រាយការណ៍អំពី ប្រសិទ្ធិភាពនៃសេវាសាធារណៈ របស់រដ្ឋាភិបាល និងមន្រ្ដីរាជការរដ្ឋ នៅតាមបណ្តាប្រទេស​ និងដែនដី ចំនួនជាង២០០ អំឡុងពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០១៨។ សន្ទស្សន៍នេះវាស់វែង ដោយកត្តាចំនួនប្រាំមួយ៖ ទីមួយ សិទ្ធិបញ្ចេញមតិ និងគណនេយ្យភាព (Voice and accountability), ទីពីរ គុណភាពបទប្បញ្ញត្តិ (Regulatory quality), ទីបី ស្ថិរភាពនយោបាយ និងអវត្តមាននៃអំពើហិង្សា (Political stability and absence of violence), ទីបួន នីតិរដ្ឋ (Rule of law), ទីប្រាំ ប្រសិទ្ធិភាពរដ្ឋាភិបាល (Government effectiveness) និង ទីប្រាំមួយ ការគ្រប់គ្រងអំពើពុករលួយ (Control of corruption)។ ផ្អែកតាមសន្ទស្សន៍នេះ ស៊្វីសស្ថិតក្នុងចំណោមប្រទេសដែលមានប្រព័ន្ធអភិបាលកិច្ចល្អបំផុត លើពិភពលោក។

សរុមជារួម ល្គឹកណាតែរដ្ឋអាចកសាងទំនុកចិត្តដល់ប្រជាជនបាន ជាការតបស្នង ប្រជាជននឹងព្រមបង់ពន្ធជូនរដ្ឋដោយក្តីរីករាយ និងមានទំនុកចិត្តថា លុយរបស់ខ្លួនមួយកាក់មួយសេន នឹងត្រូវយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាពខ្ពស់បំផុត។ នេះហើយជាករណីប្រទេសស៊្វីស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ