អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ការមិនប្រាប់​ការពិត​ដល់​ប្រជាជន នៅ​បស្ចិមលោក ​ជាមូលហេតុ​នៃ​ភាព​បរាជ័យ ក្នុង​ការ​ទប់​វិបត្តិ​​កូវីដ​១៩?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជាមួយនឹងវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ១៩ គេសង្កេតឃើញថា បណ្តាប្រទេសនៅអាស៊ី ហាក់បានចាត់​វិធានការ​ឆ្លើយតប មាន​ប្រសិទ្ធិភាព​ឆាប់រហ័ស បើ​ប្រៀបធៀប​ទៅនឹង​បណ្តាប្រទេស​នៅ​បច្ចឹម​លោក។ ចំនួនមនុស្សឆ្លង និងស្លាប់ដោយកូវីដ១៩ បានផ្តុំច្រើននៅតំបន់អឺរ៉ុប និង​ សហរដ្ឋអាមេរិក បើទោះបីជាមេរោគ​កូវីដ១៩​នេះ បានផ្ទុះចេញពីទីក្រុងវូហាន ប្រទេសចិនក្តី។ មានការលើកឡើងខ្លះ​ ដែលថា បណ្តាប្រទេស​បច្ចឹម​លោក បាន​ចាត់វិធានការយឺតយ៉ាវ ឬបានលាក់បាំងការពិត ស្តីពីគ្រោះថ្នាក់ នៃមេរោគ​កូវីដ​១៩។

វិថីមួយ នៅទីក្រុងញូយ៉ក ស្ងាត់ជ្រងំខុសប្លែកពីធម្មតា
វិថីមួយ នៅទីក្រុងញូយ៉ក ស្ងាត់ជ្រងំខុសប្លែកពីធម្មតា REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

ជម្ងឺរាតត្បាតសកល Covid-19 កំពុងគំរាមកំហែង ដល់ពិភពលោកទាំងមូល​ ក៏ប៉ុន្តែ បណ្ដាប្រទេសនៅបស្ចិមលោក ហាក់ត្រូវ​ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាង ធៀបនឹងបណ្ដាប្រទេសអាស៊ី។ ទោះជាផ្អែកតាមអ្នកជំនាញពីបស្ចិមលោក គេអាចវាយតម្លៃជារួមថា ប្រទេសអាស៊ី តួយ៉ាង កូរ៉េខាងត្បូង សិង្ហបុរី ជប៉ុន និង​សូម្បីតែចិន (ទោះជាប្រទេសនេះបានបង្កកំហុសខ្លះពីពេលដំបូង) បានឆ្លើយតប​ទប់ស្កាត់វិបត្តិ​ជម្ងឺរាតត្បាត​Covid-19 ក្នុងកម្រិតមួយល្អប្រសើរជាងខ្លាំង ធៀបនឹងបស្ចិមលោក រួមបញ្ចូលបណ្ដាប្រទេសនៅអឺរ៉ុប និង​សហរដ្ឋអាមេរិក។

តើហេតុអ្វីបស្ចិមលោក មានសភាពទន់ខ្សោយខ្លាំង ក្នុង​ការ​ដោះស្រាយ​ប្រឈម​វិបត្តិជម្ងឺ​Covid-19? ប្រាកដណាស់ អាចមានហេតុផលច្រើន ក៏ប៉ុន្តែ ហេតុផលដ៏ចម្បងមួយគឺថា អ្នកនយោបាយ និង​ស្ថាប័ននយោបាយជាន់ខ្ពស់ នៅបណ្ដាប្រទេសបស្ចិមលោកភាគច្រើន មិនបានប្រាប់ការពិតដល់ប្រជាជន។ រឿងនេះបានកើតឡើង មិនមែនទើបតែនៅថ្ងៃនេះ ប៉ុន្តែវាបានកើតឡើងជាយូរយារមកហើយ។

ជាការពិត អាចនឹងមានមតិខ្លះលើកឡើងថា បញ្ហាដែលបស្ចិមលោក មានភាពយឺតយ៉ាវខ្លាំង ក្នុងការត្រៀមខ្លួនទប់ស្កាត់​ជម្ងឺ Covid-19 គឺដោយសារ ការលាក់ទិន្នន័យរបស់រដ្ឋាភិបាលចិន អំពីចំនួនពិត​ប្រាកដ​របស់ខ្លួន និងការមិន​អនុញ្ញាតឱ្យស្ថាប័នអន្តរជាតិ ចូលរួមស៊ើបអង្កេតអំពី ដំណើរប្រែប្រួលនៃការឆ្លងជម្ងឺនេះ។ និយាយម៉្យាងទៀត ការមិនទទួលបាន​ព័ត៌មានពិត ជាកត្តាគន្លឹះក្នុងបញ្ហានេះ។

ក៏ប៉ុន្តែ តើអ្នកនយោបាយ និងស្ថាប័ននយោបាយជាន់ខ្ពស់ នៃបណ្ដាប្រទេសនៅបស្ចិមលោក ពិតជាមិនអាច​ប៉ានស្មាន់អំពីរឿងនេះ តាំងពីដើមដំបូង ដែរឬយ៉ាងណា? មិនពិតទេ អ្នកទាំងនោះ ដែល​ទទួលបាន​ការបណ្ដុះបណ្ដាល សុទ្ធតែពីសាលានយោបាយជាន់ខ្ពស់ ពិតជាអាច​វាយតម្លៃអំពីរឿងនេះ។ លោកសាស្រ្ដាចារ្យ Angus Deaton ម្ចាស់ជ័យលាភីណូបែលសេដ្ឋកិច្ច ធ្លាប់លើកឡើងពីកម្រិតលម្អៀងនៃទិន្នន័យរបស់រដ្ឋាភិបាលចិន ក្នុងអត្រា បូកដកដល់​៤០ភាគរយ ហើយកម្រិតលម្អៀង អាចអនុវត្តលើទិន្នន័យភាគច្រើនផ្សេងទៀត។ ដូច្នេះ ប្រាកដណាស់ អ្នកនយោបាយជាន់ខ្ពស់​ទាំងនោះ ពិតជាបាន​យល់ច្បាស់អំពី តថភាពដែល​គេ​មិន​អាច​ជឿជាក់លើទិន្នន័យពីប្រទេសចិន អំពីជម្ងឺCovid-19 និងត្រូវត្រៀមខ្លួនដូចបណ្ដាប្រទេស​អាស៊ីក្បែរខាងប្រទេសចិន តួយ៉ាង ជប៉ុន កូរ៉េខាងត្បូង ឬសិង្ហបុរី ជាដើម។

ក្នុងបញ្ហាជម្ងឺCovid-19ផ្ទាល់ អ្នកនយោបាយបស្ចិមលោក ត្រូវរង់ចាំរហូតដល់ពេល​ ពួកគេមានហេតុផលគ្រប់គ្រាន់ ដើម្បីដាក់ចេញវិធានការតឹងរ៉ឹង ឧទាហរណ៍ ដូចជាការបិទប្រទេស នៅពេល​ដែល​បញ្ហាបានកើតឡើងខ្លាំងរួចទៅហើយ។ បណ្ដាប្រទេសអឺរ៉ុបផ្សេងៗ ប្រាកដជាបានមើលឃើញ អំពីស្ថានភាពធ្ងន់ធ្ងរ នៅក្នុងប្រទេសអ៊ីតាលី និងអេស៉្បាញ។

អ្នកជំនាញភ្នែកមុតខ្លះ បានសង្កត់ធ្ងន់អំពី សភាពផ្លាស់ប្ដូរជាមូលដ្ឋានគ្រឹះនៃសង្គមរបស់បស្ចិមលោក ដែល​ពីមួយអាណត្តិទៅមួយអាណត្តិបោះឆ្នោត អ្នក​នយោបាយបន្ដកន្ទុយគ្នា សន្យាចំពោះប្រជាជន នូវអ្វីដែលពួកគេធ្វើមិនបាន និងការដាក់ចេញឱ្យអនុវត្តនយោបាយ សម្រាប់តែរយៈពេលខ្លី ក៏ប៉ុន្តែ ត្រូវប្រឈមបញ្ហាខ្លាំងនៅរយៈពេលវែង។ ជាឧទាហរណ៍ ការបង្កើនចំណាយសាធារណៈ ដោយការខ្ចីបំណុលបន្ថែម។ នៅទីបញ្ចប់ រដ្ឋាភិបាលក្រោយៗ មិនមានថវិកាបម្រុងគ្រប់គ្រាន់ ដើម្បី​ប្រើប្រាស់ក្នុងពេលអាសន្ន ជាពិសេសក្នុងវិបត្តិជម្ងឺCovid-19នេះ។

សរុបជារួម វិបត្តិជម្ងឺនេះ បានបង្ហាញអំពី ភាពផ្ទុយគ្នា រវាងវិធានការដ៏ប្រសើរ របស់បណ្ដាប្រទេសអាស៊ី តួយ៉ាង ចិន​ កូរ៉េខាងត្បូង ជប៉ុន និង​សិង្ហបុរី និង​វិធានការទន់ខ្សោយរបស់ បណ្ដាប្រទេសនៅបស្ចិមលោក ដូចជា អ៊ីតាលី អេស៉្បាញ បារាំង ចក្រភពអង់គ្លេស និង​សហរដ្ឋអាមេរិក។ អត្រាអ្នក​ស្លាប់ទាបខ្លាំង ក្នុងបណ្ដាប្រទេសអាស៊ី ធៀបនឹងបស្ចិមលោក ជាមេរៀនសម្រាប់បណ្ដាប្រទេសផ្សេងៗ លើពិភពលោក។ រឿងនេះ បានបង្ហាញឱ្យ​ឃើញមិន​ត្រឹមតែ សមត្ថភាពរបស់វិស័យសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បង្ហាញផងដែរអំពី ការកើនឡើងគុណភាពនៃអភិបាលកិច្ចល្អនៃសង្គមអាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ