អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្នកវិទ្យាសាស្រ្ត​រកឃើញ​បាក់តេរី ដែល​ជួយការពារ​មូស​មិនឲ្យ​ផ្ទុកមេរោគ​គ្រុនចាញ់

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នកវិទ្យាសាស្រ្ត​ទើប​រកឃើញ​គន្លឹះសំខាន់​ថ្មី​មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​គ្រុនចាញ់។ តាម​ការសិក្សា របស់​អ្នកស្រាវជ្រាវ អង់គ្លេស និង​កេនយ៉ា គេ​បាន​រកឃើញ​ថា មាន​បាក់តេរី​ម្យ៉ាង ដែល​បានជួយ​ឲ្យ​សត្វមូស មិនអាច​ទទួល​ផ្ទុក​មេរោគ​គ្រុនចាញ់។ នេះជា​ការរកឃើញ​ដ៏សំខាន់មួយ​សម្រាប់​បង្កើត​លទ្ធភាពប្រយុទ្ធប្រឆាំង​នចាញ់ ដែល​សម្លាប់មនុស្ស​ប្រមាណ៤សែននាក់ ក្នុង​មួយឆ្នាំ។ តើ​បាក់តេរី​តែម្យ៉ាង​នឹង​អាចជួយ​ទៅ​ទប់ស្កាត់ មិន​ឲ្យ​មាន​ការចម្លង​មេរោគ​គ្រុនចាញ់​បាន​យ៉ាងម៉េច? 

អ្នកវិទ្យាសាស្រ្ត​អង់គ្លេស​និ​កេនយ៉ា​រកឃើញមាន​បាក់តេរី​ម្យ៉ាង​ដែល​ជួយ​ការពារ​កុំ​ឲ្យ​មូស​ឆ្លងមេរោគគ្រុនចាញ់
អ្នកវិទ្យាសាស្រ្ត​អង់គ្លេស​និ​កេនយ៉ា​រកឃើញមាន​បាក់តេរី​ម្យ៉ាង​ដែល​ជួយ​ការពារ​កុំ​ឲ្យ​មូស​ឆ្លងមេរោគគ្រុនចាញ់ © RFI
ផ្សាយពាណិជ្ជកម្ម

អ្នកស្រាវជ្រាវ អង់គ្លេស និង​កេនយ៉ា ដែល ធ្វើការ​សិក្សា​ផ្ទាល់​នៅ​តំបន់ ក្បែរ​បឹង​មួយ នៅ​ក្នុង​ប្រទេស​កេនយ៉ា បាន​រកឃើញ​មាន​បាក់តេរី​មួយប្រភេទ ដែល​បានជួយ​ទប់ស្កាត់​ទាំងស្រុង មិន​ឲ្យ​ប៉ារ៉ាស៊ីត ដែល​ជា​មេរោគគ្រុនចាញ់​អាច​ចូល​ទៅទុំ​ក្នុងខ្លួន​សត្វមូស។ មូស​ជា​ភ្នាក់ងារ​ចម្លង​មេរោគ​គ្រុនចាញ់​ទៅមនុស្ស។ បើសិន គេអាច​ការពារ​មូស កុំ​ឲ្យ​ផ្ទុកប៉ារ៉ាស៊ីត ដែល​ជា​មេរោគ​គ្រុនចាញ់ នោះ​គឺដូចជា​ការពារ​មនុស្ស​ពី​ជំងឺគ្រុនចាញ់ដែរ។

តាម​ការសិក្សា​របស់​អ្នកវិទ្យាសាស្រ្ត​ ដែល​ត្រូវបាន​ចុះផ្សាយ កាលពី​ថ្ងៃ​ចន្ទ នៅក្នុង កាសែត វិទ្យាសាស្រ្ត Nature Communications បាក់តេរី ឈ្មោះ Microsporidia ​ជាផ្សិត ស្រដៀងគ្នា​នឹង​ប៉ារ៉ាស៊ីត។ គេបានរកឃើញ​បាក់តេរី​ប្រភេទនេះ នៅក្នុង​ពោះវៀន និង​ប្រដាប់បន្តពូជ​របស់​សត្វល្អិត ប្រមាណ​៥ភាគរយ ដែល​គេ​បានជ្រើសរើស​យកមកសិក្សាពិសោធន៍។ អ្វីដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នកវិទ្យាសាស្រ្ត គឺ​រាល់សត្វមូស ដែល​មាន​បាក់តេរី​ Microsporidia នៅក្នុង​ខ្លួន គឺ​គ្មាន​ផ្ទុកប៉ារ៉ាស៊ីត ដែល​ជា​មេរោគគ្រុនចាញ់​នោះទេ។ សម្រាប់​សាស្រា្តចារ្យ Jeremy Herren ដែល​បាន​និយាយ​ប្រាប់​ទូរទស្សន៍​អង់គ្លេស BBC ទិន្នន័យ​បង្ហាញថា បាក់តេរី រាំងខ្ទប់ ១០០​ភាគរយ មិន​ឲ្យ​មេរោគ​គ្រុនចាញ់​ចូលទៅក្នុង​ខ្លួន​សត្វមូស។ ការរកឃើញ​ថ្មី​នឹង​ជួយ​បើកផ្លូវ ឲ្យ​គេមាន​វិធីសាស្រ្ត​ថ្មី ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់ ដែល​សម្លាប់​មនុស្ស ក្នុង​ពិភពលោក ​ប្រមាណ​៤សែននាក់ ក្នុង​មួយឆ្នាំ ដែល​នៅក្នុង​នោះ ភាគច្រើន ជា​កុមារ អាយុ ក្រោម ៥ឆ្នាំ។

សព្វថ្ងៃនេះ គេអាច​ទប់ មិនឲ្យជំងឺ​គ្រុនចាញ់ ឆ្លងខ្លាំង បាន​តាមរយៈ យុទ្ធនាការ​ប្រើមុង​ជ្រលក់ថ្នាំ​ប្រឆាំង​មូស និង​ការបាញ់​ថ្នាំ​សម្លាប់​មូស​ នៅ​តាមផ្ទះ​របស់​ប្រជាជន។ ប៉ុន្តែ គេ​នៅមិនទាន់​មានមធ្យោបាយ​ដើម្បី​បំបាត់​ជំងឺគ្រុនចាញ់​ទាំងស្រុង​នោះទេ។

នៅពេល​ជំងឺ​គ្រុនចាញ់​កាន់តែ​ស៊ាំ​នឹង​ថ្នាំពេទ្យ កាន់តែ​គ្រោះថ្នាក់ គេត្រូវការ​មធ្យោបាយ​ថ្មី បន្ទាន់ មួយ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនចាញ់។ ការរកឃើញ​បាក់តេរី ដែល​អាច​ជួយ​រារាំង មិន​ឲ្យ​មូសឆ្លងផ្ទុកប៉ារីស៊ីត ដែល​ជា​មេរោគគ្រុនចាញ់ ជាក្តីសង្ឃឹមថ្មី​របស់​អ្នកវិទ្យាសាស្រ្ត។

បាក់តេរី​Microsporidia អាច​ជួយ​ពង្រឹង​ប្រព័ន្ធការពារ កុំ​ឲ្យ​សត្វមូសងាយឆ្លងជំងឺ។ តាមការសិក្សា បាក់តេរី បានទៅផ្លាស់ប្តូរ​ប្រព័ន្ធរំលាយអាហារ​របស់​សត្វមូស រហូត​ធ្វើ​ឲ្យវា​មិនអាច​ទទួល​យក​ប៉ារ៉ាស៊ីត ដែល​ជា​មេរោគគ្រុនចាញ់។ អ្វីដែល​សំខាន់ គឺ​បាក់តេរី មាន​វត្តមាន​យូរ​ក្នុង​ខ្លួនមូស ដែល​ធ្វើ​ឲ្យ​មូស មិន​ងាយ​នឹង​ឆ្លង​មេរោគ​គ្រុនចាញ់។ ជាមួយ​នឹង​អំណោយផល​ខាងលើ អ្នកវិទ្យាសាស្រ្ត​កំពុងអង្កេត និង​ពិចារណា ថា គេ​ត្រូវធ្វើ​យ៉ាងម៉េច​ដើម្បី មូស នៅក្នុង​ធម្មជាតិ អាច​ផ្ទុកបាក់តេរី ដែលជា​សត្រូវ​របស់​ប៉ារ៉ាស៊ីត ដែល​ជា​មេរោគ​គ្រុនចាញ់។ អ្នកវិទ្យាសាស្រ្ត​វាយតម្លៃថា ដើម្បី​ឲ្យ​ការប្រយុទ្ធប្រឆាំង​នឹង​មេរោគគ្រុនចាញ់ ​មាន​ប្រសិទ្ធិភាព គេត្រូវការ​ឲ្យ​មាន មូស ចំនួន ៤០% នៅក្នុង​ធម្មជាតិ ដែល​មាន​ផ្ទុកបាក់តេរី Microsporidia។ ដើម្បីធ្វើដូច្នេះបាន គេ​អាច​លែង​សត្វមូសឈ្មោល​ដែល​មាន​បាក់តេរី ឲ្យ​ទៅចម្លង​មូសដែកគោល​ញី ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនចាញ់​ទៅមនុស្ស។ មួយវិញទៀត មូស​ញី អាច​បញ្ជូន​បន្ត​បាក់តេរី ទៅឲ្យ​កូនចៅ​របស់ខ្លួន ដើម្បី​ការពារ​ ពីការឆ្លង​មេរោគ​គ្រុនចាញ់។

វិធីសាស្រ្ត​បញ្ជូន​បាក់តេរី ទៅក្នុង​ខ្លួន​សត្វមូស ធ្លាប់​ត្រូវ​បាន​គេ​អនុវត្ត​រួចហើយ ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម ដែល​បង្ក​ដោយ​មូសខ្លាញី។ អ្នកវិទ្យាសាស្រ្ត បាន​ជួយ​ធ្វើ​ឲ្យ​មូសឈ្មោល មាន​បាក់តេរី ឈ្មោះ Wolbachia មុន​នឹង​បញ្ជូន​ទៅ​បាចសាច ក្នុង​ព្រៃ ដើម្បី​ចម្លងបន្ត​ទៅ​មូសញី។ វិធីនេះ បានទៅ​ជួយ​កាត់បន្ថយ​ចំនួន​មូសខ្លាញី ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម។

ភាពខុសប្លែក របស់​បាក់តេរី ​Microsporidia ថ្មី គឺ​គេ​មិនចាំបាច់​សម្លាប់ កាត់បន្ថយ​សត្វមូស​នោះ​ទេ គឺ​គ្រាន់តែ​ឲ្យ​មូស​មាន​បាក់តេរី ដើម្បី​ការពារ​កុំ​ឲ្យ​ឆ្លងមេរោគគ្រុនចាញ់ គឺជាការស្រេច។ ចំណុច សំខាន់​ណាស់​សម្រាប់ រក្សា​ប្រព័ន្ធ អេកូសាស្រ្ត ព្រោះថា មូស ក៏ជា​ប្រភព​ចំណី​របស់​ពពួក​សត្វផ្សេងទៀត ដែល​ដើរតួ​សំខាន់ នៅក្នុង​ការរក្សា​ជីវិត​នៅលើ​ផែនដី។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ