អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មនុស្ស​ពាក់​កណ្តាល​ផែនដី​កំពុង​ប្រើ​បណ្តាញ​សង្គម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការសិក្សា​មួយ​បាន​បង្ហាញ​ថា មនុស្ស​ប្រមាណ ជិត ៤ពាន់​លាននាក់ ដែលតំណាង​ឲ្យ​ជាង​ពាក់កណ្តាល​នៃ​មនុស្ស​នៅលើ​ផែនដី កំពុង​ប្រើបណ្តាញ​សង្គម។ តាម​ការសិក្សា​របស់​ក្រុមហ៊ុន​ផ្នែកទីផ្សារ ឈ្មោះ Global Web Index ដែល​មាន​ទីស្នាក់ការ​នៅទីក្រុង​ឡុងដ៍ មនុស្ស​កាន់តែច្រើន ប្រើ​បណ្តាញ​សង្គម​កាន់តែច្រើនឡើង ចាប់តាំង​ពី​កើតមាន​វិបត្តិ​ជំងឺកូវីដ ១៩។ តើ​គេ​ប្រើ​បណ្តាញសង្គម នៅក្នុង គោលដៅ និង​ផលប្រយោជន៍​អ្វី? យើង​ស្តាប់​បទអត្ថាធិប្បាយ​របស់​ឈាង បុប្ផា

ការសិក្សា​បង្ហាញ​ថា មនុស្ស​ប្រើ​បណ្តាញ​សង្គម​ សាមញ្ញ​ធម្មតា មាន​កម្មវិធី​បណ្តាញសង្គម​យ៉ាងតិច ចំនួន​ ៩​ នៅក្នុង​ទូរស័ព្ទដៃ
ការសិក្សា​បង្ហាញ​ថា មនុស្ស​ប្រើ​បណ្តាញ​សង្គម​ សាមញ្ញ​ធម្មតា មាន​កម្មវិធី​បណ្តាញសង្គម​យ៉ាងតិច ចំនួន​ ៩​ នៅក្នុង​ទូរស័ព្ទដៃ AP - Jenny Kane
ផ្សាយពាណិជ្ជកម្ម

ជំងឺកូវីដ​១៩​ដែលកំពុង​រាតត្បាត​ពាសពេញ សកលលោក បាន​ធ្វើ​ឲ្យ​ជីវិត ច្រួលច្របល់ ធ្វើ​ឲ្យ​មនុស្សយើង​ផ្លាស់ប្តូរ​ទម្លាប់ ​របៀប​ទាក់ទង ជាមួយ​បងប្អូន និង​អ្នកខាងក្រៅ។ វិធានការ​បិទព្រំដែន បិទទីក្រុង ដាក់បង្ខាំង​មនុស្ស​ឲ្យ​នៅក្នុង​ផ្ទះ ដើម្បី ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ នៅទូទាំង​ពិភពលោក បាន​រុញច្រាន​មនុស្ស ប្រុសស្រី មិនថា ចាស់ ឬក្មេង ឲ្យ​ស្វែងរក​មធ្យោបាយ​ថ្មី ដើម្បី បន្ត​រក្សា​ទំនាក់ទំនង មិន​ឲ្យ​ដាច់។ បណ្តាញសង្គម ជាមធ្យោបាយ ឆ្លើយតប​នឹង​កាលៈទេសៈ​កូវីដ​១៩។

ជាលទ្ធផល មនុស្ស​ច្រើនជាង​ពាក់កណ្តាល​ផែនដី កំពុង​មានវត្តមាន​នៅលើ​បណ្តាញ​សង្គម ដែល​ចាប់ផ្តើម​រីកចម្រើន ជាលំដាប់ នៅប៉ុន្មានឆ្នាំ​មកនេះ។ បណ្តាញ​សង្គម​មាន​មុខ​ជា​ប្រចាំ និង​កាន់តែ​រីកធំធាត់ នៅក្នុង​ជីវិតរស់នៅ​របស់​មនុស្ស​ ​ជិត ៤ពាន់​លាននាក់។ នេះ​បើតាម​ការសិក្សា​ឈ្មោះ Digital 2020 Global Statshot ដែលចងក្រង​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​អង់គ្លេស​មួយខាងផ្នែក​ទីផ្សារ។

ការសិក្សា​ខាងលើ​បង្ហាញថា នៅក្នុង​រយៈពេល​១ឆ្នាំ​ចុងក្រោយនេះ (គិត​ពី​ខែ កក្កដា ឆ្នាំ ២០១៩ រហូត​ដល់​ខែកក្កដា ឆ្នាំ ២០២០) ចំនួន​មនុស្ស​ប្រើ​បណ្តាញសង្គម កើនឡើង ជាង​១០ភាគរយ ដែល​ត្រូវនឹង​ចំនួន ៣៧៦​លាន​នាក់។ គេ​អាច​ថា គិតជា​មធ្យម នៅ​មួយថ្ងៃ មនុស្ស​១លាននាក់ បានចុះឈ្មោះ​ជាអ្នកប្រើប្រាស់​ថ្មីស្រឡាង របស់​បណ្តាញសង្គម ឬ​នៅ​រៀងរាល់ ​១វិនាទី ម្តង មាន​មនុស្ស​១២នាក់ បានចុះឈ្មោះ ជាអ្នកប្រើប្រាស់ថ្មី​នៅក្នុង​បណ្តាញសង្គម។

បណ្តាញសង្គម​ជា​ចំណង់ចំណូលចិត្ត គ្រឿងញៀន​ប្រភេទ​ថ្មី ដែល​មនុស្ស​ប្រុស ស្រី ក្មេង ចាស់ មិនដែល​មើល​រំលងហួស តាំង​ពីបើកភ្នែក រហូតដល់ ធ្មេធភ្នែក​ទៅវិញ។

នៅក្នុង​ការសិក្សារ​របស់ Global Web Index ដែល​ចង់​ដឹង​ផងដែរ​ថា តើ​វិបត្តិ​កូវីដ ជះឥទ្ធិពល​យ៉ាងណា​ទៅលើ​ឥរិយាបថ​របស់​មនុស្ស គេ​ឃើញថា ៤០%​នៃ​អ្នកប្រើប្រាស់ ​ចំណាយ​ពេល​កាន់តែច្រើន នៅលើ​បណ្តាញ​សង្គម នៅ​ប៉ុន្មាន​ខែ ចុងក្រោយនេះ។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ចំណាយពេល ជា​មធ្យម ២ម៉ោង និង​២០​នាទី​នៅ​លើ​បណ្តាញ​សង្គម។ បើសិន​គេ​បូកបញ្ចូល ​ពេលវេលា​ដែល​មនុស្ស​នៅលើ​ផែនដី ចំណាយ សម្រាប់​បណ្តាញ​សង្គម គេ​រកឃើញថា ពេលវេលាសរុប​ដែល​មនុស្ស​ជិត​៤ពាន់​លាន​នាក់ បាន​ចំណាយ​សម្រាប់​បណ្តាញសង្គម ក្នុង​មួយថ្ងៃ មាន​រយៈពេល ប្រមាណ ១លាន​ឆ្នាំ។

តើគេ​ប្រើ​បណ្តាញសង្គម​ដើម្បីអ្វី?

តាម​ការស្ទង់មតិ​របស់​ក្រុមហ៊ុន​អង់គ្លេស មនុស្ស​ភាគច្រើន អះអាងថា គោលដៅ សំខាន់​របស់​គេ​ដែល​ចូល​ប្រើ​បណ្តាញ​សង្គម គឺ​ដើម្បី រក្សា​ទំនាក់ទំនង​ជាមួយ​គ្រួសារ បងប្អូន មិត្តភក្តិ។ ចំណែក​មនុស្ស​មួយ​ចំនួន បាន​ប្រើបណ្តាញ​សង្គម ជា​មធ្យោបាយ សម្រាប់​កំសាន្ត ឬ​ទិញ លក់​ផលិតផល។

នៅក្នុង​កាលៈទេសៈ​ដែល​ពិភពលោក​កំពុង​កើតមានជំងឺរាតត្បាត​កូវីដ គេ​ឃើញ​មនុស្ស​កាន់តែ​ច្រើន​ចូល​ទៅ​ប្រើ​បណ្តាញសង្គម ដើម្បី ស្វែងរក​ព័ត៌មាន​ទាក់ទង​នឹង​កូវីដ។ នៅពេល​Twitter ក្លាយ​ជា​បណ្តាញ​សង្គម ជំនាញ​ខាងផ្តល់​ព័ត៌មាន Facebook ឯណោះវិញ នៅតែ​ជា​បណ្តាញសង្គម នាំមុខគេ ជាមួយ​នឹង​អ្នកប្រើប្រាស់ ជាង ២ពាន់ ៦រយលាននាក់ នៅក្នុង​ពិភពលោក។ Instagram របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ដែល តារា​ចម្រៀង តារាភាពយន្ត​ល្បីៗ​​ភាគច្រើន និយមប្រើ​ដើម្បី រក្សា ទំនាក់ទំនង​ជាមួយ អ្នកចូលចិត្តគាំទ្រ​ខ្លួន មានអ្នកប្រើប្រាស់​ជាង​១ពាន់លាននាក់ ក្នុង​មួយខែៗ ពោល​គឺ នាំមុខ​បណ្តាញសង្គម​TikTok​របស់​ចិន ដែល​ មាន​ចំនួន​មនុស្ស​ប្រើជាង​ ៨០០​លាននាក់។ TikTok ដែល​កាន់តែពេញនិយម នឹង​អាច​វ៉ាដាច់​កម្មវិធី Instagrame របស់​ហ្វេសប៊ុក ប៉ុន្តែ គេ​វាយតម្លៃថា វិធានការ​របស់​រដ្ឋាភិបាល​ឥណ្ឌា ដែលហាម​មិន​ឲ្យ​ប្រជាជន​ប្រើប្រាស់ កម្មវិធី TikTok នឹង​ទៅ​បង្អាក់បង្អន់​សន្ទុះ​របស់​TikTok។

មនុស្ស​ចូលចិត្ត​ប្រើបណ្តាញ​សង្គម មិនមែន​ដើម្បី​តែ​រក្សា ទំនាក់ទំនង​ជាមួយ​គ្រួសារ មិត្តិភក្តិ បងប្អូន ឬ​ទទួល​បាន​ព័ត៌មាន​នោះទេ។ បណ្តាញ​សង្គម​ផ្តល់​កម្មវិធី​ថ្មីៗ ប្លែក ជាពិសេស ការបង្កើត​វីដេអូ​ឃ្លីប រូបភាព សម្រាប់​ផ្សព្វផ្សាយ ប្រយោជន៍​របស់ អ្នកប្រើប្រាស់។ នៅពេល​អ្នកប្រើប្រាស់​សង្គម មានចំនួនច្រើន​ជាង​កន្លះផែនដី គេ​វាយតម្លៃថា អ្នកប្រើប្រាស់​បណ្តាញសង្គម សាមញ្ញ​ធម្មតា មាន​កម្មវិធី បណ្តាញ​សង្គម យ៉ាង តិច ៩ នៅក្នុង​ទូរស័ព្ទ ដៃរបស់ពួកគេ។

ទោះជា​ការប្រើប្រាស់​បណ្តាញ​សង្គម​រីកចម្រើន លឿន នៅលើ​ផែនដី ប៉ុន្តែ វិសមភាព​នៅតែ​មាន។ នៅពេល​ទ្វីប​អាមេរិក អឺរ៉ុប តំបន់​អាស៊ីអាគ្នេយ៍ និង​អាហ្វ្រិកខាងជើង មាន ចំនួន អ្នកប្រើប្រាស់​បណ្តាញ​សង្គមកើនឡើង ចន្លោះ ពី​៥២ ទៅ ៨៧% តំបន់​អាហ្វ្រិក​ខាងលិច អាស៊ី​ខាងត្បូង ឯណោះវិញ មាន​ចំនួន​អ្នកប្រើប្រាស់​បណ្តាញសង្គម យ៉ាងច្រើន​បំផុត ៣៦%។ គេអាចថា ចំនួន​អ្នកប្រើប្រាស់​បណ្តាញសង្គម មានតិច ឬ​ច្រើន ទៅតាម​តំបន់​ ភូមិសាស្រ្តនៅលើ​ផែនដី។ នៅពីក្រោយ វិសមភាព គេ​ឃើញ​មាន​បញ្ហា​មួយទៀត។ ក្រៅតែ​ពី មាន​ចំនួន​មនុស្ស​ប្រើប្រាស់​បណ្តាញ​សង្គម​ តិចតួច បើប្រៀបធៀប​នឹង​បណ្តា​ប្រទេស​អ្នកមាន នៅ​អឺរ៉ុប នៅអាមេរិក​ បណ្តា​ប្រទេស​នៅ​អាហ្វ្រិក និង​នៅ អាស៊ី​ខាងត្បូង ជា​កន្លែង​ដែល​អ្នកប្រើប្រាស់ ភេទស្រ្តី មានចំនួនតិចជាង អ្នកប្រើប្រាស់​ជា​បុរស។ ការនេះ​ផ្ទុយនឹង​តំបន់​អឺរ៉ុប ឬ អាមេរិកខាងជើង ជាទី ដែល​មនុស្សស្រី​ប្រើប្រាស់បណ្តាញ​សង្គម ច្រើនជាង​បុរស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ