អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ស្ត្រីមេផ្ទះ ឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅបេឡារុស កំពុងមានការគាំទ្រខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងអំឡុងជិត ៣ ទសវត្សរ៍​នៃឯករាជ្យខ្លួន ពីសហភាពសូវៀត សាធារណរដ្ឋបេឡារុស នៅ ថ្ងៃអាទិត្យទី ៩ សីហាខាងមុខ នឹងបោះឆ្នោតជ្រើសរើស ប្រធានាធិបតីខ្លួន ជាលើកទី ៦ ។  ជាលើក ទី ៦ ដែលប្រមុខរដ្ឋសព្វថ្ងៃ លោក Alexandre Loukachenko ក្នុងវ័យ ៦៥ ឆ្នាំ គ្រប់គ្រងប្រទេសបាន ២៦ ឆ្នាំ ជាប់មកហើយ ឈរឈ្មោះជាបេក្ខជនចូលប្រឡូកជាថ្មី ក្នុងការបោះឆ្នោត។

Tikhanovskaya stepped into the race at great personal risk after the detention of her husband, who had hoped to stand himself
Tikhanovskaya stepped into the race at great personal risk after the detention of her husband, who had hoped to stand himself AFP/File
ផ្សាយពាណិជ្ជកម្ម

លើកនេះ ស្របនឹង សេចក្តី សម្រេច របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  បានទទួលលទ្ធភាពចូលខ្លួនប្រកួត ជាមួយគាត់ គឺ បេក្ខជន និង បេក្ខនារី ៤ នាក់ ទៀត។ ក្នុងដំណើរប្រព្រឹត្តទៅ នៃមីទ្ទិញឃោសនាការបោះឆ្នោត ធ្វើដោយ បណ្តាបេក្ខជនប្រឆាំង អាជ្ញាធរ បានបង្ក្រាបយ៉ាងចាស់ដៃ ក្រុមបាតុករ ទាល់តែ រងនូវការទិតៀន ពីខាង អង្គការការពារសិទ្ធិមនុស្ស ។ ប្រហែលមកពី មូលហេតុនេះ បានជា ជាលើកទី ១ ក្នុងប្រវត្តិថ្មីរបស់ បេឡារុស ដែលការបោះឆ្នោត នឹងប្រព្រឹត្តទៅ ដោយពុំមានការតាមដានសង្កេតការណ៍យ៉ាងទូលំទូលាយ ឡើយ ពីខាង អន្តរជាតិ។

គូប្រជែង ៤ នាក់នោះ គឺ ៖

១- សហប្រធាននៃ ចលនាសង្គម “និយាយតែការពិត” លោក Andrei Dmitriev អាយុ ៣៩ ឆ្នាំ ,

២- អតីតតំណាងរាស្ត្របេឡារុស លោកស្រី Anna Kanopatskaya អាយុ ៤៣ ឆ្នាំ ,

៣- ស្ត្រីមេផ្ទះ អ្នកស្រី Svetlana Tikhanovskaya  អាយុ ៣៧ ឆ្នាំ ,

៤- ប្រធាន គណបក្សសង្គម-ប្រជាធិបតេយ្យបេឡារុស Gramada លោក   Serguei Cherechen អាយុ ៣៧ ឆ្នាំ។

អាចចាត់ទុកជា គូប្រជែងមែនពិត សម្រាប់លោក Loukachenko គឺតែបេក្ខនារី Tikhanovskaya ដែលនាំគ្នា រួមផ្តុំជុំវិញរូបគាត់ គឺ បេក្ខជនខ្លាំងៗឯទៀត ដែលឆ្លងកាត់មិនបានសម្រេចដូចចិត្ត នីតិវិធីដើម្បីបញ្ឈរឈ្មោះ ជាផ្លូវការ ទាល់តែនៅទីបំផុត ត្រូវបាន គ.ជ.ប. ប្រកែកមិនចុះឈ្មោះគេ ជា បេក្ខជនប្រធានាធិបតី។

ដើម្បី ក្លាយជាបេក្ខជន ក្រុមអ្នកផ្តួចផ្តើមគំនិតដើម្បីបញ្ឈរឈ្មោះបេក្ខជនខ្លួន ត្រូវអង្គាសហត្ថលេខា អ្នក ស្រុកម្ចាស់ឆ្នោតដែលគាំទ្របេក្ខជននោះ យ៉ាងហោចណាស់ ឲ្យបាន ១០ ម៉ឺន ហត្ថលេខា ដែលជាល័ក្ខខ័ណ្ឌ ចាំបាច់ សម្រាប់ គ.ជ.ប. ចុះឈ្មោះសាមីជន ជា បេក្ខជន។ 

ក្រុមអ្នកផ្តួចផ្តើមគំនិត ដែលត្រៀមបានក្នុងកម្រិត ខ្ពស់ជាងគេ គឺ ក្រុមដែលគាំទ្រ ប្រធានាធិបតីសព្វថ្ងៃ ។ ក្នុងក្រុមនេះ មាន អ្នកផ្តួចផ្តើមគំនិត ដល់ទៅ ១ម៉ឺន១ពាន់ នាក់។ បន្ទាប់មក គឺក្រុមដែលគាំទ្រ អតីតប្រធាន ធនាគារ BelGazPromBank លោក Viktor Babariko ដែលមាន អ្នកផ្តួចផ្តើមគំនិត ដល់ ៨.៩០០ នាក់។ ប៉ុន្តែដោយហេតុថា បេក្ខជននេះ ជា គ្រោះថ្នាក់ សម្រាប់លោក Loukachenko បានជា អាជ្ញាធរប្រឌិតលេស កសាងជាសំណុំរឿងព្រហ្មទណ្ឌ ទល់នឹង ថៅកែនេះ តាមបទគៃបន្លំប្រាក់ និងជា ភ្នាក់ងារបរទេស។ 

ទោះយ៉ាងណាក្តី ក៏ក្នុងដំណើរអង្គាសហត្ថលេខាគាំទ្រ ប្រព័ន្ធផ្សព្វផ្សាយ និង សាធារណជន នាំគ្នាយកចិត្ត ទុកដាក់លើ រូបអ្នកស្រីមេផ្ទះ Svetlana Tikhanovskaya ។ គាត់បានបង្ខំចិត្ត បង្កើតឡើងជា ក្រុមអ្នកផ្តួច ផ្តើមគំនិត ក្រោយពី គ.ជ.ប. បានប្រកែកមិនព្រម ចុះឈ្មោះប្តីគាត់ ដែលជា Blogueur ដ៏ល្បី នៅបេឡារុស លោក Serguei Tikhanovski ។ ជាលទ្ធផល នៅតាមក្រុងជាច្រើននៃប្រទេស ស្រាប់តែមាន អ្នកស្រុក នាំគ្នា ឈរតកន្ទុយ ដើម្បីចុះហត្ថលេខា គាំទ្រដល់ រូបស្ត្រីនេះ ទាល់តែ ក្នុងករណីខ្លះ ត្រូវអាជ្ញាធរ បកស្រាយថាជា ការរួមប្រជុំមនុស្សច្រើនកុះករ ខុសច្បាប់ ដោយគ្មានសេចក្តីអនុញ្ញាត។  បន្ទាប់មក អាជ្ញាធរ ប្រែ ការចោទប្រកាន់ ទៅជា ការរៀបចំបង្កអសណ្តាប់ធ្នាប់រង្គាល ដែល រឹតតែធ្ងន់ធ្ងរទៅទៀត។

ក្នុងយុទ្ធនាការឃោសនាការបោះឆ្នោតនៅបេឡារុស តាមទិន្នន័យពួកអ្នកការពារសិទ្ធិមនុស្ស កម្លាំងរក្សា សណ្តាប់ធ្នាប់ បានឃាត់ខ្លួនពលរដ្ឋជាង ១.០០០ នាក់ ចំណែក ប្រាក់ពិន័យតាមបទ រំលោភលើ សណ្តាប់ធ្នាប់សង្គម ឡើងដល់ជាង ១១ ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះ មនុស្សរាប់រយនាក់ ធ្លាក់ខ្លួនជាប់ក្នុង ការឃុំឃាំង។  អង្គការអន្តរជាតិនានាខាងការពារសិទ្ធិមនុស្ស ទទូច អាជ្ញាធរបេឡារុស ឲ្យដោះលែងជនជាប់ ឃុំទាំងនោះ ហើយ ឈប់បង្ក្រាបទៅ ប្រជាពលរដ្ឋខ្លួន។

សឲ្យឃើញពី សក្តានុពលចេះតែកើនឡើងនៃ ស្ត្រីមេផ្ទះ Tikhanovskaya គឺ ការចូលរួមរបស់អ្នកស្រុក នៅតាមបណ្តាខេត្ត ក្នុងមីទ្ទិញឃោសនាការបោះឆ្នោត ដើម្បីគាំទ្រដល់បេក្ខភាពគាត់។ ឧទាហរណ៍ ក្នុងមីទ្ទិញមួយ នៅរដ្ឋធានានី Minsk តាមតួលេខពួកអ្នកការពារសិទ្ធិមនុស្ស មានពលរដ្ឋ ចូលរួម ដល់ទៅ ៦ ម៉ឺននាក់ ថ្វីត្បិតតែ ប៉ូលីស រាប់ទៅឃើញ ប្រមាណតែ ១ម៉ឺន ៨ ពាន់ នាក់ ។

បក្សពួកស្ត្រីនេះ ទាំងពាន់ៗនាក់ គាំទ្ររូបគាត់ មិនគ្រាន់តែនៅតាមក្រុងធំៗ ប៉ុណ្ណោះទេ តែក៏នៅតាម ទីប្រជុំជននានា នៃប្រទេស។ ពួកអ្នកវិភាគ ប្រមាណថា អ្នកស្រុកដោយគាំទ្រអ្នកស្រី Tikhanovskaya  និង ដោយដឹងជាមុនថា ភ័ព្វសំណាងគាត់ ដើម្បីឈ្នះលើ មេដឹកនាំបច្ចុប្បន្ន គឺមិនជាខ្ពស់ទេ ដោយមកពីអាច មានការក្លែងបន្លំសន្លឹកឆ្នោត។  នៅទីបំផុត អាជ្ញាធរ ចេញបម្រាមហាមមិនឲ្យធ្វើឡើយ មីទ្ទិញ មុនពេល បោះឆ្នោត សូម្បីបើមានការយល់ព្រមជាមុន ពីខាងរដ្ឋអំណាចក្តី ។

ប្រមុខរដ្ឋសព្វថ្ងៃ ជាទូទៅ ឥតធ្វើមីទ្ទិញឃោសនាការបោះឆ្នោតឡើយ។ អាចត្រូវចាត់ទុកជា ការឃោសនា ដ៏ចម្បងរបស់គាត់ គឺសារប្រចាំឆ្នាំ ថ្លែងថ្ងៃ ៤ សីហា នៅពីមុខ ឥស្សរជន ២.៥០០ នាក់ រួមប្រជុំក្នុងរដ្ឋសភា ដោយតាមរយៈសារនេះ លោក  Loukachenko សម្តែង​ជំនឿជឿជាក់លើ ជ័យជំនះគាត់ ទាំងកត់សម្គាល់ ថា បច្ចុប្បន្ន នៅតែសណ្ឋិតនៅ នៅឡើយ គ្រោះថ្នាក់ដែលនាំឲ្យ រដ្ឋបេឡារុស បាត់បង់ អធិបតេយ្យខ្លួន។

ជាលើកទី ១ ដែលក្នុងប្រវត្តិថ្មីនៃការបោះឆ្នោតនៅបេឡារុស នឹងពុំមានការតាមដានសង្កេតការណ៍ យ៉ាងទូលំទូលាយឡើយ ពីខាងអន្តរជាតិ ។ យ៉ាងណាមិញ ប្រកែកមិនបញ្ជូនតំណាងខ្លួន មកសង្កេតការណ៍ ក្នុង ការបោះឆ្នោតនេះ គឺ ការិយាល័យខាងស្ថាប័នប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស នៃ អង្គការដើម្បី សន្តិសុខ និង សហប្រតិបត្តិការ នៅអឺរ៉ុប OSCE ដែលមានឯកទេស​សកម្មខាងតាមដានការបោះឆ្នោត ក្នុង ប្រទេសណា ជា សមាជិកអង្គការនេះ។ ប្រកែកដែរ ក៏ទាំង សន្និបាតសភា របស់ OSCE និង សន្និបាតសភានៃ ក្រុមប្រឹក្សាអឺរ៉ុប APCE ។

នឹងតាមដានសង្កេតការណ៍ គឺ តែបេសកកម្ម តំណាងឲ្យ សហគមន៍រដ្ឋឯករាជហៅកាត់ថា CEI ដែលមាន ១០ អតីតសាធារណរដ្ឋសូវៀតជាសមាជិក នាំមុខដោយរុស្ស៊ី។ គ.ជ.ប. បេឡារុស  បានចុះឈ្មោះ អ្នកសង្កេតការណ៍ របស់ CEI ១៧០ នាក់ ទៅហើយ។ ចំណែក អ្នកសង្កេតការណ៍ តំណាង ឲ្យ បេក្ខជនទាំង ៥ នាក់ ដែលនឹងតាមដាននៅនឹងការិយាល័យបោះឆ្នោត មានចំនួនច្រើន មិនធ្លាប់ មាន គឺដល់ទៅ ៤ម៉ឺន ៨ពាន់ នាក់។

នៅបេឡារុស ប្រជាជនដែលមានសិទ្ធិបោះឆ្នោត គឺ ៦ លាន ៨ សែន នាក់ លើបណ្តាជន ៩ លាន ៤ សែន នាក់ ។ ការបោះឆ្នោតប្រព្រឹត្តទៅ នៅតាម ការិយាល័យបោះឆ្នោត ចំនួន ៥.៨៣១ កន្លែង ក្នុងប្រទេស។

គួរនិយាយថា ដោយបង្ការទល់នឹងការប្រជ្រៀតគ្នា នៅតាមការិយាល័យបោះឆ្នោត ថ្ងៃ ៩ សីហា ក្នុងគ្រា កូវីដ-១៩ បានជា តាំងពីថ្ងៃ ៤ សីហាមក មានប្រព្រឹត្តទៅ ជាបណ្តើរៗ ការបោះឆ្នោតនោះ ដែល តាម តួលេខ គ.ជ.ប. គ្រាន់តែក្នុង ២ ថ្ងៃ ដំបូង មានអ្នកស្រុក បានទៅបោះឆ្នោត ជាង ១២,៧៥%  ទៅហើយ។

ក្នុងឆ្នាំ ២០១៥ អត្រាអ្នកទៅបោះឆ្នោតនៅបេឡារុស  បានមានកម្រិតដល់ ៨៧,២២% ដែល ពីក្នុងនោះ មានសន្លឹកឆ្នោត ដល់ ៨៣,៥% ដែលគាំទ្រដល់ បេក្ខជន  លោក Alexandre Loukachenko ឲ្យជាប់ឆ្នោត ជា ប្រធានាធិបតី សម្រាប់ អាណត្តិ ទី ៥ របស់គាត់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ