អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើអ្វីដែលត្រូវធ្វើនៅ បេឡារុស ? ជម្រើសទ្វេបទ ដែលលោក ពូទីន មិនបានរង់ចាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

រលកបាតុកម្ម មិនចេះចប់ នៅបេឡារុស និង អំណាចផុយស្រួយ របស់ ប្រធានាធិបតីប្រទេស លោក Alexandre Loukachenko  ជំរុញប្រធានាធិបតីរុស្ស៊ី Vladimir Poutine ឲ្យធ្លាក់ក្នុង ភាពស្មុគស្មាញគីតអំពី យុទ្ធសាស្ត្រដែលត្រូវអនុម័ត សម្រាប់ប្រឈមនឹង ចលនាដែល មិនប្រឆាំងនឹងរុស្ស៊ី ហើយនៅចំគ្រា ដែលប្រទេសរុស្ស៊ីខ្លួនឯង កំពុងឆ្លងកាត់ដំណាក់កាលនយោបាយ ដែលតម្រូវ ឲ្យមានការប្រុងប្រយ័ត្នជានិច្ច។ 

Les présidents Alexander Lukashenko et Vladimir Poutine à Minsk le 30 juin 2019.
Les présidents Alexander Lukashenko et Vladimir Poutine à Minsk le 30 juin 2019. REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

”ប្រជាពលរដ្ឋរុស្ស៊ី មិនសូវដឹងឡើយ តើត្រូវរាំនឹងជើងណា” ។ មតិនេះ​ សំដែងដោយលោក Gustav Gressel នៃ ក្រុមអឺរ៉ុបខាងជញ្ជឹងគិត ហៅកាត់ថា ECFR ។ “ គេទាញយកសេចក្តីសន្និដ្ឋានថា លោក Loukachenko តំណាងឲ្យ ស្ថានភាពគ្មានច្រកចេញនៃប្រទេស ប៉ុន្តែសម្រាប់គេ មុខជានាំឲ្យទទើសទទាស់ក្នុងចិត្តពុំខាន បើវិបត្តិ នឹងត្រូវដោះស្រាយនៅលើថ្នល់​។ ដូច្នេះ រុស្ស៊ី ត្រូវតែដាក់ឲ្យដំណើរការ នៅបេឡារុស គឺ អភិក្រម ដែលខ្លួនក្តាប់ឲ្យនៅក្រោមការត្រួតពិនិត្យ។

រលកបាតុកម្ម នៅបេឡារុស មកទល់ឥឡូវ នៅមិនទាន់លេចចេញជាសញ្ញាប្រឆាំងរុស្ស៊ី នៅឡើយ គឺខុសពី រលកបាតុកម្ម ដែលបានផ្តួលរដ្ឋាភិបាលរុស្ស៊ីនិយម នៅក្រុង គៀវ រដ្ឋធានីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤ ទាល់តែ ជំរុញម៉ូស្គូ ឲ្យលុកចូលទៅដណ្តើមយកទៀបកោះគ្រីមេ ក្នុងនាមការពារបណ្តាជននិយាយភាសារុស្ស៊ី រស់នៅអ៊ុយក្រែន និង គាំទ្រ ពួកបះបោរផ្តាច់ទឹកដីដែលរុស្ស៊ីនិយម រស់នៅតំបន់ខាងកើតប្រទេសនេះ។

គឺជា កត្តាគន្លឹះ ដែលនាំឲ្យពួកអ្នកវិភាគ មិនលើកជាអាទិភាពឡើយសេណារីយ៉ូ ដូចនៅអ៊ុយក្រែន។ “ ស្ថានការណ៍ គឺខុសគ្នាស្រឡះ”។ យោបល់នេះ បញ្ចេញដោយ លោកស្រី Anna Maria Dyner អ្នកវិភាគនៃ វិជ្ជាស្ថានប៉ូឡូញខាងកិច្ចការអន្តរជាតិ ហៅកាត់ថា PISM ។

មិនតែប៉ុណ្ណោះ ស្ថានការណ៍ ក៏ខុសគ្នាដែរនៅរុស្ស៊ី ជាទីដែលលោក Vladimir Poutine មានប្រជាប្រិយ ភាពរួញខើចទៅ កំពុងប្រឈមនឹងបាតុកម្មតៗគ្នា នៅតំបន់ចុងបូព៌ារុស្ស៊ី ជាប់នឹងប្រទេសចិន ក្រោយពីមានការចាប់ខ្លួន អភិបាលខត្ត Khabarovsk តំបន់នោះ កាលពីមួយខែមុន។ ម៉ូស្គូ បានប្រតិកម្ម ក្នុងដំណាក់ឥឡូវ គឺដោយស្ងប់ស្ងៀម និង ចេះប្រកាន់ឥរិយាបថជា អាជ្ញាកណ្តាល នៅពីមុខបាតុកម្មទាំងនេះ ដែលក្នុងដំណើរប្រព្រឹត្តទៅ មានស្រែកបន្លឺឡើងក្តែងៗនូវ ពាក្យស្លោកប្រឆាំងនឹងវិមានក្រេមឡាំងតែម្តង។

នៅបេឡារុស ភាសារុស្ស៊ី ត្រូវគេនិយាយនៅពេញលើដែនដីប្រទេស ហើយ«គ្មានទេទឹកចិត្តប្រឆាំងរុស្ស៊ី នៅក្នុងសង្គមបេឡារុស។ ម៉្លោះហើយបានជា រុស្ស៊ី ប្រាថ្នាឲ្យការនេះ នៅតែបន្តទៅ»។ ចំណែកលោក Loukachenko មិនដែលស្មោះស្ម័គ្រ ចំពោះ ក្រេមឡាំង ដូចចំពោះព្រះឡើយ។

“ សូម្បីក្រោមអំណាច លោក Loukachenko, លោក  Poutine មិនដែលសម្រេចបានដូចចិត្តឡើយ នូវអ្វីៗដែលខ្លួនចង់បាននៅបេឡារុស។ ការនេះ បន្ថែមដោយអ្នកវិភាគអង់គ្លេស លោក Nigel Gould-Davies។ រុស្ស៊ី លែងរៀបការជាមួយ លោក Loukachenko ទៀតឡើយ រុស្ស៊ី តែងដំណើរការដោយ ស្ទាបស្ទង់មើល ប៉ុន្តែមិនមែន អកម្ម សោះឡើយ។

រុស្ស៊ីពិបាកទុកចិត្ត ដ្បិត បើហ្វូងបាតុករចាប់ផ្តើមយល់ដឹងថា លោក Poutine ជាបង្អែក សម្រាប់លោក Loukachenko នោះ ពាក្យស្លោកប្រឆាំងរុស្ស៊ី អាចលេចចេញមកព្រោងព្រាត” - ការនេះ គូសបញ្ជាក់ដោយ លោក Stephen Sestanovich នៃ ក្រុមអាមេរិកាំងខាងជញ្ជឹងគិត Council on Foreign Relations។

ដូច្នេះ ម៉ូស្គូ “ ស្វែងរកដំណោះស្រាយ” - លោក Gressel ត្រេះរិះពិចារណា។ លោក Loukachenko ជាបុគ្គល ដែលអាចត្រូវជំនួស ដោយអ្នកផ្សេង ទាំងមិនឲ្យក្រេមឡាំងបាក់មុខជ្រុល”។

ក្នុងមួយសប្តាហ៍ចុងក្រោយ លោក Loukachenko និង លោក  Poutine បានសន្ទនាគ្នាជាច្រើនលើក តាមទូរសព្ទ ។ ជាលទ្ធផលកិច្ចសន្ទនានេះ មេដឹកនាំបេឡារុស អះអាងថា សមភាគីរុស្ស៊ី បានសន្យាផ្តល់ ”ជំនួយសន្តិសុខ” ដល់គាត់។

លោក Stephen Sestanovich ទម្លាយឲ្យដឹងថា រុស្ស៊ី មានទំនាក់ទំនងល្អ ជាមួយ បណ្តាវរជននៅក្រុង Minsk ជាទីដែល មានការមូលមតិគ្នាដើម្បី រក្សាទុក ចំណងដ៏ល្អ ជាមួយ មហាប្រទេសជិតខាង។ “ ការប្រទាក់ក្រឡានេះ និង អាកប្បកិរិយាអនុគ្រោះនេះ បើកនៅពីមុខលោក ពូទីន គឺ ផ្លូវជាច្រើន សម្រាប់ រកឲ្យឃើញ អំណាចអន្តរកាល ដោយគ្មានរូបលោក Loukachenko “ , ចលនាតវ៉ា ដែល មួយចំណែក អាចមានរូបភាពប្លែកៗ និងមួយចំណែកទៀត គ្មានមេដឹកនាំច្បាស់លាស់​។ មេដឹកនាំមួយបែបនេះ គឺ អ្នកស្រី Svetlana Tikhanovskaya បានភៀសខ្លួន ទៅជ្រកកោននៅ លីទុយអានី ជាទីដែលគាត់ខិតខំប្រមូលផ្តុំក្នុងជួរតែមួយ ក្តីទោមនស្ស ដែលសណ្ឋិតនៅតាមគ្រប់ស្រទាប់នៃ សង្គមបេឡារុស។

ប៉ុន្តែ បើនិយាយក្នុងន័យទូលំទូលាយ អ្វីក៏មិនអាចបដិសេធឡើយ  បូកទាំងការប្រើកម្លាំង ទៅផង។ នេះ ជាមតិទូទៅ របស់ពួកអ្នកវិភាគ។ យ៉ាងណាមិញ លោកស្រី Dyner លើកឡើងជាអាទិ៍៖ ​ខ្ញុំប្រាកដក្នុងចិត្តថា រុស្ស៊ី ត្រៀមទុក គ្រប់ជម្រើសទាំងអស់ បូកទាំងជម្រើសយោធាផង ទោះបី អន្តរាគមន៍យោធា តម្រូវ ឲ្យរុស្ស៊ី បង់ថ្លៃសែនខ្ពស់ ក៏ដោយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ