អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបានជាតំបន់ការ៉ាបាក់កំពុងបន្តចិញ្ចឹមភាពតានតឹងរវាងប្រទេសអាមេនី និងអាស៊ែបៃហ្សង់?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំង​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៧ កញ្ញា សង្រ្គាម​បាន​ផ្ទុះ​ឡើង​រវាង​កងទ័ព​នៃ​ប្រទេស​អាស៊ែបៃហ្សង់ និង​កម្លាំង​ផ្តាច់ទឹកដីនិយម​នៅ​តំបន់​ការ៉ាបាក់ (Haut Karabakh) ដែល​គាំទ្រ​ដោយ​ប្រទេស​អាមេនី។ ការ​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​រយៈពេល ២៤ម៉ោង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៣៩នាក់ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ កញ្ញា។ គួរ​រម្លឹក​ថា នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ភាគី​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​បារម្ភ​ខ្លាំង គឺ​ខ្លាច​ជម្លោះ​រុំាំរ៉ៃ​មួយ​នេះ​រុញ​ប្រទេស​អាមេនី និង​អាស៊ែបៃហ្សង់​ឲ្យ​ធ្លាក់​ទៅ​ក្នុង​សង្រ្គាម​នឹង​គ្នា​ជា​ថ្មី។ ខណៈ​នេះ ប្រទេស​មហាអំណាច​ក្នុង​តំបន់ និង​ក្នុង​លោក​បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​បញ្ឈប់​សង្រ្គាម និង​ចូល​តុចរចា។ ប្រទេស​រុស្ស៊ី និង​ប្រទេស​តួកគី​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ជម្លោះ​មួយ​នេះ។ តើ​រឿងរ៉ាវ​មួយ​នេះ​បាន​ចាប់​ផ្តើម​យ៉ាង​ដូចម្តេច និង​ថា ហេតុអ្វី​បាន​ជា​គេ​ពិបាក​ដោះស្រាយ​ខ្លាំង​ម្ល៉េះ?

តាំងពីព្រឹកថ្ងៃអាទិត្យ ទី២៧ កញ្ញា សង្រ្គាមបានផ្ទុះឡើងរវាងកងទ័ពនៃប្រទេសអាស៊ែបៃហ្សង់ និងកម្លាំងផ្តាច់ទឹកដីនិយមនៅតំបន់ការ៉ាបាក់ (Haut Karabakh) ដែលគាំទ្រដោយប្រទេសអាមេនី។
តាំងពីព្រឹកថ្ងៃអាទិត្យ ទី២៧ កញ្ញា សង្រ្គាមបានផ្ទុះឡើងរវាងកងទ័ពនៃប្រទេសអាស៊ែបៃហ្សង់ និងកម្លាំងផ្តាច់ទឹកដីនិយមនៅតំបន់ការ៉ាបាក់ (Haut Karabakh) ដែលគាំទ្រដោយប្រទេសអាមេនី។ Defence Ministry of Azerbaijan/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​នៅ​ក្នុង​តំបន់​កូកាស និយាយ​ជា​រួម និង​នៅ​តំបន់​ការ៉ាបាក់ និយាយ​ដោយឡែក គឺ​ជា​ជម្លោះ​យូរលង់​មួយ​ក្នុង​ចំណោម​ជម្លោះ​ផ្សេង​ទៀត​ក្នុង​ទឹកដី​អឺរ៉ុប​នៅ​ក្រោយ​ការ​ដួលរលំ​សហភាពសូវៀត​ក្នុង​ឆ្នាំ ១៩៩១។ នៅ​ក្នុង​សម័យ​សហភាព​សូវៀត តំបន់​ការ៉ាបាក់​ត្រូវ​បាន​ភ្ជាប់​ទៅ​អធិបតេយ្យ​របស់​ទឹកដី​អាស៊ែបៃហ្សង់។ តែ​នៅ​ក្រោយ​ការ​ដួលរលំ​សហភាពសូវៀត​ក្នុង​ឆ្នាំ ១៩៩១ ទៅ ប្រជាជន​នៅ​ក្នុង​តំបន់​ការ៉ាបាក់​ភាគច្រើន​នាំ​គ្នា​បោះឆ្នោត​ដើម្បី​ក្លាយ​ជា​រដ្ឋឯករាជ្យ​មួយ​ផ្តាច់ខ្លួន​ចេញ​ពី​អាស៊ែបៃហ្សង់។ តែ​បញ្ហា​នៅ​ត្រង់​ថា​រហូត​មក​ដល់​សព្វថ្ងៃ រដ្ឋ​ផ្តាច់ខ្លួន​ដោយ​ខ្លួន​ឯង​មួយ​នេះ​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ណា​មួយ​ទេ សូម្បី​តែ​អាមេនី​ក៏​គ្មាន​ដែរ នោះ​បើ​ទោះ​បី​ជា​គេ​ដឹង​ថា អាមេនី​បាន​គាំទ្រ និង​ការពារ​តំបន់​ការ៉ាបាក់​ពេញ​មុខ ពេញ​មាត់​ទាំង​ផ្នែក​យោធា និង​ផ្នែក​ហិរញ្ញវត្ថុ។ ចំណែក​ប្រទេស​អាស៊ែបៃហ្សង់​បន្ត​មិន​សុខចិត្ត និង​នៅ​បន្ត​ទាមទារ​តំបន់​ការ៉ាបាក់​ជា​ទឹកដី​របស់​ខ្លួន។

នៅ​ដំណាច់​ឆ្នាំ ១៩៩២ ពោល​មួយ​ឆ្នាំ​ក្រោយ​សហភាពសូវៀត​ដួលរលំ សង្រ្គាម​ទ្រង់ទ្រាយ​ធំ​មួយ​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​អ្នក​ផ្តាច់ទឹកដី​និយម​នៅ​តំបន់​ការ៉ាបាក់ និង​កម្លាំងទ័ព​អាស៊ែបៃហ្សង់​ដោយ​បាន​ផ្តាច់​ជីវិត​មនុស្ស​ជិត ៣០ ០០០នាក់។ គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ១៩៩៤ ជាមួយ​នឹង​អន្តរាគមន៍​របស់​ប្រទេស​រុស្ស៊ី​ទើប​មាន​ការ​ចុះ​ហត្ថលេខា​លើ​បទឈប់បាញ់​មួយ។ តែ​ជា​រឿយៗ បទ​ឈប់បាញ់​មួយ​នេះ​មិន​ត្រូវ​បាន​គោរព​ត្រឹមត្រូវ​ទេ។ ម្យ៉ាង​ទៀត ជម្លោះ​មួយ​នេះ​ក៏​មាន​ការ​ចូលរួម​ជួយ​ឈឺឆ្អាល​ពី ៣ប្រទេស គឺ​រុស្ស៊ី បារាំង និង​សហរដ្ឋអាមេរិក។ ក្នុង​ឆ្នាំ ២០១០ រុស្ស៊ី បារាំង និង​សហរដ្ឋអាមេរិក​បាន​បង្កើត​ឲ្យ​មាន​គោលការណ៍​មួយ​ដែល​ស្នើ​ឲ្យ​ប្រទេស​អាមេនី​ប្រគល់​តំបន់​ដែល​ខ្លួន​ដណ្តើម​បាន​នៅ​ជុំវិញ​តំបន់​ការ៉ាបាក់​ទៅ​ឲ្យ​ប្រទេស​អាស៊ែបៃហ្សង់​វិញ ហើយ​ផ្តល់​ឲ្យ​តំបន់​ការ៉ាបាក់​ជា​ដែនដី​ស្វយ័ត។

តែ​គោលការណ៏​មួយ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ​អាមេនី និង​អាស៊ែបៃហ្សង់។ តាំង​ពី​ពេល​នោះ​មក តំបន់​ការ៉ាបាក់​បាន​បន្ត​ចិញ្ចឹម​ភាព​តានតឹង​រវាង​អាមេនី និង​អាស៊ែបៃហ្សង់។ ក្នុង​ខែ​មេសា ឆ្នាំ ២០១៦ សង្រ្គាម​ដែល​គេ​ហៅ​ថា « សង្រ្គាម ៤ថ្ងៃ » រវាង​ភាគី​ទាំង​ពីរ​បាន​ផ្ទុះ​ឡើង និង​វិះ​ប្រែ​ក្លាយ​ទៅ​ជា​សង្រ្គាម​ក្រោម​ទ្រង់ទ្រាយ​ធំ។ បន្ទាប់​មក​ពី​ថ្ងៃទី១២ ដល់​ថ្ងៃ​ទី១៥ កក្កដា​កន្លង​ទៅ​ថ្មីៗ​នេះ ការ​ប៉ះទងិ្គច​ផ្លូវអាវុធ​រវាង​កងទ័ព​អាមេនី និង​កងទ័ព​អាស៊ែបៃហ្សង់​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​មិន​តិច​ជាង ១៦នាក់​ទេ។ បន្ទាប់​មក​ទៀត​នា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ សង្រ្គាម​បាន​ផ្ទុះ​ជា​ថ្មី​រវាង​ក្រុម​អ្នកទាមទារ​ផ្តាច់ទឹកដី​នៅ​តំបន់​ការ៉ាបាក់ និង​កម្លាំងទ័ព​អាស៊ែបៃហ្សង់​បាន​ផ្តាច់​ជីវិត​មនុស្ស​យ៉ាង​តិច ៣៩នាក់​គិត​ត្រឹម​តួលេខ​ផ្លូវការ​ក្នុង​ថ្ងៃ​ចន្ទ ទី២៨ កញ្ញា។ នេះ ស បញ្ជាក់​ឲ្យ​ឃើញ​ថា ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​កំពុង​បន្ត​រុញ​ច្រាន​អាមេនី និង​អាស៊ែបៃហ្សង់​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាម​ជា​ថ្មី។

បើ​គេ​ប្រៀបធៀប​រវាង​កម្លាំង​អាស៊ែបៃហ្សង់ និង​អាមេនី គឺ​អាស៊ែបៃហ្សង់​មាន​ប្រៀប​ជាង​អាមេនី មាន​ប្រៀប​ព្រោះ​អាស៊ែបៃហ្សង់​មាន​ធនធាន​ប្រេង​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​នេះ​មាន​លទ្ធភាព​ចំណាយ​ច្រើន​លើ​វិស័យ​យោធា។ មួយ​វិញ​ទៀត អាស៊ែបៃហ្សង់​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រទេស​តួកគី។ រដ្ឋមន្រ្តី​ការពារជាតិ​តួកគី​បាន​បញ្ជាក់​ក្នុង​ថ្ងៃ​អាទិត្យ ទី២៧ កញ្ញា​ពី​ការ​គាំទ្រ​អាស៊ែបៃហ្សង់​តាម​គ្រប់​មធ្យោបាយ​ទាំង​អស់។ ចំណែក​អាមេនី​ជា​ប្រទេស​ក្រីក្រ​ដែល​ពឹង​លើ​ការ​គាំទ្រ និង​ការ​ជួយ​ជ្រោមជ្រែង​ពី​ប្រទេស​រុស្ស៊ី​ទាំង​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច និង​នយោបាយ។ តែ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​បាន​អំពាវនាវ​ឲ្យ​បិទបញ្ចប់​ការ​ប្រយុទ្ធគ្នា និង​បញ្ជាក់​ថា វា​សំខាន់​ខ្លាំង​ណាស់​ដែល​គេ​ត្រូវ​បន្ត​ប្រឹងប្រែង​ដើម្បី​បញ្ជៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា។

តាម​ពិត​ទៅ តួកគី និង​រុស្ស៊ី​ជា​តួអង្គ​សំខាន់​ជាង​គេ​ដើម្បី​បំបែក​អាស៊ែបៃហ្សង់ និង​អាមេនី​កុំ​ឲ្យ​ខាំ​គ្នា ឬ​មួយ​ក៏​ចាប់​អ្នក​ទាំង​ពីរ​ឲ្យ​ជល់​គ្នា ឬ​និយាយ​បែប​ម្យ៉ាង​ទៀត កំដៅ​ឡើង ចុះ​រវាង​អាស៊ែបៃហ្សង់ និង​អាមេនី​អាស្រ័យ​ទាំង​ស្រុង​លើ​កិច្ចសន្ទនា​រវាង​ក្រុង​មូស្គូ និង​ក្រុង​អង់ការ៉ា​ដូច​ដែល​ពួក​គេ​បាន​ធ្វើ​ក្នុង​ឆ្នាំ ២០១៦។ លោក​ពូទីន​បាន​រក្សា​មិត្តភាព​សុំាញាំ​ជាមួយ​ប្រធានាធិបតី​តួកគី​លោក​អ៊ែរសដូហ្កាន ព្រោះ​តាម​ពិត​ទៅ ទំនាក់ទំនង​រវាង​រុស្ស៊ី និង​តួកគី​ជា​ល្បែង​នៃ​ផលប្រយោជន៍​ដែល​ភូមិសាស្ត្រនយោបាយ​បាន​លូកឡំ​ជាមួយ​យោធា និង​សេដ្ឋកិច្ច។ ក្នុង​ផ្នែក​យោធា តួកគី​បាន​ទិញ​ប្រព័ន្ធ​ប្រឆាំង​មីស៊ីល​ជំនាន់​ថ្មី​របស់​រុស្ស៊ី ហើយ​ក្នុង​ផ្នែក​សេដ្ឋកិច្ច គឺ​ពង្រឹង​ការ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​រុស្ស៊ី​ជា​អ្នក​សាងសង់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឲ្យ​តួកកី។ ក៏​ដូច​ជា​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ីរី តួកគី និង​រុស្ស៊ី​បាន​គាំទ្រ​ភាគី​ម្ខាងៗ ពោល​រុស្ស៊ី​គាំទ្រ​រដ្ឋាភិបាល​ស៊ីរី ហើយ​តួកគី​គាំទ្រ​ពួក​ប្រឆាំង។

ដូច្នេះ​អ្វី​ដែល​គេ​បាន​សម្លឹង​ឃើញ ជម្លោះ​នៅ​តំបន់​ការ៉ាបាក់​រវាង​អាស៊ែបៃហ្សង់​ដែល​គាំទ្រ​ដោយ​តួកគី និង​អាមេនី​ដែល​គាំទ្រ​ដោយ​រុស្ស៊ី​ពេល​នេះ​កំពុង​ក្លាយ​ជា​សមរភូមិ​មួយ​ទៀត​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ប្រយោល​រវាង​ក្រុង​មូស្គូ និង​ក្រុង​អង់ការ៉ា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ