អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈធំៗ​នៅ​អឺរ៉ុប​ បត់​ទៅ​រក​ថាមពល​បៃតង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុនយក្យ​ផ្នែក​ប្រេង​ឥន្ធនៈ​អង់គ្លេស BP ​ផ្តើម​ធ្វើ​វិនិយោគ​លើ​ថាមពល​ដើរ​ដោយ​ខ្យល់​ក្នុង​សមុទ្ទ ជា​លើក​ទី​មួយ ក្នុង​ប្រវត្តិ​របស់​ក្រុមហ៊ុន​។ BPបាន​សម្រេច​បោះទុន​ដាក់​​កញ្ចប់​ថវិកា​ ​​តម្លៃ​ជាង​១ពាន់​លានដុល្លារ​ សម្រាប់​វិនិយោគគម្រោង​សាង​សង់​កង្ហារ​ទាញ​យកថាមពល​នៅ​តាម​បណ្តោយ​សមុទ្ទ​ខាង​កើត​នៃ​សហរដ្ឋ​អាមេរិកជាមួយ​​ក្រុមហ៊ុន​ន័រវែស Equinor។ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ដ៏​ធំ​បំផុត​របស់​អង់គ្លេស បាន​ប្តូរយុទ្ធសាស្ត្រ​ងា​ក​ទៅ​ចាប់​យក​ថាមពលអគ្គិសនី​ស្អាត​ម្តង។

កង្ហារ​ទាញថាមពល​ពី​ខ្យល់នៅ​ក្នុង​សមុទ្ទ
កង្ហារ​ទាញថាមពល​ពី​ខ្យល់នៅ​ក្នុង​សមុទ្ទ DR
ផ្សាយពាណិជ្ជកម្ម

កាលពី​ខែ​សីហា​កន្លង​ទៅ​ថ្មីៗ​នេះ បន្ទាប់​ពី​បាន​រងក​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​អស់​មួយ​ត្រីមាស ដោយហេតុ​តែ​តម្លៃ​ប្រេង​ឥន្ធនៈ​លើ​ទីផ្សារដាំក្បាលចុះ​ខ្លាំង ក្រុមហ៊ុន​ BP បានកំណត់​យុទ្ធសាស្ត្រ​ថ្មី។ ក្រុមហ៊ុន​បាន​ប្រកាស​​ ថា​នឹង​លែង​ចុះ​រុករក​ប្រភព​អណ្តូង​ប្រេង​ថ្មី ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ហើយ និង​បានប្តេជ្ញា​​បង្កើន​សមត្ថភាព ​ស្វែងរក​និង​ផលិត​ថាមពល​អគ្គីសនី​ដែល​បញ្ចេញ​ឧស្ម័នពុល​កាបូនិក​ទាប​ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ (​​ឆ្នាំ​២០៣០)  ឱ្យ​២០​ដង​លើស​ពេលបច្ចុប្បន្ន។

“ការវិនិយោគក្នុង​វិស័យ​ថាមពល​ដើរ​ដោយ​ខ្យល់​នៅក្នុង​សមុទ្ទ នៅសហរដ្ឋ​អាមេរិក គឺ​ជា​ជំហាន​ទី​មួយ​ដ៏​សំខាន់​ នាំ​ឆ្ពោះ​ទៅ​សម្រេច​យុទ្ធសាស្ត្រ​ថ្មី” ! នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ BP។

តាមការពិត BP ​ងាកទៅចាប់អារម្មណ៍​លើ​វិស័យ​ថាមពល​ស្អាត និយាយ​ដោយ​ចំ​ថាមពល​ដើរ​ដោយ​ខ្យល់ តាំង​ពីយូរ​មក​ហើយ​ដែរ។ ក្រុមហ៊ុន​បាន​ចូល​រួម​ចំណែក​​វិនិយោគ​ច្រើន​មកហើយ​ការ​ទាញ​យក​ថាមពល​ដោយ​ខ្យល់​នៅ​លើ​ដី​ តែ​ថ្ងៃ​នេះ​ជា​ជា​លើក​ទី​មួយ ក្រុមហ៊ុន​ចូល​ប្រលូក​ក្នុង​គម្រោង​អេអូលីយ៉េន​ក្នុង​សមុទ្ទ។ ក្រុមហ៊ុន​អង់គ្លេស​មាន​ចំណែក​ដល់​ទៅ​៥០%​នៅ​ក្នុង​គម្រោង​ពីរ​របស់​ក្រុមហ៊ុន​អេគីណ័រ Equinor ​ន័រវែស។

ទីមួយ​គឺ​គម្រោង​ Wind Empire នៅ​តាម​បណ្តោយ​សមុទ្ទ​ញូវយ៉ក និងទីពីរ​គឺ គម្រោង​ Beacon Wind នៅតាមបណ្តោយ​ឆ្នេរ​រដ្ឋ​ម៉ាសាហ្សុសេត Massachusets។ គម្រោង​ទាំងពីរ​នេះ​ នឹង​ផ្តល់​ថាមពល​ ៤,៤ Gigawatts ដែល​អាច​ផ្តល់អគ្គីសនី​​ ដល់​ប្រជាពលរដ្ឋ​អាមេរិក​ប្រមាណ​២លាន​ផ្ទះប្រើប្រាស់។

ហេតុអ្វី​ BP ជ្រើសរើស​សហការវិនិយោគ​ជាមួយ​ក្រុមហ៊ុន​ន័រវែស ?

ធ្វើ​ជា​ដៃគូ​អេគីណ័រ Equinor ​ មិន​មែនជា​​ជម្រើសចៃដន្យ​ទេ ឬ គ្រាន់​តែ​ដើម្បី​បាន​គ្នា​សហការ​ទេ។ Equinor អេគីណ័រ​ជា​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​សាធារណៈ​ដ៏​ធំមួយ​ របស់​ន័រវែស ដែល​ពីមុន​​មាន​ឈ្មោះ​ថា Statoil។ នៅខែឧសភា​ឆ្នាំ​២០១៨ ក្រុមហ៊ុន​ន័រវែស​បាន​ប្តូរ​ឈ្មោះ​មក​ជា​ អេគីណ័រ និង​បាន​ធ្វើ​វិនិយោគ​យ៉ាង​សម្បើម​ក្រៃក្នុង​វិស័យ​ថាមពល​ដើរ​ដោយ​ខ្យល់​ រហូត​បាន​ក្លាយ​ជា​ជើង​ឯកពិភពលោក និង​នាំមុខ​គេ​បំផុត​ក្នុង​វិស័យ​នេះ។ ហើយ​បច្ចុប្បន្ន អេគីណ័រ​មាន​សមត្ថភាព​​ហៅ​ក្រុមហ៊ុន​ផ្សេងៗ​ឱ្យ​មក​ចូល​រួមវាយ​ចំណែក​​​ក្នុង​គម្រោង​ផ្សេងៗ​របស់​ខ្លួន​បាន​ទៀត។ ក្រុមហ៊ុន​កំពុង​បើក​កិច្ចចរចា​មួយ ដើម្បីចែក​​​រំលែក​ភាគហ៊ុនវិនិយោគ​​លើ​គម្រោង​សាងសង់​ កសិដ្ឋាន​កង្ហារ​អគ្គិសនី ដ៏​ធំបំផុត​មួយ​អង់គ្លេស។

ថាមពល​ខ្យល់​ក្នុង​សមុទ្ទ​ ទីផ្សារ​អនាគត

គម្រោងសង់កង្ហា​អេអូលីយ៉េន​ទាញយក​​ថាមពល​ពី​ខ្យល់នៅ​​ក្នុង​សមុទ្ទ​ កំពុង​ទាក់ទាញខ្លាំងឡើងៗក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ធំៗនៅ​លើ​ពិភលោក​។ ទីផ្សារ​នេះ​នឹង​មាន​កំណើន​ប្រមាណ​២០%​ក្នុងមួយ​ឆ្នាំៗ។ នេះ​បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​ក្រុមហ៊ុន BP។ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ធំៗ​របស់​អឺរ៉ុប បាន​ដើរ​ជួរ​មុខ​ក្នុង​ការ​ប្តូរ​ផ្លាស់​យុទ្ធសាស្ត្រ​ទៅ​រក​ថាមពល​ស្អាត និង​សកម្មខ្លាំង​ជាង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​អាមេរិក។

ក្រុមហ៊ុន​ប្រេង​ឥន្ធនៈកូនកាត់​អង់គ្លេស​ហូឡង់ Shell បាន​ទិញ​​កសិដ្ឋាន​ដាំកង្ហារ​ទាញ​ថាមពល​ ដ៏​ធំមួយ​នៅ​តាម​បណ្តោយ​ឆ្នេរ​ប្រទេស​ហូឡង់។ ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​បារាំង តូតាល់ ដែល​សកម្មខ្លាំង​រួច​ទៅ​ហើយ​ក្នុង​វិស័យ​ថាមពល​សូឡា ក៏​បាន​ធ្វើ​វិនិយោគ​ក្នុង​ផ្នែក​ថាមពលដើរ​ដោយ​ខ្យល់​នេះ នៅ​ក្នុង​សមុទ្ទ​អេកូស​ និង​ទើប​បាន​ចុះ​ហត្ថលេខា​ កាលពីពី​រ​បីថ្ងៃមុន ទទួល​វិនិយោគ​គម្រោង​​សាង​សង់​មជ្ឈមណ្ឌល​ថាមពលខ្យល់​ក្នុង​សមុទ្ទ ដោយ​ត្រូវ​កង្ហារ​បណ្តែត​ទឹ​ក ក្នុង​ទំហំ​ដ៏​មហា​សាល​បំផុត នៅ​តាម​បណ្តោយ​ឆ្នេរ​កូរ៉េខាង​ត្បូង។ ជា​គម្រោង​ថាមពល​ដែល​នឹង​ផ្តល់​អគ្គីសនីដល់​ទៅ ២​ gigawatts។ ពីមុន​មក​ បារាំង​ក៏​ធ្លាប់​ធ្វើ​វិនិយោគ​គម្រោង​ថាមពល​អេអូលីយ៉េន​ច្រើន តែ​ក្នុង​ទម្រង់​តូចៗ​ទេ។

សូម​បញ្ជាក់​ថា នៅ​អឺរ៉ុប បារាំង​ជា​មហា​អំណាច​ថាមពល​ដើរ​ដោយ​ខ្យល់​ លំដាប់​ទីបួន បន្ទាប់​ពី​ អង់គ្លេស​ អេស្ប៉ាញ និង​អាល្លឺម៉ង់។ ប៉ុន្តែ​ទោះ​បី​ជា​ ជាប់​ឈ្មោះជា​ជើង​ឯក ប្រើ​ថាមពល​ដើរ​ដោយ​នុយក្លេអ៊ែរ ដល់​ជាង​៧០% ក៏​ការ​អភិវឌ្ឍ​ថាមពលបៃតង​ និយាយ​ដោយ​ថាមពល​ដើរ​ដោយ​ខ្យល់​ បាន​កើន​ឡើង​ជា​លំដាប់​នៅ​ប្រទេស​បារាំង និង​ក្នុង​កំរិត​១១%​នៅ​ឆ្នាំ​២០១៩ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​២០១៨។​ រដ្ឋាភិបាលបារាំង​មាន​ផែនការ​ជួយ​សម្រួលសំណុំ​បែបបទ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​បារាំង​អាច​ចាប់​ផ្តើមអភិវឌ្ឍ​មជ្ឈមណ្ឌល​​ថាមពលដើរដោយ​ខ្យល់​​ ដំបូង​របស់​ខ្លួននៅ​ក្នុង​សមុទ្ទ​។ កម្មវត្ថុ បង្កើន​សមត្ថភាព​អេអូលីយ៉េន​លើ​ដីមួយ​ជា​ពីរ​​ត្រឹម​ឆ្នាំ​២០២៨ និង​មាន​ផ្តល់​ការវិនិយោគ​អេអូលីយ៉េន​ ដែលអាច​ទាញ​យក​ថាមពល​អគ្គីសនី ១ gigawatt មួយ​ឆ្នាំ​មួយៗ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ