អានតួអត្ថបទ
វ៉ាក់សាំងកូវីដ១៩

វ៉ាក់សាំង​កូវីដ១៩ ៖ លេច​សញ្ញា​​​ព្រួយ​បារម្ភ​ជុំ​វិញ​​​កង្វះ​វត្ថុធាតុដើម​សម្រាប់​ផលិត​ថ្នាំ

ធាតុ​ផ្សំ កែវ​សម្រាប់​ផលិត​កូន​ដប ប្លាស្ទិក ឬ​ឆ្នុក វត្ថុ​ធាតុ​ដើមសម្រាប់​ផលិត​ថ្នាំ​បង្ការ​ប្រឆាំង​នឹង​កូវីដ​១៩ ចាប់​ផ្តើម​អស់ ពី​ស្តុក​បណ្តើរៗ​ហើយ។ ក្រុម​អ្នក​ផលិត​និង​តំណាងតួអង្គ​​ក្នុង​វិស័យ​​ផលិតកម្មថ្នាំ​វ៉ាក់សាំង បាន​នាំ​គ្នា​សម្តែង​ក្តី​ព្រួយ​បារម្ភ នៅ​ក្នុង​អង្គប្រជុំនា​ថ្ងៃ​អង្គារ​ទី ៩ មីនា ២០២១។ អង្គប្រជុំ​បាន​បិទ​បញ្ចប់​ទៅ​ដោយ​ចេញ​សេចក្តី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​ពិភពលោក​លើក​រនាំង​ឧបសគ្គ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្មវត្ថុ​ធាតុ​ដើមចាំបាច់​ទាំង​នោះ។

លេច​សញ្ញា​កង្វះ​វត្ថុ​ធាតុដើម​ក្នុង​ការ​ផលិត​ថ្នាំ​បង្ការ​កូវីដ១៩
លេច​សញ្ញា​កង្វះ​វត្ថុ​ធាតុដើម​ក្នុង​ការ​ផលិត​ថ្នាំ​បង្ការ​កូវីដ១៩ AP
ផ្សាយពាណិជ្ជកម្ម

ដៃគូ​របស់​ប្រព័ន្ធ​ចែកចាយ​ថ្នាំ​បង្ការ​កូវីដ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​កាត់​ថា​Covax សហព័ន្ធ​អន្តរជាតិ​នៃ​ឧស្សាហកម្ម​ឱសថ(IFPMA)  ព្រមទាំង​ក្រុម​​អ្នក​ផលិត​ថ្នាំ​បង្ការធម្មតា​ក្នុង​​ប្រទេសកំពុង​អភិវឌ្ឍ អ្នក​ជំនាញ​និង​តំណាង​រដ្ឋាភិបាល​ជា​ច្រើន​បាន​ជួប​ប្រជុំ​គ្នា​តាម​អនឡាញ រយៈ​ពេលពីរ​ថ្ងៃ (ចន្ទ​និង​អង្គារទី ៨-៩មីនា២០២១)ដើម្បីពិចារណា​និង​​រក​វិធី​ផលិត​ថ្នាំ​បង្ការ​ ក្នុង​បរិមាណ​ដ៏​ច្រើនមហិមា​មិន​ធ្លាប់​មាន។

នៅ​ឆ្នាំ​២០២១នេះ​ ឧស្សាហកម្មឱសថ​គិត​ថា​ត្រូវ​​ផលិត​ថ្នាំបង្ការ​ (គ្រប់មុខ​ទាំង​អស់) ចំនួន​​ ១០​លាន​ដូស ពោល​គឺ​ពីរ​ដង​នៃ​សមត្ថភាព​ផលិត​កាលពី​ឆ្នាំ​​២០១៩។ ជា​កំណើន​ផលិតកម្ម​ដ៏ខ្លាំងក្លា​ មិន​ដែល​ធ្លាប់​ជួប​​ប្រទះសោះ។ មូលហេតុ​បណ្តាលមក​ពី​​​ជំងឺរាតត្បាត​​កូវីដ​១៩ ដែលក្នុង​រយៈ​ពេល​តែ​មួយ​ជាង​មួយ​ឆ្នាំ​បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង​២លាន​៦សែន​នាក់ បាន​បង្ខំ​ពិភពលោក​ឱ្យ​ចាំ​បាច់​ត្រូវ​មានថ្នាំ​បង្ការ។

ប៉ុន្តែ​ដើម្បី​ផលិត​ថ្នាំ​បង្ការ​បាន​ គេ​មិនមែន​ត្រូវ​ការ​តែ​ធាតុ​ផ្សំថ្នាំ​​ក្នុង​បរិមាណ​ដ៏​ច្រើន​មិន​ធ្លាប់​មាន​មួយ​មុខ​ទេ តែ​ក៏​ត្រូវ​ការ​វត្ថុធាតុ​ដើម​ផ្សេង​ទៀត​ក្នុង​បរិមាណច្រើន​លើសលុប​ជាង​មុន​ដែរ ដូច​ជា​វត្ថុធាតុ​ដើម​ជា​កែវសម្រាប់​ធ្វើ​កូន​ដប​ច្រក​ថ្នាំ ប្លាស្ទិក​ ឆ្នុក​ឬ​គំរប ។ល។ និង​។ល។ ក្រុមហ៊ុន​ផលិត​ថ្នាំបង្ការ​ចាប់ផ្តល់​សញ្ញា​​ថា​មានកង្វះ ធាតុផ្សំចាំបាច់​ ​​វត្ថុធាតុដើម​ និង​សម្ភារៈ​បរិក្ខារ​ចាំ​បាច់​ ដោយ​ដុបៗ​ហើយ។ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​បណ្តាញ​ផ្គត់ផ្គង់​​វត្ថុ​ធាតុ​ដើមទាំង​នេះ ​រង​អស្ថិរភាព និង​រអាក់រអួល​​ខ្លាំង​ នារយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះផង និង​​បណ្តាលមក​ពី​ប្រទេស​ខ្លះចង់​ដាក់​បម្រាម​ត្រួតពិនិត្យ​នាំ​ចេញ​ ដូច​​សហរដ្ឋ​អាមេរិក​ផង ទើប​ធ្វើ​ឱ្យ​ប្រព័ន្ធផ្គង់ផ្គង់​​ជួប​បញ្ហា​ខ្លាំង។ បើ​តាម​លោកស្រី​ប្រធានអង្គការ​ពាណិជ្ជកម្មពិភព​លោក​ថ្មី​ បម្រាមនាំចេញ​ត្រូវ​បាន​បន្ធូរ​បន្ថយ​ក្នុង​បរិបទ​កូវីដ១៩​នេះ តែ​នៅ​មានប្រកាន់​ខ្លាំង​ក្នុង​យ៉ា​ង​ហោច​៦០​ប្រទេស​។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ ​ ក្រៅ​អំពី​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេស​សម្រួល​ការ​ធ្វើ​ចរាចរណ៍​វត្ថុធាតុដើម​និង​កម្លាំងពលកម្ម តួអង្គ​ក្នុង​​វិស័យ​ផលិត​ថ្នាំបង្ការបាន​លើក​ទឹកចិត្ត​ឱ្យ​មានការ​ផ្ទេរ​បច្ចេកវិទ្យា និង​ដៃ​គូ​ផលិតកម្ម​រវាង​មន្ទីរពិសោធន៍​និង​អ្នកផលិត​ថ្នាំ​បង្ការ តាម​គំរូ​របស់​ក្រុមហ៊ុនAstraZeneca ​ជាមួយSerum Institute ឥណ្ឌា​។ ប៉ុន្តែ គ្មាន​ទេ​ការ​សុំ​លើក​កម្មសិទ្ធិបញ្ញា​ថ្នាំ​វ៉ាក់សាំង​ ជា​បណ្តោះអាសន្ន ដូច​សំណើ​របស់​ឥណ្ឌា​និង​អាហ្វ្រិក​ខាង​ត្បូង​ឡើយ។

លោកស្រី​Okonjo-Iweala ​ នាយិកា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកក៏​បាន​ជំរុញ​ឱ្យ​អ្នក​ផលិត​ថ្នាំ​បង្ការ​ពន្លឿន​​ផលិតកម្ម​​ថ្នាំ​នៅ​តាម​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ តាម​រយៈ​កិច្ចព្រមព្រៀង​ផ្តល់​អាជ្ញាបណ្ណ ជាជាងចំណាយ​​ពេលដ៏​យូរ​ក្នុង​ការ​ដំឡើង​រចនា​សម្ព័ន្ធ​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ