អានតួអត្ថបទ
សង្គ្រាម​អ៊ុយក្រែន

ឃុប​ឃិត​ធ្វើ​ឃាតលោក ហ្សេឡេនស្គី៖ អ៊ុយក្រែនដក​តំណែងប្រធាន​អង្គរក្សប្រធានាធិបតី

​លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បាន​ចេញ​ក្រឹត្យ​ប្រធានាធិបតី បណ្តេញ​ប្រធានអង្គភាព​​អង្គរក្ស​ការពារសន្តិសុខ​​ប្រធានាធិបតីនិង​ថ្នាក់ដឹក​នាំ​ជាន់​​ខ្ពស់​​ ចេញពីតំណែង​។ ​​ការ​ដកតំណែង​មេអង្គរក្ស​នេះ ធ្វើឡើងបន្ទាប់​ពី​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អ៊ុយក្រែន បាន​ចាប់​ខ្លួន​ឃាត់​​មន្ត្រី​ជាន់ខ្ពស់​២នាក់​ ដែល​ជាប់​សង្ស័យ​ពី​ការ​រៀបចំ​គម្រោង​ឃុប​ឃិត​​ធ្វើ​ឃាតលោក ហ្សេឡេនស្គី និង​មន្ត្រី​កំពូល​ៗ​របស់​អ៊ុយក្រែន​។​​​​

ប្រមុខរដ្ឋអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពេល​ចុះ​ត្រួត​អាវុធ​ នៅ​ខែមេសា។
ប្រមុខរដ្ឋអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ពេល​ចុះ​ត្រួត​អាវុធ​ នៅ​ខែមេសា។ via REUTERS - Ukrainian Presidential Press Ser
ផ្សាយពាណិជ្ជកម្ម

ដោយគ្មានពន្យល់​​បញ្ជាក់​មូលហេតុ​អ្វីទាំងអស់ ប្រមុខរដ្ឋអ៊ុយក្រែន លោក​ វ៉ូឡូឌីមៀរ ហ្សេឡេនស្គី ចេញក្រឹត្យ​ប្រធានាធិបតី ដកតំណែង​ប្រធាន​អង្គរក្សប្រធានាធិបតីនិងការពារសន្តិសុខថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្រឹត្យ​បញ្ចប់​មុខ​តំណែងនេះ ចុះនៅថ្ងៃទី៩ឧសភា ពោល​គឺធ្វើ​ឡើង​តែប៉ុន្មា​ន​ថ្ងៃប៉ុណ្ណោះ ក្រោយ​ពី ភ្នាក់ងារ​សន្តិសុខ​អ៊ុយក្រែន​ SBU  បាន​ចាប់ឃាត់​ខ្លួន មន្ត្រីជាន់​ខ្ពស់​ ២នាក់ បម្រើ​ការ​នៅក្នុង​អង្គភាព​​អង្គរក្សប្រធានាធិបតី។  មា​នឋានន្តរស័ក្តិកម្រិត​​ វរសេនីយ៍ឯក​ ពួក​គេទាំង​​ ២​នោះ ត្រូវ​ជាប់​​សង្ស័យ​រៀបចំ​គម្រោង​ធ្វើ​ឃាត​​​ថ្នាក់ដឹកនាំ​​កំពូល​ៗ​របស់​អ៊ុយក្រែន។

បើយោងតាម​សេចក្តីប្រកាស​ព័ត៌មានរបស់រដ្ឋ​អ៊ុយក្រែន, មន្ត្រី​ជាន់​ខ្ពស់​ទាំង២ដែលត្រូវភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អ៊ុយក្រែន ​​ចាប់ឃុំ​ខ្លួ​ននោះ​ បាន​រៀបចំ​គម្រោង​ធ្វើឃាតប្រមុខ​រដ្ឋអ៊ុយក្រែន​និងថ្នាក់ដឹកនាំ​ផ្សេងទៀត​ ដើម្បី​ជា​​អបអរ​អំណោយចំពោះ​លោក វ្ល៉ាឌីមៀរ ពូទីន ក្នុង​​ឱកាស​ដែល​​ចៅហ្វាយ​វិមាន​ក្រេមឡាំង ឡើង​កាន់អំណាច​ប្រធានាធិបតី​រុស្ស៊ី អាណត្តិ​ទី​៥​ នៅថ្ងៃទី​៧​ឧសភា​។​ ផែន​ការរបស់​ពួក​គេ គឺរៀបចំគម្រោង​ការ​ចាប់ខ្លួន​​ប្រធានាធិបតី លោក ​​ហ្សេឡេនស្គី និង​សម្លាប់រូប​លោក​ ហើយ​​និង​បំផុះ​គ្រាប់ ព្រ​មទាំង​ផ្តល់​សញ្ញា​ឲ្យ​ទ័ព​រុស្ស៊ី​ ឲ្យ​បញ្ចូន​យន្ត​ហោះ​ដ្រូន​ទម្លាក់​គ្រាប់​ ដើម្បី​សម្លាប់​កម្ទេច ​បំបាត់​ភស្តុតាង​។ ប្រតិបត្តិ​ការ​នេះ ត្រូវធ្វើ​ឲ្យ​លឿន​រហ័ស ប្រើ​​ត្រឹមតែ​២០និង​៣០នាទីតែប៉ុណ្ណោះ។​​ ដើម្បី​រៀបចំ​ផែនការនេះបាន​ ពួក​គេ​ត្រូវ​បញ្ចុះ​បញ្ចូល​ទិញ​ក្បាលពួក​​អង្គរក្ស​ផ្សេងទៀត ដែលធ្វើការ​​នៅក្បែរៗ​នឹង​​ប្រមុខ​រដ្ឋ​​ ហ្សេឡេនស្គី។

ក្នុង​ភស្តុតាងខ្សែអាត់​វីដេអូ ដែល​ភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​អ៊ុយក្រែនចាប់​បាន គឺ វរសេនីយ៍ឯក ទាំង ២ អាច​នឹង​ទទួល​បាន​លុយ​ ចន្លោះពី ៥ ម៉ឺន ទៅ​៨ ម៉ឺន​ដុល្លារ​ ចំពោះសកម្មភាព​ដ៏​​ខ្មៅងងឹត​របស់​ពួក​គេ​។  ផ្ទុយទៅវិញ គម្រោងការ​នេះ​មិន​បាន​សម្រេច ហើយពួកគេ​ត្រូវ​​ជាប់​បទប្រកាន់​ពីបទ​ប្រព្រឹត្តអំពើ​ក្បត់ជាតិ និង​ប្រព្រឹត្ត​អំពើ​ភេរវកម្ម​ ដែល​អាច​នឹង​ត្រូវ​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​។​

ចាប់​តាំងពី​ផ្ទុះ​សង្គ្រាម​ឈ្លានពាន​រុស្ស៊ីនៅ​អ៊ុយក្រែន​ នាដើម​ឆ្នាំ​២០២២ រដ្ឋបាល​ទីក្រុងគៀវ​បញ្ជាក់ថា​ ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​​ថ្នាក់ដឹកនាំ​អ៊ុយក្រែន មាន​ជាច្រើន​លើក​រួច​មកហើយ។ ​​ខែមុន​នេះ បុរសម្នាក់​បាន​ជួយ​ចូល​ដៃ​ជាមួយ​ភ្នាក់ងារ​ស៊ើបការ​ណ៍​សម្ងាត់​រុស្ស៊ី ដើម្បីវាយប្រហារ​សម្លាប់​លោក​ ហ្សេឡេនស្គី តែត្រូវ​នគរបាល​ប៉ូឡូញ​និងអ៊ុយក្រែន សហការ​ចាប់ខ្លួន​នៅប្រទេស​​ប៉ូឡូញ។​ ព្រឹត្តិការណ៍​ទាំងលើកមុន​និងលើកនេះ ត្រូវវិមាន​ក្រេមឡាំង របស់រុស្ស៊ី ​បដិសេធ​ទាត់​ចោល ថា​គ្មាន​ពាក់ព័ន្ធ​នឹងខ្លួន​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ