អានតួអត្ថបទ
ឥណ្ឌា-ស្រីលង្កា-ចិន

ឥណ្ឌា​-ស្រីលង្កា​ ស្វះស្វែង​បង្កើន​ទំនាក់ទំនង​យោធា​កាន់តែ​ជិតស្និទ្ធនឹងគ្នា​ដើម្បី​ប្រឆាំងទល់​នឹងចិន​

បន្ទាប់ពីជជែកពិភាក្សាជាមួយគ្នារួចមកប្រទេសស្រីលង្កា និងឥណ្ឌា បានប្តេជ្ញាថានឹងពង្រឹង ព្រមទាំងពង្រីកនូវទំនាក់ទំនងយោធានឹងគ្នាឱ្យកាន់តែប្រសើរទ្វេឡើង។ នេះ គឺការប្រកាសឲ្យដឹងពីខាងការិយាល័យប្រធានាធិបតីស្រីលង្កា នៅថ្ងៃអាទិត្យ ទី១៩មករានេះ។ ការខិតចូលគ្នាកាន់តែខ្លាំងបែបនេះ រវាងប្រទេសជិតខាងទាំងពីរ ត្រូវគេដឹងថាធ្វើឡើងដើម្បីប្រឆាំងទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើងខ្លាំងនៅក្នុងតំបន់។

បុរសម្នាក់បើកម៉ូតូឆ្លងកាត់ផ្ទាំងរូបភាពរបស់នាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។
បុរសម្នាក់បើកម៉ូតូឆ្លងកាត់ផ្ទាំងរូបភាពរបស់នាយករដ្ឋមន្ត្រីឥណ្ឌាណារិនដ្រា ម៉ូឌី និងលោកស៊ី ជីនពីង ប្រធានាធិបតីចិន។ ARUN SANKAR / AFP
ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា នៅមួយរយៈពេលចុងក្រោយនេះ បានខិតខំយ៉ាងខ្លាំងក្នុងការពង្រីកទំនាក់របស់ខ្លួន ជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសដទៃទៀតនៅក្នុងតំបន់ ដើម្បីខ្ទប់ការលេចត្រដែតកាន់តែខ្លាំងឡើងរបស់ចិន។

ជាក់ស្តែង ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌាលោកអាជីត ដូវ៉ាល់ (Ajit Doval) បានទៅជួបពិភាក្សា ជាមួយនឹងប្រធានាធិបតីទើបជាប់តំណែងថ្មោងថ្មីស្រីលង្កាលោក ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ​ (Gotabaya Rajapaksa) កាលពីថ្ងៃសៅរ៍ម្សិលមិញ។ នេះ បើតាមការឱ្យដឹងរបស់មន្ត្រីរដ្ឋាភិបាលស្រីលង្កា តាមរយៈសេចក្តីថ្លែងការណ៍មួយ។

ស្រីលង្កា មិនបានបញ្ជាក់ប្រាប់លម្អិតនោះទេ ថាតើប្រមុខរដ្ឋាភិបាលរបស់ខ្លួន បានជជែកអំពីប្រធានបទអ្វីខ្លះ ជាមួយនឹងសមភាគីឥណ្ឌា។ តែស្រីលង្កា គ្រាន់តែប្រាប់ថា ប្រទេសជិតខាងទាំងពីរ បានពិភាក្សាគ្នាអំពី ការរឹតចំណងទាក់ទងផ្នែកយោធា និងការពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខតាមផ្លូវសមុទ្រ។

គួរជម្រាបជូនថា ស្រីលង្កា គឺជាសម្ព័ន្ធមិត្តរបស់ប្រទេសឥណ្ឌា តាំងពីយូរយារណាស់មកហើយ។ ក៏ប៉ុន្តែ ទំនាក់ទំនងរវាង ប្រទេសស្រីលង្កា ជាមួយនឹងចិនដែលជាគូបដិបក្ខរបស់ឥណ្ឌាក៏មានភាពស្និទ្ធស្នាលនឹងគ្នាខ្លាំងណាស់ដែរ។

ចិន បានចូលទៅវិនិយោគនិងផ្តល់ប្រាក់កម្ចីជាច្រើនរយលានដុល្លារ ឱ្យទៅស្រីលង្កា ជាពិសេស នៅក្នុងសម័យគ្រប់គ្រងរដ្ឋ របស់អតីតប្រធានាធិបតីស្រីលង្កាមុន។ ក្រៅពីនេះ ប្រទេសចិនដែលជាគូប្រជែងក្នុងតំបន់ដ៏យូរអង្វែងរបស់ឥណ្ឌាបាននិងកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនផងដែរតាមរយៈការកសាងកំពង់ផែ និងការធ្វើឱ្យប្រសើរនូវព្រលានយន្តហោះក្នុងប្រទេសស្រីលង្កានិងម៉ាល់ឌីវជាដើម។

ដោយមើលឃើញថាប្រទេសមានអំណាចកំពុងប្រឹងជែងគ្នាដណ្តើមឥទ្ធិពលនៅក្នុងតំបន់ ប្រធានាធិបតីស្រីលង្កា កាលពេលថ្មីៗនេះ បានគំរាម ឥណ្ឌានិងប្រទេសលោកខាងលិចថា ស្រីលង្កានឹងត្រូវបង្ខំចិត្តស្វែងរកប្រភពថវិកា ពីប្រទេសចិនបន្ថែមទៀត ប្រសិនណាបើប្រទេសទាំងនោះ នៅតែមិនចូលមកវិនិយោគនៅស្រីលង្កានោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ