អានតួអត្ថបទ
កម្ពុជា

អ្នក​ច្បាប់​យល់​ឃើញ​ផ្សេង​គ្នា​ចំពោះ​ការ​សាក​សួរ​លោក សម រង្ស៊ីតាម Skype

នៅ​ថ្ងៃ​នេះ គឺ​ជា​ថ្ងៃ​កំណត់​ដែល​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ឲ្យ​លោក សម រង្ស៊ី ចូល​ខ្លួន​ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញាសាក​សួរ​ជុំវិញ​ដំណើរ​រឿង​បរិហាកេរ្តិ៍​លោក ហេង សំរិន។ លោក សម រង្ស៊ី មិន​បាន​ចូល​ខ្លួន​មក​ផ្ទាល់​ទេ តែ​បាន​ស្នើ​សុំ​ឲ្យ​មាន​ការ​សាក​សួរ​ តាម​ប្រព័ន្ធ​ទំនាក់​ទំនង​Skype។ សំណើ​នេះ​ត្រូវ​បាន​បដិសេធ​ដោយ ប្រធាន​សាលា​ដំបូង​រាជ ធានី​ភ្នំពេញ។ ប៉ុន្តែ​អ្នក​ច្បាប់​យល់​ផ្សេង​ៗ​គ្នា​ចំពោះ​រឿង​នេះ។

លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​
លោកសម រង្ស៊ី​ ដែល​កំពុង​ស្ថិតនៅ​ឯបរទេស​ @Sam Rainsy Facebook
ផ្សាយពាណិជ្ជកម្ម

លោក ហុង គឹមសួន នាយក​ស្តីទី​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា និង​ជា​មេធាវី​ដើម​បណ្តឹង​រដ្ឋប្បវេណី នៅ​សាលាក្តី​ខ្មែរ​ក្រហម បាន​លើក​ឡើង​ថា ការ​សាកសួរ​ជន​ណា​ម្នាក់​ដោយ​តំណាង​អយ្យការ​តាម​រយៈ ប្រព័ន្ធ​ទំនាក់​ទំនង​Skype មិន​មាន​ចែង​ក្នុង​ច្បាប់​នោះ​ទេ។ លោក​បន្ត​ថា ការ​សាក​សួរ​តាម​ប្រព័ន្ធ​អ៊ីនធើណិត​នេះ អាច​ប៉ះពាល់​ដល់​ការ​រក្សា​ការ​សម្ងាត់ នៅ​ក្នុង​សំណុំ​រឿង​ផង​ដែរ ព្រោះ​ប្រព័ន្ធ​នេះ​ងាយ​ស្រួល​ក្នុង​ការ​លប​ស្តាប់ ឬ​ថត​សម្លេង។

លោក​ថា នៅ​សាលាក្តី​ខ្មែរ​ក្រហម​ឯ​ណោះ​វិញ ការ​សាកសួរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​Skype ឬ អ៊ិនធើណិត មាន​តែ​នៅ​ក្នុង​ដំណាក់​កាល​សវនាការ​តែ​ប៉ុណ្ណោះ ហើយ​ចៅក្រម​គឺ​ជា​អ្នក​សាកសួរ សាក្សី​ដែល​មិន​អាច​មក​ចូលរួម​សវនាការ​បាន។

ដោយ​ឡែក លោក នី ចាន់ឌី មេធាវី នៃ​ក្រុម​មេធាវី Legal Town Law Groupនិយាយ​ថា ថ្វី​ត្បិត​ តែ​ច្បាប់​មិន​មាន​ចែង​ពី​ការ​សាកសួរ​ជន​ណា​ម្នាក់​តាម​រយៈ​ប្រព័ន្ធ​ទំនាក់​ទំនង​Skype ឬ​អ៊ីន​ធើ​ណិត តែ​តុលាការ​មាន​សិទ្ធិ​សម្រេច ប្រសិន​បើ​តុលាការ​យល់​ឃើញ​ថា ជន​នោះ​គឺ​ជា​ជន​សំខាន់​មិន​អាច​ខ្វះ​បាន នៅ​ក្នុង​សំណុំ​រឿង​ណា​មួយ។ ប៉ុន្តែ​លោក​ថា ជន​ដែល​ត្រូវ​កោះ​ហៅ ​គប្បី​ចូល​ខ្លួន​មក​ឆ្លើយ​បំភ្លឺ​ដោយ​ផ្ទាល់ នៅ​មុន​ពេល​ដែល​អយ្យការ​អម​សាលា​ដំបូង ចាត់​វិធាន​ការ តាម​នីតិវិធី​ជា​បន្ត​ទៀត។

ជុំវិញ​រឿង​នេះ​ដែរ លោក ឡោ ជុនធី មេធាវី​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា និយាយ​ថា​ ដោយ​សារ​តែ​បច្ចេក​វិទ្យា​មាន​ការ​រីក​ចម្រើន តុលាការ​គួរ​សម្រប​សម្រួល​ឲ្យ​មាន​ការ​សាក​សួរ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​Skype ក្នុង​ករណី​លោក សម រង្ស៊ី នេះ។ លោក​បន្ត​ថា តុលាការ​អាច​ចាត់​មន្ត្រី​ណា​ម្នាក់ ឲ្យ​ទៅ​អម​លោក សម រង្ស៊ី នៅ​ទី​ដែល​លោក​កំពុង​ផ្តល់​ចម្លើយ​ដើម្បី​អោយ​ការ​ឆ្លើយ​ឆ្លង​មាន​ភាព​ត្រឹមត្រូវ​និង​អាច​ទទួល​យក​បាន។

សូម​បញ្ជាក់​ថា ទាក់​ទង​នឹង​ការ​កោះ​ហៅ​នេះ ​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ​នោះ​ជា​រឿង​នយោបាយ​សុទ្ធសាធ។ លោក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​ត​តាំង​តាម​ផ្លូវ​ច្បាប់​នោះទេ ហើយ គណបក្ស​នឹង​រក​ច្រកចេញ​តាម​រយៈ​ដំណោះ​ស្រាយ​​នយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ