អានតួអត្ថបទ
កម្ពុជា

សេចក្តី​ព្រាង​ច្បាប់​បឋម​ស្តី​ពី​គ.ជ.ប​ ៧​ជំពូក​និង​៦៦​មាត្រា​បាន​បញ្ចប់​ តែ​នៅ​ខ្វែង​គ្នា​លើ​ខ្លឹមសារ

សេចក្តី​ព្រាង​ច្បាប់​បឋម​ស្តី​ពី​ការ​រៀប​ចំ​និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​គ.ជ.ប​បាន​បញ្ចប់​ហើយ ​ក្រោយ​ពី​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រួត​ពិនិត្យ​រួច​រាល់​ នៅ​ក្នុង​កិច្ច​ពិភាក្សា​កាល​ពី​ថ្ងៃ​ចន្ទ​ ក៍​ប៉ុន្តែ​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ ​នៅ​មាន​ចំណុច​ខ្វែង​មួយ​ចំនួន។​ ចំណុច​ខ្វែង​គំនិត​គ្នា​ នឹង​ត្រូវ​ដាក់​ទៅ​ក្នុង​កិច្ច​ពិភាក្សា​ថ្នាក់​កំពូល​សម្រេច​នៅ​ពេល​ខាង​មុខ​នេះ។​

ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នាពេលកន្លងមក។
ការ​ប្រជុំ រវាង គ.ជ.ប និងគណបក្សនយោបាយ នាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សេចក្តីព្រាងច្បាប់​បឋម ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប នេះ មាន៧ជំពូក និង៦៦មាត្រា ត្រូវបាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ តាក់តែង​រួចរាល់​ហើយ ក្រោយពី​ភាគី​ទាំងពីរ​បានដាក់​សំណើររៀងៗខ្លួន។ ប៉ុន្តែ​សេចក្តីព្រាងច្បាប់​បឋម​នេះ មិនទាន់​ចាប់​ជា​ស្ថាពរ​នៅឡើយ​ទេ ដោយ​ភាគី​ទាំងពីរ នៅ​មិនទាន់​ឯកភាពគ្នា​លើ​ខ្លឹមសារ​មួយចំនួន។ នេះ​បើតាម​ការបញ្ជាក់​ពី កញ្ញា កឹម មនោ​វិទ្យា សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមការងារ​កំណែរ​ទម្រង់ គជប ខាង​គណបក្ស​សង្គ្រោះ​ជាតិ។

កញ្ញា កឹម មនោ​វិទ្យា ដែលជា​កូនស្រី​របស់លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​ផង​នោះ បានអោយដឹងថា ចំណុច​ខ្វែងគ្នា​លើ​ខ្លឹមសារ​ទាំងនោះ នឹងត្រូវ​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ​កំពូល​ធ្វើការ​សម្រេច​នៅពេល​ខាងមុខ ហើយ​នៅ​ថ្ងៃទី១០វិច្ឆិការ​ខាងមុខ ភាគី​ទាំងពីរ​នឹង​ជួប​ពិភាក្សាគ្នា ម្តងទៀត ដើម្បី​ធ្វើការ​សំអាត​ទៅលើ​ខ្លឹមសារ​មួយចំនួន ដែល​មិនទាន់​ឯកភាពគ្នា។

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃ​ចន្ទ​ទី២៧តុលា ភាគី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក គួ​យ ប៊ុន​រឿន និង​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក ប៊ិន ឈិន បានបញ្ចប់​សេចក្តីព្រាង​ច្បាប់​បឋម​នេះ ដោយ​ផ្អែកលើ​គោលការណ៍​បី, ទី១ លើ​កិច្ច​ព្រមព្រៀង​កាលពី​ថ្អៃ​ទី២២កក្កដា ទី២ ផ្អែកលើ​ច្បាប់រដ្ឋធម្មនុញ្ញ​កម្ពុជា និង​ទី៣ ផ្អែកលើ មូលដ្ឋាន​ច្បាប់បោះឆ្នោត​ចាស់។

យ៉ាងណា​ក៍ដោយ កញ្ញា កឹម មនោ​វិទ្យា មិនបាន​បញ្ជាក់​ទេ​ថា អ្វី​ជា​ចំណុច​ខ្វែងគំនិត​គ្នា​សំខាន់​​នោះទេ ប៉ុន្តែ​នៅក្រោយ​កិច្ចពិភាក្សា​រវាង​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ កាលពី​ថ្ងៃ​ចន្ទ ទី២៧តុលា  បញ្ហា​សញ្ជាតិ ការកំរិត​អាយុ ការសិក្សា និង​បទពិសោធន៍​ការងារ​របស់​អគ្គលេខា​ធិ​ការ និង​អគ្គលេខាធិការរង គជប គឺជា​រឿង​សំខាន់។

បើតាម​កញ្ញា កឹម មនោ​វិទ្យា ក្រោយពី​ភាគី​ទាំងពីរ​ឯកភាពគ្នា​ទាំងស្រុង​លើ​សេចក្តីព្រាង​ច្បាប់​បឋម​នេះហើយ សេចក្តីព្រាងច្បាប់​នេះ នឹង​បន្ត​លើក​យកទៅ​ពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​បន្តទៀត មុនពេល​បញ្ជូនទៅអោយ​រដ្ឋសភា ដើម្បី​ធ្វើការ​ពិភាក្សា​និង​អនុម័ត ចេញ​ជា​ច្បាប់​ពេញលេញ​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ