អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

១០ឆ្នាំ​មុន ចិន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មក​ទល់សប្តាហ៍​នេះ មាន​រយៈពេល​ដប់​ឆ្នាំ​ហើយ​ដែល​ប្រទេស​ចិន​បាន​ចូល​ជា​សមាជិក​នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ នៅ​លើ​ទិដ្ឋ​ភាព​សេដ្ឋកិច្ច ព្រឹត្តិការណ៍​នេះមាន​អត្ថន័យ​ធំធេងសម្រាប់​​ប្រវត្តិ​សាស្ត្រ​​ពិភពលោក​សតវត្សរ៍​ទី​២១ ពីព្រោះ​វា​បាន​ជួយ​ចិន​ឲ្យ​ក្លាយ​កាន់តែ​រហ័ស​ទៅជា​មហា​យក្ស​សេដ្ឋកិច្ច​ បាន​ជួយ​ចិន​ឲ្យ​លេច​ត្រដែត​ឡើង​កាន់តែ​លឿន​នៅលើ ឆាក​អន្តរជាតិ។ ទន្ទឹមនេះ គេ​ក៏​ត្រូវ​ដឹង​ដែរ​ថា ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​ចិន បាន​ធ្វើ​ឲ្យ​មហា​ប្រទេស​អាស៊ី​មួយ​នេះ​ក្លាយ​ជា​គូប្រជែង​ពាណិជ្ជកម្ម​មួយ​ដ៏​ខ្លាំង​របស់​លោក​ខាង​លិច រហូត​ដល់​បាន​បណ្តាល​ឲ្យ​សេដ្ឋកិច្ច​ធំៗ​នៅ​បស្ចិមលោក ដូច​ជា​អាមេរិក​និង​អឺរ៉ុប​បាន​និង​កំពុង​បន្ត​ដាំ​ក្បាល​ចុះ។

ចិន​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពីថ្ងៃ​ទី១១ ធ្នូ ២០០១
ចិន​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កាលពីថ្ងៃ​ទី១១ ធ្នូ ២០០១
ផ្សាយពាណិជ្ជកម្ម

 

កាល​ពី​ដប់​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃទី១១ធ្នូ​ឆ្នាំ​២០០១  ចិន​បាន​ក្លាយ​ជា​សមាជិក​របស់​អង្គការ ពាណិជ្ជកម្ម​ពិភព​លោក​ បាន​ន័យ​ថា តាំងពី​ពេលនោះ​មក គ្មាន​ទៀត​ឡើយ​របាំង​គយ នៅ​ក្នុង​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប ក៏​ដូចជា​រវាង​ចិន​និង​សហរដ្ឋអាមេរិកដែរ​។

គេ​នៅ​ចាំ​បាន​ថា កាល​ណោះ អ្នក​ដឹក​នាំ​សំខាន់ៗ​នៅ​ក្នុង​លោក ជាពិសេស​អ្នក​ដឹក​នាំ​លោក​ខាង​លិច​បាន​ហៅ​ការ​ចូល​ជា​សមាជិក​របស់​ចិន​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ថា​ជា​”ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​" ពីព្រោះ​ពួក​គេ​មាន​ជំនឿ​ថា មហា​យក្ស​ចិន​និង​ទីផ្សារ​ដ៏​ធំធេង​របស់​ប្រទេស​នេះ​នឹង​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ឲ្យទៅ​មុខ​បាន​លឿន ជាអាទិ៍ តាម​រយៈ​ការ​ជួយ​បង្កើត​ការងារ​ច្រើន​សន្ធឹក​សន្ធាប់ ទាំង​នៅ​អាមេរិក ទាំងនៅ​អឺរ៉ុបនិង​ទាំង​នៅ​ប្រទេស​ចិន​ផ្ទាល់​។

គេ​នៅ​ចាំ​បាន​ដែរ​ថា កាល​ណោះ គឺ​សហរដ្ឋអាមេរិក​តែ​ម្តង​ដែល​ជា​អ្នក​បាន​ជួយជំរុញ​ប្រទេស​ចិន​ខ្លាំង​ជាង​គេ​ឲ្យ​ក្លាយ​ជា​សមាជិក​របស់​អង្គ​ការ​ពាណិជ្ជ​កម្ម​ពិភពលោក ពីព្រោះ​កាល​ណោះ​ទីក្រុង​វ៉ាស៊ីនតោន​សង្ឃឹម​ថា ប្រសិន​បើ​ចិន​អាច​អភិវឌ្ឍ​​លឿន ​ចិន​នឹង​ក្លាយទៅ ជា​ប្រទេស​ប្រ​ជា​ធិបតេយ្យ​មួយ​ជា​មិន​ខាន​ឡើយ នឹង​ក្លាយ​ទៅ​ជា​មិត្ត​របស់​លោក​ខាងលិច។ ​

គេ​ក៏​នៅ​ចាំ​បានទៀត​ថា​កាល​ណោះ​ប្រទេស​ចិន​ខ្លួន​ឯង​ក៏​អន្ទះអន្ទែង​ចង់​ក្លាយ​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែរ ពីព្រោះ​សម្រាប់​ទីក្រុង​ប៉េកាំង ការ​ដែល​ចិន​អាច​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​គឺជា​សមិទ្ធផល​ចុងក្រោយ​នៃ​កំណែ​ទម្រង់​​សេដ្ឋកិច្ច​ដែល​ប្រទេស​ចិន​បាន​ផ្តើម​អនុវត្ត​តាំងពី​ចុង​ទសវត្សរ៍​ទី​៧០ ក្រោម​ការដឹកនាំ របស់​លោក​តេង សៀវ​ពីង (Deng Xiaoping) ។ និយាយ​បែប​ផ្សេងវា​គឺជា​សុបិន​ដែល​ក្លាយ​ជា​ការ​ពិត ដ្បិត​នៅ​ទីបំផុត​ជា​គោលការណ៍ ពិភពលោក​បាន​ទទួល​ស្គាល់​ថា ប្រទេស​ចិន​កុម្មុយនិស្ត​ជា​សេដ្ឋកិច្ច​ទីផ្សារ។

យ៉ាង​ណា​ក៏​ដោយ ១០​ឆ្នាំ​ក្រោយ​មក ១០​ឆ្នាំ​ក្រោយ​ពី​ចិន​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក គេ​ត្រូវ​តែ​ទទួល​ស្គាល់​ថា បស្ចិម​ប្រទេស​បាន​និង​កំពុង​ចាញ់​ប្រៀប​ចិន​ខ្លាំង​ណាស់ នៅក្នុង​សង្គ្រាម​​ពាណិជ្ជកម្ម។

ជា​ការពិត​ណាស់​ដែល​ថា ថ្នាក់​ដឹកនាំ​ទីក្រុង​ប៉េកាំង បាន​បំពេញ​លក្ខខណ្ឌ​ទាំង​អម្បាលម៉ាន​ដែល​ទាមទារ​ដោយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូចជាការបញ្ចុះ​ពន្ធគយ ការបើកទ្វារ​ចំហ​ទទួលឲ្យបរទេសដាក់​ទុនវិនិយោគ​នៅ​ក្នុង​ប្រទេស​ចិន និង​ទទួល​ផលិតផល​មកពី​ក្រៅ​ប្រទេស​ជា​ដើម។ ក៏​ប៉ុន្តែ​សម្រេចសម្រួច​ទៅ ផលិត​​ផល​របស់​ចិន​ដែលមាន​តម្លៃ​ថោក​បាន​និង​កំពុង​បន្ត​ហូរ​ចូល​យ៉ាង​គគ្រឹក​គគ្រេង​ទៅ​ក្នុង​ទីផ្សារ​បស្ចិមប្រទេស​។ ផ្ទុយ​ទៅ​វិញ ផលិតផល​ពី​បស្ចិម​ប្រទេស​ដែល​មាន​តម្លៃ​ខ្ពស់​មិន​អាច​ហូរ​ចូលទៅ​ក្នុង​ប្រទេស​ចិន​បាន ឡើយ​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​ធំៗ​របស់អាមេរិកនិងរបស់អឺរ៉ុបបាន​នាំគ្នា​ទៅ ផលិត​នៅ​ស្រុក​ចិន រួច​ហើយ​ដឹក​ផលិតផល​​មក​លក់​នៅ​អាមេរិក​និង​នៅ​អឺរ៉ុប​វិញ​។ ​

ម្ល៉ោះ​ហើយ នៅ​ទី​បំផុត ក្នុង​រយៈ​ពេល​១០​​ឆ្នាំ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់​តាំង​ពី​ចិន​បាន​ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​​មក សហរដ្ឋអាមេរិក​បាន​បាត់បង់​ការងារ​អស់១​ភាគ​៣ នៅក្នុង​វិស័យ​ឧស្សាហកម្ម​។ រីឯ​ឧុនភាព​នៃ​ជញ្ជីង​ពាណិជ្ជ​កម្ម​របស់​​អាមេរិក​នៅ​ចំពោះមុខ​ប្រ​ទេស​​ចិន​​វិញ បាន​កើន​ពី​៨​ម៉ឺន​៣​ពាន់​លាន​ដុល្លា​រទៅ​ដល់​២០​ម៉ឺន​លាន​ដុល្លារ​ឯណោះ​។

ទន្ទឹម​នេះ ទីក្រុង​ប៉េកាំ​ង​បែរ​ជា​នៅ​លួច​បន្ត​អនុវត្ត​ក្រឹត្យក្រម​ខ្លះៗ​នៃ​សេដ្ឋកិច្ច​ផែនការ ជា​អាទិ៍ តាម​រយៈ​ការ​ទប់​លុយ​យ័ន​ឲ្យ​នៅ​ទាប​ថេរ​ជាប់​ជានិច្ច​ជាង​លុយ​ដុល្លារ ដើម្បី​អាច​បន្ត​លក់​ផលិតផល​ចិន​ក្នុង​តម្លៃ​ថោក​ជាង​ផលិតផល​របស់​ប្រទេស​គូប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ និង​តាម​រយៈ​ការ​ជួយ​បំប៉ន​បណ្តា​ក្រុមហ៊ុន​រដ្ឋ​នៅ​ក្នុង​ប្រទេស​។ ជាក់ស្តែង គម្រោង​វិនិយោគ​​ធំៗ​ដែល​ឋិត​នៅក្នុង​ក្របខ័ណ្ឌ​នៃ​វិធានការ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ដើម្បី​ទប់ទល់​នឹង​វិបត្តិ​សកល​ឆ្នាំ​២០០៨ សុទ្ធតែ​ត្រូវបាន​ផ្តល់​ទៅឲ្យ​ក្រុមហ៊ុន​រដ្ឋ ដោយ​គ្មាន​ការដេញថ្លៃ​។ ចំណែកឯក្រុមហ៊ុន​បរទេស​នៅ​ក្នុង​ស្រុក​ក៏​ដូច​ក្រុមហ៊ុន​ឯកជន​ចិន​ដែរ គ្មាន​សិទ្ធិ​ប្រកួត ប្រជែង​នឹង​ក្រុមហ៊ុន​រដ្ឋ​ទាំងនោះ​ឡើយ​។

លើស​ពី​នេះ ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​ទាំងនោះ​បាន​ឆ្លៀត​ដណ្តើម​យក​បាន​គម្រោង​វិនិយោគ​ធំៗ​នៅ​ឯ​បរទេស​ថែមទៀតផង ​តាមរយៈ​ការ​ដេញ​ថ្លៃ​។ នេះ​ជា​ហេតុ​ធ្វើឲ្យ​ក្រុមហ៊ុន​រដ្ឋ​របស់​ចិន​បាននិ​ង​កំពុង​បន្ត​សម្រុកចូល​មក​អឺរ៉ុប​ខាង​កើត និង​អឺរ៉ុប​ខាងលិច​ជា​ហូ​ហែរ​។
 

និយាយរួម នារយៈពេល១០​ឆ្នាំ​ចុងក្រោយ​នេះ ចិន​បាន​វាយ​បំបាក់​សហរដ្ឋអាមេរិក​និង​អឺរ៉ុប នៅ​លើ​សមរភូមិ​ពាណិជ្ជកម្ម​អន្តរជាតិ ដោយ​ទាញ​បាន​ផល​ចំណេញ​មិន​តិច​ទេ​ពី​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រហូត​ដល់​បាន​ក្លាយទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​ពីរ និង​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ខាង​ការនាំ​ទំនិញ​ទៅ​ក្រៅ​ប្រទេស​។ មិន​តែ​ប៉ុណ្ណោះ ផ្ទុយ​ពី​ក្តី​សុបិន​របស់​សហរដ្ឋ​អាមេរិក ប្រទេសចិន​នៅ​តែ​ជា​របប​កុម្មុយនិស្ត​ផ្តាច់​ការ​ដែល​មិនមែន​ជា​មិត្ត​ តែ​ជា​គូ​ប្រជែង​នយោបាយ និង យោធា​ប្រកប​ទៅ​ដោយ​ឥទ្ធិពល​របស់​បស្ចិមលោក។ ទាំង​អស់​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អឺរ៉ុប​និង​អាមេរិក​ភ្លឺ​ភ្នែក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ