អានតួអត្ថបទ
កម្ពុជា

បុណ្យ១០០ថ្ងៃលោកកែម ឡី គ្រោងធ្វើឡើងនៅថ្ងៃទី១៤-១៧ខែតុលា

សមាជិក​​គណៈកម្មការ​​រៀប​ចំ​​បុណ្យ​សព​​ និង​ប្អូន​ប្រុស​លោក​បណ្ឌិត​កែម ​ឡី​​ បាន​ឲ្យ​ដឹង​ថា​ពិធី​បុណ្យ​១០០​ថ្ងៃ លោក​បណ្ឌិត​កែម ​ឡី ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៤​ ដល់​ថ្ងៃទី១៧ ​ខែតុលា។​ ពីធី​បុណ្យ​១០០ថ្ងៃ​នេះ ​នឹង​ធ្វើ​ឡើង​ក្នុង​រាជ​ធានី​ភ្នំពេញ ​និង​ក្នុង​ខេត្ត​តាកែវ​​ ដែល​ជា​ស្រុក​កំណើត​របស់​លោក​កែម ​ ឡី​។  

រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​
រូបថត​លោក ​កែម ឡី ​ក្នុង​ពិធី​បុណ្យ​សព​របស់​លោក ​ដែល​មាន​ប្រជាពលរដ្ឋ​ជិត​ឆ្ងាយ​ បាន​ចូល​រួមយ៉ា​ង​កុះករ​។​ @Heam Chetra
ផ្សាយពាណិជ្ជកម្ម

លោកប៉ា ងួន​ទៀង ​សមា​ជិក​គណៈកម្មការ​រៀប​ចំបុណ្យ​សព​លោក​បណ្ឌិត​កែម​​ ​ឡី​បាន​ឲ្យ​ដឹង​ថា​ពីធី​បុណ្យខួប​គំរប់​១០០ថ្ងៃ​របស់​លោក​បណ្ឌិត​កែម​​ ឡី ​ធ្វើ​ឡើង​រយៈ​ពេល​៤ថ្ងៃ ​ចាប់​ពី​ថ្ងៃទី១៤ ​ដល់​ថ្ងៃទី១​៧ ​ខែ​តុលា។ យ៉ាង​ណាមិញ​​ លោក​ ងួន​ទៀង ​មិន​អាច​បញ្ជាក់​ថា​ពិធី​បុណ្យនេះ ​នឹង​គ្រោង​ធ្វើ​នៅ​រាជធានី​ភ្នំពេញ ​ឬ​នៅ​ខេត្តតែកែវ​នោះ​ទេ។​

 
ប៉ុន្តែលោកកែម រិទ្ធិសិត ជា​ប្អូន​ប្រុស​លោក​កែម ​ឡី ​និង​ជា​តំណាង​គ្រួសារ​សព​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ​ពិធី​បុណ្យ​១០០ថ្ងៃ​របស់​លោក​បណ្ឌិត​កែម​ ឡី ​នឹង​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ ២​ថ្ងៃកន្លះ ​ហើយ​មកធ្វើ​នៅ​ខេត្តតាកែវ​ជា​កិច្ច​បញ្ចប់​បុណ្យ។​ លោក​បញ្ជាក់​ថា​ការ​ធ្វើពីធី​បុណ្យ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោ​យសារតែ​មាន​រូបសំណាក់​របស់​គាត់ ​ដែល​ត្រូវ​រៀប​ចំ​ដូច​ពិធី​អភិសេក ​នៅថ្ងៃទី១៤ ​និង​ថ្ងៃទី១៥​ ខែ​តុលា។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា ​រូប​សំណាក់​របស់​លោក​កែម ឡី ​នឹង​ត្រូវ​ហែ​ចេញ​ពីរាជធានី​ភ្នំពេញ ​នៅ​វេលា​ម៉ោង៧ព្រឹក​ ថ្ងៃទី១៦ ​ខែតុលា ហើ​យ​ពីធី​បុណ្យ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី១៧ ខែតុលា ​ក្នុង​ខេត្តតាកែវ​ ជា​ស្រុក​កំណើត​របស់លោក​កែម ឡី​។ យ៉ាង​ណាមិញ ​លោក​បញ្ជាក់​ថា​លោក​​មិន​​បាន​ចាត់​ចែង​កម្ម​វិធី​បុណ្យ​១០០ថ្ងៃនេះ​ទេ ​ដោយប្រគល់​សិទ្ធិ​ឲ្យ​គណៈកម្មការ​រៀប​ចំបុណ្យស​ព ហើយ​រូប​លោក​គ្រាន់​តែ​ចាំ​ទទួល​ភ្ញៀវ​តែ​ប៉ុណ្ណោះ។​

សូម​បញ្ជាក់​ថា ​លោកែ​ម ឡី​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​នៅ​ក្នុង​ម៉ាត​នៃ​ស្ថានីយ​ប្រេង​ស្តុបបូកគោ វេលាម៉ោង ៨និង៤០​នាទី​ព្រឹក ​ថ្ងៃទី១០​ ខែ​កក្កដា ​ហើយ​សព​របស់​លោក​បាន​តម្កល់​ទុក​នៅ​វត្ត​ចាស់​ក្នុង​រាជ​ធានី​ភ្នំពេញ​។ នៅថ្ងៃទី​២៤​ ខែ​កក្កដា ​សព​លោក​កែម​ ឡី​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​នៅ​ស្រុក​កំណើត​របស់​លោក​ក្នុងខេត្ត​តាកែវ​។

ជុំវិញព័ត៌មាន ​ភរិយា​លោកកែម​ ឡី​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​នោះ ​លោក​កែម រិទ្ធិសិត ​មិន​អាច​​អធិប្បាយបាន​ទេ។​ ចំណែក​លោក​ប៉ា ​ងួន​ទៀង​ បញ្ជាក់​ថា​លោក​មិន​បាន​ក្តាប់​ព័ត៌​មាន​នេះ​បាន​ទេ។​

គួរ​រំលឹក​ជូន​ថា​អ្នក​ស្រីប៊ូ រចនា ​ភរិយា ​លោក​កែម ​ឡី ​ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរ​ជាតិ​កាល​ពីថ្ងៃទី១៣ ខែ​កក្កដា​ថា ​ស្ថាន​ទូត​អូស្តា្រលី​បាន​មក​ជួប​ទាក់​ទង​ ដើម្បី​យក​លោក​ស្រី​និង​កូន​ៗ ទៅ​រស់​នៅ​ប្រទេស​អូស្ត្រាលី។​ យ៉ាង​ណាមិ​ញ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ណា​មួយ​ទេ ​ចំពោះ​ការ​ចាក​ចេញ​ពី​កម្ពុជា​របស់​លោកស្រីប៊ូ រចនា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ