អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ពាណិជ្ជកម្ម នៅ​អឺរ៉ុប ឬ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ដូច​ធ្លាប់​បាន​ព្រមាន​ពី​មុន ក្រុង​ប៉េកាំង បាន​បើក​អង្កេត​ជា​ផ្លូវការ​អំពី​លក្ខខណ្ឌ​ផលិត និងការ​ឧបត្ថម្ភធនដល់​ការ​ផលិតផល​​ស្រានៅ​អឺរ៉ុប និង​នាំ​យក​ទៅ​លក់​ក្នុង​ប្រទេស​ចិន។ នេះ​ជា​ដំណាក់​កាល​ថ្មី នៃ​ជម្លោះ​​ពាណិជ្ជកម្ម​ដែល​ប៉េកាំង​ចាត់​វិធានការ​សង​សឹក​វិញ នឹង​ចំណាត់​ការ​ដៃដែក​របស់​​ព្រុចសែល​យក​​​ពន្ធ​លើ​ការនាំ​ចូល​ផ្ទាំង​ស្រូប​កម្តៅ​ព្រះអាទិត្យ​ផលិត​នៅ​ចិន។

អតិថិជន​ចិន​ភ្លក្ស​ស្រា​ក្រហម​បារាំង​
អតិថិជន​ចិន​ភ្លក្ស​ស្រា​ក្រហម​បារាំង​ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

 

ខុស​ពី​ទម្លាប់​សព្វ​មួយ​ដង កាលពី​ចុង​​ខែ​មិថុនា កន្លង​ទៅ​ថ្មីនេះៗ ប្រធានាធិបតី​បារាំង​បាន​លា​កម្រាល​ព្រំ​ទទួល​ពាណិជ្ជករ និង​អ្នក​ជំនួញ​ធំៗ​ចិន​ ជាង​៤០​នាក់ មាន​ទ្រព្យ​ធន​សរុប​តំណាង៥%​នៃ​ផលិតផល​សរុប​របស់​ចិន។ ​កម្មវត្ថុ​គឺ​បង្ហាញ​គំរូ​សេដ្ឋកិច្ច​និង​សង្គមបារាំង​ដល់​ចិន និង​​​ចង់ទាក់ទាញ​ចិន​ឱ្យ​មក​​វិនិយោគ​​​នៅ​បារាំង។

ប៉ុន្តែ​ទស្សនកិច្ច​នេះ​ប្រព្រឹត្ត​ទៅក្នុង​ខណៈ​ដែល​ ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ មាន​សភាព​តាន​តឹង​ជាង​ពេល​ណាៗ​ទាំង​អស់។ ជម្លោះ​ពាណិជ្ជកម្ម​មាន​កើន​ឡើង​ជា​លំដាប់ ៖ សម្ភារៈ​ក្នុង​វិស័យ​​ទូរគមនាគមន៍ ផលិត​ដែកថែប សេរ៉ាមិច គ្រឿងផ្សារ ហើយ​ដំបៅ​ដ៏​ធំ​ជាង​គេ គឺ​ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​។

កាលពី​ថ្ងៃ​ទី​៤​មិថុនា គណៈកម្មាធិការ​អឺរ៉ុប បាន​ចេញ​វិធានការ​កណ្តាប់​ដៃ​ដែក ដំឡើង​ពន្ធ​បន្ថែមលើ​ផលិតផល​របស់​ចិន ព្រោះ​អឺរ៉ុប​យល់​ថា​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​អាច​ជួយ​សង្គ្រោះ​ក្រុមហ៊ុន​អឺរ៉ុប ពី​ការ​រក​ស៊ី​មិន​ស្មោះត្រង់​របស់​ចិន មិន​មែន​ជា​នយោបាយ​ការពារ​ផលប្រយោជន៍​ផលិតផល​ក្នុង​ស្រុក​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ទេ។
ពោល​គឺ​អឺរ៉ុប​យក​ពន្ធ​លើ​ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​ផលិត​នៅ​ចិន ចំនួន ១១,៨% ហើយ​អឺរ៉ុប​រក្សា​សិទ្ធិ​នឹង​ដំឡើ​ងពន្ធ​នេះ​​ដល់​ទៅ ៤៧,៦%។ នេះ​ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់​បំផុត​សម្រាប់​ឧស្សាហកម្ម​ចិន ដែល​ជាប់​ឈ្មោះ​អាក្រក់​ និង​ល្បី​ថា​ចូល​ចិត្ត​បង្ខូច​តម្លៃទីផ្សារ។ ផ្ទាំង​ស្រូប​កម្តៅ​ព្រះ​អាទិត្យ​ដែល​ពេល​នេះ តំណាង​ឱ្យ​​៨០%​នៃ​ទីផ្សារ​អឺរ៉ុប​ និង​មាន​តម្លៃ​ថោក​ជាង​ផលិត​ផល​អឺរ៉ុប​ដល់​ទៅ​ពាក់​កណ្តាល។ ម្យ៉ាង​វិញ​ទៀត អឺរ៉ុប​សង្ស័យ​ថា រដ្ឋាភិបាល​ចិន​ បាន​ជួយ​ឧបត្ថម្ភ​ក្រុមហ៊ុន​ដោយ​សម្ងាត់​ ដែល​នេះ​ជា​ការ​ធ្វើ​ជំនួញ​មិន​ស្មោះ​ត្រង់។ ប៉ុន្តែ​អាល្លឺម៉ង់ ដែល​ជា​សមាជិក​សហភាព​អឺរ៉ុប​ដ៏​សំខាន់ និង​​ជា​ដៃគូ​ពាណិជ្ជកម្ម​ទីមួយ​របស់​ចិន​អឺរ៉ុប ប្រឆាំង​នឹង​ទណ្ឌកម្ម​អឺរ៉ុប​ដាក់​លើ​ចិន ដោយ​ឈរ​លើ​គោលការណ៍​ដំណោះស្រាយ​ជម្លោះ​តាម​ផ្លូវចរចា។

តាម​ការពិត​ សម្រាប់​ភាគី​អឺរ៉ុប ការ​ដំឡើង​ពន្ធ​នេះ​ ធ្វើ​ឡើង​មិន​មែន​ក្នុង​បំណង​ចង់​បំបិទ​ផ្លូវ​ ដាក់ទណ្ឌកម្ម​ ឬ​បង្ក​សង្គ្រាមពាណិជ្ជកម្ម​​ជាមួយ​ចិន​ទេ តែ​ល្បែង​តាក់តិច​ នាំ​ចិន​ឱ្យ​ព្រម​បើក​ផ្លូវ​ចរចាពាណិជ្ជកម្ម តំឡើង​តម្លៃ​ផលិតផល​ ធ្វើ​យ៉ាង​ឱ្យ​ការ​ប្រកួត​ប្រជែង​ពាណិជ្ជកម្ម​មាន​លក្ខណៈ​ស្មោះត្រង់ ស្រប​ច្បាប់ មិន​បង្ខូច​តម្លៃ​ទីផ្សារ។

បី​ថ្ងៃ​ក្រោយ​ការ​ប្រកាស​អនុម័ត​ដំឡើង​ពន្ធ​លើ​ផលិតផល​ចិន​បណ្តោះអាសន្ន តំណាង​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​ បាន​ធ្វើ​ដំណើរ​ភ្លាម​ ទៅ​កាន់​ក្រុង​ប៉េកាំង ដើម្បី​ស្វែង​រក​ការ​ព្រមព្រៀង​គ្នា ឬ​ដំណោះស្រាយ​ណា​មួយ ក្រែង​អាច​បញ្ចៀស​វិបត្តិ​សង្គ្រាម​ពាណិជ្ជកម្ម​បាន។ សម្រាប់​អ្នក​ឯកទេស​ពាណិជ្ជកម្ម​របស់​ភាគី​ទាំង​ពីរ ​មិនចង់​ឃើញ​ឡើយ​ជម្លោះពាណិជ្ជកម្ម​អូស​បន្លាយ​ ​ប៉ុន្តែ​ចិន​​មិន​ចូល​ចិត្ត​ការ​លេង​សើច​បែប​នេះ​ទេ​ ហើយ​ក៏​មិន​​ចេះ​យល់​យោគ​​អនុគ្រោះ​ដែរ ! ចិន​បាន​សង​សឹក​ភ្លាម ព្រោះ​ចិន​ដឹង ​អំពី​ចំណុច​ខ្សោយ​របស់​អឺរ៉ុប ស្គាល់​កន្លែង​ដែល​ចុច​ទៅ​​​ដែល​អឺរ៉ុប​ឈឺផ្សា។

ចិន​បាន​ប្រកាស​បើក​អង្កេត​ជា​ផ្លូវការ​ ​​លើ​ករណី​លក់ថោក បង្ខូចថ្លៃផលិតផល​ស្រា​ដែល​នាំចូល​ពី អឺរ៉ុប។ ស្រា​អឺរ៉ុប​នាំចូល​ទៅចិន គឺ​មាន​តម្លៃ​ច្រើន​ជាង​មួយ​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំៗ ហើយ ប្រទេស​ដែល​នឹង​រងគ្រោះជាងគេ​ដោយសារ​វិធានការ​របស់ចិន គឺ​បារាំង ព្រោះ​បារាំង​ជាប្រទេស​អឺរ៉ុប​ទីមួយ ដែល​នាំ​ចូលស្រា​ច្រើន​ជាង​គេ​ទៅក្នុង​ប្រទេស​ចិន ជាមួយ​តម្លៃ ៧៨៨លាន​ដុល្លារ ក្នុងឆ្នាំ ២០១២។

បើតាម​ក្រសួង​ពាណិជ្ជកម្ម​ចិន​ ការ​អង្កេត​នេះ​នឹង​អនុវត្ត​​ ​យ៉ាង​ហ្មត់ចត់ តាមច្បាប់​និង​​វិធាន​របស់​ចិន តែ​ក៏​ឆ្លើយ​តប​ទាំង​ស្រុង​ទៅ​នឹង​វិន័យ​ដាច់​ខាត​មាន​ចែង​ក្នុង​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក។ ចិន​មិន​ខ្វល់​នឹង​ការ​បដិសេធ​របស់​អឺរ៉ុប​ដែល​ថា​ មិន​បាន​ធ្វើ​ការ​ឧបត្ថម្ភធនដល់​ការ​ផលិត​ស្រា​​ ឬ​ប​ញ្ចុះ​​​បង្កូច​តម្លៃ​ស្រា​នាំ​ចេញ​ទៅ​ចិន​ឡើយ។ សេចក្តី​សម្រេច​ចិត្តរបស់​ចិន អាស្រ័យ​ទាំង​ស្រុង​ទៅ​នឹង​លទ្ធផល​នៃ​ការ​អង្កេត​ ដែល​គោរព​តាម​គោលការណ៍​បើក​ចំហពាណិជ្ជកម្ម​ ស្មើភាព​គ្នា​ និង​ប្រកប​ដោយ​តម្លាភាព​ រវាង​ភាគី​ទាំង​សង​ខាង។

ប៉ុន្តែ​ ក្នុងសភាព​ជាក់​ស្តែងពេល​នេះ គ្រាន់​តែ​ក្នុង​​ដំណាក់កាល​ចាប់​ផ្តើម​បើក​អង្កេត​នេះ ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ផលវិបាក​បង្ក​ឡើង​ដោយ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​រវាង​ចិន​និង​អឺរ៉ុប បាន​ជះ​ក្លិន ផ្តល់​ឥទ្ធិពល​មិន​ល្អ​ស្រេច​ទៅ​ហើយ ទៅ​លើទីផ្សារ​​​ផលិតផល​ស្រា​អឺរ៉ុប ! ការ​បញ្ជា​ទិញ​ជា​ច្រើន​ត្រូវ​បាន​លើក​ពេល​ ឯ​តម្លៃ​ក៏​ផ្តើម​ធ្លាក់​ចុះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ