អានតួអត្ថបទ
កម្ពុជា

តុលាការ​ក្រុង​ភ្នំពេញ​ផ្តន្ទាទោស​ស្ត្រី​សកម្មជន​តវ៉ា​ដីធ្លី នៅ​បឹងកក់ ដាក់​ពន្ធនាគារ ៣ ឆ្នាំ

ក្រោយ​ពី​បើកសវនាការ កាលពី​រសៀល​ថ្ងៃ​ពុធ ទី​២៦ និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅក្រម​តុលាការ ក្រុងភ្នំពេញ បាន​សម្រេច​ផ្តន្ទាទោស ស្ត្រី​អ្នក​តវ៉ា​រឿង​ដីធ្លី នៅ​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ដាក់ពន្ធនាគារ ៣ ឆ្នាំ។ អ្នកស្រី យ៉ោម បុប្ផា ជាប់ចោទ​ពី​បទ​ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការចូលរួម​ព្រួត​គ្នា វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ ឲ្យ​រងរបួស កាលពី​ដើម​ខែ​កញ្ញា។ រីឯ​សំណុំរឿង​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី នៅ​បុរី​កីឡា គឺ​អ្នកស្រី ទឹម សាក់​មុនី្ន ត្រូវបាន​ចៅក្រម បានសម្រេច​ដោះលែង​ពី​ពន្ធនាគារ។​

អ្នក​គាំទ្រ​អ្នក​ យោម បុប្ផា ចង់​ទម្លុះ​របាំង​ប៉ូលិស
អ្នក​គាំទ្រ​អ្នក​ យោម បុប្ផា ចង់​ទម្លុះ​របាំង​ប៉ូលិស © RFI-ចាន់ណា
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ចៅក្រម បានសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៣ ឆ្នាំ លើ​ស្ត្រី​អ្នក​តវ៉ា​ដីធ្លី នៅ​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រុម​ប្រជាពលរដ្ឋ​បឹងកក់ ដែល​បាន​ប្រមូលផ្តុំ​នៅ​មុខ​របាំង​ដែក រាំងផ្លូវ​របស់​ប៉ូលិស នៅ​ចំណុច​ភ្លើង​ស្តុប នាង​គង្ហីង ខាងជើង​ស្តាត​អូឡាំពិក បាន​យំ​សោក ស្រែក​រក​យុត្តិធម៌។ អ្នក​តវ៉ា ក៏​ចង់​ទម្លុះ​របាំង​ប៉ូលិស ចូល​ទៅ​កាន់​តុលាការ តែ​ត្រូវ​កម្លាំង​ប៉ូលិស​ប្រដាប់​ដោយ​ដំបង ខែល ដើម្បី​បង្ក្រាប​បាតុកម្ម បាន​រារាំង។


​ចំណែក​នៅ​ឯ​ម្ខាង​ទៀត នៅ​ចំណុច​របាំង​ដែក​បិទផ្លូវ នៅ​ភ្លើងស្តុប​អាងទឹក គឺ​ក្រុម​អ្នករត់​ម៉ូតូឌុប ដែល​គាំទ្រ​បុរស​ពីរ​នាក់ ដែល​គេ​អះអាង​ថា ជា​ជន​រងគ្រោះ អ្នក​រត់​ឌុប បាន​សម្តែង​ការ​សាទរ​ទៅនឹង​សេចក្តីសម្រេច​របស់​តុលាការ។

នៅ​ព្រឹក​មិញ ក្រៅពី​ផ្តន្ទាទោស​លើ​អ្នកស្រី យ៉ោម បុប្ផា ក្នុង​សំណុំ​រឿង​ក្តី ព្រួយ​គ្នា​វាយ​ទៅលើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​នោះ គឺ​ចៅក្រម ក៏បាន​សម្រេច​ផ្តន្ទាទោស​កំបាំងមុខ លើ​បងប្អូន​ប្រុស​ពីរ​នាក់ របស់​អ្នកស្រី យ៉ោម បុប្ផា ដាក់​ពន្ធនាគារ ៣ ឆ្នាំ​ផង​ដែរ។ ប៉ុន្តែ​បុរស​ទាំង​ពីរ​នោះ បាន​គេច​ខ្លួន តាំងពី​ថ្ងៃ​កើតហេតុ។ រីឯ​ប្តី​របស់​អ្នកស្រី យ៉ោម បុប្ផា ក៏​ត្រូវ​ចៅក្រម ប្រកាស​ផ្តន្ទាទោស​ចំពោះមុខ ដាក់​ពន្ធនាគារ ៣ ឆ្នាំ​ដែរ តែ​ទោស​នោះ ត្រូវ​ព្យួរ។ មានន័យ​ថា ប្តី​របស់​អ្នកស្រី យ៉ោម បុប្ផា មិន​ត្រូវបាន​ចាប់ឃុំខ្លួន​ជាមួយ​នឹង​អ្នកស្រី យ៉ោម បុប្ផា​ទេ។​ ចៅក្រម ក៏​បាន​តម្រូវ​ឲ្យ​ជនជាប់ចោទ​ទាំង​៤​នាក់ រួមគ្នា សង​ជំងឺ​ចិត្ត​ដល់​អ្នក​រត់​ម៉ូតូ​ឌុប រងគ្រោះ​ទាំងពីរ​នាក់ ចំនួន ៣០ លានរៀល ក្នុង​ម្នាក់ៗ។

លោក សួស សាខុន ប្តី​របស់​អ្នកស្រី យ៉ោម បុប្ផា ដែល​ឈរ​នៅ​ជិត​កូនតូច បាន​ចាត់ទុក​ការ​កាត់ក្តី​របស់​តុលាការ​ថា ធ្វើឡើង​ដោយ​អយុត្តិធម៌ ហើយ​លោក នឹង​ដាក់​ពាក្យ​បណ្តឹង​ឧទ្ធរណ៍ ជំទាស់​នឹង​ការសម្រេច​ក្តី​របស់​ចៅក្រម​ដូច្នេះ។

​លោក សួស សាខុន បានបញ្ជាក់​ថា “ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ស្រះចក ជន​រងគ្រោះ​និយាយ​ផ្សេង ហើយ​ពេល​ចៅក្រម ហៅ​មក​សាកសួរ និយាយ​ផ្សឹង ហើយ​ម្សិលមិញ ថ្ងៃទី​២៦​ធ្នូ នៅក្នុង​សវនាការ ជនរងគ្រោះ​និយាយ​ផ្សេង​ទៀត តែ​តុលាការ​ហាក់​ដូចជា​គ្មាន​ចំណាប់​អារម្មណ៍ គិតគូ​ថា ជនរងគ្រោះ និង​សាក្សី និយាយ​ខុស​គ្នា​នោះ​សោះ"។ "ជនរងគ្រោះ និង​សាក្សី​ជនរងគ្រោះ និយាយ​មក វា​អត់​ដូចគ្នា។ ខុស​ទាំង​ពេល​វេលា ខុស​ទាំង​ហេតុការណ៍។ ចំណែក​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ត្រូវបាន​ជន​រងគ្រោះ (អ្នករត់​ម៉ូតូឌុប​ទាំង​ពីរ​នាក់) បាន​និយាយថា មិន​ពាក់ព័ន្ធ​ក្នុង​រឿង​ហ្នឹង​ទេ។ តែ​តុលាការ​នៅតែ​ថា មាន​សាក្សី ដែល​បាន​ឮ​អ្នក​នេះ​ថា ឮ​អ្នកនោះ​ថា ដោយ​មិន​បាន​ឃើញនឹងភ្នែក​ពិត​ប្រាកដ។ ដល់​អីចឹង​ទៅ គេ​យក​អំណះអំណាង​នោះ ដើម្បី​មក​ដាក់ទោស​ខ្ញុំ និង​ប្រពន្ធ​ខ្ញុំ ហើយ​បង្គាប់​ឲ្យ​សង ៣០ លាន​រៀល​ម្នាក់ ទៅកាន់​ជនរងគ្រោះ”។

ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចូល​តាមដាន​សវនាការ លើ​ករណី​តុលាការ​កាត់ទោស​អ្នកស្រី យ៉ោម បុប្ផា ក៏​បាន​សម្តែង​ការខកចិត្ត ដោយ​លោក​ចាត់ទុកថា ជា​រឿង​អយុត្តិធម៌។​

សកម្មជន​សិទ្ធិមនុស្ស លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា "រឿងនេះ ជា​រឿង​អយុត្តិធម៌​មែនទែន ដោយសារ​ជនរងគ្រោះ​ទាំង​ពីរ​រូប ( អ្នករត់​ម៉ូតូឌុប ) និង​សាក្សី​ទាំងអស់​ ឆ្លើយ​ខុសៗ​គ្នា​សឹង​ទាំងអស់ ហើយ​ខុស​គ្នា​ច្រើន​មែនទែន។ រឿង​ខ្លះ យើង​មើលទៅ​ប្រឌិត​តែម្តង ហើយ​រឿង​ខ្លះ យើង​មើលទៅ​មាន​អ្នក​ប្រឌិត​ឲ្យ គឺ​មាន​អ្នក​ប្រាប់​ឲ្យ​និយាយ​ទៀត។ គ្នា​ភ័យ​ចង់​ងាប់ នៅក្នុង​សវនាការ ពិសេស​ជន​រងគ្រោះ​ទាំង​ពីរ​រូប ឆ្លើយ​ខុសគ្នា ហើយ​ភ័យញ័រសាច់។ ខ្ញុំ​មើល​ទៅ​អ្នក​ទាំង​ពីរ​នាក់​នោះ កុហក់ ដោយ​គេ​ជួយ​ប្រាប់​ឲ្យ​កុហក់"។​
​សូម​រម្លឹកថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១២ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ លើ​សំណុំរឿង​ក្តី​ពីរ​ផ្សេង​គ្នា ប្រឆាំង​នឹង​អ្នកស្រី យ៉ោម បុប្ផា សកម្មជន​តវ៉ា​ដីធ្លី នៅ​បឹង​កក់ និង​រឿងក្តី​មួយទៀត ប្រឆាំង​នឹង​អ្នកស្រី ទឹម សាក់​មុន្នី ស្ត្រី​អ្នក​តវ៉ា​ដីធ្លី នៅ​បូរីកីឡា។​

អ្នកស្រី យ៉ោម បុប្ផា មាន​អាយុ ២៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ពី​បទ​ចោទប្រកាន់​ថា បាន​ប្រើ​អំពើហិង្សា ដោយ​ចេតនា តាមរយៈ​ការ​វាយ​លើ​បុរស​អ្នករត់ម៉ូតូឌុប​ពីរ​នាក់ ឲ្យ​រងរបួស។

​ចំណែក​អ្នកស្រី ទឹម សាក់​មុន្នី អ្នក​តវ៉ា​ដីធ្លី នៅ​បុរី​កីឡា អាយុ ៦៤ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១២ ក្រោម​ការចោទប្រកាន់​ពី​បទ ញុះញង់ ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ តាម​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន ផានអ៊ីម៉ិច ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​ផ្ទះល្វែង នៅ​បុរី​កីឡា។

ក៏ប៉ុន្តែ​ចៅក្រម​តុលាការ​សាលាដំបូង រាជធានី​ភ្នំពេញ បន្ទាប់ពី​បើក​សវនាការ កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​ធ្នូ បាន​ប្រកាស​សាលក្រម ផ្តន្ទាទោស​អ្នកស្រី ទឹម សាក់​មុន្នី ដាក់​ពន្ធនាគារ ៦ ខែ តែ​អនុវត្ត​ទោស​ត្រឹមតែ ៣ ខែ ២១ ថ្ងៃ ដែល​ជា​ពេលវេលា​អ្នកស្រី ទឹម ជាប់​ឃុំឃាំង រីឯ​ទោស​នៅសល់​ប៉ុន្មាន ត្រូវ​ព្យួរ។ ពោល​គឺ​ចៅក្រម​បាន​កាត់​តម្រឹម​ទោស ហើយ​ដោះលែង អ្នកស្រី ទឹម សាក់​មុន្នី ចេញពី​ពន្ធនាគារ​ព្រៃ​ស កាលពី​ព្រលប់​ថ្ងៃ​ពុធ​ម្សិលមិញ៕  

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ