អានតួអត្ថបទ
កម្ពុជា-អាស៊ាន

សហគមន៍​ដីធ្លី និង​សកម្មជន​គណបក្ស សម រង្ស៊ី​សុំជំនួយ​ពី​លោក អូបាម៉ា

នៅ​ពេល​លោក អូ​បា​ម៉ា មកដល់​ប្រទេស​កម្ពុជា នៅ​ព្រលប់​ថ្ងៃ​ចន្ទ ទី​១៩ វិច្ឆិកា​នេះ ក្រុម​ប្រជាពលរដ្ឋ​សហគមន៍ ដែល​មាន​ជម្លោះ​ដីធ្លី បាន​ជួបជុំ​នៅលើ​វាលខ្សាច់​ក្នុង​តំបន់​បឹងកក់ នៅ​មុខ​វិមាន​សន្តិភាព​ដែល​ជា​កន្លែង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​បដា​ដីធ្លី អម​ដោយ​រូបថត​លោក អូ​បា​ម៉ា និង​ស្រែក​សុំ​ជំនួយ​សង្គ្រោះ​បន្ទាន់​ពី​លោក​ប្រធានាធិបតី​អាមេរិក​លើ​បញ្ហា​ដីធ្លី និង​ការ​ឃុំឃាំង​សកម្មជន​ដីធ្លី​។ រីឯ​សកម្មជន​គណបក្ស​សមរង្ស៊ី​វិញ នៅ​ល្ងាច ក៏​បាន​ជួបជុំ​គ្នា​តាម​ទីស្នាក់ការ​គណបក្ស​ជា​ច្រើន និង​បង្ហោះ​សារ ចង​ប៉េងប៉ោង ស្នើ​សុំ​លោក អូ​បា​ម៉ា​ឲ្យ​ជំរុញ​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ឲ្យមាន​ការ​គោរព​សិទ្ធិមនុស្ស និង​ឲ្យមាន​ការដោះលែង​សកម្មជន​នយោបាយ ជា​ដើម៕

សហគមន៍​ដីធ្លី និង​សកម្មជន​គណបក្ស សម រង្ស៊ី​សុំជំនួយ​ពី​លោក អូបាម៉ា
សហគមន៍​ដីធ្លី និង​សកម្មជន​គណបក្ស សម រង្ស៊ី​សុំជំនួយ​ពី​លោក អូបាម៉ា
ផ្សាយពាណិជ្ជកម្ម

សកម្មជន​គណបក្ស​ស​ម​រង្ស៊ី ដែល​ជា​ក្រុមយុវជន បាន​ជួបជុំ​តាម​ទីស្នាក់ការ​គណបក្ស​ជាច្រើន នៅ​ភ្នំពេញ ហើយ​បង្ហោះ​សារ តាម​ប៉េងប៉ោង ទៅកាន់​លោក អូ​បា​ម៉ា​។ ក្រុម​សកម្មជន​ទាំងនោះ មិន​អាច​ជួបជុំ ឬ​ហែ​ក្បួន​តាម​ដងផ្លូវ​ទេ​។ កាលពី​ព្រឹក​មិញ សកម្ម​ជន​គណបក្ស​សម​រង្ស៊ី ដែល​ពាក់​អាវយឺត ខាងក្រោយ​មាន​រូប​លោក​អូ​បា​ម៉ា និង​ខាង​មុខ​រូបថត​សម្តេចព្រះ នរោត្តម សីហនុ មាន​គម្រោង​ជួបជុំ នៅមុខ​ស្ថានទូត​អាមេរិក និង​នៅ​វិមាន​សន្តិភាព កន្លែង​ជួបប្រជុំ​កំពូល​អាស៊ាន ដើម្បី​ស្វែងរក​អន្តរាគមន៍​លើ​អ្វី ដែល​គណបក្ស​ប្រឆាំង ចង់​ឲ្យ​លោក អូ​បា​ម៉ា ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា មាន​ការគោរព​សិទ្ធិមនុស្ស និង​ដោះលែង​សកម្មជន​សិទ្ធិមនុស្ស ដីធ្លី ព្រម​ទាំង​អ្នកទោស​នយោបាយ ជា​ដើម។

ក្នុង​ពេល​លោក អូ​បា​ម៉ា មក​ដល់​ភ្នំពេញ នៅ​ប៉ុន្មាន​នាទី​មុន​នេះ ក្រុម​សកម្មជន​គណបក្ស​សម​រង្ស៊ី បាន​បង្ហោះ​សារ ចង​ភ្ជាប់​នឹង​ប៉េង​ប៉ោង​។ ដោយឡែក ប្រជាពលរដ្ឋ​នៅ​សហគមន៍​ដីធ្លី​នៅ​បឹង​កក់ និង​នៅ​ជាប់​ព្រលានយន្តហោះ ក៏​បាន​ជួបជុំ​នៅ​លើ​វាលខ្សាច់​បឹងកក់ ដើម្បី​លើក​បដា សុំ​ជំនួយ​ពី​លោក អូ​បា​ម៉ា ឲ្យ​ដោះស្រាយ​លើ​បញ្ហា​ដីធ្លី​។ ពិធី​ជួបជុំ​របស់​សហគមន៍​ដីធ្លី​បាន​ធ្វើ​ឡើង​នៅ​លើ​វាល​ខ្សាច់ ក្នុង​តំបន់​បឹងកក់ ដែល​ស្ថិតនៅ​ទល់មុខ​នឹង​វិមាន​សន្តិភាព ដែល​ជា​កន្លែង​លោក អូ​បា​ម៉ា ជួបប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រលប់​ថ្ងៃទី​១៩​វិច្ឆិកា ឆ្នាំ​២០១២។

តំណាង​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​លោក អូ​បា​ម៉ា មក​កាន់​ប្រទេស​កម្ពុជា​ពេល​នេះ ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​ស្នើសុំ​ឲ្យ​លោក​អូបា​ម៉ា​អន្តរាគមន៍​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លើ​បញ្ហា​ដីធ្លី និង​ការសុំ​ដោះលែង​តំណាង​អ្នក​ភូមិ​បឹងកក់ និង​បុរី​កីឡា​។ អ្នកស្រី ទេព វ​ន្នី បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​សហគមន៍ បុរី​កីឡា​ត្រូវ​បាន​ប៉ូលិស​រាំងខ្ទប់​មិន​ឲ្យ​ចេញ​មក​ចូលរួម​នៅ​បឹងកក់​ទេ​។ ចំណែក​នៅ​ជុំវិញ​តំបន់​បឹង​កក់​ក៏​ត្រូវ​បាន​ប៉ូលិស​ដាក់​របាំង បិទផ្លូវ​គ្រប់​ច្រក ដើម្បី​រារាំង មិន​ឲ្យ​អ្នកភូមិ ដើរ​ហែ​ក្បួន ចេញ​មក​តវ៉ា​តាម​ដងផ្លូវ​ឡើយ​។

បដា “SOS” អម​ដោយ​រូបថត​លោក អូ​បា​ម៉ា និង​លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន ត្រូវ​បាន​អ្នកភូមិ​លើក​ឡើង​ដូច​កាល​ពី​ថ្ងៃ​ព្រឹក​ថ្ងៃអាទិត្យ​ម្សិលមិញ​។

យ៉ាង​ណា​ក៏​ដោយ ការ​ប្រមូលផ្តុំ​ធ្វើ​បាតុកម្ម​របស់​សកម្ម​ជន​គណបក្សប្រឆាំង និង​សកម្មជន​ដីធ្លី ក្នុង​ពេល​លោក អូ​បា​ម៉ា​មក​កម្ពុជា ត្រូវ​បាន​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១២ បាន​ប្រកាស​ថា លោក អូ​បា​ម៉ា​មក​កាន់​កម្ពុជា​នេះ ក្នុង​នាម​ជា​មិត្ត​របស់​កម្ពុជា មិនមែន​ជា​គ្រូ​ប្រដៅ​កម្ពុជា​ទេ​។ អីចឹង​លើ​ការ​ជជែក​គ្នា គឺ​ដូច​យើង​បាន​និយាយ គឺ​គោលការណ៍​របស់​កម្ពុជា គឺ​ស្មើ​សិទ្ធិ ស្មើភាព​។ អីចឹង សំខាន់ គឺ​ការជំរុញ​ទំនាក់ទំនង​មិត្តភាព និង​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​អាមេរិក គឺ​ជា​រឿង​ធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ