អានតួអត្ថបទ
កម្ពុជា

ADB​៖​​សេដ្ឋកិច្ច​​កម្ពុជា នឹង​បន្ត​​​រឹង​មាំ​ក្នុង​ពេល ២​ឆ្នាំ​ទៀត​

យោង​តាម​របាយ​ការណ៍​ថ្មី​មួយ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (​ADB​) ដែល​ចេញ​នៅ​ថ្ងៃ​ទី ៣០​មីនា​នេះ បាន​បង្ហាញ​ថា សេដ្ឋកិច្ច​កម្ពុជា នឹង​នៅ​តែ​បន្ត​មាន​ភាព​រឹងមាំ ក្នុង​រយៈពេល ២​ឆ្នាំ​ខាង​មុខ​នេះ​។ រឹង​មាំ ដោយសារ​តែ​កម្ពុជា មាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម កាត់ដេរ និង​សេវាកម្ម ជា​ដើម​។ យ៉ាង​ណា​ក៏ដោយ ADB បាន​ផ្តល់​អនុសាសន៍​ថា ដើម្បី​រក្សា​និរន្តភាព​នៃ​កំណើន​នេះ កម្ពុជា ចាំ​បាច់​ត្រូវ​បន្ត​ការ​ពង្រឹង​សេដ្ឋកិច្ច និង​ពង្រីក​ឱកាស​ការងារ​បន្ថែម​ទៀត តាម​រយៈ​ការ​ទាក់ទាញ​ឧស្សាហកម្ម​ថ្មី​ៗ​។

កម្មករ​កាត់ដេរ​ កំពុង​ធ្វើ​ការងារ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅទី​ក្រុង​ភ្នំពេញ​។
កម្មករ​កាត់ដេរ​ កំពុង​ធ្វើ​ការងារ​ក្នុង​រោងចក្រ​មួយ​កន្លែង​នៅទី​ក្រុង​ភ្នំពេញ​។
ផ្សាយពាណិជ្ជកម្ម

របាយការណ៏​សេដ្ឋកិច្ច ដែល​បោះពុម្ព​ផ្សាយ​ប្រចាំ​ឆ្នាំ​របស់​ ADB​ ​មាន​ឈ្មោះ​ថា ទស្សន​វិស័យ​អភិវឌ្ឍន៍​អាស៊ី ២០១៦ បាន​ព្យាករ​ថា ផលិត​ផល​សរុប​ក្នុង​ស្រុក ឬ​ហៅ​ថា ផសស នឹង​មាន​ការ​កើន​ឡើង ៧​ភាគរយ​ ក្នុង​ឆ្នាំ ២០១៦ ពោល គឺ​ដូច​គ្នា​នឹង​កម្រិត​ដែល​សម្រេច​បាន ​ក្នុង​ឆ្នាំ ២០១៥ ហើយ​អាច​ឡើង​​តិចតួច ក្នុង​ឆ្នាំ ២០១៧​។

នាយក ADB ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា ភាព​នៅ​តែ​រឹង​មាំ​របស់​សេដ្ឋកិច្ច​កម្ពុជា ក្នុង​រយៈពេល​ ២​ឆ្នាំនេះ ដោយសារ​តែ​មាន​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម និង​សេវា​កម្ម ការ​ធ្វើ​ពិពិធកម្ម ក្នុង​វិស័យ​ឧស្សាហកម្ម​ធន់​ស្រាល និង​កាត់​ដេរ រួម​ទាំង​ទិស​ដៅ​នាំ​ចេញ​។ ប៉ុន្តែ​ដើម្បី​រក្សា​និរន្តភាព​នៃ​កំណើន​នេះ កម្ពុជា​ ចាំ​បាច់ ​ត្រូវ​បន្ត​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ និង​ពង្រីក​ឱកាស​ការងារ​បន្ថែម​ទៀត​ តាមរយៈ​ការ​ទាក់ទាញ​ឧស្សាហកម្ម​ថ្មី​ៗ​។

ចំពោះ​វិស័យ​ឧស្សាហកម្ម ត្រូវ​បាន ADB ​ព្យាករ​ថា ​មាន​កំណើន ៩,៥​ភាគរយ​ នៅ​ឆ្នាំ​នេះ ដោយ​សារមាន​ការ​បន្ត​ធ្វើ​ពិពិធកម្ម​ផលិតផល ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង ដូច​ជា​ផលិតផល​សម្លៀក​បំពាក់ ស្បែក​ជើង និង​អេឡិច​ត្រូនិច​។ ចំណែក កំណើន​ក្នុង​វិស័យ​សេវាកម្ម ត្រូវ​បាន​រំពឹង​ថា នឹង​កើន​ឡើង ៧,៨​ភាគរយ​។ វិស័យ​កសិកម្ម នឹង​កើន​ឡើង ១,៦​ភាគរយ​ ដោយ​ការ​សន្មត់​ថា ​អាកាសធាតុ​អាច​មាន​ភាព​អំណោយ​ផល​វិញ​។​ ដោយឡែក​ កំណើន​វិស័យ​សំណង់ រំពឹង​ថា​ ​នឹង​បន្ត​ថម​ថយ​មក​វិញ បើ​ធៀប​នឹង​កំណើន​ខ្ពស់​ខ្លំាង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ចំពោះ ឱនភាព​សារពើពន្ធ ដោយ​មិន​រាប់​បញ្ចូល​ជំនួយ​ឥត​សំណង ត្រូវ​បាន​ប៉ាន់​ស្មាន​ថា​ នឹង​កើន​ឡើង​ដល់ ៤,៣​ភាគរយ​ នៃ ផសស ក្នុង​ឆ្នាំ ២០១៦​។ ឱនភាព​គណនី​ចរន្ត ​អាច​មិន​មាន​ការ​ប្រែប្រួល​គួរ​អោយ​កត់​សម្គាល់​ទេ​ ក្នុង​ឆ្នាំ ២០១៦ ប៉ុន្តែ​នឹង​ធ្លាក់​ចុះ ​ក្នុង​ឆ្នាំ ២០១៧ ដោយសារ​តែ​ឱកាស​នាំ​ចេញ ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​។ អតិផរណា បាន​កើន​ឡើង​តិច​តួច​វិញ​នៅ​ចុង​ឆ្នាំ​២០១៥​។ ចំណែក ការថយ​ចុះ​នូវ​ថ្លៃ​ស្បៀង​អាហារ និង​ឥន្ធនៈ​សកល​ ត្រូវ​បាន​រំពឹង​ថា នឹង​នាំ​ឲ្យ​អតិផរណា​ធ្លាក់​ចុះ ២,៥​ភាគរយ​ ក្នុង​ឆ្នាំ ២០១៦ ហើយ​អាច​​កើន​ឡើង​ដល់ ៣,០ភាគរយ​ ក្នុង​ឆ្នាំ ២០១៧។​

កំណើន​ដ៏​ឆាប់​រហ័ស​នៃ​ឥណទាន និង​វិស័យ​អចលន​ទ្រព្យ នាំ​ឲ្យ​​ហានិភ័យ​នៃ​វិស័យ​ហិរញ្ញវត្ថុ​ មាន​ការ​កើន​ឡើង​។ ដូច្នេះ កិច្ច​ខិតខំ​ប្រឹង​ប្រែង​បង្កើត​គោល​នយោបាយ ដើម្បី​ធានា​សេ្ថរភាព​វិស័យ​ហរិញ្ញវត្ថុ​គួរ​តែ​បន្ត​។ ទន្ទឹម​នឹង​នោះ ADB ស្នើ​ឲ្យ​កម្ពុជា ក៏​គួរ​ចំា​បាច់​ត្រូវ​តែ​បង្កើន​គុណភាព​ការងារ តាម​រយៈ​ការ​ឆ្លើយ​តប​ចំពោះ​ចំណុច​ខ្វះ​ខាត​ក្នុង​វិស័យ​អប់រំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ