អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អនុប្រធានាធិបតី​ចិន​បើក​ទំព័រ​ថ្មី​នៃ​ទំនាក់ទំនង​រវាង​ចិន និង​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អនុប្រធានាធិបតី​ចិន ស្ហ៊ី ជីនពីង បាន​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​របស់​លោក​នៅ​អាមេរិក។ ទាំង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទាំង​ទីក្រុង​ប៉េកាំង​ដែល​កំពុង​មើល​មុខ​គ្នា​មិន​ចំ ចង់​ឲ្យ​ទស្សនកិច្ច​នេះ​របស់​អនាគត​បុរស​ខ្លាំង​នៃ​ប្រទេស​ចិន​បាន​ទទួល​ជោគជ័យ ដើម្បី​សម្រាល​ភាព​តាន​តឹង​រវាង​គ្នា។ ក៏​ប៉ុន្តែ នៅ​លើ​សាច់ការ​ជាក់​ស្តែង គ្មាន​ឡើយ​លទ្ធផល​ជា​ដុំ​កំភួន មាន​ត្រឹម​តែ​លទ្ធផល​ជា​និមិត្តរូប។ និមិត្តរូប​នៃ​ការ​បើក​ទំព័រ​ថ្មី​នៅ​ក្នុង​ប្រវត្តិ​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន ពីព្រោះ​គឺ​លោក ​ស្ហ៊ី ជីនពីង ​នេះ​ហើយ​ដែល​នឹង​ក្លាយ​ជា​ប្រធានាធិបតី​នៃ​ប្រទេស​ចិន​ជំនួស​លោកហ៊ូ ជិនតាវ នៅ​ឆ្នាំ​ក្រោយ។

លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោក ស្ហ៊ី ជិនពីង (ឆ្វេង) នៅ​សេតវិមាន​ថ្ងៃ​ទី ១៤​កុម្ភៈ ២០១២
លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​លោក ស្ហ៊ី ជិនពីង (ឆ្វេង) នៅ​សេតវិមាន​ថ្ងៃ​ទី ១៤​កុម្ភៈ ២០១២ REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

ចប់​ដាច់​ស្រេច​អស់​ហើយ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​ស្ហ៊ី ជីនពីង​នៅ​សហរដ្ឋអាមេរិក។ គ្មាន​លទ្ធផល​ជា​ដុំ​កំភួន​អ្វី​ទេ តែ​មាន​រូបភាព និង​សញ្ញា​មួយ​ចំនួន។ រូបភាព គឺ​អាមេរិក​បាន​ទទួល​លោក​អនុប្រធានាធិបតី​ចិន​ប្រៀប​បាន​នឹង​ប្រមុខរដ្ឋ។ ទាំង​នេះ ក៏​ពីព្រោះ​តែ​លោក​ ស្ហ៊ី ជីនពីង​ នឹង​ក្លាយ​ជា​ប្រធានាធិបតី​ចិន​ជំនួស​លោក​ហ៊ូ ជិនតាវ នៅ​ជាង​មួយ​ឆ្នាំ​ទៀត​ខាង​មុខ​នេះ។ រី​ឯ​សញ្ញា​វិញ សញ្ញា​សំខាន់​ដែល​ស្តែង​ចេញ​ពី​ទស្សនកិច្ច​នេះ គឺ​ទាំង​អាមេរិក​ និង​ទាំង​ចិន សុទ្ធ​តែ​ចង់​បើក​ទំព័រ​មួយ​ថ្មី​នៃ​ទំនាក់​ទំនង​រវាង​គ្នា។ បំណង​រួម​នេះ គឺ​ជា​ការ​មួយ​ចាំ​បាច់ ពីព្រោះ​រយៈ​ពេល​ចុង​ក្រោយ​នេះ អាមេរិក​និង​ចិន​មើល​មុខ​គ្នា​មិន​ចំ​ទេ។ ទីក្រុង​វ៉ាស៊ីន​តោន​ខឹង​ទីក្រុង​ប៉េកាំង​ដែល​បន្ត​ទប់​លុយ​យ័ន​ឲ្យ​នៅ​ទាប​ធៀប​នឹង​លុយ​ដុល្លារ ដើម្បី​ងាយ​នឹង​នាំ​ទំនិញ​ចិន​ចេញ​ទៅ​លក់​នៅ​អាមេរិក ដែល​ជាហេតុ​ធ្វើ​ឲ្យឧុនភាព​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​អាមេរិកាំង​មាន​លក្ខណៈ​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង​ជា​លំដាប់។ រី​ឯ​ចិន​វិញ មិន​សប្បាយ​ចិត្ត​នឹង​អាមេរិក​ទេ ពីព្រោះ​មហា​អំណាច​ពិភពលោក​ទី​មួយ​នេះ កំពុង​បែរ​ទៅ​ពង្រីក​និង​ពង្រឹង​វត្តមាន​សេដ្ឋកិច្ច​យោធា ការទូត​និង​នយោបាយ​របស់​ខ្លួន​នៅ​អាស៊ី​ដែល​ចិន​ចាត់​ទុក​ថា ជា​ដែន​អំណាច​របស់​ខ្លួន។ ហើយ​នេះ មិន​ទាន់​និយាយ​ដល់​វេតូ​ដែល​ចិន​បាន​ប្រើ​ដើម្បី​ខ្ទប់​ដំណោះស្រាយ​អន្តរជាតិ​ក្នុង​វិបត្តិ​ស៊ីរី​ផង។ ក្រៅ​ពី​នេះ នៅ​មាន​សំណុំរឿង​ចម្រូងចម្រាស​ច្រើន​ទៀត​ដែល​បន្ត​បំពុល​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន រួម​មាន​ជាអាទិ៍​តៃវ៉ាន់​ដែល​អាមេរិក​នៅ​តែ​លក់​អាវុធ​ឲ្យ នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង និង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ទីបេ និង​នៅ​ស៊ីងជាំង។

តែ​យ៉ាង​ណា​ក៏​ដោយ គេ​អាច​និយាយ​បាន​ថា វត្តមាន​របស់​លោក​ ស្ហ៊ី ជីនពីង​ នៅ​អាមេរិក​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ គឺ​ជា​ការ​ផ្តើម​ឡើង​នៃ​ទំនាក់ទំនង​ថ្មី​មួយ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​និង​ទីក្រុង​ប៉េកាំង។ ពីព្រោះ​ជួន​កាល ល្អ​ឬ​អាក្រក់ តានតឹង​ ឬ​ធូរស្រាល ទំនាក់ទំនង​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយ​ទៀត អាស្រ័យ​ទៅ​លើ​បុគ្គលិកលក្ខណៈ​របស់​អ្នក​ដឹក​នាំ។ និយាយ​បែប​ផ្សេង បើ​សិន​ជា​ជាប់​ឆ្នោត​ម្តង​ទៀត​ជា​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ លោក​អូបាម៉ា​អាច​នឹង​ត្រូវរ៉ូវ​គ្នា​ល្អ​ជាមួយ​លោក​ស្ហ៊ី ជីនពីង ដ្បិត​អនាគត​ប្រធានាធិបតី​ចិន​រូប​នេះ​ស្គាល់​ច្បាស់​សហរដ្ឋអាមេរិក ជាទី​ដែល​កូនស្រី​របស់​លោក​កំពុង​បន្ត​ការ​សិក្សា និង​ជាទី​ដែល​លោក​ធ្លាប់​ទៅ​ប្រាំដង​រួច​មក​ហើយ។

ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​លើ​សាច់ការ​ជាក់​ស្តែង នឹង​មិន​អាច​មាន​ទៅ​កើត​ទេ ការ​ប្រែប្រួល​ធំដុំ​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក​និង​ចិន នា​ពេល​ដែល​លោក​ស្ហ៊ី ជីនពីង​នឹង​ឡើង​មក​គ្រប់គ្រង​ប្រទេស​ចិន​នៅ​ឆ្នាំ​ក្រោយ។ ប្រវត្តិសាស្រ្ត​បាន​បង្ហាញ​ច្បាស់​ហើយ​ថា ក្នុង​អំឡុង​ពេល​ជាង​៦០​ឆ្នាំ​កន្លង​ទៅ​នេះ ទំនាក់ទំនង​រវាង​មហាយក្ស​ទាំង​ពីរ​បាន​ស្គាល់​ស្ថិរភាព​ល្អ តែ​នៅ​ពេល​ណា​ដែល​ផល​ប្រយោជន៍​របស់​អាមេរិក​ និង​របស់​ចិន​បាញ់​ទៅ​រក​ទិសដៅ​មួយ​ដូច​គ្នា។ ឧទាហរណ៍​ជាក់​ស្តែង គឺ​ពី​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​១៩៩១។ កាល​សម័យ​នោះ​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​ប៉េកាំង​បាន​បោះ​ដៃ​រក​គ្នា​ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​ទប់ទល់​នឹង​សត្រូវ​រួម នោះ​គឺ​សហភាព​សូវៀត។ ផ្ទុយ​ទៅ​វិញ តាំង​ពី​ចប់​សង្គ្រាម​ត្រជាក់​រហូត​មក​ដល់​សព្វ​ថ្ងៃ ចង់​ឬ​មិន​ចង់ អាមេរិក​និង​ចិន​ជា​គូប្រជែង​យុទ្ធសាស្រ្ត មាន​ន័យ​ថា ពី​ពេល​នេះ​ត​ទៅ ពិភពលោក​ជា​ភ្នំ​មួយ​ដែល​មាន​ខ្លា​ពីរ គឺ​អាមេរិក​និង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ