អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាស៊ាន​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា​-ថៃ​បាន​ទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តប​ទៅ​នឹង​សំណើ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​ស្នើ​ឱ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​កោះ​ប្រជុំ​ជា​បន្ទាន់​ ដើម្បី​ដោះស្រាយ​បញ្ឈប់​ការ​ឈ្លានពាន​របស់​ថៃ​ ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​បាន​បង្វែរ​​សំណុំ​រឿង​ទៅ​ឱ្យ​ សមាគម​អាស៊ាន​ជា​អ្នក​ដោះ​ស្រាយ​សិន។ ​យ៉ាង​ណា​ក៏​ដោយ​ស្ថាប័ន​កំពូល​របស់​ពិភពលោក​មួយ​នេះ​បាន​ត្រៀម​រួច​ហើយ​ថា​ នឹង​កោះ​ប្រជុំ​ដោះស្រាយ​បញ្ហា​ព្រះវិហារ​ក្នុង​ករណី​ដែល​អាស៊ាន​មិនអាច​ ដោះស្រាយ​បាន។ សម្រាប់​ក្រុម​អ្នកវិភាគ​ សមាគម​អាស៊ាន​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​ បាន​ឡើយ។

អាស៊ាន​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​បាន​ទេ
អាស៊ាន​មិន​អាច​ដោះស្រាយ​បញ្ចប់​ជម្លោះ​ព្រំដែន​កម្ពុជា​ថៃ​បាន​ទេ ©AFP
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ប្រជុំ​ពិគ្រោះ​យោបល់​ផ្ទៃក្នុង​របស់​ខ្លួន​រួច​មក​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​រុញ​សំណុំ​រឿង​នៃ​ជម្លោះ​ព្រំដែន​ខ្មែរ​និង​ថៃ​ទៅ​ឱ្យ​សមាគម​អាស៊ាន​ជា​អ្នកដោះ​ស្រាយ​សិន​មុន​នឹង​ខ្លួន​ចាប់ផ្តើម​កោះ​ប្រជុំ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

ការ​បោះ​បាល់​ទៅ​ឱ្យ​សមាគម​អាស៊ាន​ជា​រឿង​ពិធីការ​ប៉ុណ្ណោះ​ ពី​ព្រោះ​ថា​អង្គការ​សហប្រជា​ជាតិ​មិន​អាច​យក​សំណុំ​រឿង​នេះ​មក​ដោះស្រាយ​ភ្លាមៗ​ដោយ​មើល​រំលង​សមាគម​អាស៊ាន​បាន​ទេ។ ​រីឯ​កម្ពុជា​ក៏​មិន​អាច​ប្រកែក​មិន​ទទួល​យក​សំណើ​​បែប​នេះ​បាន​ដែរ​ ពីព្រោះ​ថា​ការ​បដិសេធ​មិន​ទទួល​យក​តួនាទី​របស់​អាស៊ាន​មាន​ន័យ​ស្មើ​នឹង​ការ​មិន​ផ្តល់​សារៈសំខាន់​ដល់​អាស៊ាន​ដែល​ខ្លួន​ជា​សមាជិក។ ​ម្យ៉ាងទៀត ​កម្ពុជា​តែង​សម្តែង​ភាព​ទន់ភ្លន់​ចំពោះ​ដំណោះ​ស្រាយ​បញ្ហា​ជាមួយ​ថៃ​ដោយ​យល់​ព្រម​ទទួល​យក​គ្រប់​យន្តការ​ទាំងអស់​ឱ្យ​តែ​អាច​ទៅ​រួច។

ប៉ុន្តែ ​ប្រសិន​ណា​បើ​គេ​ពិនិត្យ​ទៅលើ​ជម្រៅ​នៃ​បញ្ហា​ជម្លោះ​នៅ​ព្រះវិហារ​ និង​ពិនិត្យ​ទៅ​លើ​តួនាទី​របស់​អាស៊ាន​ សមាគម​នេះ​ពិតជា​មិន​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​ខ្មែរ​ និង​ថៃ​បាន​ឡើយ។ ​ហេតុផល​នៅទី​នេះ​វា​សាមញ្ញ​និង​ងាយ​យល់​ជាទី​បំផុត។ ​ជាបឋម​ គេ​ត្រូវ​យល់​ថា​ទំនាស់​អំពី​បញ្ហា​ទឹកដី​មិន​មែន​ជា​ទំនាស់​បែង​ចែក​នំ​គ្នា​នោះ​ឡើយ​ ជា​ពិសេស​ទៅ​ទៀត​ រឿង​ព្រះវិហារ​ដែល​កំពុង​កើត​ឡើង​រវាង​ខ្មែរ​និង​ថៃ​នៅ​ពេល​នេះ​មិន​មែន​ជារឿង​ដែល​អាច​បញ្ចប់​ដោយ​ការ​ធ្វើ​សម្បទាន​កាត់ដី​ចែក​គ្នា​បាន​ទេ។ ​បញ្ហា​នៅ​ត្រង់​ថា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​គូស វាស​ចេញ​ជា​ផែនទី​រួច​រាល់​អស់​ហើយ​តាំង​ពី​ជាង​១០០​ឆ្នាំ​មុន​មក​ម៉្លេះ។ ​ផែនទី​នេះ​ហើយ​ដែល​ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​បាន​កាត់​សេចក្តី​ឱ្យ​កម្ពុជា​ឈ្នះ​ថៃ​លើ​សំណុំ​រឿង​ព្រះវិហារ​កាលពី​ឆ្នាំ​១៩៦២។​ ដូច្នេះ​បញ្ហា​នៅ​ទី​នេះ​ គឺ​ការ​ឈ្លានពាន​របស់​ថៃ​ដែល​កម្ពុជា​មិន​អាច​ធ្វើ​សម្បទាន​ណា​មួយ​បាន​ឡើយ។

ដើម្បី​ដោះស្រាយ​ទំនាស់​ប្រភេទ​នេះ​វា​ទាមទារ​ឱ្យ​មាន​យន្តការ​មួយ​ដែល​មាន​អំណាច​ពិត​ប្រាកដ​ក្នុង​ការ​អារ​កាត់​ថា​ដី​នេះ​ជា​របស់​ខ្មែរ​និង​បង្ខំ​ឱ្យ​ថៃ​បញ្ឈប់​ការ​ឈ្លានពាន។ ស្ថាប័ន​ដែល​មាន​សិទ្ធិ​អំណាច​ធ្វើ​រឿង​នេះ​បាន​គឺ​មាន​តែ​ក្រុមប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​តែ​ប៉ុណ្ណោះ ​ដែល​ត្រូវ​បង្ខំ​ឱ្យ​ថៃ​គោរព​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ។

ងាក​ទៅ​មើល​សមាគម​អាស៊ាន​វិញ​ សមាគម​នេះ​ពិត​ជា​មិន​អាច​ដោះស្រាយ​បញ្ចប់​បញ្ហា​រវាង​ខ្មែរ​និង​ថៃ​បាន​ទេ​ មិន​បាន​ដោយ​ហេតុ​ថា​អាស៊ាន​គ្មាន​អំណាច​អ្វី​ដែល​ត្រូវ​អារកាត់​រឿង​របៀប​នេះ​ឡើយ។ ​ម៉្យាងទៀត ​អាស៊ាន​គឺជា​សមាគម​ដែល​ប្រកាន់​យក​គោលការណ៍​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​គ្នា​ជា​ធំ។ ​គោលការណ៍​នេះ​មិន​អនុញ្ញាត​ឱ្យ​សមាគម​អាស៊ាន​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​រដ្ឋ​មួយ​ ឬ​ទំនាស់​រវាង​សមាជិក​មួយ​ជាមួយ​នឹង​សមាជិក​មួយ​ទៀត​បាន​ឡើយ។​ ជាពិសេស​ទៅ​ទៀត​ ថៃ​ក៏​មិន​ដែល​ទទួល​យក​តួនាទី​របស់​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រះវិហារ​ម្តង​ណាទេ។ ​ក្នុង​បរិបទ​បែប​នេះ ​តើ​អាស៊ាន​អាច​ធ្វើ​អ្វី​បាន?​

ជាការពិត​ អ្វី​ដែល​អាស៊ាន​អាច​ធ្វើ​បាន​ គឺ​អាច​នឹង​ប្រើ​វិធី​លួង​លោម​តាម​បែប​ការទូត​ឱ្យ​ភាគី​នីមួយៗ​អត់ធ្មត់​ និង​ឈប់​បាញ់​គ្នា​មួយ​រយៈ​បាន។ ​ប៉ុន្តែ​ បែប​នេះ​មិនមែន​ជា​ដំណោះ​ស្រាយ​ពិត​ប្រាកដ​ដែល​កម្ពុជា​ចង់​បាន​ឡើយ​ពីព្រោះ​ថា​យូរ​ឬ​ឆាប់​បញ្ហា​វា​នឹង​ផ្ទុះ​ឡើង​វិញ​តែ​ដដែល។ ដូច្នេះ ​កម្ពុជា​មិន​ត្រូវ​បោះ​ជំហាន​ថយ​ក្រោយ​វិញ​ជា​ដាច់ខាត​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​រៀបចំ​យុទ្ធសាស្ត្រ​បន្ត​ទៀត​ដោយ​ធ្វើ​យ៉ាង​ណា​ជំរុញ​ឱ្យ​មាន​ដំណោះ​ស្រាយ​ដាច់​ស្រេច​មួយ​អំពី​បញ្ហា​ព្រះវិហារ​ពីព្រោះ​វា​ទាក់ទង​នឹង​ភាព​សុខសាន្ត​នៃ​ប្រទេស​ជាតិ​របស់​ខ្លួន។

រីឯ​ការ​បដិសេធ​របស់​ថៃ​មិន​ទទួល​យក​ដំណោះស្រាយ​តាម​យន្តការ​អន្តរជាតិ​គ្មាន​អ្វី​ចម្លែក​ទេ​ ពីព្រោះ​ប្រទេស​នេះ​មិន​ហ៊ាន​លេង​តាម​ផ្លូវ​ច្បាប់​អន្តរជាតិ​ឡើយ​ដោយ​ហេតុ​ថា​ថៃ​បាន​ដឹង​មុន​ថា​គេ​នឹង​ចាញ់​កម្ពុជា។ ​ឥឡូវ​នេះ​ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ត្រៀម​ខ្លួន​ហើយ​ថា​នឹង​កោះ​ប្រជុំ​ដោះស្រាយ​បញ្ហា​ខ្មែរ​ថៃ​ក្នុង​ករណី​ដែល​អាស៊ាន​ដោះស្រាយ​មិន​បាន។

ដោយសារ​គេ​បាន​ដឹង​មុន​ជា​ស្រេច​ថា​អាស៊ាន​មិន​អាច​ដោះស្រាយ​បញ្ហា​ខ្មែរ​និង​ថៃ​បាន រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ត្រៀម​លក្ខណៈ​ឱ្យ​បាន​ល្អ​ប្រកប​ដោយ​ជំហរ​ម៉ឺងម៉ាត់​និង​ភាព​ប៉ិនប្រសប់​ក្នុង​ការ​តទល់​ជាមួយ​ថៃ​នៅ​ឯ​ក្រុមប្រឹក្សា​សន្តិសុខ​សហប្រជាជាតិ។ ​ការ​ដក​ថយ​ក្នុង​រឿង​នេះ​មិន​ខុស​អ្វី​ពី​ការ​ទុក​ឱ្យ​កម្ទេច​ភ្លើង​ឆាប​ឆេះ​ក្លាយ​ជា​អគ្គិភ័យ​នោះ​ឡើយ។ ​សហគមន៍​អន្តរជាតិ​ក៏​ត្រូវ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ដែរ​ចំពោះ​រឿង​នេះ​ប្រសិន​បើ​ពួកគេ​បណ្តែត​បណ្តោយ​មិន​ព្រម​ដោះស្រាយ​បញ្ហា​ព្រះវិហារ​ឱ្យ​បាន​ដាច់ស្រេច​ទេ​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ