អានតួអត្ថបទ
អូស្ត្រាលី

អ្នកសុំ​​ជម្រក​​ភៀសខ្លួន​​បន្ត​​ធ្វើកូដកម្ម​​អត់​​អាហារ​​

នៅប្រទេស​អូស្ត្រាលី​ អ្នកសុំ​ជម្រក​ភៀសខ្លួន​ប្រមាណ​១០០ប្លាយ​នាក់​បន្ត​ធ្វើ​កូដកម្ម​អត់​អាហារ​នៅក្នុង​ជំរំ​ឃុំឃាំង​នៅ​កោះ​អូស្ត្រាលី​ឈ្មោះ​ គ្រីសម័ស​ ដែលឋិត​នៅ​ប៉ែកខាងត្បូង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី។​ អ្នកសុំ​ជម្រក​ភៀសខ្លួន​ទាំងនោះ​បាន​មកដល់​ដែនទឹក​អូស្ត្រាលី​ក្រោយ​ថ្ងៃទី​១៣សីហា​ ​ ដូច្នេះ​អ្នកទាំងនោះ​ត្រូវឋិត​នៅ​ក្រោម​ច្បាប់ថ្មី​របស់​អូស្ត្រាលី​ ​ ដែល​អនុម័ត​ដោយ​សភា​ក្នុង​គោល​បំណង​បញ្ចៀស​កុំឲ្យ​មាន​បេក្ខជន​សុំ​ជម្រក​ភៀសខ្លួន​នាំគ្នា​ជិះទូក​មក​កាន់​ប្រទេស​អូស្ត្រាលី​ទៀត។

ជំរំ​ឃុំឃាំង​​នៅ​កោះ​​អូស្ត្រាលី​​ឈ្មោះ​​ គ្រីសម័ស​​ ដែលឋិត​​នៅ​ប៉ែក​ខាងត្បូង​​នៃ​​ប្រទេស​​ឥណ្ឌូនេស៊ី​
ជំរំ​ឃុំឃាំង​​នៅ​កោះ​​អូស្ត្រាលី​​ឈ្មោះ​​ គ្រីសម័ស​​ ដែលឋិត​​នៅ​ប៉ែក​ខាងត្បូង​​នៃ​​ប្រទេស​​ឥណ្ឌូនេស៊ី​ ©​ RFI
ផ្សាយពាណិជ្ជកម្ម

ច្បាប់ថ្មី​របស់​ប្រទេស​អូស្ត្រាលី​បាន​គ្រោង​ឲ្យ​មាន​ការ​សាងផ្ទេរ​អ្នក​សុំ​ជម្រក​ភៀសខ្លួន​ទាំងនោះ​ ​ យកទៅ​ដាក់នៅ​កោះ​ Nauru ​ដែល​ឋិតនៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ ​ ដែល​ជា​ទីកន្លែង​ពួកគេ​ពុំ​ចង់​ឃើញ​សោះឡើយ។​ ពួកអ្នក​សុំជម្រក​ភៀសខ្លួន​ទាំងនោះ​ ភាគច្រើន​ជា​ជនជាតិ​អាហ្វាហ្កានីស្ថាន​ ​ សេរីលង្កា​ ​ ប៉ាគីស្ថាន​ ​ អ៊ីរ៉ង់។​ ពួកគេ​ភាគច្រើន​បាន​ចាប់​ធ្វើ​កូដកម្ម​អត់​អាហារ​នៅ​ថ្ងៃសុក្រ​ទី២៤​សីហា​កន្លង​ទៅនេះ​ ​ ហើយ​អ្នកខ្លះ​ពុំ​ទទួល​ទាន​អាហារ​អស់​រយៈពេល​១២ថ្ងៃ​មកហើយ។​ បើយោងតាម​អ្នកដឹកនាំ​ចលនា​កូដកម្ម​ ​ មាន​អ្នក​សុំ​ជម្រក​ភៀសខ្លួន​បីនាក់​បាន​ត្រូវ​គេ​ដឹកចូល​មន្ទីរពេទ្យ​ ​ ដោយហេតុ​តែ​មាន​បញ្ហា​ជម្ងឺ​តម្រង​ទឹកនោម។

 
បើយោងតាម​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​ ​ មាន​តែ​ម្នាក់គត់​ដែលបាន​ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ​ ប៉ុន្តែ​គេ​ពុំដឹងថា​ ​ តើមាន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​កូដកម្ម​ឬទេ?
ប៉ុន្តែ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​ព្រមានថា​ ​ ការធ្វើ​កូដកម្ម​ទាំងនេះ​នឹង​ពុំ​ធ្វើឲ្យ​ ប្រទេស​អូស្ត្រាលី​កែប្រែ​នយោបាយ​អន្តោប្រវេសន៍​ថ្មី​របស់​ខ្លួនឡើយ។

រីឯ​លោក​រដ្ឋមន្ត្រី​ក្រសួង​ថវិកា​វិញ​បាន​ថ្លែងថា​ ​ “ការគំរាម​យកទៅ​ដាក់​នៅលើ​កោះ​ Nauru ​គឺជា​មធ្យោបាយ​ដ៏​ស័ក្តិសិទ្ធិ​ ​ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​បេក្ខជន​សុំ​ជម្រក​ភៀសខ្លួន​នាំគ្នា​ជិះទូក​មក​កាន់​ប្រទេស​អូស្ត្រាលី​ទៀត។

ដើម្បី​ចៀសវាង​កុំឲ្យ​គេ​បញ្ជូន​ខ្លួន​ទៅ​កាន់​កោះ​ Nauru ​ ​ អ្នកធ្វើ​កូដកម្ម​ខ្លះ​សុខចិត្ត​វិល​ត្រឡប់​ទៅកាន់​ទីកន្លែង​ដើម​របស់​ខ្លួន​ ​ ពោលគឺ​នៅ​ជំរំ​ភៀសខ្លួន​ដែល​គ្រប់គ្រង​ដោយ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ