អានតួអត្ថបទ
បង់ក្លាដែស

កម្មករ​រោងចក្រ​កាត់ដេរ​បន្ត​ងើប​បះបោរ ក្រោយ​គ្រោះអគ្គិភ័យ

នៅ​ប្រទេស​បង់ក្លាដែស មួយ​សប្តាហ៍ បន្ទាប់​ពី​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​ដែល​បណ្តាល​ឲ្យ​ស្លាប់​កម្មករ កម្មការនី​ចំនួន ១១០នាក់​មក ក្បួន​បាតុកម្ម​របស់​កម្មករ​នៅ​បន្ត​មាន​សឹង​តែ​រៀងរាល់​ថ្ងៃ។ នៅ​ថ្ងៃ​អាទិត្យ ទី២ ធ្នូ​ម្សិលមិញ មាន​កម្មករ​រាប់សិប​ពាន់នាក់​បាន​នំា​គ្នា​ចុះ​ផ្លូវ​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​មាន​លក្ខខណ្ឌ​សន្តិសុខ​ល្អ​នៅ​កន្លែង​ធ្វើការ ក៏​ដូច​លក្ខខណ្ឌ​ការងារ។ ក្បួនបាតុកម្ម​បាន​បញ្ចប់​ទៅ​ដោយ​អំពើហិង្សា​រវាង​ក្រុមបាតុករ និង​កម្លំាង​សន្តិសុខ។

កម្មករ​រោងចក្រ​កាត់ដេរ​បន្ត​ងើប​បះបោរ ក្រោយ​គ្រោះអគ្គិភ័យ
កម្មករ​រោងចក្រ​កាត់ដេរ​បន្ត​ងើប​បះបោរ ក្រោយ​គ្រោះអគ្គិភ័យ REUTERS/Andrew Biraj
ផ្សាយពាណិជ្ជកម្ម

ដើម្បី​សម្តែង​ពី​កំហឹង​របស់​ខ្លួន ក្រុមបាតុករ​បាន​នំា​គ្នា​បិទផ្លូវ​ដែល​ធ្វើ​ដំណើរ​ចូល​ក្នុង​ទីក្រុង​ដាកា ដោយ​បាន​ដុត​គំនរ​កង់ឡាន និង​សម្ភារៈ​ផ្សេងៗ​ទៀត។ នៅ​ពេល​កម្លំាង​ប៉ូលិស​បាន​ទៅ​ដល់​ទីកន្លែង​បាតុកម្ម ពួក​គេ​បាន​ទទួល​ស្វាគមន៍​ដោយ​ការ​ចោល​ដុំថ្ម​ពី​សំណាក់​ក្រុម​បាតុករ។ ជា​ការ​ឆ្លើយ​តប​វិញ កម្លំាង​ប៉ូលិស​បាន​ធ្វើ​ការ​បាញ់​រះ​ដោយ​គ្រាប់​កំាភ្លើង​កៅស៊ូ និង​គ្រាប់បែក​ផ្សែង​បង្ហូរ​ទឹកភ្នែក។

លោក Roy Ramesh Chandra ប្រធាន​សហជីព​កម្មករ​កាត់ដេរ​បាន​បញ្ជាក់​ថា តំាង​ពី​មាន​គ្រោះអគ្គិភ័យ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ Tazreen និង​ការ​ធ្លាយ​ចេញ​នូវ​ព័ត៌មាន​មួយ​ដែល​ថា ថ្នាក់ដឹកនំា​រោងចក្រ​ប្រហែល​ជា​បាន​បញ្ជា​កុំ​ឲ្យ​កម្មករ​រត់ចេញ​នៅ​ពេល​មាន​ភ្លើង​ឆាបឆេះ​នៅ​ក្នុង​រោងចក្រ​មក កម្មករ កាន់​តែ​ធ្វើ​កម្មករ កម្មការនី​រឹត​តែ​តក់ស្លុត​ថែម​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​ពួក​គេ​បន្ត​ធ្វើ​បាតុកម្ម​រហូត​មក​ទល់​ពេល​នេះ។

មាន​គោលដៅ​សំខាន់​ពីរ​ដែល​ក្រុម​បាតុករ​នៅ​រោងចក្រ​កាត់ដេរ Tazreen ទាមទារ ទី១ សុំ​ឲ្យ​ថៅកែ​​បើក​ប្រាក់ខែ​ដែល​នៅ​ជំពាក់​ពួក​គេ និង​ទី២ ពួក​គេ​ចង់​ឃើញ​ថ្នាក់ដឹកនំា​រោងចក្រ​ទទួល​ទោស​ចំពោះ​ព្រឹត្តិការណ៍​គ្រោះ​អគ្គិភ័យ​កន្លង​មក ព្រោះ​ថា ការ​ស្លាប់​កម្មករ កម្មការនី​ជាង ១០០នាក់ គឺ​ជា​សោកនាដកម្ម​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​ទេ។

ជាមួយ​នឹង​ក្បួនបាតុកម្ម​របស់​កម្មករ កម្មការនី​រោងចក្រ​កាត់ដេរ​ដែល​កាន់​តែ​រីកធំ​ទៅៗ​នា​ពេល​នេះ បាន​បង្ខំ​ឲ្យ​រោងចក្រ​កាត់ដេរ​ជាច្រើន​បិទទ្វារ ដោយ​ខ្លាច​ព្រឹត្តិការណ៍​នេះ​ប្រែក្លាយ​ទៅ​ជា​ការ​ងើបបះបោរ​សង្គម ក្រោម​ទ្រង់ទ្រាយ​ធំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ