អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

របត់​ផ្លូវ​​ដ៏​​រលាក់​​អាច​​បង្ក​​គ្រោះ​ថ្នាក់​​ដល់​​គណបក្ស​​សង្គ្រោះ​​ជាតិ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្ស​សង្គ្រោះ​ជាតិ​ដែលមាន​សន្ទុះ​យ៉ាងខ្លាំង​គួរ​ឲ្យ​កត់សម្គាល់​កាលពី​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ ពេលនេះ​កំពុង​ប្រឈម​នឹង​ការ​បក់បោក​នៃ​រលក​នយោបាយ​សាជាថ្មី។ នេះ​អាច​ចាត់ទុកថា​ជា​របត់​ដ៏​សំខាន់​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អនាគត​គណ​បក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ។ រលក​នយោបាយ​ថ្មី​នេះ​ក៏​ជា​វិញ្ញាសា​សាកល្បង​សមត្ថភាព ដោះស្រាយ​បញ្ហា​របស់​មេដឹកនាំ​ទាំងពីរ​របស់​គណបក្ស​ង្គ្រោះ​ជាតិ​ផងដែរ។

តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣
តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះជាតិ ថត​រូប​អនុស្សាវរីយ៍​ពេល​ធ្វើ​សច្ចា​ប្រណិធាន​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ថ្ងៃ​ទី​២២​សីហា ឆ្នាំ​២០១៣ រូបភាព​ឯកសារ
ផ្សាយពាណិជ្ជកម្ម

ប្រជាប្រិយភាព​ខ្ពស់ ត្រដែត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្រោយ​ការ​បោះឆ្នោត​ខែ​កក្កដា​ឆ្នាំ ២០១៣ ពេល​នេះ​កំពុង​ឈានដល់​របត់ផ្លូវ​រលាក់​យ៉ាង​ខ្លាំង។ រលាក់​ដោយ​កត្តា​គួប​ផ្សំ​ច្រើន​យ៉ាង​រួមទាំង​កត្តា​ខាងក្នុង​ផង​និង​កត្តា​ខាងក្រៅ​ផង។

កត្តា​សំខាន់​ទី១៖ គឺ​មកពី​ស្នាម​ប្រះ​ស្រាំ​នៃ​មុខ​របួស​ចាស់​នៃ​សម្ព័ន្ធភាព​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ សូម​កុំភ្លេចថា សម្ព័ន្ធភាព​គឺជា​ចំណុច​ស្លាប់​រស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ដូច្នេះ ការ​បែក​បាក់​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត​គណបក្ស​នេះ​យ៉ាងពិត​ប្រាកដ។

កត្តា​សំខាន់​ទី២  គឺ​មកពី​ការ​ខក​ចិត្ត​របស់​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន ។ ខក​ចិត្ត​ម្យ៉ាង​ដោយសារ​តែ​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សន្យា​ផ្តល់​ប្រាក់​ឧត្ថម្ភ​ចាស់​ជរា និង​ការ​ផ្តល់​សេវា​សុខាភិបាល​ឥត​គិត​ថ្លៃ​ជា​ដើម​នោះ​មិន​ទាន់​អាច​ក្លាយ​ជា​ការ​ពិត​នៅ​ឡើយ​។

តាម​ពិត​នេះ​មិន​មែន​ជា​កំហុស​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ទេពី​ព្រោះ​គណបក្ស​នេះ​មិនបាន​ឈ្នះ​ឆ្នោត​ដឹកនាំ​ប្រទេស​ឯណា? ប៉ុន្តែ សម្រាប់​អ្នក​បោះ​ឆ្នោត​មួយ​ចំនួន បើ​សន្លឹក​ឆ្នោត​របស់​ខ្លួន​មិន​បាន​អ្វី​ដូច​ការ​សន្យា ពួកគេ​ក៏​កើត​មាន​ការ​ខក​ចិត្ត​។ ខក​ចិត្ត​ម្យ៉ាង​ទៀត គឺ​ដោយ​សារ​សង្គ្រោះ​ជាតិ​យល់​ព្រម​ចូល​រដ្ឋសភា​ដែល​ខុសពី​ការ​សន្យា​កាល​ពី​ដំបូង​ទី។

កត្តា​សំខាន់​ទី៣៖ ខណៈ​ដែល​សកម្មជន​និង​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន ខក​ចិត្ត​ស្រាប់​តែ​រលក​ចលនា​នយោបាយ​ថ្មី​មួយ​ដែល​ដឹក​នាំ​ដោយ​ក្រុម​បណ្ឌិត បញ្ញវន្ត​មាន​កេរ្តិ៍​ឈ្មោះ​មួយ​ក្រុម​បាន​ចាប់​កំណើត​ឡើង​។ សម្រាប់​អ្នក​ខក​ចិត្ត​ជាមួយ​គណ​បក្ស​សង្គ្រោះ​ជាតិ ចលនា​នយោបាយ​ថ្មី​នេះ​គឺ​ជា​ក្តី​សង្ឃឹម​ថ្មី​របស់​ពួកគេ​។

កត្តា​សំខាន់​ៗ​ទាំង​នេះ​ប្រៀប​បាន​នឹង​ព្យុះ​កំពុង​បោក​បក់​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ព្យុះ​នេះ​អាច​គ្រាន់​តែ​ជា​ព្យុះ​ក្នុង​កែវ​ដែល​មិន​អាច​ធ្វើ​ឲ្យ​ដើម​ឈើ​ដ៏​ធំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​រង្គើ​ឡើយ​ប្រសិន​បើ​មេដឹកនាំ​គណបក្ស​នេះ​អាច​គ្រប់​គ្រង​សភាព​ការណ៍​បាន។ ប៉ុន្តែ រលក​ចលនា​ថ្មី​នេះ​អាច​ក្លាយ​ជា​ព្យុះ​ដ៏​កំណាច​មួយ​ដែល​ធ្វើ​ឲ្យ​មែកឈើ​សង្គ្រោះ​ជាតិ​បាក់​ធ្លាក់​យ៉ាង​ដំណំ​ក៏​ថា​បាន​ប្រសិន​បើ​គ្មានអ្វី​អាច​ទប់​សភាពការណ៍​បានទេ​នោះ។

ជាការ​ពិតណាស់ ដូចដែល​គេ​បាន​មើលឃើញ​តាំងពី​ដើមទី​ម្ល៉េះ​ថា គណបក្ស​ប្រឆាំង​មាន​សន្ទុះ​ខ្លាំង​លើផ្លូវ​ដ៏​រលាក់។ រលាក់​ដោយសា​តែ​គណបក្ស​នេះ​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ច្រើន​យ៉ាង​ណាស់​ក្នុង​ដំណើរ​ឈោង​ទៅ​កាន់​អំណាច។ ឧបសគ្គ​សំខាន់​ៗ​មាន​ដូច​ជា កង្វះ​ធន​ធាន​មនុស្ស​ក្នុង​បរិបទ​ដែល​រដ្ឋបាល​កម្ពុជា​ត្រូវ​បាន​គ្រប់​គ្រង​ទាំង​ស្រុង​ដោយ​បក្ស​កាន់​អំណាច សម្ព័ន្ធភាព​ដែល​នៅ​តែ​ផុយ​ស្រួយ និង​បញ្ហា​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស។ល។

បច្ចុប្បន្ននេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើបតែ​ទទួល​ជោគ​ជ័យ​ធំធេង​រហូត​ដល់​៥៥កៅ​អី​ក្នុង​រដ្ឋសភា​កំពុង​ឆ្លងកាត់​ដំណាក់​កាល​ដ៏​រលាក់​នេះ​ហើយ។  ប្រឈម​មុខ​ចំពោះ​បញ្ហា​នេះ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គ្រប់​គ្រង​សភាពការណ៍​មួយ​ចំនួន​ឲ្យ​បាន៖ ទី​១ ត្រូវ​ព្យាយាម​ផ្សារ​ភ្ជិត​មុខតំណ​ប្រេះ​ស្រាំ​នៃ​សម្ព័ន្ធភាព​រវាង​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ពី​ព្រោះ​មុខ​តំណ​នេះ​ជា​ចំណុច​គ្រោះ​ថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ទី២៖ សង្គ្រោះ​ជាតិ​ត្រូវ​តែ​បង្ហាញ​ដល់​អ្នក​គាំទ្រ​របស់ខ្លួន​អំពី​លទ្ធ​ផល​ជាក់​ស្តែង​ដែល​កើត​ចេញ​ពី​ការ​តស៊ូ​មតិ​របស់ខ្លួន​ក្រោយ​ពេល​ចូល​រដ្ឋសភា​ដើម្បី​កាត់បន្ថយ​ការ​ខក​ចិត្ត​របស់​ពួកគេ។ និង​ទី៣៖ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​កំណែ​ទម្រង់​ស៊ីជម្រៅ​មួយ​នៅ​ផ្ទៃ​ក្នុង​បក្ស​ដើម្បី​ក្លាយ​ជា​គណបក្ស​ស្អាត​ស្អំ និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​ដែល​គ្មាន​អ្នកណា​អាច​ប្រជែង​បាន។
 

ប៉ុន្តែ បញ្ហា​នៅត្រង់ថា ដើម្បី​ឲ្យ​សម្ព័ន្ធភាព​រលាយ​សាច់​មួយ​វា​ទាមទារ​ឆន្ទៈ​ដែល​ចេញពី​បេះដូង​គឺ​មិនមែន​ដោយសារ​ស្ថានការណ៍​ចាប់​បង្ខំ​ទេ។ ម្យ៉ាង​ទៀត តើ​សង្គ្រោះ​ជាតិ​អាច​ពន្យល់​អ្នក​គាំ​ទ្រ​អំពី​លទ្ធផល​នៃ​ការចូល​សភា​យ៉ាង​ដូច​ម្តេច​ទៅ​បើ​រហូតមក​ដល់ពេលនេះ​នៅ​តែ​មាន​សកម្មជន​របស់​ខ្លួន​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​នៅ​ឡើយ​នោះ? តើ​សង្គ្រោះ​ជាតិ​អាច​បង្ហាញថា​ខ្លួន​ជា​បក្ស​ប្រជាធិបតេយ្យ​និង​ស្អាត​ស្អំ​បាន​ដែរ​ឬទេ​ខណៈដែល​ការ​ចោទ​ប្រកាន់​ពី​ពុករលួយ​និង​បក្ខ​ពួក​ចេះ​តែ​លេច​លឺ​ជា​បន្ត​បន្ទាប់​បែប​នេះ​សំណួរ​ទាំង​អស់​នេះ​ជា​វិញ្ញាសា​ដ៏​លំបាក​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិត្រូវ​ពុះពារ​ដើម្បី​ការពារ​ប្រជាប្រិយភាព​របស់ខ្លួន​សម្រាប់​ការ​បោះឆ្នោត​ខាងមុខ។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ស្ថាន​ភាព​លំបាក​នេះ​មិន​ត្រូវ​បាន​គ្រប់​គ្រង​ទាន់​ពេល​ទេនោះ របត់​ផ្លូវ​ដ៏​រលាក់​នេះ​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​រថយន្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ចៀស​មិនផុត​។ យ៉ាងហោច​ណាស់​វា​អាចធ្វើ​ឲ្យ​រថយន្ត​សង្គ្រោះ​ជាតិ​របេះ​កង់​ឬ​របូត​ខ្ចៅ​ខ្លះ​ជា​មិន​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ