អានតួអត្ថបទ
កម្ពុជា

ទូរទស្សន៍​បក្ស​ប្រឆាំង​នៅ​មិន​ទាន់​ច្បាស់​ពី​ពេល​វេលា​ចេញ​ផ្សាយ

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ការ​ពេល​វេលា​យូរ​ទៀត ដើម្បី​ធ្វើ​ឲ្យ​ទូរទស្សន៍​បក្ស​ប្រឆាំង​ដំបូង​ត្រូវ​បាន​មហាជន​មើល​ឃើញ​នៅ​ប្រទេស​កម្ពុជា​។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់​លាស់​នៃ​ការ​ដំណើរ​ការ​ផ្សាយ​ទូរទស្សន៍​អាណាឡូក​របស់​ខ្លួន ដោយ​បញ្ជាក់​ថា កំពុង​តែ​រត់​ការ​សុំ​អាជ្ញាប័ណ្ណ​នៅ​ឡើយ ហើយ​ក្រុមហ៊ុន​គ្រប់​គ្រង​អាជ្ញាប័ណ្ណ នឹង​បន្ត​រក​ដៃ​គូ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​ឲ្យ​ការ​ផ្សាយ​អាច​ដំណើរការ​ទៅ​បាន​ដោយ​អព្យាក្រិត្យ​។

ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។
ស្លាកសញ្ញា​របស់​គណបក្ស​សង្រ្គោះជាតិ​។ @បណ្តាញសង្គម
ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា គណបក្ស​របស់​លោក​ត្រូវ​ការ​ពេល​វេលា​ច្រើន​បន្ថែម​ទៀត ដើម្បី​រៀប​ចំ​ឲ្យ​ទូរទស្សន៍​មួយ​អាច​ដំណើរការ​ទៅ​បាន​ជា​សាធារណៈ​។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ​ថា លោក​មិន​អាច​កំណត់​ច្បាស់​លាស់​ថា ទូរទស្សន៍​សង្គ្រោះជាតិ​នឹង​អាច​ចេញ​ផ្សាយ​នៅ​ពេល​ណា​បាន​ទេ​។

 

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បញ្ជាក់​ថា ពេល​នេះ​ក្រុម​ហ៊ុន Cambodian Independent Media Co., Ltd ដែល​ទទួល​បន្ទុក​ដំណើរការ​ទូរទស្សន៍​បក្ស​ប្រឆាំង​នេះ កំពុង​តែ​បំពេញ​បែបបទ ដើម្បី​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ទៅ​ក្រសួង​ព័ត៌មាន​។ លោក យឹម សុវណ្ណ បន្ថែម​ថា ក្រុមហ៊ុន​គ្រប់​គ្រង​អាជ្ញាប័ណ្ណ​នេះ ក៏​កំពុង​ស្វែង​រក​ដៃ​គូ​វិនិយោគ​បន្ថែម​ទៀត ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ទូរទស្សន៍​នេះ​ចេញ​ផ្សាយ​បាន​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​ទៅ​បាន​។

បញ្ហា​ថវិកា​គឺ​ជា​ឧបសគ្គ​ដ៏​ចំបង​ក្នុង​ការ​ដំណើរការ​ទូរទស្សន៍ ដែល​បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ បាន​សំលឹង​មើល​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​ក្រុមហ៊ុន​ខ្មែរ​នៅ​បរទេស​ហើយ ហើយ​ក៏​មិន​បាន​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន​បរទេស​ទេ​។ តែ​កត្តា​ពេល​វេលា​បាន​ចោទ​ច្រើន​ជាង នេះ​បើ​តាម​លោក យឹម សុវណ្ណ​។

សូម​រំលឹក​ថា ក្រុមហ៊ុន Cambodian Independent Media Co., Ltd ត្រូវ​បាន​អនុញ្ញាត​ដោយ​ក្រសួង​ព័ត៌មាន និង​ចំណារ​យល់​ព្រម​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៧​វិច្ឆិកា ឲ្យ​បំពេញ​បែបបទ​សុំ​ទៅ​ក្រសួង​ព័ត៌មាន ដើម្បី​ទទួល​បាន​អាជ្ញា​ប័ណ្ណ​ទូរទស្សន៍ ដែល​អាច​ផ្សាយ​តាម កាណាល់ UHF-41 នៃ​ប្រព័ន្ធ អាណាឡូក​។

ទោះ​យ៉ាង​នេះ​ក្តី គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទុក​លទ្ធភាព​ឲ្យ​អ្នក​វិនិយោគ​ដែល​ចាប់​អារម្មណ៍​មក​ពី​គ្រប់​និន្នាការ ជជែក​គ្នា​ជាមួយ​ម្ចាស់​អាជ្ញាប័ណ្ណ ដើម្បី​រៀបចំ​កម្មវិធី​ផ្សាយ​ផ្សេង​ៗ​។ ដោយ​ឡែក ចំពោះ​កម្មវិធី​ព័ត៌មាន​វិញ ត្រូវ​មន្ត្រី​គណបក្ស​ប្រឆាំង​អះអាង​ថា នឹង​ផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​ឯករាជ្យ មាន​ប្រយោជន៍​ដល់​សង្គម ចៀស​វាង​ការ​វាយ​ប្រហារ​គ្នា និង​មាន​តុល្យភាព​ផង​ដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ