អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ស្នើ​ឥណ្ឌូណេស៊ី​អោយ​ស្វែងរក​ការព្រមព្រៀង​ពី​ថៃ​អោយ​បាន​ឆាប់​លើ​បញ្ហា​ដកទ័ព

កម្ពុជា​បាន​ឆ្លើយ​ព្រមព្រៀង​ជា​ថ្មី​ម្តង​ទៀត​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​ស្តី​ពី​ការដក​កងទ័ព​ចេញ​ពី​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​បាន​ឆ្លើយ​ព្រមព្រៀង​យ៉ាងនេះ តាមរយៈ​លិខិត​ផ្លូវការ​មួយ​ទៅ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក Marty Natalegawa​កាល​ពី​ថ្ងៃ​ទី​២៦​មីនា។ ស្របពេល​ជាមួយ​គ្នា ប្រមុខ​ការទូត​កម្ពុជា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ស្នើ​ឥណ្ឌូណេស៊ី​ឲ្យ​ជួយ​ជំរុញ​អោយ​មាន​ការចុះ​ហត្ថលេខា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​នេះ​អោយ​បាន​ឆាប់។

រដ្ឋមន្រ្តី​ការបរទេស​ហោ ណាំហុង កាលជួប​លោក​ម៉ាទី រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូណេស៊ីក្នុង​ទីក្រុង​ភ្នំពេញ (បណ្ណសារ)
រដ្ឋមន្រ្តី​ការបរទេស​ហោ ណាំហុង កាលជួប​លោក​ម៉ាទី រដ្ឋមន្រ្តីការបរទេស​ឥណ្ឌូណេស៊ីក្នុង​ទីក្រុង​ភ្នំពេញ (បណ្ណសារ) ©RFI/Siv channa
ផ្សាយពាណិជ្ជកម្ម

 

ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ស្នើ​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​លោក​Marty Natalegawa អោយ​ធ្វើ​យ៉ាងណា​ពន្លឿន​អោយ​មាន​ការចុះ​ហត្ថលេខា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​ស្តី​ពី​ការដក​កងទ័ព និង​ការពង្រាយ​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី នៅ​ក្នុង​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ សំណើ​របស់​លោកប្រមុខ​ការទូត​កម្ពុជា​ធ្វើ​ឡើង នៅ​ក្នុង​លិខិត​មួយ​ដែល​លោក​ផ្ញើ​ទៅ​សមភាគី​ឥណ្ឌូណេស៊ី កាល​ពី​ថ្ងៃ​ទី​២៦​មីនា។

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​បញ្ជាក់​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ចុះ​ហត្ថលេខា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​នោះ ដើម្បី​ឈាន​ទៅ​រក​ការដក​បុគ្គលិក​យោធា​អោយ​បាន​ឆាប់ ស្រប​តាម​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ថ្ងៃ​ទី​១៨​កក្កដា​២០១១។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​បានជួប​ពិភាក្សា​ជាមួយ​លោក​ហោ ណាំហុង​នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​៥​មីនា រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ផ្ញើ​ខ្លឹមសារ​នៃ​លក្ខខណ្ឌ​ប្រតិបត្តិ (Term of Reference) ដែល​ទំនង​ជាមាន​ការកែប្រែ​ថែមទៀត​នោះ មក​កម្ពុជា ដើម្បី​អោយ​កម្ពុជា​ពិនិត្យ។ គឺ​នៅ​ថ្ងៃ​ទី​២៦​មីនា​ម្សិលមិញ​នេះ ដែល​កម្ពុជា តំណាង​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង​បាន​ធ្វើ​លិខិត​ឆ្លើយ​តប​ទៅ​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី​ដើម្បី​បញ្ជាក់​ថា កម្ពុជា​ព្រមព្រៀង​លើ​ខ្លឹមសារ​នៃ​លក្ខខណ្ឌ​ប្រតិបត្តិ​ស្តី​ពី​ការដក​កងទ័ព​ចេញ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​នេះ​ហើយ ហើយ​ថា កម្ពុជា​ស្នើ​អោយ​មាន​ការចុះ​ហត្ថលេខា​អោយ​បាន​ឆាប់​ទៀត​ផង។

មាន​ការវិវឌ្ឍន៍​ជា​វិជ្ជមាន​មួយ​នៅ​ក្នុង​ដំណើរ​ដក​កងទ័ព និង​ពង្រាយ​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី។ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី​កំពុង​តែ​ស្វែងរក​ការ​ឯកភាព​ពី​ភាគី​កម្ពុជា និង​ថៃ​លើ​លក្ខខណ្ឌប្រតិបត្តិ ខណៈ​ដែល​ក្រុម​ការងារ​ចម្រុះ​កម្ពុជាថៃ​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​បាន​កំណត់​ថ្ងៃ​ជួប​ពិភាក្សា​ការងារ នៅ​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៥​មេសា​ខាង​មុខ​ដ៏​ខ្លី​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ