អានតួអត្ថបទ
កម្ពុជា- ឥណ្ឌូណេស៊ី

ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី​ពិភាក្សា​ពី​ការត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៥ មីនានេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី បាន​ពិភាក្សា​ជាថ្មីទៀត ពី​ការត្រៀម​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ចុះ​ទៅកាន់​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ នៅ​តំបន់​គ្មាន​កងទ័ព ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ។ ប៉ុន្តែ​ប្រមុខ​ការទូត​ទាំងពីរ មិន​បាន​ប្រកាស​ពី​ថ្ងៃ​ខែ នៃ​ការបញ្ជូន​អ្នកសង្កេតការណ៍ ចុះ​ទៅ​កាន់​តំបន់​ព្រំដែន​ឡើយ។ កិច្ចប្រជុំ​រវាង​ប្រមុខ​ការទូត​កម្ពុជា​-​ឥណ្ឌូនេស៊ី នៅ​ទីក្រុង​ភ្នំពេញ ក៏​បាន​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី កម្ពុជា​-​ឥណ្ឌូនេស៊ី ព្រមទាំង​បញ្ហា​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​អាស៊ាន នាពេលខាងមុខ។

រដ្ឋមន្រ្តីការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ នៅថ្ងៃ​ចន្ទ​ទី​៥មីនា ២០១២
រដ្ឋមន្រ្តីការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ភ្នំពេញ នៅថ្ងៃ​ចន្ទ​ទី​៥មីនា ២០១២ ©RFI/siv channa
ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទកាសែត ដែល​ធ្វើ​ឡើង​នៅក្រោយ​កិច្ចប្រជុំ លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា បាន​លើក​ឡើងថា គណៈកម្មការ​ទូទៅ​ព្រំដែន ហៅ​កាត់​ថា GBC របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ថៃ បាន​ប្រជុំ​រួចហើយ និង​បាន​សម្រេច​បង្កើត​ក្រុមការងារ​រួម ដើម្បី​កំណត់​ថ្ងៃ​រៀបចំ​កងទ័ព នៅ​តំបន់​គ្មាន​កងទ័ព នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ តាម​ការកំនត់​របស់​តុលាការ​យុត្តិធម៌​ទី​ក្រុងឡាអេ។ ក៏​ប៉ុន្តែ​មក​ដល់ពេលនេះ ក្រុមការងារ​រួម​នោះ មិនទាន់​បាន​ប្រជុំ​នៅឡើយ។ រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី យល់ថា បើ​ការប្រជុំ​ក្រុម​ការងារ​ចម្រុះ​កម្ពុជា​-​ថៃ ដើម្បី​កំណត់​ថ្ងៃ​ដក​កងទ័ព បាន​ឆាប់​កាលណា គឺ​ល្អ​កាលហ្នឹង ដើម្បី​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី អាច​នឹង​មក​ធ្វើការ​សង្កេតការណ៍​នៅ​តំបន់​នោះ។

 
រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី ក៏​សង្ឃឹម​ថា ប្រទេស​ថៃ នឹង​អាច​កោះប្រជុំ​ក្រុម​ការងារ​នេះ នៅ​ពេល​ឆាប់ៗ ដើម្បី​អាច​ចុះហត្ថលេខា​លើ​ឯកសារ​គោលការណ៍​អនុវត្ត ហៅថា TOR ដើម្បី​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី​មក​តំបន់​អត់​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ ព្រមទាំង​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដាក់​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី។

លោក​ប្រមុខ​ការទូត ហោ ណាំហុង បាន​គូសបញ្ជាក់ថា លោក​ក៏​បាន​បញ្ជាក់​ជូន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា ថា អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ពេលនេះ បាន​ទទួល​អាណត្តិ​ពីរ​ផ្នែក។ ទី​១ ទទួល​អាណត្តិ​ពី​អាស៊ាន​ផង និង​ទី​២ ទទួល​អាណត្តិ​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ផង ហើយ​លោក​ហោ​ណាំហុង ត្រៀម​នឹង​ទៅ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង TOR ទាំងនេះ នៅ​ភ្នំពេញ​ក៏បាន នៅ​បាងកក​ក៏បាន និង​នៅ​ឥណ្ឌូណេស៊ី​ក៏បាន។

ពាក់ព័ន្ធ​នឹង​ការបញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី មក​តំបន់​គ្មាន​កងទ័ព​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា លើកឡើងថា លោក​ក៏​បាន​ផ្លាស់ប្តូរ​យោបល់​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​ផង​ដែរ។ លោក​ក៏​បាន​ទទួល​ការឆ្លើយតប ប្រកប​ដោយ​វិជ្ជមាន​ពី​ភាគី​កម្ពុជា និង​ពី​ភាគី​ថៃ។

ក៏ប៉ុន្តែ​ឆ្លងកាត់​កិច្ច​ពិភាក្សា​របស់​ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី នៅថ្ងៃនេះ មិនទាន់​មាន​កាលបរិច្ឆេទ​ជាក់លាក់ ពី​ការដកទ័ព និង​បញ្ជូន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី ចុះ​ទៅ​កាន់​តំបន់​ព្រំដែន​កម្ពុជា​ថៃ​នៅឡើយ​ទេ។ ឥណ្ឌូណេស៊ី បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុង​ការសម្រប​សម្រួល​ជម្លោះ​ព្រំដែន រវាង​កម្ពុជា និង​ថៃ ចាប់តាំងពី​ចុងឆ្នាំ​២០០៨។

យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​នៅ​ព្រឹកមិញ ប្រមុខ​ការទូត​កម្ពុជា និង​ឥណ្ឌូណេស៊ី ក៏បាន​លើកឡើង​ពី​ទំនាក់ទំនង​ទ្វេភាគី​។ ឥណ្ឌូណេស៊ី នឹង​ពង្រីក​ការវិនិយោគ​នៅ​កម្ពុជា លើ​វិស័យ​កសិឧស្សាហកម្ម ជាពិសេស បង្កើត​រោងចក្រ កិនស្រូវ ការហោះ​ត្រង់​ពី​ឥណ្ឌូណេស៊ី មក​កម្ពុជា។ ឥណ្ឌូណេស៊ី ក៏​នឹង​ពិចារណា លើ​ការវិនិយោគ​ខាង​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា​ផង​ដែរ។

កម្ពុជា ធ្វើ​ប្រធាន​អាស៊ាន ក៏​ជា​ប្រធានបទ​នៃ​កិច្ច​ពិភាក្សា​រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា និង​ឥណ្ឌូណេស៊ី នៅ​ព្រឹក​មិញ​ផងដែរ។ នោះ​គឺ​ឥណ្ឌូណេស៊ី ដែល​ជា​ប្រធាន​អាស៊ាន កាលពី​ឆ្នាំ​២០១១ បាន​ត្រៀមខ្លួន​ជានិច្ច ដើម្បី​ជួយ​កម្ពុជា សម្រាប់​រៀបចំ​កិច្ចប្រជុំ​អាស៊ាន នៅ​ឆ្នាំ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ