អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ សុំ​បកស្រាយ​សាលក្រម ឆ្នាំ១៩៦២

កាលពី​ថ្ងៃ​ទី​២៨​មេសា រដ្ឋាភិបាល​កម្ពុជា បាន​ដាក់​ពាក្យ​ស្នើ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​សុំ​ឲ្យ​បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​នឹង​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​ចាត់ទុក ការដាក់​ពាក្យបណ្តឹង​នេះ​ថា ជា​វិធានការ​បន្ទាន់ និង​ជា​ការចាំបាច់ ជៀស​ពុំ​បាន ដើម្បី​ឲ្យមាន​ការឈប់បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​រវាង​កម្ពុជា​ថៃ បញ្ឈប់​ការបាត់បង់​ជីវិត​មនុស្ស ព្រមទាំង​ថែរក្សា​ប្រាសាទ​របស់​កម្ពុជា ឲ្យ​ផុត​ពី​ការខូចខាត​ធ្ងន់ធ្ងរ។

ប្រាសាទ​ព្រះវិហារ​ដែល​តុលាការ​ទីក្រុង​ឡាអេ​កាត់​សម្រេច​មក​ឲ្យ​កម្ពុជា នៅឆ្នាំ ១៩៦២
ប្រាសាទ​ព្រះវិហារ​ដែល​តុលាការ​ទីក្រុង​ឡាអេ​កាត់​សម្រេច​មក​ឲ្យ​កម្ពុជា នៅឆ្នាំ ១៩៦២ ©វណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ការដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ មេសា ក៏​ដោយសារ​តែ​មាន​ការឈ្លានពាន​ដោយ​អាវុធ​ពី​សំណាក់​ប្រទេស​ថៃ ដើម្បី​ដណ្តើម​ទាមទារ​យក​ទឹកដី​កម្ពុជា ដែល​ផ្អែក​ទៅតាម​ផែនទី​ឯកតោភាគី​របស់​ថៃ ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​សោះ។ នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​​របស់​ក្រសួងការបរទេស។

សេចក្តី​ថ្លែងការណ៍ ​នៅ​ថ្ងៃ​២៩​មេសា​នេះ លើកឡើងថា ជាមួយ​នឹង​ការស្នើ​សុំ​តុលាការ​ទីក្រុង​ឡាអេ បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ លើ​បញ្ហា​ប្រាសាទ​ព្រះវិហារ រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ស្នើសុំ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ ចាត់វិធានការ​បន្ទាន់ ដោយ​យោង​ទៅលើ​ការឈ្លានពាន​ដោយ​ចេតនា ម្តង​ហើយ ម្តង​ទៀត​របស់​កម្លាំង​ប្រដាប់អាវុធ​ប្រទេស​ថៃ មក​លើ​ទឹកដី​កម្ពុជា។

តាម​សេចក្តី​ថ្លែងការណ៍ ដើម្បី​ឲ្យមាន​ការឈប់​បាញ់​គ្នា​ជា​អចិន្ត្រៃយ៍​រវាង​ប្រទេស​ទាំង​ពីរ បញ្ឈប់​ការបាត់បង់​ជីវិត​មនុស្ស ព្រមទាំង​ថែរក្សា​ប្រាសាទ​របស់​កម្ពុជា ឲ្យ​ផុត​ពី​ការខូចខាត​ធ្ងន់ធ្ងរ រហូតដល់​មាន​ការបកស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២ ស្តី​ពី​ប្រាសាទ​ព្រះវិហារ។ ម្យ៉ាងទៀត ការបកស្រាយ​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ឆ្នាំ​១៩៦២ ក៏​ជា​ការចាំបាច់​បំផុត​ដើម្បី​ដោះស្រាយ​ដោយ​សន្តិវិធី និង​ជា​ស្ថាពរ នូវ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា-ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ចុះ​ថ្ងៃ​ទី​១៥​មិថុនា ឆ្នាំ​១៩៦២ បាន សម្រេច​លើ ៣ ចំណុច ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​។ ទី​១- ដោយ​មាន​សំឡេង ៩ ទល់នឹង ៣ សម្រេច​ថា ប្រាសាទ​ព្រះវិហារ​ស្ថិតក្នុង​ទឹកដី ក្រោម​អធិបតេយ្យ​របស់​ប្រទេស​កម្ពុជា។ ទី​២-​ដោយ​មាន​សំឡេង ៩ ទល់នឹង ៣ សម្រេច​ថា ប្រទេស​ថៃ​មាន​កាតព្វកិច្ច​ដក​កង​កម្លាំង​ទ័ព ឬ​ប៉ូលីស ឬ​អ្នក​ថែរក្សា ឬ​ឆ្មាំ​ដទៃទៀត ដែល​ថៃ​បាន​ដាក់​ក្នុង​ប្រាសាទ ឬ​ក្នុង​តំបន់​ក្បែរ​ប្រាសាទ ដែល​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា និង​ចំណុច​ទី​៣-​ដោយ​មាន​សំឡេង ៧ ទល់នឹង ៥ តុលាការ​អន្តរជាតិ​ទី​ក្រុងឡាអេ បាន​សម្រេច​ថា ប្រទេស​ថៃ​មាន​កាតព្វកិច្ច​ប្រគល់​មកឲ្យ​ប្រទេស​កម្ពុជា​វិញ​នូវ​វត្ថុ​ទាំងឡាយ ដែល​ថៃ​បាន​យកចេញ​ពី​ប្រាសាទ ឬ​តំបន់​ប្រាសាទ ចាប់តាំងពី​ថៃ​ចូល​កាន់កាប់​ប្រាសាទ​ព្រះវិហារ នៅ​ឆ្នាំ​១៩៥៤។

សាលក្រម​តុលាការ​ទីក្រុងឡាអេ ក៏​មាន​និយាយ​ដល់​ផែនទី ដែល​បាន​កំណត់​ច្បាស់​ពី​ដែនដី លើ​ខ្នង​ភ្នំ​ដងរែក​រវាង​កម្ពុជា និង​ថៃ ពិសេស​នៅ​ចំណុច​ប្រាសាទ​ព្រះវិហារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ