អានតួអត្ថបទ
កម្ពុជា

សហជី​ព​៖​ក្រោយ​ការ​ដក​EBA​ បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយ​បារម្ភ​ គឺ​ការ​សម្រេច​ចិត្ត​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ពី​កម្ពុជា​

មេ​សហជីព​នៅ​កម្ពុជា​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​សម្រេច​ចិត្តរ​បស់​​បណ្តា​ក្រុមហ៊ុន​ទិញ​សម្លៀក​បំពា​ក់​ពី​កម្ពុជា ​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​សម្រេច​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​មុខ​ទំនិញ​របស់​កម្ពុជា​៤០​ប្រភេទ​។ ​សម្រាប់​មេដឹកនាំ​សហជីព​ ប្រសិន​បើ​ក្រុម​ហ៊ុន​បញ្ជា​ទិញ​អាច​សម្រេច​កាត់​បន្ថយ​ការ​ទិញ​ក្នុង​ទំហំ​ណាមួយ​ នោះ​គឺ​ច្បាស់​ណាស់​ថា ​នឹង​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ​ខ្មែរ​។

ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង)
ទង់ជាតិកម្ពុជា និងទង់ជាតិសហភាពអឺរ៉ុប (រូបភាពតំណាង) @Internet
ផ្សាយពាណិជ្ជកម្ម

លោក​អាត ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ បាន​ថ្លែង​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ​ថា​ ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា​នឹង​អាច​បើក​កិច្ច​ប្រជុំ​មួយ​នា​ពេល​ខាង​មុខ ​ដើម្បី​សម្រេច​លើ​ការ​បញ្ជា​ទិញ​ពី​កម្ពុជា ​ក្រោយ​សហភាព​អឺរ៉ុប​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​ខ្លះ​របស់​កម្ពុជា​។​ ក៏ប៉ុន្តែ ​លោក​អាត​ធន់​ បាន​ព្រមាន​ថា ​បើសិន​ក្រុមហ៊ុន​បញ្ជាទិញ​ទាំងនោះ​ នៅតែ​បន្ត​ទិញ​ដូច​ធម្មតា ​ប្រហែល​ជា​មិន​ប៉ះពាល់​ដល់​ការងារ​របស់​កម្មករ ​កម្មការិនី​ខ្មែរ​ឡើយ​។ ផ្ទុ​យទៅវិញ ​បើ​សិន​ពួកគេ​កាត់បន្ថយ​ការ​ទិញ​តាម​ភាគរយ​នៃការ​ដក​ការ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ នោះ​ទើប​ជា​បញ្ហា​។ ​បញ្ហា ​បើ​លោក​អាត ធន់ ​គឺ​នឹង​ធ្វើ​ឱ្យ​កម្មករ ​កម្មការិនី​ខ្មែរ​មួយចំនួន​នឹង​អស់​ការងារ​ធ្វើ​។

គួរ​កត់សម្គាល់​ថា​ មក​ដល់​ពេលនេះ​ មិនទាន់​មាន​ក្រុមហ៊ុន​បញ្ជាទិញ​ណាមួយ​សម្រេច​លើ​ការ​បញ្ជាទិញ​បែបណា​នៅ​ឡើយ​ទេ​។ ប៉ុន្តែ​ក្រុមហ៊ុន​បញ្ហាទិញ​ស៊ុយអ៊ែត ​H&M Group​ បាន​បញ្ចេញ​ប្រតិកម្ម​មុនគេ​ចំពោះ​ការ​សម្រេច​ដក​ការ​អនុគ្រោះពន្ធ​លើ​ទំនិញ​៤០​មុខ​របស់​កម្ពុជា​នេះ​។ ​H&M Group ​បាន​​យល់ស្រប​​ទៅនឹង​បំណង​របស់​សហភាព​អឺរ៉ុ​ប​ដែល​ចង់​ដោះស្រាយ​បញ្ហា​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិមនុស្ស ​និង​សិទ្ធិ​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​ក៏​បាន​អះអាង​ថា ​ការ​សម្រេច​របស់​សហភាព​អឺរ៉ុប​ នឹង​ផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ដល់​អ្នក​ធ្វើ​ការងារ​នៅក្នុង​ឧស្សាហកម្ម​វាយនភ័ណ្ឌ​។

ចំពោះ​ការ​លើកឡើង​របស់​ក្រុមហ៊ុន​H&M Group​នេះ ​លោក​ប៉ាវ ស៊ីណា ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​ក​ម្មករ​កម្ពុជា​បាន​ចាត់ទុក​ថា ​ជា​ការ​បង្ហាញ​ពី​ក្តី​កង្វល់ ​ដើម្បី​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើបញ្ហា​សិទ្ធិ​មនុស្ស ​និង​សិទ្ធិ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​។ បើតាម​លោក​ប៉ាវ ស៊ីណា ​កម្ពុជា​នៅ​មាន​ពេល​៦ខែ​ទៀត​ក្នុង​ការ​កែលម្អ​នូវ​បញ្ហា​សិទ្ធិមនុស្ស ​និង​សិទ្ធិ​ការងារ​តាម​ការ​តម្រូវ​របស់​សហភាព​អឺរ៉ុប​ ដើម្បី​ទទួល​បាន​មក​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ​EBA​។

ក្រសួង​ពាណិជ្ជកម្ម​ក​ម្ពុជា​មិន​អាច​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​នោះ​ទេ។​ ប៉ុន្តែ​តំណាង​រោងចក្រ​ដែល​កំពុង​ផលិត ​និង​នាំ​ចេញ​ទំនិញ​ទាំង​៤០​ប្រភេទ​ដែល​អឺរ៉ុ​ប​សម្រេច​យកពន្ធ​បាន​ប្រាប់​ក្រសួង​ពាណិជ្ជកម្ម​ថា ​ពួកគេ​នៅតែ​មាន​លទ្ធភាព​បន្ត​ផលិតកម្ម​នៅ​កម្ពុជា ​ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ដដែល ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ និង​កំពុង​អនុវត្ត​នូវ​កំណែទម្រង់​មុតស្រួច​ជា​កញ្ចប់​ដែល​បាន​ដាក់​ចេញ​ពី​កាល​ថ្ងៃ​ទី២៩​ ខែមីនា ​ឆ្នាំ២​០១៩​កន្លងទៅ​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​កាល​ពី​ថ្ងៃទី​១៣​ ខែ​កុម្ភៈ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ