អានតួអត្ថបទ
កម្ពុជា-ច្បាប់

សង្គ្រោះ​ជាតិ​មាន​ភាព​ស្ទាក់​ស្ទើរ​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃ​ស្អែក

អ្នកនាំពាក្យ​គណបក្សសង្គ្រោះជាតិ​នៅ​ថ្ងៃ​ទី​០៦​តុលា​នេះបាន​បញ្ជាក់​ថា តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះជាតិ​ទាំង​៥៥រូប​នៅ​មិន​ទាន់​ច្បាស់​ពី​គម្រោង​នៃ​ការ​ចូល​ប្រជុំ​សភា​នាថ្ងៃ​ទី​៧​តុលា​ស្អែក​នេះ​ទេ។ ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជាក់​ត្រលប់​ទៅ​វិញ​ថា ចូល​សភា​ឬ​មិន​ចូល​សភា​គ្មាន​អ្វី​រាំង​ស្ទះ​ដំណើរការ​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពលរដ្ឋ​នោះ​ទេ។

លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។
លោក​ហ៊ុន សែន​ និង​លោកសម រង្ស៊ី​ ​ក្នុង​កិច្ច​ប្រជុំ​លើ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី​ នៅ​​រដ្ឋសភាជាតិ​នា​​ព្រឹក​​ថ្ងៃ​ទី០៩ ខែមេសានេះ។។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ប្រាប់​វិទ្យុ​បារាំង លោក យ៉ែម ប៉ុញ្ញារិទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ថា តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​អាច​នឹង​ចូល​ប្រជុំ​សភា​នៅ​ស្អែក​ប៉ុន្តែ ភាព​ប្រាកដប្រជា​ណា​មួយ​លោក​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។

លោក ឡេង ប៉េងឡុង អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ឲ្យ​ដឹង​ថា គ្មាន​ការ​ជូន​ដំណឹង​អ្វី​ជា​ផ្លូវ​ការ​អំពីការ​ចូល​រួម​ប្រជុំ​សភា​របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​នេះ​នៅឡើយ​ទេ។ ប៉ុន្តែ​ព័ត៌មាន​ក្រៅ​ផ្លូវការ​ដែល​លោក​ទទួល​បាន​គឺ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​មួយ​ចំនួន​ចូល​រួម​ប្រជុំ មួយ​ចំនួន​ទៀត​ក៏​បន្ត​អវត្ត​មាន។

ដោយ​ឡែក​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ គ្រា​អញ្ជើញ​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៅ​សកលវិទ្យា​ល័យ​មួយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៦​តុលា​នេះ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ថា ការ​ចូលសភា​ឬ​មិន​ចូល​សភា​របស់​គណបក្ស​ប្រឆាំង​គ្មាន​អ្វី​រាំង​ស្ទះ​ដំណើរ​ការ​ការ​ងារ​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋ​នោះ​ទេ។ សម្រាប់​លោក​នាយករដ្ឋមន្ត្រី វា​ក៏​គ្មាន​អ្វី​ត្រូវ​បារម្មណ៍​ដែរ។

គួររម្លឹកថា ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ មិន​បាន​ចូល​ប្រជុំ​សភា​ពេញ​អង្គ រយៈពេល​ជាង ៤​ខែ មក​ហើយ ចាប់​តាំង​ពី​ខែ​ឧសភា ឆ្នាំ២០១៦ បន្ទាប់​ពី​តុលាការ​មាន​ចំណាត់​ការ លើ​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះជាតិ ជុំវិញ​ករណី​មិន​ចូល​ខ្លួន ធ្វើ​ជា​សាក្សី នៅ​តុលាការ ទាំង​មាន​អភ័យ​ឯក​សិទ្ធិ​រដ្ឋសភា​។

សូមបញ្ជាក់ថា កិច្ច​ប្រជុំ​សភា​នៅ​ថ្ងៃ​ស្អែក​នេះ ជា​កិច្ច​ប្រជុំ​សភា​លើក​ទី​៧​នីតិកាល​ទី​៥ដោយ​មាន​របៀប​វារៈ​មួយ​ចំនួន​ដូចជាៈ ការ​ស្ដាប់​ព្រះរាជសារ​ព្រះមហាក្សត្រ ការ​បោះឆ្នោត​ជ្រើស​រើស​បេក្ខជន​អគ្គសវនករ​ចំនួន​បី​រូប ពិនិត្យ​ទៅ​លើ​សេចក្ដី​ច្បាប់​ស្ដីពី​ការប្រកប​មុខ​របរ​វិជ្ជាជីវៈ​ក្នុង​វិស័យ​សុខាភិបាល និង សេចក្ដី​ព្រាង​ច្បាប់​ពាក់​ព័ន្ធ​អាស៊ាន​ជាដើម៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ