អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​នឹង​លើក​យក​ករណី​លោក កឹម សុខា ​មក​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ ​ទោះ​គ្មាន​ក្នុង​របៀបវារៈ​

រដ្ឋសភាជាតិ​នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​ចន្ទ ទី៣០ ឧសភា​ខាងមុខនេះ ដើម្បី​ពិភាក្សា​​លើ​របៀប​​វារៈ​ចំនួន​បី ​ប៉ុន្តែ​ករណី​​របស់​​លោក កឹម សុខា​ ក៏នឹង​ត្រូវ​ពិភាក្សា​ផងដែរ ​បើ​ទោះ​បី​ជា​​មិន​មាន​​នៅ​ក្នុង​​របៀបវារៈ​​ក្តី។​ អ្នកនាំពាក្យ​រដ្ឋសភា​ចា​ត់​ទុក​​ថា ករណី​របស់លោក កឹម សុខា គឺជា​ករណី​ពិសេស និង​បន្ទាន់។ ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ នៅ​មិនទាន់​អាច​បញ្ជក់​នៅឡើយ​ទេ​ថា តើ​នឹងចូលរួម​កិច្ចប្រជុំសភា​នេះ​​នៅ​ឡើយ​ទេ។

ដំណើរ​​ត្រឡប់​មក​វិញរ​បស់​លោក​កឹម សុខា​(កណ្តាល)​​ លោក​គង់ ​សភា(​ឆ្វេង)​ និង​លោក​ញ៉យ ចំរើន​(ស្តាំ)។
ដំណើរ​​ត្រឡប់​មក​វិញរ​បស់​លោក​កឹម សុខា​(កណ្តាល)​​ លោក​គង់ ​សភា(​ឆ្វេង)​ និង​លោក​ញ៉យ ចំរើន​(ស្តាំ)។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា ចុះ​ថ្ងៃទី២៧ឧសភា បាន​បញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​រប​ស់​រដ្ឋសភា នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ នឹង​ពិភាក្សា​លើ​របៀបវារៈ​ចំនួន៣ប៉ុណ្ណោះ។ ក៏ប៉ុន្តែ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​លោក ឡេង ប៉េងឡុង អគ្គ​លេខា​ធិការ​​រដ្ឋសភា​បាន​ឲ្យ​ដឹងថា រដ្ឋសភា​ក៏​នឹង​លើកយក​ករណី​របស់លោក កឹម សុខា មក​​ពិភាក្សា​​ផងដែរ។ អ្នកនាំពាក្យ​រដ្ឋសភា​រូបនេះ​បានចាត់ទុក​ករណី​រប​ស់លោក កឹម សុខា ថា គឺ​ជា​​ករណី​ពិសេស​និង​បន្ទាន់ ដែល​នឹងត្រូវ​លើក​យកមក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ បន្ទាប់ពី​រដ្ឋសភា ទើបតែ​ទទួលបាន​របាយការណ៍​ពី​តុលាការ កាលពី​ថ្ងៃទី២៧ឧសភា ស្តីពី ករណី​របស់​លោក កឹម សុខា​នេះ។

 
          គួរ​កត់សំគាល់ថា ករណី​របស់លោក កឹម សុខា នេះ ទំនងជា​មិន​ខុសពី​ករណី​របស់​លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្តសៀមរាប​នោះទេ ពោល​គឺ​​សមាជិក​រដ្ឋសភា៥០%បូក១ ដែល​មក​តែ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​បោះ​ឆ្នោត​​សម្រេច ថា​តើ គួរ​អនុញ្ញាត​ឲ្យ​តុលាការ​ក្រុងភ្នំពេញ បន្ត​នីតិវិធី​លើ​ករណី​របស់​លោក កឹម សុខា ទៀត​ឬ​អត់?

          សូមបញ្ជាក់ថា យោងតាម​របាយការណ៍​របស់​តុលាការ​ក្រុងភ្នំពេញ ផ្ញើ​ទៅកាន់​រដ្ឋ​សភា​​​ជាតិ​កាលពី​ថ្ងៃទី២៧ឧសភា បានចាត់ទុក​ករណីរ​ប​ស់លោក កឹម សុខា ថា ជា​បទល្មើស​ជាក់​ស្តែង​ស្របតាម​មាត្រា៨៦នៃ​ក្រមព្រហ្មទណ្ឌ បន្ទាប់ពី​លោក​កឹម សុខា មិន​ព្រម​ចូលខ្លួន​ទៅ​​​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះមុខ​តុលាការ​ក្រុងភ្នំពេញ​ចំនួន២លើក​ក្នុងនាម​ជា​សាក្សី។ ហើយ​បើ​យោង​​តាម​មាត្រា៨០ កថាខណ្ឌ​ទី៣ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែងថា “ការចោទប្រកាន់ ការចាប់ខ្លួន ឬ​​​ការ​ឃុំខ្លួន​សមាជិក​ណាមួយ​នៃ​រដ្ឋសភា នឹង​អាច​ធ្វើទៅកើត លុះត្រាតែ​មានការ​យល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា ក្នុង​ចន្លោះ​សម័យប្រជុំ​នៃ​រដ្ឋសភា វៀរលែង​តែ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង។ ដូច្នេះ ការផ្ញើ​របាយការណ៍​ទៅកាន់​រដ្ឋ​សភា​ពេលនេះ គឺជា​នីតិវិធី​មួយ ដើម្បី​សុំ​ការអនុញ្ញាត​ពី​រដ្ឋសភា ដើម្បី​បើកផ្លូវ​ឲ្យ​តុលាការ បន្ត​នីតិវិធី​លើ​ករណី​របស់លោក កឹម សុខា។

សូមបញ្ជាក់ថា តាម​គម្រោង កិច្ចប្រជុំសភា​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ នឹង​ពិភាក្សា​ទៅលើ​របៀប​វារៈតែ៣ប៉ុណ្ណោះ ទី១.គឺ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៣ចំនួន១រូប។ ២-ការពិភាក្សា​និង​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន និង​ទី៣-ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ណា-ចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋសភា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ