អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន លេង​ធ្ងន់ ហៅ​លោក​សម រង្ស៊ី​ថា “កូន​អាក្បត់​ជាតិ” និង​ទម្លាយ​សារ​សំ​ទោស

លោក​​នាយក​​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ កាល​​ពី​ពាក់​​កណ្តាល​​យប់ឆ្លង​ចូល​ថ្ងៃ​ទី១២ វិច្ឆិកា​នេះ បាន​បញ្ចេញ​​សារ​​នយោបាយ​​សំខាន់​ពីរ ​​ឆ្លើយ​​តប​​ទៅ​​កាន់​​លោក សម រង្ស៊ី ​ប្រធាន​​គណ​បក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​​ពី​​មេបក្ស​​ប្រឆាំង​​រូប​​នេះ បាន​​ប្រៀប​​ធៀប​​ការ​​បោះ​​ឆ្នោត​​នៅ​​ភូមា ទៅ​​នឹង​កម្ពុជា ហើយ​ថា​​គណបក្ស​​ប្រឆាំង​​របស់​​លោក​នឹង​ឈ្នះឆ្នោត​នៅ​ឆ្នាំ​​២០១៨​​ខាង​មុខ។ ក្រៅពី នោះ​ លោក សម រង្ស៊ី ក៏​បាន​អំពាវ​នាវ​​ឱ្យ​​លោក​​នាយក​រដ្្ឋ​មន្ត្រី​ហ៊ុន សែន​​ ចុះចេញ​ពី​តំណែង​ដោយ​សន្តិ​វិធី​ផង​ដែរ។​ ជា​ការ​​​ឆ្លើយ​​​តប ​​​លោក​​នាយក​​​រដ្ឋ​​មន្ត្រី​ និង​​ជា​​ប្រធាន​​គណ​បក្ស​ប្រជា​ជន​​កម្ពុជា បាន​​ហៅ​​លោក សម រង្ស៊ី ជា​ «​​កូនអាក្បត់​ជាតិ»។ ដោយឡែក​​​សារ​​សុំទោស​​របស់​លោក សម រង្ស៊ី ក៏​​ត្រូវ​​ទម្លាយ​​​​ផង​​ដែរ​។

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា
លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

កំដៅ​នយោបាយ​នៅ​កម្ពុជា​បាន​ឡើង​ក្តៅ​ដល់​កំពូល​ហើយ​ពេល​នេះ។ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ហៅ​លោក សម រង្ស៊ី ថា​ជា«​កូន​អាក្បត់​ជាតិ»។ នេះ​បើតាម​ការ​ផ្សាយ​តាម​ហ្វេស​ប៊ុកផ្លូវការណ៍​របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ ដែល​បាន​ផ្សាយ​កាល​ពី​យប់​រំលង​អាធ្រាត​ទាបភ្លឺចូលថ្ងៃទី១២ វិច្ឆិកា​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​បានសរ​សេរ​ថា៖ “ពូជ​ពង្ស​វង្ស​ត្រកូល​ឯកឧត្តម ប្រៀបធៀបជាមួយអ៊ុង សាន​ស៊ូជី មិន​បាន​ទេ ព្រោះ​មួយ​ស្នេហា​ជាតិ មួយ​ទៀត​ក្បត់​ជាតិ បើ​ពុំ​មាន​ការ​ធ្វើ​និតិ​សម្បទា​ណា​មួយទេ ឯកឧត្តម​នៅ​តែ​មាន​ឈ្មោះ​ថា​ជាកូន​អាក្បត់​ជាតិ។ ពាក្យ​អាក្បត់​ជាតិ​មិន​មែន​ជា​ពាក្យ​ខ្ញុំ​ដាក់​ទេ តែ​រាជ​រដ្ឋាភិបាល​សង្គម​រាស្ត្រ​និយម​របស់ សម្តេច​ព្រះ នរោត្តម សីហនុ ជា​អ្នក​ប្រសិទ្ធ​នាម​ឲ្យ”។

លោក​ហ៊ុន សែន​បាន​បន្តប្រសាសន៍​ថា៖ “ឯកឧត្តម​ហៅ​ខ្ញុំ​ជាមនុស្ស​ផ្តាច់​ការ​កប់ៗ​មាត់ ថ្ងៃ​នេះ​ខ្ញុំ​ហៅ​ឯកឧត្តម​ថា​កូន​អា​ក្បត់​ជាតិ។ ខ្ញុំ​មិន​ដៀល​ពូជ​ឯកឧត្តមទេ​តែ​ខ្ញុំ​ហៅ​តាម​អ្នក​ជំនាន់​មុន​ដែល​ធ្លាប់​ហៅ​ឪពុក​ឯកឧត្តម​ថា​អាក្បត់​ជាតិ​។ ពាក្យ​នេះ​សម្រាប់​ខ្ញុំ​ពិបាក​ស្តាប់​ណាស់​ក្នុង​សម័យថ្មី​របស់​យើង តែ​ខ្ញុំ​មិន​ហ៊ាន​កែ​ប្រវត្តិ​សាស្ត្រ ពី​ក្បត់​ជាតិ​ទៅ​ស្នេហា​ជាតិ ពី​អាក្បត់​ជាតិ​ទៅ​ជា​ឯកឧត្តម​ក្បត់​ជាតិ​បាន​ទេ បើ​មិន​ទាន់​ធ្វើ​នីតិ​សម្បទា​សម្រាប់​ជូន​ខ្មោច​ឳពុក​ឯកឧត្តម​ទេ​នោះ។ ខ្ញុំសុំ​ប្រាប់​ទៅ​ឯក​ឧត្តម​ថា​ពូជ​ខ្ញុំ​អត់​មាន​មនុស្ស​ក្បត់​ជាតិ​ដូច​ឯកឧត្តម​ទេ។ លោក​ហ៊ុន សែន​ បាន​ឌឺ​ដង​ដាក់​លោក សម រង្ស៊ី​ថា៖“ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់”។ 

ភ្លាមៗ​​លោក សម រង្ស៊ី​បាន​ឆ្លើយ​តប​ថា អ្នក​នយោបាយ​គួរ​តែ​ត្រូវ​មាន​សីល​ធម៌។ នេះ​បើ​ប្រកាស​លោក សម រង្ស៊ី​ដែល​សារ​ព័ត៌​មាន​ក្នុង​ស្រុក​វីអូឌី (VOD) បាន​ចុះផ្សាយ។ ក្រៅនេះ លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទម្លាយ​សារ​សំទោស​ដែល​លោក សម រង្ស៊ី​ បាន​ផ្ញើ​ទៅ​សំ​ទោស​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា​កន្លង​ទៅ។ជា​ការ​សំទោស​ក្រោយ​ការ​ព្រមាន​នៅ​ទី​ក្រុង​ប៉ារីស។​

ការ​ប្រើ​ប្រាស់​ពាក្យ​ប្រមាថ​ធ្ងន់ៗ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​នេះ ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី បាន​ហៅ​លោក​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាង​៣០ឆ្នាំ​នៅ​កម្ពុជា​ថា ជា​ជន​ផ្តាច់​ការ និង​បាន​ប្រៀប​ធៀប​របប​ដឹកនាំ​ទី​ក្រុងភ្នំពេញ​នាពេល​បច្ចុប្បន្ន​ទៅ​នឹង​របបផ្តាច់​ការ​យោធា​នៅ​​ភូមា។

សូម​កត់​សម្គាល់​កំដៅ​នយោបាយ​នៅ​កម្ពុជា បាន​ឡើង​ដល់​ចំណុច​កំពូល​ ក្រោយ​ពី​ប្រមុខ​បក្ស​ធំ​ទាំង​ពីរ ​បាន​វាយ​ប្រហារ​ដាក់​គ្នា​ជាបន្តបន្ទាប់​។ យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​សង្គម លោក​ស្រី​ជា វណ្ណាត បាន​ស្នើ​ឱ្យ​អ្នកន​យោបាយ​ត្រូវ​បង្ហាញ​ភាព​អំណត់ ជៀស​វាង​ស្ថាន​ការណ៍​នយោបាយ​អាច​នឹង​អាក្រក់​ជាង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ