អានតួអត្ថបទ
កម្ពុជា

លោក កឹម សុខា៖ អំពើ​ឃោរ​ឃៅ​ថ្មីៗ​នេះ ​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង​មិន​អាច​ធ្វើ​សកម្ម​ភាព​បាន​

ការ​កើន​ឡើង​កម្តៅ​នយោបាយ​នៅ​កម្ពុជា​ នៅ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ ​ដោយ​ពេល​នេះ​គណបក្ស​សង្រ្គោះ​ជាតិ​បាន ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ ចំពោះ​អំពើ​ឃោរ​ឃៅ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ថ្មីៗនេះ​ បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ធ្វើ​សកម្មភាព​តាម​តួនាទី​របស់​ខ្លួន​បាន។​ នេះ​គឺ​ជា​ការ​លើក​ឡើង​របស់​លោក ​កឹម​ សុខា ​នៅ​ព្រឹក​នេះ ​ក្រោយ​ពីស្ថាប័ន​ធំៗ​ ដែល​មាន​ទាំង​អង្គការ​សហ​ប្រជា​ជាតិ​ផង​នោះ ​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស្វែង​រក​ជន​ដៃ​ដល់ ​ដែល​វាយ​តំណាង​រាស្ត្រ​មាន​អភ័យ​ឯក​សិទ្ធិ​២រូប​ កាល​ពី​ថ្ងៃទី២៦​ តុលា។​

លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​កំពុង​ស្ថិត​នៅ​​ស​ហរដ្ឋ​អាមេរិក​ ស្នើ​សុំ​ពន្យាការ​ចូល​ខ្លួន​​ទៅ​តុលាការ​
លោក​ កឹម​ សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ដែល​កំពុង​ស្ថិត​នៅ​​ស​ហរដ្ឋ​អាមេរិក​ ស្នើ​សុំ​ពន្យាការ​ចូល​ខ្លួន​​ទៅ​តុលាការ​ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

អនុ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ជា​អតីត​អនុ​ប្រធាន​រដ្ឋ​សភា ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នៅ​ព្រឹក​នេះ​ថា ​អំពើ​ឃោរ​ឃៅនា​ប៉ុន្មាន​សប្តាហ៍​នេះ ​បាន​ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ធ្វើ​សកម្មភាព​តាម​តួនាទី​របស់​ខ្លួន​បាន​ទេ ​បើ​បរិយាកាស​នយោបាយ​បែន​នេះ​នៅ​តែ​បន្ត​។​

តាម​រយៈ​សេច​ក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ នៅ​ថ្ងៃទី១ ​វិច្ឆិកា ​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ក៏​ឲ្យ​ដឹង​ដែរ​ថា​ការ​យឺត​យ៉ាវ​ ក្នុង​ការ​ស៊ើប​អង្កេត​រក​ជន​ដៃ​ដល់ ​គឺ​មិន​បាន​បង្ហាញ​ទំនុក​ចិត្ត​ដល់​មហាជន​ ធ្វើ​ឲ្យ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នៅ​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​។ ​ក្រៅ​ពី​នេះ​បក្ស​ប្រឆាំង​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល ​អញ្ជើញ​តំណាង​ឧត្តម​ស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ចូល​រួម​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ផង​ដែរ​។

គួរ​រំលឹក​​ជូន​​ថា​ ​កាល​ពី​ថ្ងៃទី២៦ ​តុលា ក​ន្លង​ទៅ ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ​ពីរ​រូប​ គឺលោក ​ញ៉យ ចំរើន និង ​លោក ​គង់ ​សភា ​ត្រូវ​បាន​ក្រុម​ជន​មិន​ស្គាល់​មុខ​ស្ទាក់​វាយ​លោក​ទាំង​ពីរ​ ខណៈ​ដែល​លោ​ក​ជិះ​រថ​យន្ត​ចេញ​ពី​រដ្ឋសភា ​ក្រោយ​ពេល​ដែល​មាន​បាតុ​កម្មទាមទារ​ទម្លាក់​លោក ​កឹម ​សុខា ពី​​អនុ​ប្រធាន​រដ្ឋសភា។​

លោក យ៉ែម​ បុញ្ញឫទ្ធិ​ អ្នក​នាំពាក្យ​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​ស្ថាន​ភាព​របួស​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​ គឺ​នៅ​មាន​ការ​ឈឺ​ចាប់​ក្នុង​ខ្លួន​នៅ​ឡើយ ​ក្រោយ​ពី​ការវះ​កាត់​របស់​គ្រូ​ពេទ្យ​។ អ្នក​នាំ​ពាក្យ​រូប​នេះ​ បាន​បញ្ជាក់​ថា រហូត​មកដល់​ពេល​នេះ ​ថ្លៃវះកាត់ ​និង​ការ​ព្យាបាល​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​ គឺ​អស់​១ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​បើ​ទោះបី​ជា​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ទទួល​ថវិកា​មួយ​ចំនួន​ពី​រដ្ឋសភា​មែន​ តែ​ថវិកា​នោះ​មិន​គ្រប់​គ្រាន់​ទេ។

ទាក់ទង​នឹង​ករណី​វាយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ ដែល​បក្ស​ប្រឆាំង​ចាត់​ទុក​ថា​ជា​អំពើ​ឃោរឃៅ​នោះ ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ប្រកាស​បង្កើត​គណៈកម្មការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​មួយ ​ដោយ​ពេល​នេះ​មិន​ទាន់​មាន​ការ​ផ្សព្វ​ផ្សាយ​ពី​លទ្ធ​ផល​យ៉ាង​ណា​នៅ​ឡើយ​ទេ៕ ក្រសួង​មហាផ្ទៃ ​និង​គណៈកម្មការ​នេះ ​ក៏​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូលរួម​ផ្តល់​ព័ត៌​មាន​ពី​អ្នក​ក្នុង​ហេតុការណ៍​នោះ​ផង​ដែរ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ