អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ស្ត្រី​​ខ្មែរ​​កំពុង​​រំដោះខ្លួន​​ចេញ​ពី​​ស្ថានភាព​«​បង្វិល​​ចង្ក្រាន​​មិន​ជុំ​»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​​ព្រឹត្តិការណ៍​​ជា​ច្រើន​​ត្រូវ​បាន​​គេ​​រៀបចំ​ឡើង​​ឬ​​គ្រោង​​នឹង​​រៀបចំ​​សម្រាប់​​ឧទ្ទិស​​ដល់​​ទិវា​​សិទ្ធិ​នារី​​អន្តរជាតិ​ ៨ មីនា ​ដែល​​នឹង​​ឈាន​​មក​ដល់​​នៅ​​ចុង​​សប្តាហ៍​​នេះ​​។ ​នេះ​​ស​​បញ្ជាក់​ថា ​ការ​លើក​ស្ទួយ​​សិទ្ធិ​​ស្ត្រី​​កំពុង​​ក្លាយ​ជា​​ប្រធានបទ​​សំខាន់​​មួយ​​សម្រា​ប់​​ប្រទេស​​កម្ពុជា​ ពោល​គឺ ​ស្ត្រី​​ខ្មែរ​​កំពុង​​រំដោះ​ខ្លួន​​ពី​​ស្ថានភាព​​បង្វិល​​ចង្ក្រាន​​មិន​​ជុំ​ ហើយ​​បាន​​លេច​មុខ​មាត់​ច្រើន​​ជាង​​មុន​​ក្នុង​​គ្រប់​​សកម្មភាព​​រាប់​ទាំង​​នយោបាយ ​សេដ្ឋកិច្ច ​និង​​សង្គមកិច្ច។​​ យ៉ាងណាក៏ដោយ​ ស្ត្រី​​នៅតែ​មាន​​ចំនួន​​តិចតួច​​នៅ​ក្នុង​​ឆាក​នយោបាយ​។ ក្នុង​សង្គម​​មួយ​​ដែល​មាន​​ប្រពៃណី​​តឹងរ៉ឹង​​ចំពោះ​​កូនស្រី​ ការ​លើកស្ទួយ​​សិទ្ធិ​​ស្ត្រី​​ខ្មែរ​​ទាមទារ​​ការ​ផ្លាស់ប្តូរ​​ដ៏​​ជ្រាលជ្រៅ​​មួយ​​នូវ​​ផ្នត់​គំនិត​​សង្គម​​ចំពោះ​​ស្ត្រី​។

ស្ត្រី​ខ្មែរ​កាន់តែ​ច្រើនឡើង​បាន​ក្លាយជា​សកម្មជន​ជួរមុខ​ក្នុង​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព​និង​ការពារ​ប្រយោជន៍​របស់ខ្លួន
ស្ត្រី​ខ្មែរ​កាន់តែ​ច្រើនឡើង​បាន​ក្លាយជា​សកម្មជន​ជួរមុខ​ក្នុង​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព​និង​ការពារ​ប្រយោជន៍​របស់ខ្លួន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ពី​សង្គម​មួយ​ដែល​កូនស្រី​រស់ក្នុង​គំនាប​ប្រពៃណី​យ៉ាង​តឹងរ៉ឹង ស្ត្រី​ខ្មែរ​បច្ចុប្បន្ន​បាន​ស្គាល់​ការផ្លាស់ប្តូរ​មួយ​គួរ​ឲ្យ​កត់សម្គាល់។ ស្ត្រី​ខ្មែរ​ដែល​កាលពីមុន​ធ្លាប់តែ​តោង​កន្ទុយក្បិន​ឪពុកម្តាយ និង​រស់​ក្រោម​ឥទ្ធិពល​របស់​ស្វាមី ឥឡូវនេះ​បានបង្ហាញ​វត្ត​មាននៅ​គ្រប់​សកម្មភាព​សង្គម និង​នយោបាយ​ចាប់តាំងពី​ថ្នាក់​កំពូល​រហូតដល់​ថ្នាក់មូលដ្ឋាន។

ស្ត្រី​ខ្មែរ​មាន​វត្តមាន​នៅក្នុង​ស្ថាប័នកំពូលៗទាំងបី​របស់​ជាតិ ទាំង​ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា  និង​ក្នុង​រដ្ឋាភិបាល។ ស្ត្រី​មាន​តួនាទី​រហូតដល់​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​ជា​អ្នក​កាន់​កិច្ចការសំខាន់ៗនៅឯ​ថ្នាក់មូលដ្ឋាន​ជាច្រើន​ទៀត។ ជា​ពិសេស​វត្តមាន​ស្ត្រី​កាន់តែ​ច្រើនឡើង​នៅក្នុង​វិស័យ​សារព័ត៌មាន​ដែល​កាលពី​មុននេះ​គេ​ចាត់ទុកជា​អាជីព​របស់​បុរស។ បើទោះបីជា​ស្ត្រី​ក្នុង​ឆាកនយោបាយ​នៅមាន​ចំនួន​តិចតួច​ក៏ដោយ ក៏ប៉ុន្តែ នៅក្នុង​សកម្មភាព​សង្គម​ផ្សេងទៀត ស្ត្រី​បែរជា​លេចមុខ​មាត់​គួរ​ឲ្យ​កត់សម្គាល់ ជាពិសេស​គឺ​ស្ត្រី​ខ្មែរ​កាន់តែ​ច្រើនឡើង​បាន​ក្លាយជា​សកម្មជន​ជួរមុខ​ក្នុង​ការតស៊ូ​ទាមទារ​សិទ្ធិសេរីភាព​និង​ការពារ​ប្រយោជន៍​របស់ខ្លួន។

ជាក់ស្តែង ស្ត្រី​សកម្មជន​ដីធ្លី ស្ត្រី​ជា​កម្មការិនី​ក្នុង​វិស័យ​កាត់ដេរ និង ស្ត្រី​ដែល​ចូលរួម​ក្នុង​សកម្មភាព​សហគមន៍​ការពារ​ព្រៃឈើ សហគមន៍​នេសាទ ជាដើម។ វត្តមាន​របស់​ស្ត្រី​ក្នុង​សកម្មភាព​ក្តៅគគុក​ទាំងនោះ​សបញ្ជាក់​ឲ្យ​ឃើញថា ស្ត្រី​ខ្មែរ​ហាក់​ទទួល​ការវិវឌ្ឍ​លឿន​ក្នុង​វិស័យ​សង្គម​ជាង​ក្នុង​វិស័យ​នយោបាយ។ ពី​អ្នក​ចូលចិត្ត​នៅ​ពីក្រោយ​បុរស​ទៅជា​សកម្មជន​ជួរមុខ ហ៊ាន​ប្រឈម​ជាមួយ​កម្លាំង​សមត្ថកិច្ច គឺជា​ការវិវឌ្ឍ​ដ៏​ជ្រាលជ្រៅ​មួយ​សម្រាប់​ស្ត្រី​ខ្មែរ។

ជាការ​ពិតណាស់ ទាំងនេះ​គឺជា​លទ្ធផល​នៃ​សកម្មភាព​លើកស្ទួយ​ស្ត្រី​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងទៅនេះ​ពី​សំណាក់​រដ្ឋាភិបាល បក្សនយោបាយ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​ពី​សំណាក់​ស្ត្រី​ខ្លួនឯង​ផងដែរ។ ទន្ទឹមគ្នា​នោះ សារព័ត៌មាន​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ណាស់ដែរ​ក្នុងការ​បញ្ជ្រាប​ព័ត៌មាន​ទៅដល់​ស្រទាប់​មហាជន​គ្រប់ទិសទី។ រំហូរ​ព័ត៌មាន​នេះហើយ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ផ្លាស់ប្តូរ​ផ្នត់គំនិត​យ៉ាង​ឆាប់រហ័ស​រហូតដល់​អ្ន​ក​នយោបាយ​ខ្លះ​គិត​មិន​ដល់។ ដូច្នេះ រដ្ឋាភិបាល​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គួរតែ​ឆ្លើយតប​នឹង​បញ្ហា​ដែល​ស្ត្រី​កំពុង​ប្រឈម​ឲ្យ​បាន​សមស្រប​និង​លឿន​ជាង​នេះ​ពីព្រោះ​គេ​មិនអាច​និយាយ​ពី​ការលើកស្ទួយ​ស្ត្រី​ដោយ​ទុក​ឲ្យ​ស្ត្រី​ជាច្រើន​ស្រែក​តវ៉ា​ដោយ​គ្មាន​អ្នក​ស្តាប់លឺ​នោះឡើយ។

យ៉ាងណាក៏ដោយ  នៅក្នុង​ប្រទេសមួយ​ដែល​ស្ត្រី​តំណាង​ឲ្យ ៥២ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប ប៉ុន្តែ ស្ត្រី​ខ្មែរ​នៅតែមាន​តួនាទី​ក្នុងសង្គម​តិចតួច​នៅឡើយ​បើ​ធៀប​ទៅនឹង​តួនាទី​បុរស។ មាន​មូលហេតុ​សំខាន់​មួយចំនួន​ដែល​ធ្វើឱ្យ​ចលនា​លើកស្ទួយ​ស្ត្រី​ខ្មែរ​មិនទាន់​ទទួលបាន​លទ្ធផល​ជាទី​គាប់ចិត្ត​នៅឡើយ។ ទី១ គឺ​កត្តា​បុរស​មានន័យថា បុរស​ខ្មែរ​ជាច្រើន​នៅ​មិនទាន់​លះបង់​ចោល​ទស្សនៈ​ចាស់គំរឹល​ដែល​ចូលចិត្ត​មើលស្រាល​ស្ត្រី​ថា​ជាម​នុស្ស​មិនសូវ​សំខាន់។ ទី២ គឺ​កត្តា​ស្ត្រី​ខ្លួនឯង មានន័យថា ស្ត្រី​ខ្មែរ​មួយចំនួន​នៅ​មិនទាន់​ចេះ​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់ខ្លួន​នៅឡើយ​ដោយ​សុខចិត្ត​ផ្តល់​សារសំខាន់​ដល់​បុសរ​ដដែល។ និង​ទី៣ មកពី​គំនាប​សង្គម​ដែល​ធ្វើ​ឲ្យ​ស្ត្រី​ខ្មែរ​ជាច្រើន​បានទទួល​ការអប់រំ​តិចជាង​បុរស​ក៏​ជា​មូលហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ខ្វះ​សមត្ថភាព​ក្នុង​ការឡើង​ទៅកាន់​តួនាទី​សំខាន់​ដូច​បុរស។

សរុប​មកវិញ ការលើកស្ទួយ​សិទ្ធិ​ស្ត្រី​ក្នុងសង្គម​ខ្មែរ​អាស្រ័យទៅលើ​ភាពបត់បែន​នៃ​ផ្នត់គំនិត​សង្គម​ទៅលើ​ស្ត្រី​នេះឯង។ ក្នុងន័យនេះ ការលើកស្ទួយ​តម្លៃ​ស្ត្រី​ខ្មែរ​ត្រូវ​ចាប់ផ្តើម​ជាបឋម​ពី​គ្រួសារនីមួយៗពោលគឺ​ស្វាមី និង បងប្រុស​ទាំងឡាយ​ត្រូវ​កាត់បន្ថយ​ឥទ្ធិពលរ​បស់​ខ្លួន​ទៅលើ​ស្ត្រី ហើយ​ផ្តល់​តម្លៃ​និង​សិទ្ធិសេរីភាព​ដល់​ភរិយា​និង​ប្អូន​ស្ត្រី​របស់ខ្លួន​ឲ្យ​ស្មើភាព​ជាមួយ​ខ្លួន។ ចំណែក​រដ្ឋាភិបាល​វិញ​ក៏មាន​កាតព្វកិច្ច​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ស្ត្រី​ឲ្យ​បាន​រួសរាន់​ដើម្បី​បង្កលក្ខណៈ​ឲ្យ​ស្ត្រី​ខ្មែរ​រំដោះខ្លួន​ឲ្យ​បាន​ឆាប់​ចេញពី​ស្ថានភាព«បង្វិល​ចង្ក្រាន​មិន​ជុំ»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ