អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សិល្បៈ​​វប្បធម៌​​បុរាណ​​ខ្មែរ​​កំពុង​​បាត់បង់​​តម្លៃ​​ពី​​មនុស្ស​​សម័យ​ថ្មី​!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្នាំ​នេះ ​ទិវា​​វប្បធម៌​ជាតិ​ ៣​មីនា ​ត្រូវ​បាន​​ប្រារព្ធ​​ឡើង​​ក្រោម​​ប្រធាន​បទ​«​យុវជន​​ដើម្បី​​វប្បធម៌​​ជាតិ​»​ ។ ​ប្រធាន​បទ​​នេះ​​មាន​ន័យ​​ចង់​​ដាស់​​ស្មារតី​​យុវជន​​ខ្មែរ​​ជំនាន់​​ក្រោយ​​ឲ្យ​​ស្គាល់​​តម្លៃ​​សម្បត្តិ​វប្ប​ធម៌​​ជាតិ ​ហើយ​​ចេះ​​ស្រឡាញ់​​និង​​ថែរក្សា​​កេរ្តិ៍​ដំណែល​​ដូនតា​​របស់​ខ្លួន​។ ​ការ​លើក​​ប្រធាន​បទ​​នេះ​​ឡើង​​ត្រូ​វ​គេ​​មើល​ឃើញ​ថា​​ជា​ការ​​សម​ស្រប​​ក្នុង​​បរិបទ​​ដែល​​សិល្បៈ​​វប្បធម៌​​បុរាណ​​ខ្មែរ​​ត្រូវ​បាន​​លេប​​ត្របាក់​​ដោយ​​ភាពទំនើប​​ទាន់សម័យ​​ព្រោះ​​ខ្វះ​​ការ​ផ្តល់​​តម្លៃ​​ពី​​សំណាក់​​យុវជន​​ស្រករ​ក្រោយ​។ ​តើ​​ហេតុអ្វី​​បាន​ជា​​មនុស្ស​​ខ្មែរ​​សម័យ​នេះ​​មិន​សូវ​​ផ្តល់​​តម្លៃ​​ដល់​​វប្បធម៌​ជាតិ​​របស់​ខ្លួន​​ហើយ​​បែរ​ជា​​ត្រេកត្រអាល​​នឹង​​ភាព​ទំនើប​​នៃ​​វប្បធម៌​​បរទេស​​ទៅវិញ​?​

ការសម្តែង​របស់ក្រុមអ្នកសិល្បៈក្មេងៗ ក្នុងទិវា​វប្បធម៌​ជាតិ​លើកទី​១៧​។
ការសម្តែង​របស់ក្រុមអ្នកសិល្បៈក្មេងៗ ក្នុងទិវា​វប្បធម៌​ជាតិ​លើកទី​១៧​។ ទំព័រហ្វេសបុករបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ផ្សាយពាណិជ្ជកម្ម

ក្នុងចំណោម​សម្បត្តិ​វប្បធម៌​ដ៏​មានតម្លៃ​ជាច្រើន​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឲ្យ សិល្បៈ​ដែលមាន​ជាច្រើន​ទម្រង់​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​អត្តសញ្ញាណ​និង​ដួងព្រលឹង​ខ្មែរ។ ប៉ុន្តែ សិល្បៈ​បុរាណ​ហាក់​កំពុង​កប់​បាត់​បន្តិចម្តងៗក្រោម​សម្ពាធ​នៃ​ភាពទំនើប​ដែល​មនុស្ស​សម័យនេះ​កំពុង​ត្រេកត្រអាល ទោះបីជា​ពេលខ្លះ​វា​គ្រាន់តែ​ជា​ភាព​ក្លែងក្លាយ​បន្លំ​ភ្នែក​ក៏ដោយ។

ពិតណាស់ថា ខណៈដែល​យុវជន​សម័យថ្មី​កំពុង​វក់វី​នឹង​វប្បធម៌​បរទេស​ហើយ​មិនសូវ​ចាប់អារម្មណ៍​ទៅលើ​សិល្បៈ​បុរាណ​របស់ខ្លួន​នោះ វិស័យ​សាធារណៈ​ក៏​មិនបាន​ផ្តល់​ការគាំទ្រ​គ្រប់គ្រាន់​ដល់​អ្វី​ដែលជា​បុរាណ​ដែរ។ មាន​ភស្តុតាង​ច្រើនយ៉ាង​ណាស់​ដែល​គេ​អាច​ពន្យល់​បញ្ហា​នេះ​បាន។ ជាក់ស្តែង រោង​មហោស្រប​ដែលជា​តំណាង​ឲ្យ​ព្រលឹង​ជាតិ​ដែល​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​ជា​យូរណាស់​មកហើយ​នោះ​មិន​ត្រូវបាន​គេ​សាងសង់​ឡើងវិញ​ទេ។ ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​សំណង់​អាគារ​ផ្ទះល្វែង​និង​ផ្សារ​ទំនើប​យ៉ាង​ជុំជិត។ រីឯ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត​ត្រូវបាន​លេប​ត្របាក់​ដោយ​សណ្ឋាគារ កាស៊ីណូ និង​អាគារទំនើបៗផ្សេងទៀត​យ៉ាង​ជុំជិត។

ម្យ៉ាងទៀត នៅ​កម្ពុជា សិល្បករ​បុរាណ​ច្រើន​តែមាន​ជីវភាព​យ៉ាប់យ៉ឺន​យ៉ាងខ្លាំង។ សិល្បករ​ល្ខោនបាសាក់ យីកេ អ្នកចៀ​ង​អា​យ៉ៃ ច្រៀង​ចាប៉ីដងវែង អ្នករាំ​របាំ​ព្រះរាជ​ទ្រព្យ និង​របាំ​បុរាណ​ជាច្រើន​ទៀត​ដែលជា​តំណាង​ឲ្យ​ដួងព្រលឹង​ជាតិ​មិន​ទទួលបាន​ភាពល្បីល្បាញ​និង​មិន​ទទួលបាន​ផល​កម្រៃ​សមរម្យ​សម្រាប់​ចិញ្ចឹមជីវិត​ឡើយ។ ពួកគេ​ត្រូវ​បង្ខំចិត្ត​ប្រកបមុខរបរ​ផ្សេង​ដើម្បី​បង្គ្រប់​ជីវភាព​ឬក៏​អ្នកខ្លះ​បោះបង់​អាជីព​តែម្តង។

ផ្ទុយទៅវិញ អ្នក​ដែល​ទទួលជោគជ័យ​ក្នុង​អាជីព​សិល្បៈ​ខ្លាំង​ច្រើនតែ​ជា​សិល្បករ​ផ្នែក​ចម្រៀង​សម័យ​ឬ​កំប្លែង​ទៅវិញ។ ជោគជ័យ​របស់​អ្នកចម្រៀង​ភាគច្រើន​បានមក​ដោយសារ​រូប​សម្រស់ ដោយសារ​បទ​ចម្រៀង​ចម្លង​ពី​បរទេស​ឬ​ដោយ​សារភាព​សិច​ស៊ី​ប្រាសចាក​ប្រពៃណី​ច្រើនជាង​ដោយសារ​ទឹកដម​សំឡេង។ ចំណែក​តារា​កំប្លែង​ល្បីឈ្មោះ​មួយចំនួន​វិញ​នៅតែ​ពឹង​លើ​ពាក្យពេចន៍​អាសអាភាស​ឬ​កាយវិការ​អសីលធម៌​មួយចំនួន​ច្រើនជាង​ការច្នៃប្រឌិត​ថ្មី។

ទាំងនេះ​ជា​ឧទាហរណ៍ខ្លះៗប៉ុណ្ណោះ​ដែល​បង្ហាញថា​មនុស្ស​ខ្មែរ​សម័យនេះ​ជាពិសេស​យុវវ័យ​ហាក់​កំពុង​បោះបង់ចោល​អ្វី​ដែលជា​បុរាណ​ហើយ​ស្រវា​ចាប់យក​ភាពទំនើប​ដែល​គ្មាន​អត្តសញ្ញាណ​ពិតប្រាកដ។ ផ្ទុយទៅវិញ សិល្បៈ​បុរាណ​ខ្មែរ​បែរជា​ទទួលបាន​ការគាំទ្រ​និង​កោតសរសើរ​ពី​ជនបរទេស​ច្រើនជាង​ការគាំទ្រ​ពី​ខ្មែរ​ខ្លួនឯង។

ប​ច្ច​ប្បន្ន ក្រសួងទេសចរណ៍​កំពុង​ឃោសនា​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​ឲ្យ​ចូលមក​ទស្សនា​កម្ពុជា​ដោយ​ប្រើពាក្យ«ព្រះរាជាណាចក្រ​អច្ឆរិយៈ»។ ភាព​អច្ឆរិយៈ​របស់​កម្ពុជា​គឺ​ដោយសារតែ​សម្បត្តិ​វប្បធម៌​ជាច្រើន​ដែល​ដូនតា​ខ្មែរ​បន្សល់ទុក​ឲ្យ​ដូចជា​ប្រា​ង​ប្រាសាទ សិល្បៈ​បុរាណ និង​សម្បត្តិ​ធម្មជាតិ​ជាដើម។ ផ្ទុយទៅវិញ ភាពទំនើប​ដែល​គេ​កំពុង​នាំគ្នា​ត្រក​ត្រអាល​នៅពេលនេះ ពេលខ្លះ​វា​គ្រាន់តែ​ជា​ភ្លើងចំបើង​ដែល​គ្មាន​តម្លៃ​ជា​អត្តសញ្ញាណ​ជាតិ​ឡើយ។

ពិតណាស់​គេ​អាច​ស្តីបន្ទោស​យុវវ័យ​ថា​មិន​ឲ្យ​តម្លៃ​ដល់​វប្បធម៌​បុរាណ ហើយ​ងាយ​ចាប់យក​វប្បធម៌​បរទេស ប៉ុន្តែ ទន្ទឹមនឹងនោះ គេ​ក៏​ចាំបាច់​ត្រូវ​ចោទសួរ​ដែរ​ថា តើ​ក្រសួង​វប្បធម៌​បានធ្វើ​សកម្មភាព​អ្វីខ្លះ​ក្នុងន័យ​លើក​តម្លៃ​វប្បធម៌​បុរាណ​របស់ខ្លួន? ជាក់ស្តែង កម្ពុ​ជាមាន​ពិធីបុណ្យ​ប្រពៃណី​ច្រើនណាស់ តែ​ពិធីបុណ្យ​ទាំងនោះ​ខ្វះ​ការអភិវឌ្ឍ កែច្នៃ​ឲ្យ​ទៅ​ជាទី​ពេញនិយម​របស់​យុវវ័យ​សម័យថ្មី។ សូម​កុំភ្លេចថា ការអភិវឌ្ឍ​ត្រូវ​ដើរ​ទន្ទឹមនឹង​ការអភិរក្ស ដោយ​គេ​មិនអាច​បំភ្លេចចោល​ជ្រុង​ណាមួយ​បានទេ។

ជា​ធម្មជាតិ ផ្នត់គំនិត​មនុស្ស​តែង​វិ​វ​ឌ្ឍ​ពី​ដំណាក់កាល​មួយ​ទៅមួយ​ជា​ទៀងទាត់។ ដូច្នេះ អ្នក​តម្រង់ទិស​សង្គម​គួរតែ​តាម​ឲ្យ​ទាន់សភាពការណ៍​និង​ឆ្លើយតប​ឲ្យ​បាន​សមស្រប។ សម្រាប់​ប្រទេសមួយ​ដែល​ងើប​ពី​ភាព​ខ្ទេចខ្ទាំ​ដូច​កម្ពុជា ការបណ្តុះ​គំនិត​មោទនភាព​ជាតិ និង​បណ្តុះ​គំនិត​ស្រឡាញ់​វប្បធម៌​ជាតិ​ឲ្យ​បាន​រឹងមាំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​គឺជា​រឿង​ចាំបាច់​ពីព្រោះថា ប្រសើ​ន​បើ​កូន​ខ្មែរ​ស្គាល់​តម្លៃ​ខ្លួនឯង​ច្បាស់ ពួកគេ​ច្បាស់​ជា​នឹង​ចេះ​ស្រឡាញ់​វប្បធម៌​បុរាណ​របស់ខ្លួន ហើយ​មិន​ងាយ​ងាករេ​តាម​វប្បធម៌​បរទេស​ឡើយ។

នេះ​ជាត​ម្លៃ​ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​គួរ​មើល​ឲ្យ​ឃើញ​ហើយ​គួរ​ចាត់វិធានការ​ឆ្លើយតប​ឲ្យ​បាន​រួសរាន់។ វិធានការ​ត្រូវ​ចាប់ផ្តើម​ពី​ការលើកស្ទួយ​តម្លៃ​សិល្បៈ​បុរាណ​និង​កែច្នៃ​វា​ឲ្យ​ទៅជា​ទី​ពេញនិយម​របស់​មនុស្ស​ស​ម័​យ​ថ្មី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ