អានតួអត្ថបទ
កម្ពុជា-សង្គម

ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​៖​បក្ស​កាន់​អំណាច​អំពាវ​នាវ​ឲ្យ​ទប់​ស្កាត់​ការ​វិល​ត្រ​ឡប់​នៃ​របប​កាប់​សម្លាប់​

នៅ​ថ្ងៃ​ទី​២០​ឧសភា​នេះ​ គឺ​ជា​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​ដែល​ទើប​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅក្នុង​ប្រតិ​ទិន​ឈប់​សម្រាក​បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​។​ មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រ​ជាជន​កម្ពុជា បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​នេះ​នៅ​វាល​ពិឃាត​ជើង​ឯក​ភាគ​ត្បូង​ទី​ក្រុង​ភ្នំពេញ​។ ​ក្នុង​សុន្ទកថា​របស់​គណ​បក្ស​កាន់​អំណាច​នេះ ​គឺ​បាន​ អំពាវ​នាវ​ឲ្យ​ទប់​ស្កាត់​កុំ​ឲ្យ​របប​ខ្មែរ​ក្រហម​វិល​មក​វិញ ​ខណៈ​គ្រួសារ​ជន​រង​គ្រោះនៅ​តែ​តក់​ស្លុត​​ពេល​ឃើញ​ទិដ្ឋ​ភាព​នៃ​ការ​សម្តែង ស្តី​អំពើ​ឃោ​រឃៅ​ក្នុង​របប​អាវ​ខ្មៅ​នោះ​។

ការ​ជួបជុំគ្នានៅមជ្ឈមណ្ឌលពិឃាតមនុស្សជើងឯកថ្ងៃ២០ឧសភា
ការ​ជួបជុំគ្នានៅមជ្ឈមណ្ឌលពិឃាតមនុស្សជើងឯកថ្ងៃ២០ឧសភា @RFI
ផ្សាយពាណិជ្ជកម្ម

ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែល​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​៣​ឆ្នាំ​៨​ខែ​និង​២០​ថ្ងៃ​ពួកគេ បាន​នាំគ្នាជួបជុំគ្នានៅមជ្ឈមណ្ឌលពិឃាតមនុស្សជើងឯក ដើម្បី​បង្សុ​កូល​ ​រំឭក​ដល់វិញ្ញាណក្ខន្ធ​ជនរង​គ្រោះ ​ដែល​ត្រូវ​បានខ្មែរ​ក្រហម​សម្លាប់​ចោល។ គឺ​ជា​របប​ដែល​មាន​ការ​កាប់សម្លាប់​យ៉ាង​រង្គាល ដោយ​ប្រជាជន​ខ្មែរ​​ជាង​២​លាន​នាក់បានបាត់បង់ជីវិត នៅចន្លោះ​ឆ្នាំ​១៩៧៥​ដល់​១៩៧៩។

ដូចជា​រៀង​រាល់ឆ្នាំ​ដែរ​ នៅ​ថ្ងៃទី​២០​ខែ​ឧសភា​នេះ ​មន្រ្តី​ជាន់​ខ្ពស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​រាជ​ធានី​ភ្នំពេញ​ បាន​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ​នេះ ​នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជសាសន៍​ជើង​ឯក​ភាគ​ខាង​ត្បូង​ទីក្រុង​ភ្នំ​ពេញ ​ដោយ​មាន​ការ​សំដែង​សិល្បៈធ្វើ​ត្រាប់​តាមសកម្មភាព ​កាប់​សម្លាប់​របស់​ពួក​ខ្មែរ​ក្រហម​ទៅលើ​ប្រជាជន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ចំណែក ក្នុង​សុន្ទកថា​របស់​គណបក្សកាន់អំណាច​សម្រាប់​ទិវា​នេះ គឺបាន​អំពាវនាវ​ឲ្យចូលរួមផ្សះផ្សារជាតិ ទប់​ស្កាត់​កុំឲ្យ​របប​ខ្មែរ​ក្រហម​វិលមកវិញ និងនាំគ្នា​ថែរក្សា​សមិទ្ធផល​របស់ជាតិ​ ដែល​កើត​មាន​តាំង​ពីក្រោយ​របបអាវ​ខ្មៅ​នោះ​ដួល​រលំទៅ។

សូមបញ្ជាក់ថា «ទិវាជាតិនៃការចងចាំ» ទើបនឹងត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ កាលពីថ្ងៃ ទី១៤ ខែ កុម្ភៈ ឆ្នាំ ២០១៨ ដើម្បីរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុង​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ ចាប់​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ