អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការពារ​ជាតិ​នឹង​រឹតត្បិត​ការផ្សាយ​ព័ត៌មាន​យោធា ក្នុង​សមរភូមិ

រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង​ការពារ​ជាតិ កំពុង​ពិចារណា​អំពី​ការគ្រប់គ្រង​ការបញ្ចេញ​ព័ត៌មាន​ពី​សមរភូមិ​ជួរមុខ ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ចៀសផុត​ពី​ការទំលាយ​ការសម្ងាត់​យោធា។ អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ខៀវ កាញារីទ្ធ​បាន​អត្ថាធិប្បាយ នៅព្រឹក​ថ្ងៃ​ទី​១១​មីនា​នេះ​ថា កន្លងទៅ​ការផ្តល់​បញ្ចេញ​ព័ត៌មាន​ពី​សមរភូមិ​មាន​លក្ខណៈ​ទូលំទូលាយ​ពេក។

អ្នកកាសែត​កម្ពជា​នៅ​សមរភូមិ​មុខ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ
អ្នកកាសែត​កម្ពជា​នៅ​សមរភូមិ​មុខ ក្នុង​តំបន់​ប្រាសាទ​ព្រះវិហារ ©ហេង ជីវ័ន
ផ្សាយពាណិជ្ជកម្ម
01:42

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

ក្រសួង​ការពារ​ជាតិ​នឹង​ចេញផ្សាយ​សេចក្តីណែនាំ​មួយ ស្តី​ពី​ការ​ផ្តល់ និង​ការ​យកព័ត៌មាន​នៅក្នុង​សមរភូមិ​ជួរមុខ ដែល​កំពុង​មាន​ការប្រឈម​ជាមួយ​កងទ័ព​ថៃ។ នេះ​ជា​ការអះអាង​របស់​លោក​ខៀវ កាញារីទ្ធ អ្នក​នាំពាក្យ​រដ្ឋាភិបាល និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន។ លោក​ខៀវ កាញារីទ្ធ​ថ្លែង​យ៉ាង​នេះ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១១​មីនា​នេះ ក្នុង​ឱកាស​ដែល​លោក​នាំយក​ជំនួយ​ទៅ​អោយ​កងវរៈសេនា​តូច​ការពារ​ព្រំដែន​ក្នុង​ទឹកដី​ខេត្ត​បន្ទាយមានជ័យ។

បើ​តាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ ការ​ផ្តល់ និង​ការយកព័ត៌មាន​ពី​សំណាក់​អ្នកកាសែត នៅក្នុង​សមរភូមិ​កម្ពុជា​កន្លងទៅ​នេះ មាន​លក្ខណៈ​ទូលំទូលាយ​ខ្លាំង​ពេក។ ពិសេស​ការ​ផ្តិត​យករូបភាព​នានា ហើយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាងទូលាយ​នោះ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការសម្ងាត់​យោធា​ខ្លះៗ​ដែរ។

ប្រភព​មួយ​ពី​ក្រសួង​ការពារជាតិ​បាន​អះអាង​ដោយ​ដឹង​ថា ក្រុម​អ្នក​ផ្តល់ព័ត៌មាន​អំពី​បញ្ហា​នៅក្នុង​សមរភូមិ​កំពុង​ត្រូវ​បាន​រៀបចំ​បង្កើតឡើង។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ការ​រៀបចំ​ក្រុម​ផ្តល់ព័ត៌មាន​អំពី​សមរភូមិ ធ្វើឡើង​ដើម្បី​គ្រប់គ្រង​ការផ្តល់​ព័ត៌មាន​អោយ​ត្រឹមត្រូវ ពីព្រោះ​កន្លងមក​នេះ ព័ត៌មាន​ខ្លះ​ត្រូវ​បាន​បញ្ចេញ​ទៅ​អ្នកកាសែត​លឿនពេក។ គេ​បាន​បង្ហើប​ដែរថា នៅពេល​ខាងមុខ ក៏​នឹង​មាន​ការ​កំណត់​មណ្ឌល ឬ​តំបន់​ដែល​ត្រូវ​អនុញ្ញាត​សម្រាប់​អ្នកយកព័ត៌មាន​ផង​ដែរ។

គួររម្លឹកថា ក្នុង​ពេល​កន្លងមក​នេះ នៅក្នុង​សមរភូមិ​ព្រំដែន​កម្ពុជា​ថៃ ជាពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ អ្នកកាសែត​ត្រូវ​បាន​អនុញ្ញាត​អោយ​ចូលជ្រៅ​ទៅដល់​សមរភូមិ​ជួរមុខ​ដោយ​សេរី ទៅតាម​បណ្តា​ទី​បញ្ជាការ​មួយ​ចំនួន​ទៀតផង។ ការផ្តិតរូបភាព​នានា​ក៏​មិនមាន​ការហាមប្រាម​អ្វី​ដែរ។ ហើយ​ថា អ្នកកាសែត​អាច​សម្ភាស​ទាហាន​ដែល​ឈរជើងនៅតាម​គោលដៅ​នីមួយៗ​ផង។ ​ គេ​កម្រ​បាន​ឃើញ​សកម្មភាព​ទាំងនេះ ​នៅខាង​ភាគី​ថៃ​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ