អានតួអត្ថបទ
កម្ពុជា

កា​រផ្ទុះអាវុធ​នៅតែ​បន្ត​ក្នុង​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ

ការ​ផ្ទុះអាវុធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ បាន​បន្ត​ម្តង​ហើយ​ម្តង​ទៀត នៅ​តំបន់​ព្រំដែន​ប្រាសាទព្រះវិហារ កាលពី​យប់​ថ្ងៃ​អាទិត្យ។ ការ វាយប្រហារ​ដោយ​កាំភ្លើង​ធំ​ផង​នោះ ក៏​បាន​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ចំណុច​ច្រក​តាថាវ ជិត​ប្រាសាទ​ព្រះវិហារ។ ចំណែក ប្រជាជន កម្ពុជា នៅ ព្រំដែន បាន រត់ ភៀសខ្លួន ខណៈដែល​កងទ័ព​កម្ពុជា និង​ថៃ នៅ​តែ​ត្រៀម​ប្រយុទ្ធ​ជាប់​ជានិច្ច។

ការ​ផ្ទុះអាវុធ​រវាង​កងទ័ព​កម្ពុជា​​និង​កងទ័ព​ថៃ ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ នៅតែ​បន្ត​ជាប់ៗ​គ្នា ​ចាប់តាំងពី​យប់​ថ្ងៃ​អាទិត្យ​ និង​ម្តង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៧​កុម្ភៈ​ ឆ្នាំ​២០១១ជំរុញឲ្យ​ប្រជាជនក្នុងតំបន់​នាំគ្នាភៀសខ្លួន។
ការ​ផ្ទុះអាវុធ​រវាង​កងទ័ព​កម្ពុជា​​និង​កងទ័ព​ថៃ ​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ នៅតែ​បន្ត​ជាប់ៗ​គ្នា ​ចាប់តាំងពី​យប់​ថ្ងៃ​អាទិត្យ​ និង​ម្តង​ទៀត​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​៧​កុម្ភៈ​ ឆ្នាំ​២០១១ជំរុញឲ្យ​ប្រជាជនក្នុងតំបន់​នាំគ្នាភៀសខ្លួន។ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម
02:30

សេចក្តីរាយការណ៍​របស់ លី ម៉េងហូរពីភ្នំពេញ

លី ម៉េងហួរ

ការ​ផ្ទុះ​អាវុធ​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ នៅ​តែ​បន្ត​ជាប់ៗ​គ្នា ចាប់តាំងពី​យប់​ថ្ងៃ​អាទិត្យ និង​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧​កុម្ភៈ ឆ្នាំ​២០១១។

នៅ​យប់​ម៉ោង ៦ និង ២០ នាទី ថ្ងៃ​អាទិត្យ ទី​៦​កុម្ភៈ ឆ្នាំ​២០១១ កងទ័ព​ថៃ បាន​បើក​ការ​វាយ​ប្រហា​រ​​លើ​កងទ័ព​កម្ពុជា នៅ​ចំណុច​ភ្នំ​ទ្រព្យ។ ការ​ប្រយុទ្ធ​គ្នា ក៏​បាន​រាលដាល​រហូតដល់​តំបន់​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ រួម​មាន​៖ តំបន់​សំបុក​ឃ្មុំ វាល​ឥន្ទ្រីយ៍ តា​សឹម និង​ច្រក​តាថាវ ជាដើម។

ការ​ប៉ះទង្គិច​នោះ មាន​លក្ខណៈ​ជា​ទ្រង់ទ្រាយ​ធំ ដោយ​ទាហាន​ថៃ បាន​បាញ់​ចូល​ទឹកដី​កម្ពុជា នូវ​កាំភ្លើង​ធុន​ធ្ងន់ ប្រភេទ ១០៥ ម.ម​. ១៣០ ម​.​ម​. ១៥៥ ម​.​ម​. ជា​ច្រើន​គ្រាប់។ ចំណែក​ខាង​ភាគី​កម្ពុជា បាន​តបត ដោយ​បាញ់​កាំភ្លើង​ធំ​ចំ​គោលដៅ​ជា​ច្រើន​គ្រាប់ រួម​ទាំង​​ប្រើប្រាស់​កាំជ្រួច​​ប្រតិកម្ម BM 21 ប្រភេទ ៤០ កាណុង។

ការ​ប៉ះទង្គិច​ដោយ​អាវុធ​លើក​ទី​៣ នៅ​យប់​ថ្ងៃ​ទី​៦​កុម្ភៈ ឆ្នាំ​២០១១ កងទ័ព​ទាំង​ពីរ​បាន​ព្រមព្រៀង​​ឈប់​បាញ់ នៅ​ម៉ោង ១០ យប់​។ ក៏ប៉ុន្តែ​សំឡេង​ផ្ទុះ​អាវុធ​រប៉េះរប៉ោះ រួម​ទាំង​ការ​ផ្លោង​​កាំភ្លើង​ធំ ចូល​ដែនទី​កម្ពុជា បន្ត​រហូត​ដល់​ម៉ោង ៤ ទៀប​ភ្លឺ។

រហូត​ដល់​ម៉ោង ៨ និង ២០ នាទី​ព្រឹក​ថ្ងៃ​ទី​៧​កុម្ភៈ ឆ្នាំ​២០១១ នៅ​ច្រក​តា​សឹម កងទ័ព​ថៃ​ក៏​បាន​ផ្ទុះ​អាវុធ​ជា​ថ្មី​លើ​កងទ័ព​កម្ពុជា​​រយៈពេល​ប្រហែល ២០ នាទី។ តាម​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ការផ្ទុះ​អាវុធ​ជា​លើក​ទី​៤ កាលពី​ព្រឹកមិញ ដោយសារតែ​កងទ័ព​ថៃ​បាន​ចូល​មក​យក​ខ្មោច​​​​កងទ័ព​ថៃ ដែល​បាន​ស្លាប់ ក្នុង​ការ​វាយប្រហារ កាលពី​យប់មិញ។

ការផ្ទុះ​អាវុធ​លើក​ចុងក្រោយ​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា បណ្តាល​ឲ្យ​ទាហាន​ថៃ ស្លាប់ ៤ នាក់ និង​របួស​ជាច្រើន​ទៀត។ ចំណែក​កម្ពុជា ចាប់តាំងពី​ការផ្ទុះអាវុធ កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ កងទ័ព​កម្ពុជា​បាន​ពលី ២ នាក់ និង​របួស​មួយ​ចំនួន។ ក្នុង​នោះ ក៏​មាន​ជន​ស៊ីវិល​កម្ពុជា​ម្នាក់​ស្លាប់​ផង​ដែរ។ យុទ្ធជន​កម្ពុជា​ពលី​ម្នាក់ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ផ្តល់ប្រាក់​ឧបត្ថម្ភ មួយ​ម៉ឺន​ដុល្លារ។ ចំណែក​អ្នក​រងរបួស ចំនួន ១.៥០០ ដុល្លារ។

ក្រោយ​ការ​ផ្ទុះអាវុធ​លើក​ទី​៤ រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​៧​កុម្ភៈ ឆ្នាំ​២០១១ លោកនាយ​ឧត្តមសេនីយ៍ ជា តារា ទទួលបន្ទុក​សមរភូមិ​ជួរ​មុខ​បាន​ថ្លែង​ថា សភាពការណ៍​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ស្ងប់ស្ងាត់​ធម្មតា​។ ក៏ប៉ុន្តែ​កងទ័ព​កម្ពុជា នៅតែ​ស្ថិត​ក្នុង​លក្ខណៈ​ត្រៀម​ប្រយុទ្ធ និង​ប្រើ​សិទ្ធិ​ស្វ័យការពារ​ទឹកដី​របស់​ខ្លួន។

ចំណែក​ប្រជាជន​កម្ពុជា​រាប់រយ​នាក់ នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ និង​នៅ​ខេត្ត​ឧត្តរមានជ័យ បាន​រត់​ភៀសខ្លួន ចាប់​តាំងពី​យប់​ថ្ងៃ​អាទិត្យ និង​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​គេច​ចេញ​ពី​ការ​ប៉ះទង្គិច​រវាង​កង​ទ័ព​កម្ពុជា និង​ថៃ។

រីឯ​ប្រជាជន​កម្ពុជា​មួយ​ចំនួន​ទៀត ដែល​មិន​ចាកចេញ​ពី​ផ្ទះសម្បែង នៅ​តំបន់​ព្រំដែន ក៏​បាន​ជីក​លេណដ្ឋាន ដើម្បី​លាក់​ខ្លួន​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ