អានតួអត្ថបទ
កាណាដា-ភូមា

ការបើកស្ថានទូតកាណាដាជាថ្មី​នៅភូមា

ប្រទេស​​​កាណាដា​ ​​បើក​​ស្ថានទូត​​របស់​​ខ្លួន​សាជា​​ថ្មី​​​នៅ​​​ប្រទេស​​ភូមា​ ២​​ខែ​​ក្រោយ​ពី ​សហ​រដ្ឋ​អាមេរិក​​បាន​​តែង​តាំង​​​​ឯក​អគ្គរដ្ឋ​ទូត​​​នៅ​​ភូមា​​រួច​​មក​-នេះ​​ជា​​សេចក្តី​​ជូន​​ដំណឹង​​​របស់​​លោក​​ John Baird​​​ រដ្ឋមន្ត្រី​​​​ការបរទេស​​កាណាដា​​នៅ​​ថ្ងៃ​​សុក្រ​​១៣​​កក្កដា​​ម្សិលមិញ។​ មូលហេតុ​​ដែល​​ជំរុញ​​កាណាដា​​ឲ្យ​​ចាប់​​បើក​​ស្ថានទូត​​ជា​​ថ្មី​​​នៅ​​​ភូមា​​​នោះ​ គឺ​​ដោយសារ​តែ​​រដ្ឋាភិបាលថ្មី​​ភូមា ​ខិត​ខំ​​ប្រឹងប្រែង​​ធ្វើ​​កំណែ​​ទម្រង់​​ជា​​ច្រើន​បន្តបន្ទាប់គ្នា​​​ជា​​ពិសេស​​នៅ​​លើ​​វិស័យ​​សិទ្ធិ​​មនុស្ស​​​និង​ លទ្ធិ​​ប្រជាធិបតេយ្យ​ដែល​​កំពុង​​ដំណើរការ​នៅ​ក្នុង​ប្រទេស។​​

លោកJohn Baird រដ្ឋមន្ត្រីការបរទេសកាណាដាចាប់ដៃលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុនសែន​នៅភ្នំពេញ​ថ្ងៃ១២កក្កដា២០១២
លោកJohn Baird រដ្ឋមន្ត្រីការបរទេសកាណាដាចាប់ដៃលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុនសែន​នៅភ្នំពេញ​ថ្ងៃ១២កក្កដា២០១២ REUTERS/Samrang Pring
ផ្សាយពាណិជ្ជកម្ម

 

“យើង​មាន​ការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​ការ​រីកចម្រើន​ជាបណ្តើរៗ​នៅ​ក្នុង​ប្រទេស​ភូមា ក៏ប៉ុន្តែ​ ភូមាត្រូវ​តែ​បន្ត​ការ​​ខិតខំ​ប្រឹងប្រែង​​ធ្វើ​កំណែ​ទម្រង់​​របស់​ខ្លួនតទៅមុខទៀត”-នេះ​ជា​ការ​ថ្លែង​បញ្ជាក់​របស់​លោក John Baird រដ្ឋមន្ត្រី​ការបរទេស​​​កាណាដា​​នៅ​ឱកាស​សន្និសីទ​សារព័ត៌មាន​មួយ​តាម​ទូរស័ព្ទដែលលោកធ្វើ​ឡើង​​នៅ​ក្រៅ​ក្របខណ្ឌ​នៃ​អង្គ​ប្រជុំ​អាស៊ាន​។

ជាមួយ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ប្រទេស​កាណាដា បាន​ចាប់​ផ្តើម​ខិត​ចូល​ជិត​​ប្រទេស​ភូមាវិញ​ចាប់​​តាំង​ពី​ឆ្នាំ​មុន​ក្រោយពី ​របប​សឹក​ភូមា ​បាន​រំលាយ​ខ្លួន​ឯង​និងបាន​​ផ្តល់​ការ​គ្រប់​គ្រង​អំណាច​​ឲ្យ​​​ដល់​របប​ថ្មី​ភូមា​ដែល​ដឹកនាំ​ដោយ​អតីត​សមាជិក​ម្នាក់​របស់​របបសឹក។

ស្រប​គ្នា​នេះសហគមន៍​អន្តរជាតិ ​ចាប់តំាងពីដើមឆ្នាំមក បាន​សម្រេចចិត្ត​សម្រាល​ទណ្ឌកម្ម​​សេដ្ឋកិច្ច​​ដែល​​ខ្លួន​​បាន​​ដាក់​​​ទៅ​លើ​ភូមា​។​ នេះ​ជា​សារថ្មីមួយ​របស់​សហគមន៍​អន្តរជាតិ​​ ​បញ្ជាក់​​ពី​ការ​​​​លើក​​​ទឹកចិត្តដល់​​ភូមានេះ​ ក្នុង​កិច្ចប្រឹងប្រែង​ធ្វើ​កំណែ​ទម្រង់​​នៅ​ក្នុង​ប្រទេស​​ខ្លួន ​​ជាអាទិ៍​​ការ​ដោះ​លែង​​ប្រធានបក្សប្រឆាំងភូមា​លោកស្រី អ៊ុងសាន់ស៊ូជី។លោកស្រី​ស៊ូជី ​ដែល​ត្រូវ​បាន​របប​សឹកភូមា​ ​បាន​ដាក់​ឃុំឃាំង​ក្នុង​លំនៅឋានរបស់​លោក​ស្រី​​​ អស់​​​​​១៥​ឆ្នាំ​ នា​រយៈពេល​​២២​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទោះបីជា​​ភូមា បាន​ធ្វើការ​​វិវឌ្ឍន៍​ច្រើន​ជាអាទិ៍​នៅ​លើ​វិស័យ​សិទ្ធិ​មនុស្ស​ក្តី ប្រទេស​កាណាដា​ ​​នៅ​​តែ​សម្តែង​ការ​ព្រួយបារម្ភ​ជានិច្ចចំពោះ​អំពើ​ហិង្សាជាច្រើន​ដែល​​​កើត​មាន​​​​​នៅ​​តាម​តំបន់​នានា​នៅ​ក្នុងប្រទេសនិងដែល​​​ប្រឆាំង​​សហគមន៍​អ្នកកាន់​សាសនា​អ៊ីស្លាម​។ ​ក្នុង​ន័យ​នេះ​ហើយ​​​ដែល​​រដ្ឋមន្ត្រីការបរទេសកាណាដា តឿនរំលឹកដល់របបភូមា សូមឲ្យ​ដោះស្រាយ​បញ្ហា​​ទាំង​​នេះ​ដោយ​សន្តិវិធី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ